អង្គការ​សង្គម​ស៊ីវិល​និង​ពលរដ្ឋ​រស់នៅ​ក្រៅប្រទេស​បន្ត​ទាមទារ​រក​យុត្តិធម៌​ជូន​គ្រួសារ​លោក លិម គិមយ៉ា

0
99
លោក លិម គិមយ៉ា អតីត​តំណាង​រាស្ត្រ​សង្គ្រោះ​ជាតិ (រូប៖ ហ្វេសប៊ុក Kim-Ya Lim)
លោក លិម គិមយ៉ា អតីត​តំណាង​រាស្ត្រ​សង្គ្រោះ​ជាតិ (រូប៖ ហ្វេសប៊ុក Kim-Ya Lim)

នៅ​ថ្ងៃ​គម្រប់​ខួប​មួយឆ្នាំ​នៃ​អំពើ​ឃាតកម្ម​លើ​តំណាងរាស្ត្រ​បក្សប្រឆាំង លោក លិម គិមយ៉ា អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ (KDO) ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី និង​ពលរដ្ឋ​រស់នៅ​ក្រៅប្រទេស​បន្ត​ទាមទារ​រក​យុត្តិធម៌​សម្រាប់​លោក លិម គិមយ៉ា ដោយ​ថ្កោលទោស​មេខ្លោង​នៅ​ពីក្រោយ​ឃាតករ។ ចំណែក​ក្រុម​គ្រួសារ​នឹង​ធ្វើ​បុណ្យ​​ទក្ខិណានុប្បទាន ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​លោក លិម គិមយ៉ា ដែល​បាន​តស៊ូ​ដើម្បី​សិទ្ធិ​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅ​ថ្ងៃទី​១១ ខែ​មករា នៅ​វត្ត​ពោធិវង្ស ប្រទេស​បារាំង។

គិត​មកដល់​ថ្ងៃទី​៧ មករា ឆ្នាំ​២០២៦ នេះ គឺ​មាន​រយៈពេល​១​ឆ្នាំ​គត់ ដែល​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក លិម គិមយ៉ា ត្រូវ​បាន​ឃាតករ​ជនជាតិ​ថៃ​បាញ់សម្លាប់​យ៉ាង​ឃោរឃៅ​នៅ​កណ្តាល​ទីក្រុង​បាងកក ប្រទេស​ថៃ ហើយ​ដែល​ឃាតកម្ម​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា អ្នកកាន់អំណាច​នៅ​កម្ពុជា​ជា​អ្នក​បញ្ជា​ពីក្រោយ។

ស្របពេល​ខួប​១​ឆ្នាំនេះ អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី បាន​សរសេរ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ដោយ​រម្លឹក​ឡើងវិញ​នូវ​ហេតុការណ៍​បាញ់ប្រហារ​ថា កាល​ពី​មួយ​ឆ្នាំមុន លោក លិម គិមយ៉ា ត្រូវ​បាន​គេ​ធ្វើឃាត​នៅ​ទីក្រុង​បាងកក។ ពួកគេ​ថា​មរណភាព​របស់​លោក ត្រូវ​បាន​សាធារណមតិ​ជាតិ អន្តរជាតិ មើលឃើញ​ពី​ទង្វើ​របស់​ឃាតករ ដែល​រៀបចំឡើង​ពី​ក្រុម​ជន​ពាក់ព័ន្ធ​មួយចំនួន​នៅ​ប្រទេស​កម្ពុជា ក្នុង​បំណង​ដើម្បី​បំបិទមាត់​អ្នក​រិះគន់។ ប៉ុន្តែ​ផ្ទុយទៅវិញ ពួកគេ​ថា​ក្រោយ​បាញ់សម្លាប់​លោក លិម គិមយ៉ា វា​បាន​ធ្វើ​ឱ្យ​សំឡេង​នៃ​ការ​តស៊ូ​មតិ កាន់តែ​លាន់ឮ​ខ្លាំង​ឡើង​ពី​សំណាក់​សកម្មជន​សង្គម និង​អ្នក​នយោបាយ​គ្រប់រូប។

អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​បាន​សរសេរ​បន្ត​ថា លោក លិម គិមយ៉ា គឺជា​សកម្មជន​នយោបាយ​មួយ​រូប ដែល​ជឿជាក់​ថា អំណាច​នៃ​សន្លឹកឆ្នោត ត្រូវតែ​មានតម្លៃ​ជាង​អំណាច​គ្រាប់កាំភ្លើង​ជានិច្ច។ ទោះ​នៅក្នុង​សភា ឬ​ក្នុង​ពេល​កំពុង​និរទេស​ខ្លួន លោក​មិនដែល​រួញរា​ចំពោះ​ជំនឿ​ចិត្ត​របស់​លោក​ឡើយ។

អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​បាន​សរសេរ​ថា​៖ «សូម​ឱ្យ​ថ្ងៃនេះ មិនមែន​គ្រាន់តែ​ជា​ថ្ងៃ​កាន់ទុក្ខ​នោះ​ទេ ប៉ុន្តែ​សូម​ឱ្យ​ក្លាយជា​ថ្ងៃ​នៃ​ការ​ប្ដេជ្ញា​ចិត្ត​ជាថ្មី​។ ទោះបីជា​រាងកាយ​របស់​លោក​មិន​ស្ថិតនៅ​ជាមួយ​យើង ប៉ុន្តែ​មនសិការ និង​ស្មារតី​របស់​លោក នៅតែ​ពញ្ញាក់​សកម្មជន​ទាំងឡាយ ឲ្យ​បន្តដំណើរ​ឆ្ពោះ​ទៅ​មុខ​ជានិច្ច»។

ចំណែកឯ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក សម រង្ស៊ី សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​នេះ​ថា ពលរដ្ឋ​ត្រូវការ​យុត្តិធម៌​សម្រាប់​លោក លិម គិមយ៉ា។ អម​ជាមួយ​សំណេរ​ខ្លី​នេះ លោក សម រង្ស៊ី ក៏បាន​បង្ហោះ​វីដេអូ​មួយ​ដែល​មាន ពលរដ្ឋ​មួយ​ក្រុម​ឈរ​កាន់​រូបលោក លិម គិមយ៉ា ដោយ​និយាយ និង​ស្រែក​ទាមទារ​រក​យុត្តិធម៌​ដល់​លោក លិម គិមយ៉ា ពីព្រោះ​ពួកគេ​ថា រយៈពេល​១​ឆ្នាំ​កន្លង​មក​ហើយ​គ្រួសារ​របស់​លោក លិម គិមយ៉ា នៅតែ​មិនទាន់​ទទួល​បាន​យុត្តិធម៌​នៅឡើយ។

សំណេរ៖ «តើ​យុត្តិធម៌​សម្រាប់​លោក​ លិម គិមយ៉ា នៅឯណា​រយៈពេល​១​ឆ្នាំ​ហើយ​ដែល​លោក​បាន​ស្លាប់​យ៉ាង​អយុត្តិធម៌ ហើយ​ប៉ូលិស​មិន​ទាន់​បាន​ចាប់​ឃាតករ​ពិតប្រាកដ​ដែល​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​បាញ់​សម្លាប់​នេះ​ឡើយ យើង​ត្រូវការ​យុត្តិធម៌​សម្រាប់​លោក​ លិម គិមយ៉ា»។

លោក លិម គិមយ៉ា ត្រូវ​បាន​ឃាតករ​ជនជាតិ​ថៃ​ឈ្មោះ អេកាឡាក់ ផែណយ (Ekkalak Phaenoi) បាញ់សម្លាប់​នៅ​តំបន់​មាន​មនុស្ស​កកកុញ​កណ្តាល​ទីក្រុង​បាងកក​ភ្លាមៗ​ក្រោយ​លោក​ដើរ​ចុះ​ពីលើ​រថយន្តក្រុង​ក្នុង​ដំណើរ​ត្រឡប់​ពី​ខេត្តសៀមរាប​ប្រទេស​កម្ពុជា ទៅកាន់​ទីក្រុង​បាងកង​វិញ​។ ក្នុង​ពេល​ឃាតករ​បាញ់​សម្លាប់​នោះ ភរិយា និង​សាច់ញាតិ​របស់​លោក​ម្នាក់​ទៀត​ក៏​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​ផ្ទាល់​នោះ​ដែរ។ បើ​តាម​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​នៅ​លើ​រថយន្ត​ក្រុង និង​តាម​ដងផ្លូវ និង​កា​រសើប​អង្កេត​របស់​សមត្ថកិច្ច​ថៃ មុន​ពេល​បាញ់សម្លាប់ ឃាតករ​អេកាឡាក់ ផែណយ បាន​ទទួល​តម្រុយ​ពី​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ឈ្មោះ ពេជ្រ គឹមស្រ៊ិន ដែល​បាន​ជិះ​រថយន្ត​ជាមួយ​លោក លិម គិមយ៉ា ហើយ​ភ្លាមៗ​ក្រោយពី​លោក លិម គិមយ៉ា ត្រូវ​បាន​បាញ់សម្លាប់ បុរស​ឈ្មោះ ពេជ្រ គឹមស្រ៊ិន នេះ​បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ។

កូនប្រុស លោក លិម គិមយ៉ា គឺ​លោក លិម ថូម៉ាស់ (Lim Thomas) បាន​បង្ហោះ​សារ​តាម​ហ្វេសប៊ុក​នៅ​ថ្ងៃនេះ​ថា ១​ឆ្នាំ​បាន​កន្លង​មក​ហើយ ការ​រក​យុត្តិធម៌​ឲ្យ​លោក​ លិម គិមយ៉ា ដែល​ជា​សកម្មជន​នយោបាយ​ស្មោះត្រង់ ស្រលាញ់​យុត្តិធម៌​សង្គម​ដែល​គេ​ធ្វើឃាត​នៅ​ទីក្រុង​បាងកក​នៅ​ព្យួរ​ទុក​ដដែល ទោះបី​តុលាការ​នៅ​ទីក្រុង​បាងកក​បាន​កាត់ទោស​អ្នក​បាញ់​សម្លាប់​ឈ្មោះ អេកាឡាក់ ផែណយ ដែល​បាន​សារភាព​ពី​បទ​ឃាតកម្ម​កាលពី​ខែ​កញ្ញា ឆ្នាំ​២០២៥ ក៏ដោយ។

បន្ទាប់ពី​បាញ់សម្លាប់​លោក លិម គិមយ៉ា ឃាតករ អេកាឡាក់ ផែណយ បាន​ស្រូត​ធ្វើដំណើរ​ឆ្លងដែន​ចូល​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ដដែល​នោះ។ ក្រោយ​ត្រូវ​បាន​ចាប់ខ្លួន និង​បញ្ជូន​ត្រឡប់​ទៅកាន់​ប្រទេស​ថៃ​វិញ អេកាឡាក់ ផែណយ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថៃ​ថា រូបគេ​ត្រូវ​បាន​បុគ្គល​ជនជាតិ​ខ្មែរ​ឈ្មោះ លី រតនរស្មី ជា​អ្នកបញ្ជា​ឱ្យ​បាញ់សម្លាប់​លោក លិម គិមយ៉ា ដោយ​ធានា​ថា រូបគេ​នឹង​មាន​សុវត្ថិភាព​ក្រោយ​ពី​ចូល​ដល់​ប្រទេស​កម្ពុជា​។ លោក លី រតនរស្មី គឺជា​អតីត​អ្នកគាំទ្រ​បក្ស​ប្រឆាំង ក្រោយ​មក​បាន​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច និង​ត្រូវ​បាន​លោក ហ៊ុន សែន តែងតាំង​ឱ្យ​ធ្វើ​ជា​ទីប្រឹក្សា។

កូនប្រុស​លោក លិម គិមយ៉ា គឺ​លោក លិម ថូម៉ាស់ បាន​ទទូច​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចាប់ខ្លួន​លោក ពេជ្រ គឹមស្រ៊ិ​ន និង លោក លី រតន​រស្មី បញ្ជូន​ឱ្យ​អាជ្ញាធរ​ថៃ ដើម្បី​ដំណើរការ​ក្ដីក្ដាំ​ស្វែងរក​យុត្តិធម៌​ជូន​ឪពុក​លោក​។ លោក ពេជ្រ គឹមស្រ៊ិន ត្រូវ​បាន​គេ​លាតត្រដាង​ថា ជា​អនុប្រធាន​គណៈកម្មការ​ផ្សារកណ្តាល និង​ជា​កូនចៅ​របស់​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង។ រយៈពេល​ពេញ​១​ឆ្នាំ​មក​នេះ រដ្ឋាភិបាល​កម្ពុជា​មិនបាន​ចាប់ខ្លួន​លោក ពេជ្រ គឹមស្រ៊ិន និង​លោក លី រតនរស្មី បញ្ជុន​ទៅ​ឱ្យ​សមត្ថកិច្ច​ថៃ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​នោះ​ទេ បើ​ទោះ​ជា​បុគ្គល​ទាំងពីរ​នេះ ត្រូវ​បាន​ប៉ូលិស​អន្តរជាតិ (Interpol) ចេញ​និវេទក្រហម​ចាប់ខ្លួន​ក៏ដោយ ដែល​រឹត​តែ​ធ្វើ​ឱ្យ​មហាជន​សង្ស័យ និង​ចោទ​ប្រកាន់​ថា​អ្នក​មាន​អំណាច​នៅ​កម្ពុជា​អាច​នៅ​ពីក្រោយ​ឃាតកម្ម​លើ​លោក លិម គិមយ៉ា ទើប​មិន​ព្រម​ចាប់ខ្លួន​បុគ្គល​ទាំងពីរ​នាក់​នេះ​បញ្ជូន​ទៅ​ឱ្យ​សមត្ថកិច្ច​ថៃ។

ទោះជា​យ៉ាងណា នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៥ បាន​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា និង​លោក ហ៊ុន សែន មិន​ជាប់​ពាក់ព័ន្ធ និង​មិន​នៅ​ពីក្រោយ​ឃាតកម្ម​បាញ់សម្លាប់​លោក លិម គិមយ៉ា ដូច​ការ​ចោទ ប្រកាន់​ឡើយ​។ លោក ចោទ​សួរ​ថា តើ​រាជរដ្ឋាភិបាល​ល្ងង់​ណាស់​ឬ បើសិន​រាជរដ្ឋាភិបាល នៅ​ពីក្រោយ​រឿង​នេះ តើ​ចាំបាច់​ចាប់​បញ្ជូន​ជនសង្ស័យ​ជា​ឃាតករ ទៅ​ឱ្យ​អាជ្ញាធរ​ថៃ​ស៊ើបអង្កេត​ធ្វើ​អី​? ប៉ុន្តែ​អ្នកនយោបាយ​ប្រឆាំង និង​អ្នកការពារ​សិទ្ធិមនុស្ស យល់​ថា ការ​អះអាង​របស់​លោក ហ៊ុន ម៉ាណែត នេះ​មិន​គ្រប់គ្រាន់​ទេ។ ពួកគេ​ចង់ឱ្យ​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ចាប់​បញ្ជូន​ខ្លួន​បុគ្គល​ឈ្មោះ លី រតនៈរស្មី និង ពេជ្រ គឹមស្រ៊ិន ទៅ​ឱ្យ​សមត្ថកិច្ច​ថៃ​ចាត់ការ​តាមផ្លូវ​ច្បាប់​ទើប​ធ្វើ​ឱ្យ​មហាជន​អស់​មន្ទិល។

ទាក់ទង​ករណី​ឃាតកម្ម​នេះ​ដែរ សារព័ត៌មាន​ថៃ The Nation កាលពី​១​ឆ្នាំមុន​បាន​ចុះផ្សាយ ថា លោក លី រតនៈរស្មី ឬ​ឈ្មោះ​ថៃ​ហៅ ស៊ុមវ៉ាំង បាំរុងគីត (Sumvang Bamrongkit) ត្រូវ​តុលាការ​ថៃ ចាត់ទុកជា​មេខ្លោង​ក្នុង​អំពើ​ឃាតកម្ម​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក លិម គិមយ៉ា តាមរយៈ​ការ​សារភាព​របស់​ឃាតករ។

ក្រោយ​ឃាតកម្ម​លើ​លោក លិម គិមយ៉ា នេះ សមត្ថកិច្ច​ថៃ បាន​ចាប់​ឃុំខ្លួន​មនុស្ស ចំនួន​២​នាក់ គឺ​ឃាតករ​ឈ្មោះ អេកាឡាក់ ផែណយ និង​អ្នក​បើករថយន្ត​ដឹក​ឃាតករ​ក្នុង​ពេល​គេចខ្លួន​ទៅ​ប្រទេស​កម្ពុជា ឈ្មោះ ឆាគិត ប៊ួប្លី (Chakit Buaplee) ។ កាលពីដើម​ខែតុលា ឆ្នាំ​២០២៥ តុលាការ​ថៃ​បាន​កាត់ទោស អេកាឡាក់ ផែណយ ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ខណៈ​អ្នក​បើករថយន្ត​ដឹក​ឃាតករ​ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ ដោយ​សំអាង​ថា បុគ្គល​រូប​នេះ​គ្រាន់តែ​ជា​អ្នក​ប្រកប​របរ​បើករថយន្ត​ដឹក​ភ្ញៀវ មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​ឃាតកម្ម​លើ​លោក លិម គិមយ៉ា នោះ​ទេ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ