ម្តាយ​ព្រះសង្ឃ ជា វុទ្ធី ជួប​បញ្ហា​សុខភាព​ផ្លូវចិត្ត ក្រោយ​កូន​ជាប់​ពន្ធនាគារ

0
53
ម្ដាយ​ព្រះសង្ឃ ជា វុទ្ធី គឺ លោកស្រី ចាន់ ម៉ៅ ពេលឡើងមកភ្នំពេញ កាលពីថ្ងៃទី១០ មេសា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ម្ដាយ​ព្រះសង្ឃ ជា វុទ្ធី គឺ លោកស្រី ចាន់ ម៉ៅ ពេលឡើងមកភ្នំពេញ កាលពីថ្ងៃទី១០ មេសា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ម្ដាយ​របស់​ព្រះ​ភិក្ខុ ជា វុទ្ធី ទទូច​ឲ្យ​តុលាការ​និង​រដ្ឋាភិបាល​ដោះលែង​កូនប្រុស​របស់​លោក​ស្រី​ឲ្យ​មាន​សេរីភាព​វិញ ដោយ​ថា ការ​ចាប់​កូនប្រុស​ដាក់​ពន្ធនាគារ​នេះ​គឺជា​ការ​ដាក់​សម្ពាធ និង​ធ្វើទុក្ខបុកម្នេញ​ផ្លូវចិត្ត​លោកស្រី ខណៈ​បច្ចុប្បន្ន​លោកស្រី​រស់នៅ​រំពឹង​លើ​កូនប្រុស​។ សង្គម​ស៊ីវិល ថា តុលាការ និង​រដ្ឋាភិបាល គួរ​ពិចារណា​ដោះលែង​ព្រះ​ភិក្ខុ ជា វុទ្ធី ឲ្យ​នៅ​ក្រៅ​ឃុំ ដើម្បី​បាន​ជួបជុំ​ម្ដាយ​ចាស់ជរា​វិញ។

ម្ដាយ​របស់​ព្រះ​ភិក្ខុ ជា វុទ្ធី លើកឡើង​ថា ទោះបីជា​លោកស្រី​មាន​វ័យចាស់​ភ្លេចភ្លាំង​ស្មារតី ក៏​លោកស្រី​នៅតែ​ទៅ​ស៊ីឈ្នួល​ដាំ​ត្រាវ​ឲ្យ​គេ ដើម្បី​បាន​ប្រាក់​ទិញ​អាហារ និង​ឡើង​មក​ភ្នំពេញ​មើល​កូនប្រុស​នៅ​ពន្ធនាគារ។

ម្ដាយ​របស់​ព្រះ​ភិក្ខុ ជា វុទ្ធី គឺ​លោកស្រី ចាន់ ម៉ៅ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ ថ្ងៃទី​២២ ខែមេសា​ថា ចាប់តាំងពី​កូនប្រុស​ជាប់ពន្ធនាគារ​មក ស្មារតី​លោកស្រី​ភ្លេចភ្លាំង ដោយ​នឹក​អាណិត និង​បារម្ភ​ពី​កូន​។ លោកស្រី​បន្ត​ថា កន្លងមក លោកស្រី បានកូន​ប្រុស​ជួយ​ដោះស្រាយ​បញ្ហា​ជីវភាព​ខ្លះ​ទោះបី​តិចតួច​ក្ដី ប៉ុន្តែ​ធ្វើ​ឲ្យ​លោកស្រី​កក់ក្ដៅ។

លោកស្រី​ទទូច​ឲ្យ​តុលាការ និង​រដ្ឋាភិបាល​ដោះលែង​កូនប្រុស​របស់​លោក​ស្រី​ឲ្យ​មាន​សេរីភាព​វិញ ដោយ​ថា ការ​ចាប់​កូនប្រុស​ដាក់​ពន្ធនាគារ​នេះ គឺជា​ការ​ដាក់​សម្ពាធ និង​ធ្វើទុក្ខបុកម្នេញ​ផ្លូវចិត្ត​លោកស្រី ដែល​មាន​វ័យចាស់​ជរា​ទៅ​ហើយ។

លោកស្រី ចាន់ ម៉ៅ៖ «ខ្ញុំ​ជាប់​បាន ខ្ញុំ​ទៅ​ប្ដូរ​ជាមួយ​កូន​ខ្ញុំ​ហើយ ឲ្យ​គេ​ដាក់គុក​ខ្ញុំ​ចុះ កុំ​ឲ្យ​ដាក់គុក​កូន​ខ្ញុំ ខ្ញុំ​អាណិតកូន។ ខ្ញុំ​ក៏​មិនដឹង​ដែរ បើសិនជា​គេ​ផ្ទេរ​បាន ខ្ញុំ​សុខចិត្ត​ចូល​គុក ឲ្យ​កូន​ខ្ញុំ​ចេញ​ហើយ​។ ខ្ញុំ​បាយ​មិនដឹង​បាយ​ទឹក​មិន​ដឹង​ទឹក ទៅជា​វង្វេង​បាត់​ខោ​បាត់ អាវ​អស់ហើយ​។​មួយ​យប់ៗ ខ្ញុំ​ដេក​មិន​លក់​ទេ​បារម្ភ​ពី​កូន​ក៏​គិត​បារម្ភ​ពី​សុខភាព​ក៏​គិត​ពេលណា​គេ​ជួយ​លុយ​បន្តិចបន្តួច​អត់​ហ៊ាន​ចាយ​ទេ យក​ទៅ​ភ្នំពេញ​ទិញ​នេះ ទិញ​នោះ​ឲ្យ​កូន​ហូប»។

ទូរទស្សន៍​អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី រិន្ទ បាន​ទេ នៅ​ថ្ងៃទី​២២ ខែ​មេសា ។​

ព្រះ​ភិក្ខុ ជា វុទ្ធី ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​បាត់ដំបង ស្លៀកពាក់​ស៊ីវិល ចុះទៅ​ចាប់​ផ្សឹក​នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​មេសា និង​បាន​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​បន្ទាប់ នឹង​ត្រូវ​បាន​ចោទប្រកាន់ ពី​បទ​«​ញុះញង់​បង្ក​ឱ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» និង​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ ដោយសារ​ព្រះអង្គ​បង្ហោះ​សារ​និយាយ​ពី​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook)។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី លើកឡើង​ថា តុលាការ និង​រដ្ឋាភិបាល គួរ​ពិចារណា​ដោះលែង​លោក ជា វុទ្ធី ឲ្យ​នៅ​ក្រៅ​ឃុំ ដើម្បី​លោក​បាន​ជួបជុំ​ម្ដាយ​វិញ​។ លោក​ទទូច​ឲ្យ​រដ្ឋាភិបាល​បើក​លំហ​សេរីភាព​ឲ្យ ពលរដ្ឋ បញ្ចេញមតិ ពីព្រោះ​ការ​ចាប់ខ្លួន​ពលរដ្ឋ​ដាក់​ពន្ធនាគារ​នេះ មិនបាន​ផ្ដល់​ផល​ចំណេញ​ដល់​រដ្ឋាភិបាល​ឡើយ។

លោក យិន ម៉េងលី៖ «គាត់​នៅ​នឹក​ស្រណោះ ហើយ​គាត់​ជា​មនុស្ស​ចាស់​ហាក់បីដូច​ជា មាន​ភាព​ពិការ​ផ្លូវចិត្ត កូនប្រុស​ជាប់ពន្ធនាគារ​ទៀត នេះ​ជា​រឿង​មួយ​គួរ​ឲ្យ​អាណិត អាសូរ​ណាស់​បើសិនជា​យើង​និយាយ​ផ្លូវច្បាប់​។ យើង​ចង់​និយាយ​ផ្លូវលោក​វិញ គប្បី​ពិចារណា​ដែល​បញ្ហា​នេះ ព្រោះថា ការ​ធ្វើ​បុណ្យ​ធ្វើ​ទាន​ក៏​វា​ជា​រឿង​ល្អ​ដែរ សម្រាប់​ខ្មែរ សម្រាប់​ថ្នាក់ដឹកនាំ គួរតែ​ពិចារណា ហើយ​អ្វី​ដែល​សំខាន់​បទល្មើស របស់​លោក វុទ្ធី នេះ​មិនមែន​ជា​បទល្មើស​មនុស្ស​ឃាត បទល្មើស​អនឡាញ ពួក​ចាប់ ជំរិត​អី​ទេ មិនមែន​ជា​បទល្មើស​ប្លន់ សម្លាប់​អី​ទេ គឺ​វា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បញ្ចេញមតិ ។ អ៊ីចឹង​យើង​នៅតែ​សោកស្ដាយ​ណាស់ យើង​នៅតែ​ទទូច​ដល់​រដ្ឋាភិបាល ដល់ តុលាការ ដោះលែង​លោក​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​ទៅ»។

ពលរដ្ឋ​ចាត់ទុក​ការ​ឃុំខ្លួន​ព្រះអង្គ ជា វុទ្ធី គឺជា​ការ​បំបិទ​សំឡេង​អ្នក​ហ៊ាន​រិះគន់​ទៅលើ​រដ្ឋាភិបាល ដើម្បី​បំបាក់ស្មារតី​ដល់​ពលរដ្ឋ​ផ្សេងទៀត មិន​ឲ្យ​បញ្ចេញមតិ​រិះគន់​របប​ត្រកូល​ហ៊ុន ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ ដែល​កម្ពុជា​បាត់បង់​ទឹកដី​ទៅ​ប្រទេស​ថៃ ជាច្រើន​ទីតាំង។ គិត​មកដល់​បច្ចុប្បន្ន សមត្ថកិច្ច​នៃ​រដ្ឋាភិបាល លោក ហ៊ុន ម៉ា​ណែ​ត នៅតែ​បន្ត ចាប់ខ្លួន​ពលរដ្ឋ​ដាក់​ពន្ធនាគារ​ដោយសារតែ ការ​បញ្ចេញមតិ​ឈឺឆ្អាល​ពី​បញ្ហា​សង្គម​និង​ទឹកដី ដែល​គិត​មកដល់ពេលនេះ​មាន​ជិត ១០០​នាក់​ហើយ រួមមាន ព្រះសង្ឃ កម្មករ សកម្មជន​សង្គម សកម្មជន​នយោបាយ និង​អ្នកសារព័ត៌មាន​ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ