ប្រតិភូ​កីឡា​កម្ពុជា​ចូលរួម​ស៊ី​ហ្គេម​នៅ​ប្រទេស​ថៃ​បាន​វិល​មកដល់​កម្ពុជា​ដោយ​សុវត្ថិភាព

0
88
ក្រុម​អត្តពលិក​កម្ពុជា​​ចូលរួម​កីឡា​ស៊ីហ្គេម​ដែល​ប្រទេស​ថៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ រូប៖ ហ្វេសប៊ុក​Olympic Cambodia
ក្រុម​អត្តពលិក​កម្ពុជា​​ចូលរួម​កីឡា​ស៊ីហ្គេម​ដែល​ប្រទេស​ថៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ រូប៖ ហ្វេសប៊ុក​Olympic Cambodia


ប្រតិភូ​កីឡា​កម្ពុជា​ទាំងអស់​ដែល​ចូលរួម​ប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣៣ នៅ​ប្រទេស​ថៃ បាន​វិលត្រឡប់​មកដល់​ទឹកដី​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព​ហើយ​នៅ​យប់​ថ្ងៃទី​១០ ធ្នូ​។​

​សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ហ្វ្រេសញូ​វ (Freshnews) បាន​ស្រង់​សម្ដី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា និង​ជា​អនុប្រធាន​ប្រតិភូ​កម្ពុជា លោក ប៉ុន សុខ ថា កម្ពុជា​បាន​ដឹកនាំ ប្រតិភូ គ្រូបង្វឹក កីឡាករ និង​កីឡាការិនី ក្រុម​ជម្រើសជាតិ​កម្ពុជា​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ដោយ​សុខ​សុវត្ថិភាព​ហើយ នៅ​ម៉ោង​ជិត ១០ យប់​ថ្ងៃទី​១០ ខែធ្នូ​។​

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១០ ធ្នូ សម្រេច​ប្រកាស​ដកខ្លួន​ចេញពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣៣ ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ ដោយ​បារម្ភ​ពី​សុវត្ថិភាព​អត្តពលិក បន្ទាប់ពី​អាជ្ញាធរ​កីឡា​របស់​ថៃ​ចោទ​ប្រកាន់​ថា កម្ពុជា​បំពាន​ច្បាប់​ថៃ ករណី​ពាក់អាវ​មាន​ឡូ​ហ្គូ​ក្រុមហ៊ុន​ល្បែង​ណាហ្គា​វើ​លដ៍ (Nagaworld)។

ទោះជា​យ៉ាងណា កម្ពុជា​អះអាង​ពី​ក្ដី​បារម្ភ​ចំពោះ​សុវត្ថិភាព​អត្តពលិក និង​ការ​ស្នើសុំ​ពី​ក្រុម​គ្រួសារ​របស់​អត្តពលិក ទើបត្រូវ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។

កាលពី​ថ្ងៃទី​៩ ធ្នូ ប្រធាន​អាជ្ញាធរ​កីឡា​របស់​ថៃ​លោក គង់​សាក់ យ៉តម៉ានី (Kongsak Yodmanee) បាន​លើកឡើង​ថា អាជ្ញាធរ​កីឡា និង​ក្រសួងមហាផ្ទៃ​ថៃ នឹង​បើក​ការស៊ើបអង្កេត​បន្ទាន់ លើ​ក្រុម​អត្តពលិក​កម្ពុជា ពី​បទ​បំពាន​ច្បាប់​របស់​ប្រទេស​ថៃ ដោយសារ​ពួកគេ​បាន​ពាក់អាវ​មាន​ជាប់​ឡូហ្គូ ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ក្រុមហ៊ុន​បន​ល្បែង ណាហ្គា​វើលដ៍។

មន្ត្រី​ថៃ​រូប​នេះ​បញ្ជាក់​ថា ថៃ​នឹង​ត្រួត​ពិនិត្យ​ថា តើ​ការ​ភ្ជាប់​ឡូ​ហ្គូ​ក្រុមហ៊ុន ណាហ្គាវើលដ៍ លើ​អាវ​នោះ ជា​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ឬ​យ៉ាងណា ដើម្បី​ចាត់វិធានការ​តាមច្បាប់ ខណៈ​ច្បាប់​នៅក្នុង​ប្រទេស​ថៃ​ហាមឃាត់​ដាច់ខាត នូវ​បន​ល្បែង​កាស៊ីណូ។

គណៈប្រតិភូ​កីឡា​កម្ពុជា​បាន​ដឹកនាំ​អត្តពលិក​ប្រភេទ​កីឡា​ចំនួន​៣ ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣៣​។ សមាជិក​ប្រតិភូ​កីឡា​កម្ពុជា ដែល​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ​កាលពី​ថ្ងៃទី​៨ ធ្នូ មាន​ចំនួន​សរុប ១៣៧​នាក់ ក្នុង​នោះ​អត្តពលិក ដែល​ត្រៀម​ចូលរួម​ប្រកួត​មាន ៧២​នាក់​។ មុន​សម្រេចចិត្ត​ចូលរួម​កីឡា​ស៊ី​ហ្គេម​នៅ​ពេល​នេះ កម្ពុជា​បាន​ស្នើ​សុំ​កាត់បន្ថយ​ប្រភេទ​កីឡា និង​ចំនួន​ប្រតិភូ​មួយចំនួន ដោយសារ​បារម្ភ​ពី​សុវត្ថិភាព៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ