

អ្នកឃ្លាំមើលសង្គមកម្ពុជា ទទូចឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវផ្ដន្ទាទោសជនល្មើសដែលបានប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងប្រទេសកម្ពុជាជាមុនសិន មុននឹងធ្វើបត្យាប័នពួកគេពីប្រទេសកម្ពុជាទៅប្រទេសកំណើតរបស់ខ្លួនវិញ ខណៈក្រសួងមហាផ្ទៃកម្ពុជាបានធ្វើបត្យាប័ន លោក លី សុង (Li Xiong) ដែលជាប្រធានក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group) ទៅប្រទេសចិនវិញ ដើម្បីបន្តនីតិវិធីតាមច្បាប់។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីលោក សឹង សែនករុណា អំពាវទៅដល់អាជ្ញាធរកម្ពុជា ត្រូវធ្វើការផ្តន្ទាទោសជនល្មើសដែលបានប្រព្រឹត្តបទល្មើសនៅក្នុងប្រទេសកម្ពុជាជាមុនសិន មុនបញ្ជូនពួកគេទៅប្រទេសកំណើតរបស់ពួកគេវិញ បើមិនធ្វើដូច្នេះទេ នោះវានឹងបង្កើតនូវការសង្ស័យថា អាជ្ញាធរកម្ពុជា និងអាជ្ញាធរចិនគប់គិតគ្នាការពារជនល្មើស។
លោក សឹង សែនករុណា បន្ថែមថា បើក្រឡេកមើលទៅលើការអនុវត្តច្បាប់កន្លងមកដូចជាករណីលោក Chen Zhi ជាដើម គឺតុលាការពុំទាន់បានអនុវត្តនីតិវិធីច្បាប់ផ្ដន្ទាទោស នឹងស្វែងរកអ្នកពាក់ព័ន្ធផ្សេងៗទៀតផង ប៉ុន្តែបែរជាអាជ្ញាធរកម្ពុជា បញ្ជូនជនស្មើសត្រឡប់ទៅប្រទេសកំណើតរបស់គេវិញ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើនីតិវិធីច្បាប់នៅក្នុងប្រទេសកម្ពុជា និងធ្វើឲ្យសហគមន៍អន្តរជាតិចោទប្រកាន់ថា ចិននិងកម្ពុជាគប់គិតគ្នាការពារជនល្មើស។
លោក សឹង សែនករុណា៖ «យើងចង់ឲ្យសមត្ថកិច្ចកម្ពុជា ជាពិសេសតុលាការត្រូវអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ទៅលើជនបរទេសទាំងឡាយណាដែលមកប្រព្រឹត្តបទល្មើសនៅក្នុងប្រទេសកម្ពុជាយើងហ្នឹង ធ្វើម៉េចឲ្យជននោះត្រូវទទួលទោសទណ្ឌនិងផ្ដន្ទាទោសតាមផ្លូវច្បាប់ដែលមានចែងជាធរមានជាមុនទើបចាំយើងបញ្ជូនដោយមានបត្យាប័នទៅតាមផ្លូវច្បាប់ច្បាស់លាស់ត្រឹមត្រូវ ប៉ុន្តែករណីទាំងអស់នេះខ្ញុំឃើញថាហាក់ដូចជាការគប់គិតគ្នារវាងប្រទេសចិនហើយនិងកម្ពុជាដែលជារូបភាពមួយដែលយើងមិនអាចជឿជាក់បាន»។
កាអះអាងរបស់ប្រធានអង្គការប្រជាធិបតេយ្យខ្មែររូបនេះ បន្ទាប់ពីក្រសួងមហាផ្ទៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីការចាប់ខ្លួនពលរដ្ឋចិនឈ្មោះ លី សុង (LI XIONG) កាលពីថ្ងៃទី៣១ ខែមីនា ដែលទើបផ្សព្វផ្សាយ នៅថ្ងៃនេះថា ប្រធានក្រុមហ៊ុន Huione Group ឈ្មោះ លី សុង (LI XIONG) ត្រូវបានចាប់បញ្ជូនទៅកាន់ប្រទេសចិន ដើម្បីបន្តនីតិវិធីតាមច្បាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។
យោងតាមក្រសួងមហាផ្ទៃកម្ពុជា ប្រតិបត្តិការនេះ បានធ្វើឡើងដោយផ្អែកតាមកិច្ចសហប្រតិបត្តិការស៊ើបអង្កេតរួមគ្នា រវាងសមត្ថកិច្ចកម្ពុជា និងចិន អស់រយៈពេលជាច្រើនខែកន្លងមកហើយ ប្រតិបត្តិការនេះ គឺធ្វើឡើងក្រោយពី លោក លី សុង (LI XIONG) ត្រូវបានដកសញ្ជាតិខ្មែរ តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៦។
លោក លី សុង ត្រូវបានគេស្គាល់ថា ជាសមាជិកស្នូលនៃក្រុមឧក្រិដ្ឋជនរបស់លោក Chen Zhi។ លោកជាប្រធានក្រុមហ៊ុន Huione Group ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Prince Group ហើយត្រូវបានសង្ស័យថា ជាប់ពាក់ព័ន្ធជាមួយបទឧក្រិដ្ឋជាច្រើនដូចជា បើកកាស៊ីណូអនឡាញ ការក្លែងបន្លំឆបោកអនឡាញ ជាច្រើន។ លោក លី សុង ក៏ត្រូវបានក្រសួងសេដ្ឋកិច្ចអាមេរិកចោទប្រកាន់ពីបទលាងលុយកខ្វក់យ៉ាងតិច ៤ពាន់លានដុល្លារចន្លោះពីខែសីហា ឆ្នាំ២០២១ ដល់ខែមករា ឆ្នាំ២០២៥។
ក្នុងចំណោមប្រាក់ដែលលាងទាំងនោះ មានប្រមាណ ៣៧លានដុល្លារត្រូវបានក្រុមហ៊ុន Huione Group លាងជាទម្រង់រូបិយប័ណ្ណសិប្បនិម្មិតដែលមានប្រភពចេញពីក្រុមចោរលួចតាមប្រព័ន្ធបច្ចេកវិទ្យារបស់កូរ៉េខាងជើង។ ក្រៅពីនោះ ៣៦លានដុល្លារបានមកពីការឆបោកតាមរយៈការវិនិយោគរូបិយប័ណ្ណសិប្បនិម្មិត និង៣០០ លានដុល្លារផ្សេងទៀតបានមកពីការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។
ទាក់ទងទៅនឹងបញ្ហានេះ អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថា ការដែលរដ្ឋាភិបាលបញ្ជូនខ្លួន និងដកសញ្ជាតិភ្លាមនេះគឺជាយុទ្ធសាស្ត្រការពារកុំឲ្យរាលដាលទៅដល់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជាដែលធ្លាប់មានទំនាក់ទំនងជាមួយបុគ្គលទាំងនោះពីមុនមក។
លោក សេង វណ្ណលី៖ «ខ្ញុំមើលឃើញថា ការបញ្ជូនខ្លួនលោក លី សុង ទៅកាន់ស្រុកចិននេះគឺជាសញ្ញាមួយច្បាស់ណាស់បង្ហាញថា រដ្ឋាភិបាលភ្នំពេញកំពុងស្ថិតក្នុងស្ថានភាពទាល់ច្រក និងត្រូវបង្ខំចិត្តបោះបង់កូនជញ្ជក់ឈាមធំៗចោលដើម្បីរស់ខ្លួនឯង។ ខ្ញុំយល់ថា មិនមែនជារឿងចៃដន្យទេ មនុស្សកម្រិតប្រធានក្រុមហ៊ុនយក្សនិងមានខ្សែរយៈធំៗក្នុងស្រុកដែលជាត្រូវអស់លក្ខនៅពេលនេះព្រោះរងសម្ពាធអន្តរជាតិ ជាពិសេសពីអាមេរិកនិងចិនដែលរបស់ភ្នំពេញមិនអាចឆកល្វែងមិនដឹងមិនលឺទៀតបាន»។
ជុំវិញករណី Online Scam នេះដែរ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានឆ្នាំ២០២៦ កន្លងមកថា រាជរដ្ឋាភិបាលបានសម្រេចផ្លាស់ប្ដូរយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយជាតិពីការទប់ស្កាត់ឱ្យទៅជាការលុបបំបាត់ទាំងស្រុងនូវមជ្ឈមណ្ឌលឆបោកតាមអនឡាញឱ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦។ លោកទទួលស្គាល់ថា ឧក្រិដ្ឋកម្មនេះ មិនត្រឹមតែបានសម្អុយឈ្មោះកម្ពុជានៅក្នុងឆាកអន្តរជាតិទេ ប៉ុន្តែក៏កំពុងបំផ្លាញសេដ្ឋកិច្ចស្មោះត្រង់ប្រទេសដ៏តូចមួយក្នុងសហគមន៍អាស៊ានដែរ។
យ៉ាងណាក្តី រហូតមកដល់ពេលនេះ គេមិនទាន់ឃើញរដ្ឋាភិបាលកម្ពុជាចាប់ខ្លួនឧកញ៉ា ហ៊ុន តូ ត្រូវជាបងជីដូនមួយ លោក ហ៊ុន ម៉ាណែត ឧកញ៉ាទ្រី ភាព ឧកញ៉ា លី យ៉ុងផាត់ និងឧកញ៉ាកុក អាន ព្រមទាំងមន្ត្រីជាន់ខ្ពស់ និងឧកញ៉ាគ្រាក់ៗជិត៣០នាក់ផ្សេងទៀត ដែលសិ្នទ្ធនឹង លោក ហ៊ុន សែន ហើយមានឈ្មោះនៅក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក ដែលត្រូវបានរកឃើញថា បានគប់គិតគ្នារកស៊ីឬធ្វើជាខ្នងបង្អែកឱ្យឧក្រិដ្ឋជនអនឡាញអន្តរជាតិ ដើម្បីរកប្រាក់ចំណូលឱ្យគ្រួសារហ៊ុន និងគណបក្សប្រជាជនកម្ពុជាណាម្នាក់នៅឡើយទេ។
បើតាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ចេញកាលពីពេលថ្មីៗនេះ ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ ដើម្បីផ្ដន្ទាទោសមេក្លោងនិងបក្ខពួកចំនួន៦៩៧នាក់។ ក្នុងចំណោមនោះ មានជនជាតិចិនច្រើនជាងគេ បន្ទាប់មកមានជនជាតិវៀតណាម ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង និងថៃជាដើម រួមទាំងមេក្លោងជនជាតិចិនកាន់សញ្ជាតិខ្មែរ លោក ចេន ហ្ស៊ី ដែលជាអតីតទីប្រឹក្សា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដែលត្រូវបានចាប់បញ្ជូនទៅប្រទេសចិនផងដែរ៕









