

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់២កន្លែងផ្សេងគ្នា បានសម្លាប់កម្មកររោងចក្រចំនួន ១៤នាក់ គិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី២៣ ឧសភា។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យដឹងថាកម្មករស្លាប់ ១៤នាក់នោះ មានស្ត្រី ១០នាក់។ ក្រៅពីនោះក៏មានកម្មកររងរបួសធ្ងន់ចំនួន ១៥នាក់ (ស្រី ១២នាក់) និងរបួសស្រាលចំនួន ៦៤នាក់ (ស្រី ៥២នាក់។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយសាររថយន្តដឹកទំនិញបុកជាមួយរថយន្តដឹកកម្មករ បណ្ដាលឱ្យមនុស្សស្លាប់ចំនួន ៩នាក់ (ស្រី ៨នាក់) របួសធ្ងន់ចំនួន ៩នាក់ (ស្រី ៨នាក់) និងរបួសស្រាលចំនួន ៣៥នាក់ (ស្រី ២៤នាក់។ ចំណែកមួយករណីទៀតបានកើតឡើងនៅភូមិថ្មី សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង រវាងរថយន្តដឹកកម្មករដួចគ្នា បណ្តាលឱ្យកម្មករស្លាប់ចំនួន ៥នាក់ (ស្រី ២នាក់) របួសធ្ងន់ចំនួន ៦នាក់ (ស្រី ៤នាក់) និងរបួសស្រាលចំនួន ២៩នាក់ (ស្រី ២៨នាក់)។
ក្រសួងការងារអះអាងថា ក្រោយកើតហេតុ អាជ្ញាធរមូលដ្ឋានបានចុះជួយសង្គ្រោះ និងបញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យនៅជិតកន្លែងកើតហេតុ និងខ្លះទៀតត្រូវបញ្ជូនបន្តទៅមន្ទីរពេទ្យ នៅរាជធានីភ្នំពេញ។
ចំពោះពិធីបុណ្យសព ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអះអាងថា នឹងចាត់ចែងរាល់ការចំណាយ និងផ្ដល់នូវអត្ថប្រយោជន៍ស្របតាមច្បាប់ស្ដីពីការងារ និងគោលការណ៍នៃរបបសន្តិសុខសង្គម។
ពលរដ្ឋទូទៅសំដែងនូវការសោកស្ដាយចំពោះហេតុការណ៍នេះ។ ចំណែកសង្គមស៊ីវិលធ្វើការផ្នែកសុវត្ថិភាពចរាចរណ៍អះអាងថា គ្រោះថ្នាក់ចរាចរណ៍បានក្លាយជាបន្ទុកហិរញ្ញវត្ថុគ្រួសារដ៏ធំ តាមរយៈការបាត់បង់បង្គោលសេដ្ឋកិច្ច ខណៈរដ្ឋត្រូវចំណាយថវិកាច្រើនលើការព្យាបាល និងស្ដារនីតិសម្បទា ព្រមទាំងត្រូវបាត់បង់កម្លាំងពលកម្មដែលជាធនធានមនុស្សសម្រាប់អភិវឌ្ឍប្រទេស។ លើសពីនេះវាបានបង្កនូវវិបត្តិផ្លូវចិត្តរ៉ាំរ៉ៃថែមទៀតផង៕









