លោក ម៉ម រិទ្ធី នឹង​បង់ប្រាក់​ពិន័យ​ទៅតាម​ការ​កំណត់​របស់​តុលាការ បន្ទាប់​ពី​ទទួល​លុយ​ជំនួយ​ពី​មហាជន​ជិត​គ្រប់​ចំនួន

0
62
ប្រធាន​សហព័ន្ធ​សហជីព​កម្មករនិយោជិត​វិស័យ​ទេសចរណ៍​សេវាកម្ម​កម្ពុជា លោក ម៉ម រិទ្ធី ចូលរួមសវនាការតុលាការ​កំពូល កាលពីថ្ងៃទិ១៧ ធ្នូ ២០២៥។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ប្រធាន​សហព័ន្ធ​សហជីព​កម្មករនិយោជិត​វិស័យ​ទេសចរណ៍​សេវាកម្ម​កម្ពុជា លោក ម៉ម រិទ្ធី ចូលរួមសវនាការតុលាការ​កំពូល កាលពីថ្ងៃទិ១៧ ធ្នូ ២០២៥។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ប្រធាន​សហព័ន្ធ​សហជីព​កម្មករនិយោជិត​វិស័យ​ទេសចរណ៍​សេវាកម្ម​កម្ពុជា លោក ម៉ម រិទ្ធី អះអាង​ថា លោក​នឹង​បង់ប្រាក់​ពិន័យ​ទៅតាម​ការកំណត់​របស់​តុលាការ បន្ទាប់ពី​លោក​បាន​បង្ហោះ​សារ​អំពាវនាវ​សុំ​ជំនួយ​ពី​សមាជិក​សហជីព និង​មហាជន ដោយ​ទទួល​លុយ​បាន​ជិត​គ្រប់​ចំនួន​កំណត់។ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​ជូនដំណឹង​ឲ្យ​លោក​បង់ប្រាក់​ពិន័យ​ឲ្យ​បាន​មុន​ថ្ងៃទី​០៨ ខែមិថុនា បន្ទាប់ពី​លោក​បាន​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​រួចរាល់។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករនិយោជិត​វិស័យ​ទេសចរណ៍​សេវាកម្ម​កម្ពុជា លោក ម៉ម រិទ្ធី កាល​ពី​ថ្ងៃទី​១៥ ខែឧសភា បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក ដោយ​ភ្ជាប់​នូវ​លិខិត​ជូនដំណឹង​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ក្នុង​នោះ​លោក​បាន​អំពាវនាវ​ដល់​សាធារណជន​ឱ្យ​ជួយ​ឧបត្ថម្ភ​រូបលោក ដើម្បី​បាន​ប្រាក់​បង់​ពិន័យ​តាម​ការ​បង្គាប់​ពី​តុលាការ។

លោក ម៉ម រិទ្ធី បាន​សរសេរ​ថា បន្ទាប់ពី​ជាប់ពន្ធនាគារ​រយ​:​ពេល​១៨​ខែ លោក​ត្រូវ​បង់ប្រាក់​ពិន័យ​២​លាន​រៀល ជូន​តុលាការ តាម​ដីកា​សម្រេច។ នៅ​ពេល​នេះ​លោក​បាន​ទទួល​លិខិត​ជូនដំណឹង​ពី​តុលាការ​អោយ​បង​ប្រាក់​ពិន័យ​២​លាន​រៀល​ហើយ​បើ​លោក​មិន​បង់ប្រាក់​តាម​ការ​ជូន​ដំណឹង​នេះ​ទេ​តុលាការ នឹង​ចេញ​ដីកា​បញ្ជា​ឲ្យ​បង្ខំ និង​ឲ្យ​ឃុំខ្លួន​តាម​នីតិវិធី​។ លោក​ថា ដោយសារ​ជីវភាព​របស់​លោក ខ្វះខាត​លោក​ស្នើសុំ​សហជីព និង​មហាជន​ជួយ​តាម​ទឹកចិត្ត ដើម្បី​លោក​បាន​ប្រាក់​យក​ទៅ​បង់​ជូន​តុលាការ។

លោក ម៉ម រិទ្ធី បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​លោក​បាន​បង្ហោះ​សារ​ដើម្បី​សុំ​ជំនួយ​ពី​សមាជិក​សហជីព និង​មហាជន លោក​ទទួល​បាន​លុយ​ឧបត្ថម្ភ ជិត​គ្រប់​ចំនួន​ហើយ​។ លោក​នឹង​ធ្វើ​ដំណើរ​មក​ភ្នំពេញ ដើម្បី​បង់ប្រាក់​ពិន័យ​ទៅតាម​ការកំណត់​របស់​តុលាការ ព្រោះ​លោក​ខ្លាច​តុលាការ ចាត់ចែង​តាម​នីតិវិធី​ច្បាប់ ដែល​អាច​ធ្វើ​ឱ្យ​លោក​ជាប់ពន្ធនាគារ​ជាថ្មី​ទៀត។

ទាក់ទង​ទៅ​នឹង​ការ​អំពាវនាវ​នេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា យល់​ថា ប្រជាពលរដ្ឋ​ទូទៅ កម្មករនិយោជិត ឬ​អង្គការ​ដៃគូ​ដែល​ពាក់ព័ន្ធ អាច​ចូលរួម​ចំណែក​ជួយ​លោក​ទៅតាម​លទ្ធភាព ក្នុង​ការ​បង់លុយ​ពិន័យ​ទៅ​តុលាការ ពីព្រោះ​អ្នក​ដែល​ធ្វើ​ការងារ​សង្គម​ពុំ​មែន​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ដូច​មន្ត្រី​ដែល​ពុករលួយ​នោះ​ទេ។

លោក ស៊ឹង សែនករុណា បន្ថែម​ថា អ្នក​ដែល​ហ៊ាន​លះបង់​ពេលវេលា លះបង់​ធនធាន​របស់​ខ្លួន​ដើម្បី​កម្មករ ហើយ​ត្រូវ​បាន​ឃុំខ្លួន​ទាំង​អយុត្តិធម៌​នេះ គួរតែ​ត្រូវ​បាន​លើកទឹកចិត្ត ដើម្បី​ឲ្យ​អ្នក​ដែល​ធ្វើ​កិច្ច​ការងារ​ជួយ​សង្គម​បន្ត​ខិតខំ​ពុះពារ​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​កម្មករ​បន្ត​ទៀត។

លោក ស៊ឹង សែនករុណា៖ «ការ​អំពាវនាវ​នេះ​យើង​ឃើញថា​វា​មិនជា​ចំនួន​ច្រើន​ទេ បើសិនជា​ប្រជាពលរដ្ឋ​ឬក៏​កម្មករ​គ្រប់រូប​យល់ថា វា​ជា​អំពើ​អយុត្តិធម៌​គួរតែ​នាំគ្នា​លើកទឹកចិត្ត​ទៅដល់​លោក​ម៉ម រិទ្ធី ហើយ​ផ្តល់​នូវ​ការឧបត្ថម្ភ​សមរម្យ​ណាមួយ តាម​លទ្ធភាព​ដែល​ពួកគាត់​អាច​ធ្វើ​ទៅ​បាន​ខ្ញុំ​គិតថា វា​ជា​ដំណោះស្រាយ​មួយ​ល្អ»។

សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៧ ខែឧសភា បាន​ចេញ​លិខិត​ជូនដំណឹង​ដល់ លោក ម៉ម រិទ្ធី ឱ្យមក​បង់ប្រាក់​ពិន័យ​ចំនួន​២​លាន រៀល នៅ​ការិយាល័យ​កិច្ចការ​គណនេយ្យ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ឱ្យ​បាន មុន​ថ្ងៃទី​០៨ ខែ​មិថុនា ឆ្នាំ​២០២៦ រៀងរាល់​ម៉ោង​ធ្វើការ​ជា​កំណត់​។ ក្នុងករណី​មិន​អនុវត្ត​តាម​ការ​ជូន​ដំណឹង​អំពី​ការ​បង់​ប្រាក​ពិន័យ​នេះ តុលាការ​នឹង​ចេញ​ដីកា​បញ្ជា​ឱ្យ​បង្ខំ និង​ឱ្យ​ឃុំខ្លួន​តាម​នីតិវិធី។

លោក រិទ្ធី កាលពី​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២៤ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​កំបាំងមុខ តាម​មាត្រា ៤៩៤ ៤៩៥ និង ៥២៣ នៃ​ក្រមព្រហ្មទណ្ឌ ក្រោយពី​មាន​បណ្តឹង​ពី​ក្រុមហ៊ុន ជីនប៉ី គ្រុប ដែល​ជា​កម្មសិទ្ធិ​របស់​ជនជាតិ​ចិន​។ លោក​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​១៨​ខែ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​ធ្វើ​ឲ្យ​បាត់បង់​ជំនឿ​លើ​សេចក្តី​សម្រេច​របស់​តុលាការ និង​ពិន័យ​ជា​ប្រាក់​ពីរ​លាន​រៀល (៥០០​ដុល្លារ​) ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ​នៅ​លើ​បណ្ដាញ​សង្គម នៅក្នុង​ឆ្នាំ ២០២២ រិះគន់​កាស៊ីណូ ជីន​ប៉ី ២ នៅក្នុង​វិវាទ​ការងារ​ជាមួយ​បុគ្គលិក​ម្នាក់ និង​រិះគន់​ចំណាត់ការ​របស់​តុលាការ​ទៅលើ​បុគ្គល​ម្នាក់​នោះ​។ លោក​ត្រូវ​បាន​តុលាការ​ដោះលែង​ចេញពី​ពន្ធនាគារ​បន្ទាប់ពី​អនុវត្ត​ទោស​រួចរាល់ ប៉ុន្តែ​ត្រូវ​បាន​តុលាការ​បង្ខំ​ឱ្យ​លោក​បង់ប្រាក់​ពិន័យ​ជូន​តុលាការ​នៅ​ពេល​នេះ។

ទោះជា​យ៉ាងណា កាស៊ីណូ​របស់​ក្រុមហ៊ុន​ជីនប៉ី គ្រុប នៅ​ខេត្ត​ព្រះសីហនុ ដែល​លោក ម៉ម រិទ្ធី ធ្លាប់​រិះគន់​នេះ ត្រូវ​បាន​សមត្ថកិច្ច​បិទទ្វារ​មិន​ឱ្យ​ដំណើរការ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្រោយពី​សមត្ថកិច្ច​រក​ឃើញថា កាស៊ីណូ​មួយ​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ