

តុលាការកំពូលបានតម្កល់ការផ្ដន្ទាទោសជាប់ពន្ធនាគារ១៤ឆ្នាំចំពោះអ្នកសារព័ត៌មានអនឡាញពីររូបពីបទ«ក្បត់ជាតិ» ពាក់ព័ន្ធនឹងបង្ហោះរូបថតជាមួយទាហាននៅប្រាសាទតាក្របី ពេលចុះចែកជំនួយមនុស្សធម៌។ គ្រួសារនិងអ្នកការពារសិទ្ធិមនុស្សសោកស្ដាយ និងចាត់ទុកការសម្រេចនេះថាជារឿងអយុត្តិធម៌ និងជះឥទ្ធិពលអវិជ្ជមានដល់លំហសេរីសារព័ត៌មាននៅកម្ពុជា។
តុលាការកំពូល នៅថ្ងៃទី២៥ ខែមិថុនា បានប្រកាសសាលដីកា ដោយតម្កល់សេចក្ដីសម្រេចរបស់តុលាការថ្នាក់ក្រោម ដែលកាត់ទោសឲ្យអ្នកសារព័ត៌មានអនឡាញគឺលោក ភាព ភារ៉ា និង លោក ផន សុភាព ជាប់ពន្ធនាគារម្នាក់ៗ ១៤ ឆ្នាំ ពីបទ«ក្បត់ជាតិ»នោះ ទុកជាបានការដដែល។
ការដាក់ទោសទណ្ឌដ៏ធ្ងន់លើអ្នកសារអ្នកសារទាំងពីររូបនេះ គឺពាក់ព័ន្ធនឹងការបង្ហោះរូបថតជាមួយនឹងទាហានកម្ពុជានៅពីមុខប្រាសាទតាក្របី ដែលក្នុងរូបថតនោះមានជាប់រូបមីននៅផ្ទៃខាងក្រោយ។ ពួកគាត់ ថតរូបភាពបង្ហោះលើហ្វេសប៊ុកនេះ ក្នុងពេលចុះយកជំនួយមនុស្សធម៌ទៅចែកជូនកងទ័ពជូរមុខ។
ប្រពន្ធលោក ផន សុភាព គឺលោកស្រី ហុង ថា ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៥ ខែមិថុនា ថា លោកស្រី ទទួលយកមិនបានឡើយ ចំពោះការផ្ដន្ទាទោសប្ដីលោកស្រីឲ្យជាប់ពន្ធនាគារ១៤ ឆ្នាំ ពីព្រោះការបង្ហោះរូបភាពនោះ គឺអចេតនា មិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ឡើយ។ លោកស្រីទទូចឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ជួយអន្តរាគមន៍ឲ្យមានការដោះលែងប្ដីលោកស្រី ពីព្រោះប្ដីលោកស្រីធ្វើការអ្នកសារព័ត៌មានអនឡាញនេះ មិនមានប្រាក់ខែនោះទេ។
លោកស្រី ហុង ថា៖ «ខ្ញុំមានតែសំណូមពរដល់ថ្នាក់ដឹកនាំដូចជា សម្ដេចពុក សម្ដេចម៉ែ ហើយគោរពសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ហើយគោរព ដល់ឯកឧត្ដម នេត ភក្ត្រា សួមជួយដោះស្រាយ ដល់អ្នកសារព័ត៌មានប្ដីខ្ញុំពីររូប ឈ្មោះ ផន សុភាព និង ភាព ភារ៉ា សូមលើកលែងទោសដល់គាត់ ឬបន្ធូរបន្ថយ កុំឲ្យជាប់ដល់១៤ ឆ្នាំ ព្រោះទោសនេះ ធ្ងន់ធ្ងរពេក ខ្ញុំទទួលយកអត់បាន»។
អ្នកសារព័ត៌មានអនឡាញពីររូប គឺ លោក ភាព ភារ៉ា និង លោក ផន សុភាព ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដាច់ដោយឡែកពីគ្នានៅក្នុងខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីវិលត្រឡប់ពីរាយការណ៍ព័ត៌មាន នៅខេត្តឧត្តរមានជ័យ។ ពួកគាត់ ត្រូវបានតុលាការខេត្តសៀមរាប ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ១៤ ឆ្នាំ ពីបទ«ប្រគល់ឲ្យរដ្ឋ បរទេសនូវព័ត៌មាន ជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ»កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ តាមមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ ដែលជាកម្រិតទោសខ្ពស់ជិតដល់កម្រិតអតិបរមានៃទោសសម្រាប់បទល្មើសនេះ គឺ ១៥ឆ្នាំ។
នាយកប្រតិបត្តិ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី សោកស្ដាយចំពោះការសម្រេចរបស់តុលាការកំពូល ដែលតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ខេត្តបាត់ដំបងទុកជាបានការដដែល។ លោកចាត់ទុកការសម្រេចឲ្យលោក ភាព ភារ៉ា និងលោក ផន សុភាព ជាប់ពន្ធនាគារ ១៤ ឆ្នាំថាជារឿងធ្ងន់ធ្ងរសម្រាប់អ្នកសារព័ត៌មានពីររូប ហើយករណីនេះ នឹងជះឥទ្ធិពលអវិជ្ជមានទៅដល់ដំណើរការនៃការខំប្រឹងប្រែង ដែលធ្វើឲ្យមានភាពប្រសើរឡើងចំពោះសេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជា។
លោក ណុប វី៖ «ការសម្រេចនេះ វាក៏ធ្វើឲ្យអ្នកសារព័ត៌មានផ្សេងៗទៀត វាហាក់ ដូចជា កាន់តែមានភាពភ័យខ្លាច នៅក្នុងការធ្វើសេចក្ដីរាយការណ៍ពាក់ព័ន្ធជាមួយ នឹងរឿងបញ្ហាព្រំដែន ពិសេស គឺជម្លោះព្រំដែន ហើយហ្នឹងរឿងប្រទាញប្រទង់ ការដណ្ដើមយកទឹកដីកម្ពុជា ឬការឈ្លានពានចូលទឹកដីកម្ពុជារបស់យោធាថៃ។ អ៊ីចឹងទាំងអស់នេះ អាចនឹងធ្វើឲ្យកាន់តែមានភាពចម្រូងចម្រាស ហើយមួយវិញ ទៀត ការសម្រេចនេះ ក៏វាអាចជាការជះឥទ្ធិពលអវិជ្ជមានមួយចំពោះការទទួលបានព័ត៌មានទូលំទូលាយចំពោះរឿងបញ្ហាព្រំដែនកម្ពុជានិងថៃ»។
ទោះជាយ៉ាងណា លោក ណុប វី សង្ឃឹមថា អ្នកសារព័ត៌មានពីររូប នឹងទទួលបាន ការលើកលែងទោស ដើម្បីឲ្យពួកគាត់បានបន្តការងារជាអ្នកសារព័ត៌មាន និងជួបជុំ ប្រពន្ធកូនរបស់ពួកគាត់វិញ។
ជាមួយគ្នានេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត សោកស្ដាយ ពីព្រោះការផ្ដន្ទាទោសអ្នកសារព័ត៌មានទាំងពីរនាក់ដាក់ពន្ធនាគារក្នុងម្នាក់ៗ ចំនួន ១៤ ឆ្នាំនេះ គឺជារឿងធ្ងន់ធ្ងរ។ លោកបន្តថា កន្លងមក អង្គការជាតិ អន្តរជាតិ និងសារព័ត៌មានអន្តរជាតិ សម្ដែងការព្រួយបារម្ភអំពីលំហសេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជា ដែលបានធ្លាក់ចុះ បន្ទាប់ពីពួកគាត់មើលឃើញថា តុលាការបានយកក្រមព្រហ្មទណ្ឌទៅចោទប្រកាន់ និងផ្ដន្ទាទោសលើអ្នកសារព័ត៌មាន ដោយមិនយកច្បាប់ស្ដីពីរបបសារព័ត៌មានមកអនុវត្តចំពោះ អ្នកសារព័ត៌មាន ដែលមានកំហុសឆ្គង ទាក់ទងនឹងអាជីពសារព័ត៌មាន និងក្រមសីលធម៌សារព័ត៌មាន។
លោក អំ សំអាត៖ «អ្វីដែលសំខាន់ អ្នកទាំងពីរគឺជាបង្គោលនៃគ្រួសារ ដូច្នេះ នៅពេល ដែលពួកគេជាប់ពន្ធនាគារយូរដូច្នេះវាធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចគ្រួសារ និងការសិក្សារបស់កូនៗគេ។ ម្យ៉ាងទៀត អ្នកទាំងពីរ គឺជាអ្នកសារព័ត៌មាន ដូច្នេះ កំហុសឆ្គងលើអាជីព ឬក៏ក្រមសីលធម៌ជាអ្នកសារព័ត៌មាន គឺត្រូវប្រើច្បាប់ស្ដីពីរបប សារព័ត៌មានមកអនុវត្ត មិនគួរប្រើក្រមព្រហ្មទណ្ឌលើពួកគេដូច្នេះ លើកលែងតែអ្នកសារព័ត៌មានណាទៅប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌក្រៅពីអាជីព ឬក្រមសីលធម៌ ជាអ្នកសារព័ត៌មាន អាហ្នឹងបានអាចប្រើប្រាស់នូវក្រមព្រហ្មទណ្ឌដូចអ្នកដែលបាន ប្រព្រឹត្តបទល្មើសផ្សេងៗ»។
លោក អំ សំអាត បន្ថែមថា ដើម្បីកុំឲ្យមានការរិះគន់ និងធានានូវលំហ សេរីភាព សារព័ត៌មាននោះតុលាការ គួរតែយកច្បាប់ស្ដីពីរបបសារព័ត៌មានទៅអនុវត្តលើអ្នកសារព័ត៌មាន ដែលមានកំហុសឆ្គង ក្នុងអាជីពរបស់ពួកគេ ជាជាងយកក្រម ព្រហ្មទណ្ឌទៅអនុវត្តលើអ្នកសារព័ត៌មាន ដែលអាចធ្វើឲ្យប៉ះពាល់លំហសេរីភាពសារព័ត៌មាន។
អង្គការលីកាដូចេញផ្សាយអត្ថបទខ្លីនៅថ្ងៃទី២៥ខែមិថុនាឲ្យដឹងថា អ្នកសារព័ត៌មាន អនឡាញទាំងពីររូបនេះត្រូវបានឃុំខ្លួននៅពន្ធនាគារ ខេត្តសៀមរាប ចាប់តាំងពីពេលចាប់ខ្លួនមក។ អ្នកសារព័ត៌មាន អនឡាញទាំងពីរ រូប ក៏សិ្ថតក្នុង១១៧ នាក់កំពុងជាប់ឃុំដោយប្រើសិទ្ធិ ។
អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) បានដាក់ចំណាត់ថ្នាក់កម្ពុជាលេខ ១៦១ ក្នុងចំណោម ១៨០ ប្រទេសនៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានឆ្នាំ២០២៥។ ចំណាត់ថ្នាក់នេះ បង្ហាញថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោម ៤២ ផ្សេងទៀតដែលសេរីភាពសារព័ត៌មានកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង៕







