

អ្នកឃ្លាំមើលសង្គមថា ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ដែលនឹងឆ្ពោះទៅកម្រិតកាន់តែខ្ពស់ នឹងធ្វើឲ្យលំហូរជនអន្តោប្រវេសន៍កាន់តែច្រើនមករស់នៅក្នុងប្រទេសកម្ពុជា ហើយកម្ពុជាបាត់បង់ទឹកដីកាន់តែច្រើនបន្ថែមទៀត តាមរយៈកិច្ចព្រមព្រៀងខុសច្បាប់របស់លោក ហ៊ុន សែន ដែលបានចុះហត្ថលេខាជាមួយមេដឹកនាំវៀតណាមនាពេលកន្លងមក។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីលោក សឹង សែនករុណា បារម្ភថា ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមដែលឈានទៅរកកម្រិតកាន់តែខ្ពស់អាចនឹងធ្វើឲ្យកម្ពុជាបាត់ទឹកដីបន្តទៀត ពីព្រោះ តាមការស្រាវជ្រាវកន្លងមក លោក ហ៊ុន សែន បានចុះហត្ថលេខាជាមួយវៀតណាម លើកិច្ចព្រមព្រៀងខុសច្បាប់ជាច្រើនដូចជា សន្ធិសញ្ញាស្ដីពីតំបន់ទឹកប្រវត្តិសាស្ត្រឆ្នាំ១៩៨២ ដោយកាត់កោះត្រល់ និងចង្កោមកោះក្រចកសេះ ទៅឱ្យវៀតណាម។ កិច្ចព្រមព្រៀងស្ដីពីលក្ខន្តិកៈព្រំដែនគោក ឆ្នាំ១៩៨៣ និងសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ដែលសុទ្ធសឹងតែជាកិច្ចសន្យាធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីទៅប្រទេសវៀតណាម។
លើសពីនេះ លោក សឹង សែនករុណា ថា លោក ហ៊ុន សែន នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥ បានគប់គិតជាមួយរដ្ឋាភិបាលវៀតណាមបង្កើតកិច្ចព្រមព្រៀងខុសច្បាប់ថ្មីមួយទៀត គឺ សន្ធិសញ្ញាបំពេញបន្ថែម ដើម្បីធានាសុពលភាពកិច្ចព្រមព្រៀងខុសច្បាប់រវាងកម្ពុជា-វៀតណាមឡើងវិញ ដែលជាហេតុធ្វើឱ្យការឈ្លានពានរបស់វៀតណាមអាចបន្តរហូតដល់សព្វថ្ងៃនេះ។
លោក សឹង សែនករុណា៖ «រូបភាពស្អិតល្មួតនេះវាមានផលប៉ះពាល់មកដល់អធិបតេយ្យភាពរបស់កម្ពុជាហ្នឹងឯង អីចឹងយើងពិនិត្យអំពីបញ្ហាអធិបតេយ្យភាពយើងឃើញថា កម្ពុជានៅមានបញ្ហាប្រវត្តិសាស្ត្រនយោបាយដែលកម្ពុជាទទួលរងឥទ្ធិពលពីវៀតណាម ការបន្សល់ទុកកងទ័ពវៀតណាម ហើយនឹងចារកម្មវៀតណាម ជាច្រើនដែលនៅក្នុងប្រទេសកម្ពុជាធ្វើឲ្យគេសង្ស័យថា កម្ពុជាមិនមែនដឹកនាំដោយមានភាពឯករាជ្យភាពនិងអធិបតេយ្យភាពទេ អីចឹងហើយគឺស្ថិតនៅក្រោមឥទ្ធិពលបញ្ជាពីមេដឹកនាំវៀតណាម»។
ការលើកឡើងរបស់ប្រធានអង្គការប្រជាធិបតេយ្យខ្មែររូបនេះ បន្ទាប់ពីប្រមុខរដ្ឋស្ដីទី លោក ហ៊ុន សែន នៅថ្ងៃទី៧ ខែមេសា បានផ្ញើសារអបអរសាទរទៅកាន់អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម ដែលត្រូវបានរដ្ឋសភាវៀតណាមបោះឆ្នោតជ្រើសរើសជាប្រធានរដ្ឋ ឬជាប្រធានាធិបតីវៀតណាមបន្ថែមទៅលើតំណែងជាមេបក្សកុម្មុយនិស្ដវៀតណាមបច្ចុប្បន្ន។ លោក ហ៊ុន សែន ជឿជាក់ថា ក្រោមការដឹកនាំរបស់លោក តូ ឡឹម ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម នឹងត្រូវបានពង្រឹង ឆ្ពោះទៅកម្រិតកាន់តែខ្ពស់។
លោក ហ៊ុន សែន បានអះអាងថា ដើម្បីធ្វើឱ្យទំនាក់ទំនងទ្វេភាគីប្រទេសទាំងពីរ មានវឌ្ឍនភាពដល់កម្រិតកាន់តែខ្ពស់ លោកប្ដេជ្ញាបន្តធ្វើការជិតស្និទ្ធ ជាមួយលោកប្រមុខរដ្ឋវៀតណាម ដើម្បីធ្វើឱ្យ ស៊ីជម្រៅនូវកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងកម្រិតទ្វេភាគីនិងពហុភាគី ដើម្បីឧត្តមប្រយោជន៍របស់ប្រជាជនប្រទេសទាំងពីរ និងដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។
រដ្ឋសភានៃវៀតណាម នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នេះ បានបោះឆ្នោតជ្រើសតាំងលោក តូ ឡឹម អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ឱ្យកាន់តំណែងជាប្រធានាធិបតីសម្រាប់អាណត្តិ ២០២៦-២០៣១ ក្នុងសំឡេងគាំទ្រ ១០០ភាគរយ ពីសមាជិកសភាដែលបានចូលរួម។ នេះជាលើកទីពីរហើយ ដែលលោក តូ ឡឹម កាន់តំណែងកំពូលទាំងពីរក្នុងពេលតែមួយ គឺតំណែងអគ្គលេខាធិការបក្ស និងប្រធានរដ្ឋ បន្ទាប់ពីលោកធ្លាប់បានកាន់តំណែងនេះមួយរយៈពេលខ្លី កាលពីឆ្នាំ២០២៤។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលសង្គមយល់ថា ដើម្បីឲ្យទំនាក់ទំនងរវាងកម្ពុជានិងវៀតណាមកាន់តែល្អ និងឋិតឋេរ រឹងមាំយូរអង្វែង លុះណាតែប្រទេសវៀតណាមត្រូវឈរលើគោលការណ៍គោរពអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដីរបស់ប្រទេសកម្ពុជា។
បែបនេះក្តី អ្នកឃ្លាំមើលសង្គម អះអាងថា ក្នុងទំនាក់ទំនងការទូតជាមួយវៀតណាមរយៈពេល ៥៨ឆ្នាំមកនេះ កម្ពុជាពុំសូវទទួលបានលទ្ធផលល្អនោះឡើយ ខណៈវៀតណាមនៅតែឆ្លៀតរំលោភបំពានលើបូរណភាពទឹកដីកម្ពុជា និងតែងចាត់ទុកទំនាក់ទំនងជាមួយកម្ពុជាជាទំនាក់ទំនងរវាងបងធំនិងកូនចៅ មិនមែនជាទំនាក់ទំនងមិត្តភាព និងស្មើភាពនោះឡើយ៕









