

សកម្មជនគណបក្សសង្គ្រោះជាតិ គឺលោក វឿង សំណាង នៅតែត្រូវជាប់ពន្ធនាគារ ១១ឆ្នាំដដែល បន្ទាប់ពីតុលាការកំពូលបានច្រានចោលសំណើស្រូបទោសរបស់លោក។ សង្គមស៊ីវិលថា តុលាការសម្រេចសេចក្ដីបែបនយោបាយ គឺពុំមែនផ្អែកលើអង្គហេតុ និង អង្គច្បាប់នោះឡើយ។
ទីបំផុតតុលាការកំពូល នៅថ្ងៃទី១៤ ខែតុលា បានប្រកាសសាលដីកា ដោយ សម្រេចឱ្យអតីតចៅសង្កាត់រងទី២ របស់គណបក្សសង្គ្រោះជាតិ នៅរាជធានីភ្នំពេញ លោក វឿង សំណាង អនុវត្តទោសក្នុងពន្ធនាគាររយៈពេល ១១ឆ្នាំដូចការ សម្រេចរបស់តុលាការថ្នាក់ក្រោមដែរ។ យ៉ាងណា សមត្ថកិច្ចពន្ធនាគារមិនបាន ដឹកលោក វឿងសំណាងទៅតុលាការ ដើម្បីឲ្យលោកបានស្ដាប់ការប្រកាសសាលក្រមឡើយ។
ប្រពន្ធលោក វឿង សំណាង គឺលោកស្រី ទៀង ចិន្តា ចាត់ទុកសេចក្ដីសម្រេចរបស់តុលាការកំពូល ថាជារឿងអយុត្តិធម៌។
លោកស្រី ទៀង ចិន្ដា មានប្រសាសន៍ថា ប្ដីលោកស្រី ជាប់ពន្ធនាគារអស់រយៈពេល ៥ឆ្នាំហើយ ដោយគ្រាន់តែលោកអនុវត្តសិទ្ធិនយោបាយជាមូលដ្ឋាន ស្របតាមរដ្ឋធម្មនុញ្ញ ។ ដូច្នេះ លោកស្រីថា ខណៈនេះ ជាពេលសមល្មមហើយ ដែលតុលាការត្រូវដោះលែង និង ផ្ដល់សេរីភាពដល់ប្ដីលោកស្រីវិញ ដោយមិនគួរបន្ដធ្វើឲ្យមានការឈឺចាប់កាន់តែខ្លាំង ដល់គ្រួសារលោកស្រីទៀតនោះទេ ។
លោកស្រី ទៀង ចិន្ដា៖ «សម្រាប់ខ្ញុំបារម្ភជាងគេ គឺសុខភាពប្ដីខ្ញុំនៅក្នុងពន្ធនាគារ ហើយបារម្ភជាងគេខ្លាំងគឺសុខភាពផ្លូវចិត្តរបស់កូនខ្ញុំ ដោយសារគាត់បាត់បង់ឪពុក យូរមែនទែន។ អ៊ីចឹងបារម្ភពីសុខភាពផ្លូវចិត្តគាត់ ប៉ះពាល់ផ្លូវអារម្មណ៍គាត់ ហើយ មកហ្នឹង គឺគាត់ទន្ទឹងរង់ចាំជួបឪពុក មកដល់អត់ឃើញវត្តមានប្ដី។ អ៊ីចឹងគាត់ខកចិត្ត ក្មេងចង់បានជួបឪពុកដល់អត់ឃើញ អ៊ីចឹងខ្ញុំពិតជាបារម្ភសុខភាពផ្លូវចិត្តគាត់ខ្លាំង»។
កូនស្រីរបស់លោក វឿង សំណាង ដែលមានជំងឺអូទីហ្សឹម និយាយថា នាងនឹក ឪពុក និង ចង់ជួបឪពុកដូចក្មេងៗដទៃទៀតដែរ។ ក្មេងស្រីរូបនេះ រៀបរាប់ជាច្រើន ប្រាប់ទូរទស្សន៍អាស៊ីសេរី អំពីផ្លូវចិត្ត ដែលខ្វះភាពកក់ក្ដៅ ខណៈអ្នកស្រីរស់នៅ យ៉ាងលំបាកជាមួយម្ដាយ ក្នុងពេលឪពុករបស់នាង ត្រូវអ្នកមានអំណាចចាប់ដាក់ ពន្ធនាគារយ៉ាងអយុត្តិធម៌ ដែលជាការព្រាត់ប្រាស់ភ្នែកស្រស់។
កូនស្រីរបស់លោក វឿង សំណាង៖ «ថ្ងៃហ្នឹង ប៉ាអត់ទាន់បានមកទេ ព្រោះប៉ូលិសអត់បានយកប៉ាមក ហើយខ្ញុំពិបាកចិត្តអត់បានជួបប៉ា។ ខ្ញុំអាណិតប៉ា ដោយសារ ប៉ាអត់បានមក ខ្ញុំចង់មកជួបប៉ាដូចគេ។ ពិបាករឿងប៉ាអត់បានមក ចង់ជួបប៉ា ព្រោះខ្ញុំនឹកប៉ាខ្លាំងណាស់»។
លោក វឿង សំណាង ធ្លាប់បានភៀសខ្លួនទៅរស់នៅទីក្រុងបាងកកប្រទេសថៃ ក្នុងឋានៈជាជនភៀសខ្លួននយោបាយ ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស UNHCR។ ប៉ុន្តែ លោកត្រូវបានអាជ្ញាធរថៃ ចាប់ខ្លួន និងបញ្ជូនមកកម្ពុជាវិញកាលពីខែវិច្ឆិកា ឆ្នាំ២០២១។
បន្ទាប់មកក្នុងខែធ្នូ ឆ្នាំ២០២២ លោក វឿង សំណាង និងអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន ៣៦នាក់ផ្សេងទៀត ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ ផ្តន្ទាទោសឱ្យជាប់ពន្ធនាគារម្នាក់ៗ រយៈពេល៥ឆ្នាំពីបទ«រួមគំនិតក្បត់» ដែល ពាក់ព័ន្ធនឹងការគាំទ្រគម្រោងវិលចូលស្រុករបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។
ក្រោយមកទៀត អំឡុងចុងឆ្នាំ ២០២៣ លោក វឿង សំណាង ក៏ត្រូវបានចៅក្រម សាលាដំបូងរាជធានី ផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចំនួន ៦ ឆ្នាំបន្ថែមទៀត ពីបទ «រួមគំនិតក្បត់» ក្នុងសំណុំរឿងមួយផ្សេងទៀត ពាក់ព័ន្ធនឹងការបង្ហោះសារក្នុងបណ្តាញសង្គមហ្វេសប៊ុក។ មកដល់ពេលនេះ លោក វឿង សំណាង មានទោសសរុបក្នុងពន្ធនាគារ រយៈពេល ១១ឆ្នាំ តែលោក ទើបតែអនុវត្តទោសបាន ៥ឆ្នាំ ប៉ុណ្ណោះ។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា ការសម្រេចក្ដីរបស់តុលាការ ដែលផ្ដន្ទាទោសលោក វឿង សំណាង ក្នុងសំណុំរឿងទាំងពីរ មានស្ថានភាពធ្ងន់ធ្ងរ។ លោកលើកឡើងថា ទាំងអង្គការសិទ្ធិមនុស្សក្នុងស្រុក និងទាំងសហគមន៍អន្តរជាតិចង់ឃើញមាន ការដោះលែងអ្នកទោសនយោបាយ និង អ្នកទោសមនសិការ ដើម្បីបង្កបរិយាកាស ល្អមុនការបោះឆ្នោត ឆ្នាំ២០២៧ និង ឆ្នាំ២០២៨ ។
លោក អំ សំអាត៖ «យើងឃើញហើយថា កន្លងមក មានការរិះគន់ច្រើនពីសហគមន៍ អន្តរជាតិ ពីអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ឬក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ថា ការកាត់ទោសឬការផ្ដន្ទាទោសទៅលើសកម្មជនគណបក្សនយោបាយ ហាក់បីដូចជាមានភាពជាលក្ខណៈនយោបាយច្រើនជាងការអនុវត្តច្បាប់។ យើងជាអង្គការសង្គមស៊ីវិលក៏មិនចង់ឃើញមានការរិះគន់ទាក់ទងនឹងបញ្ហាទាំងអស់នេះទៀតដែរ»។
លោក វឿង សំណាង ជាអ្នកនយោបាយថ្នាក់មូលដ្ឋានដ៏សកម្មនិងស្មោះត្រង់ ចំពោះឆន្ទៈម្ចាស់ឆ្នោត។ ក្នុងឆ្នាំ២០១៣ លោក វឿង សំណាង ដែលកាលនោះ ជាព្រះសង្ឃបានចូលរួមធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលកម្មកររោងចក្រ ហើយក្នុងគ្រានោះ លោករួមទាំងកម្មករផ្សេងទៀត ត្រូវកងទ័ពឆ័ត្រយោងវាយបង្ក្រាប ស្ទើរស្លាប់បាត់បង់ជីវិត និងបន្សល់ទុក នូវស្នាមរបួស និងការឈឺចាប់រហូតមកដល់សព្វថ្ងៃ។
ក្នុងឆ្នាំ២០១៧ លោក វឿង សំណាង បានជាប់ឆ្នោតជាចៅសង្កាត់រងទី២ របស់គណបក្ស សង្គ្រោះជាតិ នៅរាជធានីភ្នំពេញ។ បន្ទាប់ពីរដ្ឋាភិបាលលោក ហ៊ុន សែន បានប្ដឹងរំលាយគណបក្សសង្គ្រោះជាតិ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ លោក វឿង សំណាង បានបង្ខំចិត្តរត់ភៀសខ្លួន ទៅរស់នៅប្រទេសថៃ ដើម្បីគេចពីការបង្ខំឱ្យចូលរួមជាមួយគណបក្សកាន់អំណាច។
អង្គការលីកាដូឱ្យដឹងថា លោក វឿង សំណាង បានជាប់ក្នុងពន្ធនាគារអស់ រយៈពេលជាង១ពាន់៨០០ ថ្ងៃហើយ គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ។ លោក សំណាង ស្ថិតក្នុងចំណោមអ្នកជាប់ពន្ធនាគារជាង ១០០នាក់ ដោយសារភាពសកម្មនិយម ក្នុងសង្គម ឬ ការប្រើសិទ្ធិបញ្ចេញមតិ៕








