តុលាការ​កំពូល​តម្កល់​សាលដីកា​​ផ្ដន្ទាទោស​លោក កើត សារ៉ាយ ឲ្យ​ជាប់​ពន្ធនាគារ ៤​ឆ្នាំ ក្រោម​បទ​ចោទ «ញុះញង់​និង​មិន​រាងចាល​»

0
78
ម្ដាយ​លោក កើត សារ៉ាយ គឺ​លោកស្រី ចាប យ៉ែម (ឆ្វេង) និង​កូនប្រុស ពេលមកចូលរួមសវនាការនៅសាលាឧទ្ធរណ៍ កាលពីថ្ងៃទី២៦ មករា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ម្ដាយ​លោក កើត សារ៉ាយ គឺ​លោកស្រី ចាប យ៉ែម (ឆ្វេង) និង​កូនប្រុស ពេលមកចូលរួមសវនាការនៅសាលាឧទ្ធរណ៍ កាលពីថ្ងៃទី២៦ មករា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

តុលាការ​កំពូល​សម្រេច​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍​ភ្នំពេញ ដែល​ផ្ដន្ទាទោស​ប្រធាន​សមាគមនិស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) លោក កើត សារ៉ាយ ឲ្យ​ជាប់​ពន្ធនាគារ ៤​ឆ្នាំ ក្រោម​បទ​ចោទ​«​ញុះញង់ និង​មិន​រាងចាល» ។ សង្គម​ស៊ីវិល​ខកចិត្ត​ចំពោះ​សេចក្ដីសម្រេច​នេះ ដោយ​ចាត់ទុកថា នេះ​ជា​ការ​បំបាក់ស្មារតី​អ្នកធ្វើការ​ការងារ​សង្គម។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល នៅ​ថ្ងៃទី​០៣ ខែកក្កដា បាន ច្រានចោល​សំណើ​របស់​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កើត សារ៉ាយ ដោយ​តម្កល់ សាលដីកា​សាលាឧទ្ធរណ៍​ភ្នំពេញ ដែល​ផ្ដន្ទាទោស​លោក កើត សា​រ៉ា​យ ឲ្យ​ជាប់ ពន្ធនាគារ ៤ ឆ្នាំ ទុក​ជា​បាន​ការ​ដដែល។

អ្នកគាំទ្រ​លោក កើត ស​រ៉ាយ គឺ​លោក ខាន់ ចាន់ថន ចាត់ទុក​ការសម្រេច​នេះ ថា​ជា​រឿង​អយុត្តិធម៌​។ លោក​ទទូច​ឲ្យ​តុលាការ​កាត់ក្ដី​ដោយ​សុភវិនិច្ឆ័យ និង​ការពារ ផលប្រយោជន៍​ជាតិ​ជាធំ ជាជាង​យក​អំណាច​មក​ធ្វើបាប​ពលរដ្ឋ។

លោក ខាន់ ចាន់ថន៖ «នេះ​ជា​ភាព​អយុត្តិធម៌​មួយ ដែល​ខ្ញុំ​មើលឃើញ​។ ខ្ញុំ​ក៏​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា ឲ្យ​ចូលរួម​សកម្មភាព​សង្គម​ទាំងអស់គ្នា ដើម្បី យុត្តិធម៌​សង្គម ក៏ដូចជា​អ្នករងគ្រោះ​ដោយ​ភាព​អយុត្តិធម៌​។ ខ្ញុំ​គិតថា ប្រជាពលរដ្ឋ យើង​គួរតែ​មាន​ស្មារតី​ជាតិ​តែមួយ ចេះ​ស្រឡាញ់ និង​ការពារ​គ្នា ក៏ដូចជា យុត្តិធម៌ សង្គម​។ ថ្ងៃ​ណាមួយ​ពេល​ដែល​ដល់​ខ្លួន​យើង ទើប​យើង​ភា្ញក់​រលឹក ទើប​យើង​ចាំ ចូលរួម​យឺត​ពេល​ហើយ»។

យុវជនមួយរូបគឺ​លោក ខាន់ ចាន់ថន ដែលគាំទ្រលោក កើត សារ៉ាយ លើកបដាទាមទារផ្ដល់សេរីភាពដល់​ប្រធាន​សមាគមនិស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) លោក កើត សារ៉ាយ នៅតុលាការកំពូល នៅថ្ងៃទី៣ កក្កដា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

សាលាដំបូង​រាជធានី​ភ្នំពេញ និង សាលាឧទ្ធរណ៍​ភ្នំពេញ ដែល​កាត់​ឲ្យ​លោក កើត សារ៉ាយ ជាប់ពន្ធនាគារ ៤​ឆ្នាំ​នោះ ចោទប្រកាន់​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​រូប​នេះ ពី​បទ​«​មិន​រាងចាល​ក្នុង​បទមជ្ឈិម​បន្ទាប់ពី​ការ​ផ្ដន្ទាទោស បទមជ្ឈិម​» និង បទ​«​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម​» ពាក់ព័ន្ធ​នឹង​ការ​ផ្តល់ បទ សម្ភាសន៍​ដល់​សារព័ត៌មាន​អំពី​ករណី​ដែល​លោក បាន​ចុះ​ជួប​ពលរដ្ឋ​រងគ្រោះ ដីធ្លី ពី​ការ​បណ្តេញ​ពលរដ្ឋ​ចេញ​ដោយ​បង្ខំ​នៅ​ស្រុក​គូលែន ខេត្តព្រះវិហារ កាលពីដើម ឆ្នាំ ២០២៤។

មន្ត្រីជាន់ខ្ពស់ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (ADHOC) លោក យី សុខសាន្ត ខកចិត្ត​ចំពោះ​ការសម្រេច​របស់​តុលាការ​កំពូល និង​ទទូច​ឲ្យ រដ្ឋាភិបាល ស្នើសុំ​ទៅ​អង្គ​ព្រះមហាក្សត្រ ដើម្បី​ដោះលែង​អ្នក​ធ្វើ​ការងារ​សង្គម​ទាំងអស់​ឲ្យ​មាន សេរីភាព វិញ ព្រោះ​អ្នក​ធ្វើ​ការងារ​សង្គម គឺ​ដើម្បី​ជួយ​បំពេញ​ចន្លោះ​ខ្វះខាត ឲ្យ រដ្ឋាភិបាល​តែប៉ុណ្ណោះ។

លោក យី សុខសាន្ត៖ «គាត់​មើលឃើញ​មាន​បញ្ហា​រំលោភសិទ្ធិ​មនុស្ស ហើយ​គាត់​យក មក​និយាយ​វា​មិន​ខុសច្បាប់​ទេ ហើយ​សិន​ជា​វា​ខុស វា​គ្រាន់តែ​ជា​ការ​សុំទោស​ឬ មួយ​ក៏​ជា​ការ​បំភ្លឺ​នូវ​អ្វីមួយ​ទៅ វា​ជា​ការ​ចប់​ហើយ មិន​ចាំបាច់​យក​គាត់​ទៅ​ដាក់ ទោសទណ្ឌ​ទេ​។ ការ​ដាក់​ទោសទណ្ឌ គាត់​យូរ​ឆ្នាំនេះ មិន​រាងចាល​រហូតដល់​ពិន័យ ៤ លាន ហើយ​ដាក់ទោស​ដល់ ៤ ឆ្នាំនេះ​វា​ជា​ការ​ធ្វើទុក្ខ​មួយ ជា​ការ​ឈឺចាប់ មួយ​សម្រាប់​ពួកគាត់ ហើយ​បង្ក​ជា​ការ​ព្រមាន​ដល់​អង្គការ​ផ្សេងៗ ក៏ដូចជា យុវជន ផ្សេងៗ មិន​ហ៊ាន​ឲ្យ​និយាយ មើលឃើញ​ខុស​ហើយ មិន​ហ៊ាន​និយាយ​។ នេះ​ជា​ការ​គំរាមកំហែង​ផ្នែក​ស្មារតី​មួយទៀត​សម្រាប់​អ្នក​ដែល​ហ៊ាន​និយាយ»។

ស្រដៀង​គ្នា​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ (LICADHO)​លោក អំ សំអាត សោកស្ដាយ និង​ចាត់ទុក​ការ​ផ្ដន្ទាទោស នេះ​ថា នឹង​ប៉ះពាល់​ដល់​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ខណៈ​សកម្មភាព របស់​លោក កើត សារ៉ាយ ចុះ​ជួប​ពលរដ្ឋ​រងគ្រោះ​ដីធ្លី គឺ​ដើម្បី​ស្វែងរក​ការពិត និង​បញ្ហា រួច​ដាក់​ជា​សំណូមពរ​ទៅ​រដ្ឋាភិបាល​ឲ្យ​ជួយ​ដោះស្រាយ​សម្រាប់​ពលរដ្ឋ តាម​លក្ខន្តិកៈ​ចុះ​បញ្ជី និង​តម្កល់​លក្ខន្តិកៈ នៅ​ក្រសួង​មហាផ្ទៃ។

លោក អំ សំអាត៖ «អ៊ីចឹង​ហើយ​បាន​កន្លងមក មានការ​លើកឡើង​រិះគន់​ថា លំហ​សេរីភាព​សង្គម​ស៊ីវិល ត្រូវ​មានការ​រឹតត្បិត​ហ្នឹង គឺ​ករណី​លោក កើត សារ៉ាយ នេះ ក៏​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​គេ លើក​យក​មក​ធ្វើជា​ករណី​សិក្សា​នៅក្នុង​ករណី ដែល គេ​លើកឡើង​ពី​លំហ​សង្គម​ស៊ីវិល​ត្រូវ​មានការ​រឹតត្បិត​ផង​ដែរ»។

លោក កើត សារ៉ាយ ធ្លាប់​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស ដាក់​ពន្ធ​ធនាគារ​ម្តង​រួចមក ហើយ ពី​បទ​«​ញុះញង់​» កាលពី​ឆ្នាំ​២០២១ ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​អហិង្សា ទាមទារ​ឲ្យ​ដោះលែង​អតីត​មេដឹកនាំ​សហជីព និង​បច្ចុប្បន្ន​ជាទី​ប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន។ ចំណែក​លើក​ទី​ពីរ​នេះ​លោក បាន​ជាប់​ក្នុង ពន្ធនាគារ រយៈពេល​ជាង ២ ឆ្នាំ មក ហើយ ក្រោម​បទ​ចោទ «​ញុះញង់​»​ក្រោយពេល ដែល​លោក​បាន​ផ្តល់​បទសម្ភាសន៍ ដល់​អ្នកសារព័ត៌មាន​ដោយ​និយាយ​អំពី​ជម្លោះដីធ្លី​មួយ នៅ​ក្នុង​ខេត្តព្រះវិហារ។

លោក កើត សារ៉ាយ គឺជា​អ្នកទោស​មនសិការ​ម្នាក់ ក្នុងចំណោម​អ្នកទោស មនសិការ និង​អ្នក​ទោស​នយោបាយ​ចំនួន ១១៧ ដែល​កំពុង​ជាប់ពន្ធនាគារ ដោយ​ការប្រើប្រាស់​សិទ្ធិ​សម្ដែង​មតិ និង​បំពេញការងារ ស្របតាម​ស្មារតី​រដ្ឋធម្មនុញ្ញ និង​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ