

បញ្ហាឧក្រិដ្ឋកម្មឆបោកនៅកម្ពុជាកំពុងក្លាយជាបញ្ហាធំដែលសភាតំណាងរាស្ត្រអាមេរិក យកចិត្តទុកដាក់បំផុត។ គណៈកម្មាធិការពិសេសស្ដីពីប្រទេសចិនរបស់សភាអាមេរិក កាលពីថ្ងៃទី១៩ ខែឧសភា បានបើកសវនាការស្តាប់សក្ខីកម្មរបស់អ្នកជំនាញបីរូប ពាក់ព័ន្ធនឹងការកើនឡើងនៃបណ្តាញឆបោកនៅក្នុងប្រទេសកម្ពុជា ដែលមានទំនាក់ទំនងជាមួយនឹងគណបក្សកុម្មុយនិស្តចិនដែលកំណត់គោលដៅលើជនជាតិអាមេរិក”។ អ្នកជំនាញ បានព្រមានថា ប្រទេសកម្ពុជា កំពុងក្លាយជា“ស្ថាបត្យកម្មរដ្ឋឆបោក” រឺ«រចនាសម្ព័ន្ធរដ្ឋឆបោក» ដោយសារបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែន មកពីប្រទេសចិន បានជ្រៀតចូលទៅក្នុងរចនាសម្ព័ន្ធនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាតាមរយៈប្រព័ន្ធបីស្រទាប់ រួមមាន ទុនបរទេស ការការពារពីឧកញ៉ាក្នុងស្រុក និងអ្នកសម្របសម្រួលនយោបាយកម្រិតកំពូល។
គណៈកម្មាធិការពិសេសស្តីពីប្រទេសចិនរបស់សភាអាមេរិក បានធ្វើសវនាការកាលពីថ្ងៃទី១៩ ខែឧសភា ក្រោមប្រធានបទ “ឧក្រិដ្ឋកម្ម អំពើពុករលួយ និងអំណាច៖ ការកើនឡើងនៃបណ្ដាញឆបោកដែលមានទំនាក់ទំនងជាមួយនឹងគណបក្សកុម្មុយនិស្តចិនដែលកំណត់គោលដៅលើជនជាតិអាមេរិក”។
សវនាការគណៈកម្មាធិការពិសេសរបស់សភាអាមេរិកនេះ មានការចូលរួមផ្តល់សក្ខីកម្មពីអ្នកជំនាញចំនួន ៣ នាក់គឺ លោក ជេកុប ស៊ីមស៍ (Jacob Sims) ជាអ្នកស្រាវជ្រាវ និងវិភាគឯករាជ្យ អ្នកស្រី អេរីន វេស្ត (Erin West) ប្រធានអង្គការ Operation Shamrock និងលោក ជេសុន ថោវើរ (Jason Tower) អ្នកជំនាញរបស់អង្គការគំនិតផ្ដួចផ្ដើមសកលប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន (Global Initiative Against Transational Organised Crime)។ លោក ជេកុប ស៊ីមស៍ (Jacob Sims) ធ្លាប់បានចុះស្រាវជ្រាប់បញ្ហាឧក្រិដ្ឋកម្មឆបោកនៅក្នុងប្រទេសកម្ពុជាជាច្រើនឆ្នាំមកហើយ។
គណៈកម្មាធិការពិសេសស្ដីពីប្រទេសចិននៃសភាអាមេរិក បានកត់សម្គាល់ថា បណ្តាញឆបោកនេះ កំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា និងប្រទេសភូមា ដោយមានការការពារពីអាជ្ញាធរ និងអ្នកមានអំណាចនៅថ្នាក់មូលដ្ឋាន។
នៅក្នុងសវនាការនេះ លោក ជេកុប ស៊ីមស៍ បានថ្លែងថា មណ្ឌលឆបោកទាំងនេះកំពុងតែបំផ្លាញអាយុជីវិតរបស់ជនរងគ្រោះនៃការបោកប្រាស់នៅក្នុងប្រទេសអាមេរិក ហើយនៅទូទាំងពិភពលោក ហើយជនរងគ្រោះនៃការជួញដូរមនុស្សត្រូវបានជាប់គាំងនៅក្នុងវដ្តដ៏គួរឱ្យភ័យខ្លាចនៃឧក្រិដ្ឋកម្មដោយបង្ខំ។ ប៉ុន្តែមណ្ឌលឆបោកគ្រាន់តែជាផ្នែកខាងមុខដែលអាចមើលឃើញប៉ុណ្ណោះ។ ការគំរាមកំហែងកាន់តែជ្រៅគឺស្ថាបត្យកម្មនយោបាយដែលការពារមណ្ឌលឆបោកទាំងនេះ។
លោកបន្តថា ការងាររបស់លោក ផ្តោតទៅលើផ្នែកមួយនៃប្រព័ន្ធនោះដែលនៅតែមិនទាន់ត្រូវបានពិនិត្យយ៉ាងយកចិត្តទុកដាក់នាពេលបច្ចុប្បន្ននេះ ពោលគឺតើមានអ្វីកើតឡើងនៅពេលបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនមិនត្រឹមតែចូលក្នុងប្រទេស ប៉ុន្តែត្រូវបានបង្កប់នៅក្នុងរចនាសម្ព័ន្ធនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសនោះ? កម្ពុជាគឺជាករណីចាស់ទុំបំផុតនៃបាតុភូតនោះនាពេលបច្ចុប្បន្ន។ អ្នកជំនាញរូបនេះ សង្កត់ធ្ងន់ថា គេមិនអាចមើលឃើញថា កម្ពុជា ត្រឹមតែជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មអ៊ីនធឺណិត គោលដៅជួញដូរមនុស្ស ឬរដ្ឋដៃគូដែលមានបញ្ហានៅក្នុងតំបន់ទេ។ ប៉ុន្តែច្បាស់ជាងនេះទៅទៀត កម្ពុជាជាករណីជឿនលឿនមួយដែលបង្ហាញពីរូបរាងនៃរបបផ្ដាច់ការឧក្រិដ្ឋកម្មនៅក្នុងសម័យឌីជីថល។ នេះគឺជាប្រព័ន្ធដែលទីផ្សារខុសច្បាប់ត្រូវបានចងភ្ជាប់ជាមួយនឹងការលើកទឹកចិត្ត យុទ្ធសាស្ត្ររស់រានមានជីវិត និងការតម្រឹមខាងក្រៅនៃសណ្ដាប់ធ្នាប់នយោបាយដែលមាននៅក្នុងប្រទេសកម្ពុជា។ ករណីនេះ លោក ជេកុប ស៊ីមស៍ ហៅថាជា “ស្ថាបត្យកម្មរដ្ឋបោកប្រាស់” ហើយវាមានស្រទាប់បី៖ ទីមួយគឺ តួអង្គខាងក្រៅ ដើមទុន និងសមត្ថភាព ពោលគឺឧក្រិដ្ឋជនបរទេសដែលភាគច្រើនមកពីប្រទេសចិនដែលនាំប្រាក់ និងគំរូប្រតិបត្តិការមក។ ទីពីរគឺ ស្រទាប់ការពារទឹកដី ពោលគឺម្ចាស់មជ្ឈមណ្ឌលឆបោក ពួកអ្នកមានអំណាចក្នុងស្រុកដែលផ្តល់ដី អ្នកយាម និងនិទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍។ ប៉ុន្តែនៅកម្រិតជ្រៅបំផុត គឺជាអ្នកសម្របសម្រួល ពោលគឺតួអង្គនៅថ្នាក់មូលដ្ឋានដែលផ្តល់សិទ្ធិចូលប្រើប្រាស់ និងការការពារផ្នែកបទប្បញ្ញត្តិ ព្រមទាំងភ្ជាប់ប្រព័ន្ធទាំងមូលត្រឡប់ទៅស្ថាប័នរដ្ឋនៅកម្រិតខ្ពស់បំផុត។
លោក ជេកុប ស៊ីមម៍ ក៏បានលើកចំឈ្មោះរបស់លោក ហ៊ុន តូ ដែរ ។ លោក ថា លោក ហ៊ុន តូ ដែលជាជីដូនមួយរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ហើយគឺជាសមាជិកក្រុមប្រឹក្សាភិបាល និងម្ចាស់ភាគហ៊ុន ៣០ ភាគរយនៃក្រុមហ៊ុនមួយដែលក្រសួងរតនាគារបានកំណត់ជាក្តីបារម្ភចម្បងនៃការលាងលុយកខ្វក់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយនិងត្រូវបានពិព័រណ៍យ៉ាងទូលំទូលាយថាជាទីផ្សារខុសច្បាប់ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ។ ទោះបីជាដៃគូអាជីវកម្មជនជាតិចិនរបស់ ហ៊ុន តូ ជាច្រើននាក់កំពុងតែប្រឈមមុខនឹងការទទួលខុសត្រូវ ប៉ុន្តែក្មួយប្រុសរបស់លោក ហ៊ុន សែន រូបនេះ មិនដែលរងនូវការទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ មិនដែលរងនូវការចោទប្រកាន់នៅតុលាការ ហើយគាត់មានសេរីភាពក្នុងការទៅដើរហើ ឬវិនិយោគនៅក្នុងសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ននេះ។
លោក ជេកុប ស៊ីមស៍ បន្ថែមថា កម្ពុជា គឺជាសញ្ញាព្រមានមួយ។ ដោយមានការគាំទ្រពីរដ្ឋឧក្រិដ្ឋកម្មតាមប្រព័ន្ធឌីជីថល មានប្រាក់ចំណេញខ្ពស់ អាចផ្លាស់ទីបានងាយ និងអាចពង្រីកបានយ៉ាងឆាប់រហ័ស ប្រហែលជាគ្មានគំរូឧក្រិដ្ឋកម្មណាមួយក្នុងប្រវត្តិសាស្ត្រដែលអាចប្រៀបបាន។ លោកជំរុញឱ្យអ្នកធ្វើគោលនយោបាយកុំផ្តោតត្រឹមតែលើការបង្ក្រាបមណ្ឌលឆបោកនីមួយៗ ប៉ុន្តែត្រូវប្រឈមមុខនឹងប្រព័ន្ធទូលំទូលាយជាងនេះ ដោយដាក់ឱ្យអ្នកជួយសម្រួលប្រព័ន្ធទាំងមូលទទួលខុសត្រូវ។ គាំទ្រអ្នកសារព័ត៌មាន និងសង្គមស៊ីវិល ដែលកំពុងឈរនៅជួរមុខ កសាងយុទ្ធសាស្ត្រអន្តរជាតិដែលមានការសម្របសម្រួល ដើម្បីទប់ស្កាត់ការរីករាលដាល។
ទាក់ទងទៅនឹងការលើកឡើងនេះ អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកលោក សេង វណ្ណលី បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថា ការវិភាគនៃការរិះគន់ប្រកបដោយភាពហ្មត់ចត់របស់សាស្ដ្រាចារ្យជេក ខបស៊ីម គឺជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងសំខាន់ពីតថភាពសង្គមនិងបញ្ហាប្រឈមជាប្រព័ន្ធ ដែលទាមទារឲ្យមានការពិនិត្យនិងដោះស្រាយយ៉ាងយកចិត្តទុកដាក់បំផុត។ លោកថា ការលើកឡើងនេះ បានបង្ហាញយ៉ាងច្បាស់ ថា ទិន្នន័យនិងភស្តុតាង ដែលបានលាតត្រដាង មិនមែនជាការវាយប្រហារនយោបាយទេនោះទេ ប៉ុន្តែវាក៏ជាការរួមចំណែកផ្តល់ធាតុចូលដ៏មានតម្លៃនៅក្នុងការស្វែងរកយុត្តិធម៌ និងការការពារសិទ្ធិរបស់ពលរដ្ឋ ជាពិសេសក្រុមជនងាយរងគ្រោះ ដែលងាយរងគ្រោះក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។
លោក សេង វណ្ណលី៖ «ក្នុងបរិបទនេះខ្ញុំគិតថាលោកហ៊ុនម៉ាណែតក្នុងនាមជាមេដឹកនាំ និងមានចក្ខុវិស័យវែងឆ្ងាយគួរតែបើកចិត្តទូលាយ ក្នុងការទទួលយក និងយកការលើកឡើងរបស់សាស្ត្រាចារ្យសាកលវិទ្យាល័យ Harvard មួយនេះ ទៅធ្វើជាការពិនិត្យពិភាក្សានិងកែលម្អលើចំណុចខ្វះខាតនានាដែលកំពុងកើតមាន»។
កាលពីដើមខែមីនា លោក ហ៊ុន ម៉ាណែត បានប្រកាសថា នឹងលុបបំបាត់ទាំងស្រុងទីតាំងឆបោកអនឡាញនៅត្រឹមខែមេសា ក្រោយពីរដ្ឋាភិបាលបើកយុទ្ធនាការទ្រង់ទ្រាយធំ ឆ្មក់ចូលបង្ក្រាបទីតាំងឆបោកបានប្រហែល ២.៥០០កន្លែង។ ចំណែករដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា ក៏ធ្លាប់អះអាងកាលពីខែកុម្ភៈថា មានជនបរទេសរាប់ម៉ឺននាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា និងប្រហែលជាង ២សែននាក់ទៀត បានចាកចេញពីកម្ពុជាដោយខ្លួនឯង ដោយសារការបង្ក្រាបលើទីតាំងឆបោកអនឡាញ។
យ៉ាងណាក៏ដោយ អ្នកឃ្លាំមើលបានសង្កេតឃើញថា វិធានការបោសសម្អាតឱ្យអស់ក្រុមឧក្រិដ្ឋជនឆបោកអនឡាញពីកម្ពុជារបស់លោក ហ៊ុន ម៉ាណែត មិនទទួលបានជោគជ័យឡើយ ពីព្រោះឧកញ៉ានិងថ្នាក់ដឹកនាំសំខាន់ៗ ពាក់ព័ន្ធមុខជំនួញកខ្វក់នេះ មិនត្រូវបានស៊ើបអង្កេតតាមច្បាប់នៅឡើយ។ ពួកគាត់ក៏ព្រួយបារម្ភថា អំពើឧក្រិដ្ឋកម្មនេះនឹងបន្តប៉ះពាល់ដល់សេដ្ឋកិច្ច មុខមាត់ប្រទេសជាតិ និងជីវភាពពលរដ្ឋក្នុងរយៈពេលវែងបន្ថែមទៀត ខណៈបណ្ដាញឧក្រិដ្ឋជនកាន់តែពង្រីកសកម្មភាពឆបោកលើទឹកដីកម្ពុជាឥតឈប់ឈរ។
រដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន រងការចោទប្រកាន់ថា ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញជាពិសេសតាមរយៈការជួយលាក់បាំង និងផ្ដល់សញ្ជាតិខ្មែរដល់ឧក្រិដ្ឋជន ដើម្បីឱ្យពង្រីកមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅកម្ពុជា។ ជាមួយគ្នានេះ សមាជិកក្រុមគ្រួសារត្រកូល ហ៊ុន ដូចជាលោក ហ៊ុន តូ ជាដើម រួមទាំងមន្ត្រីកំពូលៗមួយចំនួនទៀតដែលមានតួនាទីជាឧបនាយករដ្ឋមន្ត្រីផង ក៏ត្រូវបានសមាជិកសភាអាមេរិកដាក់ចូលក្នុងបញ្ជីខ្មៅ ដើម្បីស្នើឱ្យដាក់ទណ្ឌកម្មដោយសារតែពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។ លើសពីនេះ អាមេរិក ក៏បានដាក់ទណ្ឌកម្មទៅលើសមាជិកព្រឹទ្ធសភាបក្សកាន់អំណាចលោក កុក អាន លោក លី យ៉ុងផាត និងមនុស្សមួយចំនួនប៉ុន្តែពួកគេ នៅតែមានសេរីភាពនៅកម្ពុជា៕









