

ក្រុមសហជីព និងអង្គការសង្គមស៊ីវិល ដែលធ្វើការងារលើវិស័យសិទ្ធិការងារ ដើរដាក់ញត្តិតាមស្ថានទូតប្រទេសប្រជាធិបតេយ្យ ដើម្បីស្នើសុំឲ្យជួយអន្តរាគមន៍ទៅ រដ្ឋាភិបាលកម្ពុជា ឲ្យស្តារឡើងវិញ និងកែទម្រង់ ឧបសគ្គនានាដែលរារាំងដល់ការអនុវត្តសេរីភាពរបស់សហជីព ខណៈកន្លងទៅ មានការជ្រៀតជ្រែក រើសអើង ទៅលើសកម្មភាពសហជីព និងគំរាមកំហែងសកម្មភាពការងាររបស់ពួកគេ។ ការដើរដាក់ញត្តិនេះ ធ្វើឡើងក្នុងឱកាសប្រារព្ធទិវាពលកម្មអន្តរជាតិ១ ឧសភា។
នៅថ្ងៃទី០១ ខែឧសភា ក្រុមសហជីព និងអង្គការសង្គមស៊ីវិល ដែលធ្វើការងារលើវិស័យសិទ្ធិការងារជាង៣០ស្ថាប័ន បានប្រារព្ធទិវាពលកម្មអន្តរជាតិឆ្នាំ២០២៦ ក្រោយប្រធានបទ ស្តារឡើងវិញ និងកែទម្រង់ ឧបសគ្គនានាដែលរារាំងដល់ការអនុវត្តសេរីភាពរបស់សហជីព ដែលមានអ្នកចូលរួមជាង៣០០នាក់ ដោយបានប្រមូលផ្តុំគ្នានៅមាត់ទន្លេទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បានដើរដង្ហែក្បួនដាក់ញត្តិ ទៅបណ្ដាស្ថានទូតនានា ដូចជា ស្ថានទូតអង់គ្លេស បារាំង អាមេរិក និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានសំណើចំនួន៨ចំណុច ក្នុងនោះរួមមាន ជំរុញឲ្យរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់ស្តីអំពីសហជីព ដើម្បីធានាការពារសិទ្ធិកម្មករ និយោជិកអោយបានពេញលេញ ស្របតាមច្បាប់ គោលការណ៍សេរីភាពសហជីព និងសិទ្ធិក្នុងការចរចារសញ្ញារួម បង្កើតតុលាការការងារឯករាជ្យ សម្រាប់ដោះស្រាយវិវាទការងារ និងឈប់គំរាមកំហែង ការគាបសង្កត់ ឬរើសអើងណាមួយ ប្រឆាំងនិងអ្នករៀបចំបង្កើត សហជីពឯករាជ្យនៅកម្ពុជាជាដើម។ ក្នុងនោះពួកគាត់ក៏ទាមទារអាជ្ញាធររដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ទម្លាក់ចោលរាល់បទចោទប្រឆាំងមេដឹកនាំសហជីពឯករាជ្យនៅកម្ពុជា ដែលសេសសល់ ដោយអនុលោមទៅតាមអនុសាសន៍របស់អង្គការពលកម្មអន្តរជាតិផ្នែកការងារ គណ:កម្មការអឺរ៉ុប និងសហរដ្ឋអាមេរិក។
ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១ ខែឧសភាថា នេះមិនមែនជាញត្តិលើកទីមួយនោះទេ ដែលក្រុមសហជីព និងអង្គការសង្គមស៊ីវិល បានដាក់ទៅកាន់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជារដ្ឋាភិបាល ដើម្បីឲ្យស្វែងរកដំណោះស្រាយ ដល់សហជីព និងកម្មករ ហើយរដ្ឋាភិបាលមិនដែលបានឆ្លើយតប និងធ្វើតាមការស្នើសុំរបស់សហជីព កម្មករ និងអង្គការសង្គមស៊ីវិលនោះទេ។ អ្នកស្រីថា ការព្រងើយកន្តើយ និងមិនព្រមរកដំណោះស្រាយនូវបញ្ហាទាំងនេះហើយ ដែលធ្វើឲ្យប្រទេសកម្ពុជា រងនូវទណ្ឌកម្មពីបណ្ដាប្រទេសលោកសេរីជាបន្តបន្ទាប់។
អ្នកស្រីអំពាវនាវ ឲ្យរដ្ឋាភិបាលគិតគូរពីការគោរពសិទ្ធិកម្មករ និងសហជីព ដើម្បីឆ្លើយតបទៅតាមការចង់បានរបស់ប្រទេសបញ្ជាទិញ និងការអនុគ្រោះពន្ធនានា ក្នុងគោលបំណងគិតពីផលប្រយោជន៍របស់ពលរដ្ឋ និងប្រទេសជាតិ។
អ្នកស្រី យ៉ាង សុភ័ណ្ឌ៖ «ស្នើសុំហើយនៅក្នុងញត្តិពួកយើងបានចង្អុលបង្ហាញពីសំណើរបស់ពួកយើងជាក់លាក់មែនទែន អញ្ចឹងស្នើសុំឲ្យគាត់ជួយដោះស្រាយឲ្យពួកយើងដើម្បីឆ្លើយតបទៅនឹងកម្ពុជាទទួលបានការអនុគ្រោះពន្ធនៅពេលខាងមុខ ពាក់ព័ន្ធជាមួយសហគមន៍អ៊ឺរ៉ុប អ៊ីចឹងខ្ញុំគិតថា លក្ខខណ្ឌដែលគេដាក់មក គឺដូចដែលចំណុចដែលពួកយើងបានលើកឡើង អញ្ចឹងលក្ខខណ្ឌគឺមាននៅក្នុងញត្តិទាំងអស់ បើសិនជាគាត់គោរពចំណុច និងលក្ខខណ្ឌដែលខ្ញុំបានលើកឡើង គឺយើងទទួលបានលក្ខខណ្ឌទាំងGSP និងកិច្ចព្រមព្រៀងជាមួយប្រទេសកាណាដា និងអង់គ្លេស»។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេនៅថ្ងៃទី១ ខែឧសភា។
នៅក្នុងញត្តិរបស់ ក្រុមអង្គការ និងសហជីព ដែលបានដាក់ទៅកាន់ បណ្ដាស្ថានទូតនានា និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា វិស័យការងារ ដូចជា កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ នៅតែជាវិស័យចម្បងបំផុតមួយរបស់ប្រទេសកម្ពុជា ដែលមានកម្លាំងពលកម្មជាង១.១១លាននាក់ ដែលចូលរួមយ៉ាងសំខាន់ ក្នុងការកំណើនសេដ្ឋកិច្ចជាតិ ប៉ុន្តែកម្មករ និយោជិកភាគច្រើនជាស្ត្រី ជាង៧០ភាគរយ ក្នុងវិស័យនេះ កំពុងប្រឈមនឹងជីវភាពរស់នៅយ៉ាងលំបាក ដោយប្រាក់ឈ្នួលដែលពួកគាត់ទទួលបាន មិនគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការ និងជំរុញឲ្យពួកគាត់ធ្លាក់ខ្លួនក្នុងអន្ទាក់បំណុលមិនអាចដោះខ្លួនរួច៕









