អ្នកតាមដាន​ថា វៀតណាម​ខ្លាច​ខ្មែរក្រោម​ប្រើប្រាស់​ទឹកដី​កម្ពុជា​សម្រាប់​សកម្មភាព​តស៊ូ​មតិ

0
45
ប្រធានព្រឺទ្ធសភា លោក ហ៊ុន សែន (ស្ដាំ) ទទួល​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម លោក តូ ឡឹម (To Lam) នៅក្នុងព្រះបរមរាជវាំង កាលពី​ថ្ងៃទី៦ ខែមករា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
ប្រធានព្រឺទ្ធសភា លោក ហ៊ុន សែន (ស្ដាំ) ទទួល​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម លោក តូ ឡឹម (To Lam) នៅក្នុងព្រះបរមរាជវាំង កាលពី​ថ្ងៃទី៦ ខែមករា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

អ្នក​តាមដាន​សង្គម​អះអាង​ថា វៀតណាម​មានការ​ព្រួយបារម្ភ​ខ្លាច ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម រត់​មក​ជ្រកកោន​នៅក្នុង​ប្រទេស​កម្ពុជា ធ្វើ​សកម្មភាព​តស៊ូ​មតិ​ជុំវិញ បញ្ហា​សិទ្ធិ​សេរីភាព សិទ្ធិ​សាសនា ឬ​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ខ្មែរ​កម្ពុជា​ក្រោម ទើប​វៀតណាម​ស្នើ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន ឱ្យ​កម្ពុជា​រួម​សាមគ្គី​គ្នា​ជាមួយ​វៀតណាម​ក្នុង​ការ​ការពារ​សន្តិសុខ និង​ទប់ស្កាត់​ការប្រើប្រាស់​ទឹកដី​របស់​ប្រទេស​មួយ ដើម្បី​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​ប្រទេស​មួយទៀត។

ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា វៀតណាម​ព្រួយបារម្ភ​ខ្លាច​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​តស៊ូ​មតិ​ជុំវិញ បញ្ហា​សិទ្ធិ​សេរីភាព សិទ្ធិ​សាសនា ឬក៏​សិទ្ធិ​ស្វ័យ​សម្រេច របស់​ខ្មែរក្រោម រត់​មក​កម្ពុជា ដូច្នេះហើយ​បានជា​វៀតណាម​ចង់ ឲ្យ​កម្ពុជា​សហការ​ដើម្បី​ចាប់​បញ្ជូន​ពួកគេ​ទៅ​វៀតណាម។

ការ​លើកឡើង​របស់​ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍​រូប​នេះ គឺ​បន្ទាប់ពី រដ្ឋមន្ត្រីក្រសួង​នគរបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម លោក លឿង តាម​ក្វាង (LUONG TAM QUANG) លើកឡើង​នៅក្នុង​ជំនួប​ជាមួយ​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃទី​៣០​មិថុនា ថា កម្ពុជា និង​វៀតណាម បាន​រួម​សាមគ្គី​គ្នា​ក្នុង​ការ​ធ្វើ​កិច្ច​ការងារ​ការពារ​សន្តិសុខ ដោយ​ធ្វើ​យ៉ាងណា​ប្រយុទ្ធ​ប្រឆាំង​កម្លាំង​ណាមួយ​ដែល​ប្រើប្រាស់​ទឹកដី​ម្ខាង ហើយ​ប្រឆាំង​ទៅ​នឹង​ប្រទេស​មួយទៀត។

នៅក្នុង​ជំនួប​នោះ លោក ហ៊ុន សែន បាន​សម្តែង​ការ​ពេញចិត្ត និង​គាំទ្រ ដោយ​បន្ថែម​ថា ចំណុច​ដែល​ជៀសវាង​ឱ្យ​បាន​នោះ គឺ​ជៀសវាង​កុំ​ឲ្យ​មានការ​ប្រើប្រាស់​កម្លាំង​នៅក្នុង​ប្រទេស​ណាមួយ​ប្រឆាំង​ប្រទេស​មួយ​ផ្សេងទៀត ឧទាហរណ៍​ដូចជា​ការប្រើប្រាស់​កម្លាំង​លើ​ទឹកដី​នៅក្នុង​ប្រទេស​វៀតណាម ហើយ​ប្រឆាំង​ទៅ​នឹង​កម្ពុជា ឬក៏​ប្រើប្រាស់​ទឹកដី​កម្ពុជា​ប្រឆាំង​ទៅ​នឹង​វៀតណាម ដែល​ចំណុច​នេះ​ភាគី​ទាំងពីរ​ត្រូវ​សហការ​គ្នា​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​មាន​ករណី​បែប​នេះ​កើតឡើង។

លោក អ៊ុំ សំអាន យល់ថា ប្រទេស​វៀតណាម​ជា​ប្រទេស​កុម្មុយនិស្ត​ផ្ដាច់ការ ដូច្នេះ​វៀតណាម​នឹង​មិន​ផ្តល់​សិទ្ធិ​ជ្រកកោន ឬ​ផ្តល់​ភាព​សុខ​ស្រួល​ចំពោះ​អ្នក​ប្រជាធិបតេយ្យ និង​អ្នកតស៊ូ​មតិ​នោះ​ទេ។

លោក អ៊ុំ សំអាន៖ «ខ្លាច​ពួក​ម៉ុងតាញ៉ា​អី រត់​មក ជ្រកកោន​នៅ​កម្ពុជា កន្លងមក​ក៏​កម្ពុជា​ចាប់​បញ្ជូន​ទៅវិញ​ដែរ អាហ្នឹង​យើង​ឃើញ​អ៊ីចឹង ខ្មែរក្រោម ភាគច្រើន​ហើយ​ដែល មក​ស្នាក់នៅ​កម្ពុជា ត្រូវ​បាន​លោក ហ៊ុន សែន ចាប់​បញ្ជូន​ទៅវិញ ដូចជា​ព្រះអង្គ ទឹម សាខន ព្រះចៅអធិការ​នៅ ភ្នំ​ដិ​ន នៅ​ខេត្តតាកែវ កាល​ប្រមាណ​ឆ្នាំមុន​នោះ ក៏​ធ្លាប់​ចាប់​បញ្ជូន​ទៅ ដាក់គុក​នៅ​ប្រទេស​វៀតណាម​វិញ​ដែរ»។

ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក គឹម សុខ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា គន្លឹះ​អនុវត្ត​របស់​វៀតណាម និង​គណបក្ស​ប្រជាជន​កម្ពុជា​នៃ​ក្រុម​គ្រួសារ​ហ៊ុន មិន​ឲ្យ​ភាគី​ណាមួយ ប្រើប្រាស់​ទឹកដី របស់​ខ្លួន​ដើម្បី​ប្រឆាំង​ភាគី​មួយ​ផ្សេងទៀត គឺ​សំដៅ​មិន​ឲ្យ​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ អាច​ប្រើប្រាស់​ទឹកដី​កម្ពុជា​ក្រោម ដែល​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​វៀតណាម ចូល​ទៅ​ក្នុង​ប្រទេស​កម្ពុ​ជា ធ្វើ​ឲ្យ​ដួល​រលំ​អំណាច​គណបក្ស​ប្រជាជន​កម្ពុជា។

លោក គឹម សុខ បន្ថែម​ទៀត​ថា ក្នុងករណី​ចាំបាច់ ដែល​គណបក្ស​ប្រជាជន​កម្ពុជា មិនអាច​ទប់ស្កាត់​នូវ​ចលនា​ប្រជាធិបតេយ្យ ដែល​អាច​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​រលំ​អំណាច​នោះ គឺ​វៀតណាម គេ​ប្រើ​រូបភាព​ក្នុង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ បញ្ជូន​កងទ័ព​វៀតណាម ចូល​ទឹកដី​កម្ពុជា ដើម្បី​ការពារ​អំណាច​គណបក្ស​ប្រជាជន​កម្ពុជា​តែម្តង។

លោក គឹម សុខ៖ «ហើយ​បើ​និយាយ​ឱ្យ​ចំ កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​រវាង​វៀតណាម ហើយ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុងតែ​ត្រួតត្រា​កម្ពុជា​នោះ គឺជា​គំរូ បម្រុង​ឈ្លានពាន​ជា​លើក​ទី​ពីរ​ដោយ​កងទ័ព​វៀតណាម​ចូល​ទឹកដី​កម្ពុជា ដូច​គំរូ​នៃ​ថ្ងៃ​៧​មករា​១៩៧៩​អញ្ចឹង​ដែរ»។

ទាក់ទង​នឹង​ការ​ចាប់​បញ្ជូន​មនុស្ស​ទៅ​ប្រទេស​វៀតណាម​វិញ​នេះ កន្លងមក លោក ហ៊ុន សែន ព្រមាន​បិទ​អង្គការ​អន្តរជាតិ​នៅ​កម្ពុជា បើ​ពួកគេ​ហ៊ាន​ជួយ​ជនជាតិ​ម៉ុងតាញ៉ា ដែល​រត់ ឬ​កំពុង​ភៀសខ្លួន​នៅ​កម្ពុជា ដោយ​លោក​ចោទ​ថា ក្រុម​ជនជាតិ​ម៉ុងតាញ៉ា នេះ​ជា​អ្នក​បាញ់​សម្លាប់​អាជ្ញាធរ និង​មន្ត្រី​នៅក្នុង​ប្រទេស​វៀតណាម។

សកម្មជន​សិទ្ធិមនុស្ស មាន​ការ​ព្រួយបារម្ភ ថា​ជនជាតិភាគតិច​ម៉ុងតាញ៉ា ដែល​ភាគច្រើន​កាន់សាសនា​គ្រិស្ត​មកពី​តំបន់​ភ្នំ​ក្នុង​ប្រទេស​វៀតណាម​អាច​ប្រឈម​នឹង​ការ​ធ្វើទុក្ខបុកម្នេញ ក្រោយពី​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​។ ការ​ធ្វើទុក្ខបុកម្នេញ​នេះ​កើតឡើង​ដោយសារតែ​ក្រុម​ជនជាតិភាគតិច​នេះ​មាន​ប្រវត្តិ​ចងសម្ព័ន្ធ​មិត្ត​ជាមួយនឹង​យោធា​អាមេរិក​ក្នុង​អំឡុង​សង្គ្រាម​វៀតណាម ដែល​ក្រុម​នេះ​ប្រយុទ្ធ​ដើម្បី​សិទ្ធិ​ដីធ្លី​និង​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ការដឹកនាំ​បែប​កុម្មុយនិស្ត និង​ជំនឿ​សាសនា​របស់​ខ្លួន មិន​ខុសគ្នា​នឹង​ពលរដ្ឋ​កម្ពុជា​ក្រោម​ដែល​តែងតែ​ងើប​តវ៉ា​ដើម្បី​ការពារ​វប្បធម៌​និង​ប្រពៃណី​របស់​ខ្លួន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ