

អ្នកប្រើប្រាស់បណ្ដាញសង្គម រិះគន់មេបញ្ជាការអង្គភាពកងទ័ពថា មិនបានជួយទាមទារឲ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សង់ផ្ទះឲ្យលោកអនុសេនីយ៍ឯក វឹត គឹមសាន ដែលជាបុគ្គលិកក្នុងស្ថាប័នរបស់ខ្លួន ហើយបែរជាចេញលិខិតបំភ្លឺការពារឧកញ៉ាលក់ផ្ទះខ្យល់ទៅវិញ។ ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពីកងអនុសេនាធំសុនខហិតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ចេញលិខិតបំភ្លឺថា នាយទាហាន វឹត គឹមសាន មិនមែនជាវីរៈកងជួរមុខ ដូចការលើកឡើងរបស់លោកឡើយ។
ពលរដ្ឋ សង្គមស៊ីវិល និងមន្ត្រីរាជការបានចេញប្រតិកម្មរិះគន់ថា អង្គភាពកងអនុសេនាធំសុនខហិតមីន មិនបានជួយរកដំណោះស្រាយឲ្យបុគ្គលិកនៅក្នុងស្ថាប័នរបស់ខ្លួន ដែលទទួលរងអយុត្តិធម៌ ដោយសារតែជំនួញលក់ផ្ទះខ្យល់ របស់ឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ទុយទៅវិញ បែរជាចេញលិខិតដាក់បន្ទុកលើជនរងគ្រោះថែមទៀត។ ពួកគាត់លើកឡើងថា ទោះបីជាទាហានជួរមុខ ឬទាហានជួរក្រោយ ឬ ពលរដ្ឋសាមញ្ញ មិនមែនជាចំណុចសំខាន់នោះទេ ប្រការសំខាន់ និងចាំបាច់មិនអាចខ្វះបាន គឺលោក ឡេង ណាវ៉ាត្រា ត្រូវទូទាត់ឲ្យបានត្រឹមត្រូវជូនអតិថិជន ឬសង់ផ្ទះឲ្យអតិថិជនតាមកិច្ចសន្យា ពីព្រោះនេះជាគោលការណ៍អនុវត្តន៍កិច្ចសន្យា ឬយុត្តិធម៌តាមផ្លូវច្បាប់។
ហ្វេសប៊ុកឈ្មោះ តាម ធឿន (Tam Thoeun) ចាត់ទុកលិខិតបំភ្លឺរបស់អង្គភាពកងអនុសេនាធំសុនខហិតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះថា ចេញដើម្បីការពារឧកញ៉ាបោកគេ ពីព្រោះកងទ័ពទោះបីនៅជួរក្រោយ ក៏ជាកងទ័ពការពារជាតិដែរ ហើយបើចាំបាច់គាត់ក៏ទៅជួរមុខ។ តាម ធឿន ស្ដីបន្ទោសអង្គភាពកងទ័ពថា លោកឯងចេញសារបែបនេះ វាមិនសមទេ មិនដឹងខួរក្បាលពួកលោកឯងយក អីមកគិតទេ។
រីឯ ហ្វេសប៊ុកឈ្មោះ អ៊ុក សំបុន្នី បញ្ចេញមតិថា ចុះរឿងលក់ផ្ទះ ខ្យល់ឱ្យគាត់នោះ ម៉េចមិនចេញសេចក្តីប្រកាសឱ្យគេដឹងផង។ ប្រភពដដែលថា ទាហានជួរមុខ ឬជួរក្រោយ មិនសំខាន់ តែដល់ពេលត្រូវការគេហៅទៅច្បាំងដូចតែគ្នាហ្នឹង។
ស្រដៀងគ្នានេះដែរ លោក ស ម៉ូរី (Sar Mory) បានសរសេរនៅលើហ្វេសប៊ុករបស់លោក ដោយភ្ជាប់នឹងលិខិតបំភ្លឺរបស់អង្គភាពកងអនុសេនាធំសុនខហិតមីន និង យុទ្ធភណ្ឌមិនទាន់ផ្ទុះ ថា គាត់ជាទាហានជួរមុខ ឬមិនជួរមុខទេ អាជ្ញាធរមានទំនួលខុសត្រូវជួយរកដំណោះស្រាយជូនគាត់។ លោកសួរថា តើនៅបណ្តែតបណ្តោយឱ្យឧកញ៉ា និងឈ្មួញរកស៊ីមិនត្រឹមត្រូវ ដល់ណាទៀត? ដោយលោក បន្ថែមថា នេះជាសំឡេងរបស់រាស្ត្ររងគ្រោះ អំពាវនាវរកយុត្តិធម៌ ហើយរាស្ត្រទទួលរងនូវអំពីអយុត្តិធម៌ពីម្ចាស់បុរី ដែលខ្វះការទទួលខុសត្រូវ ដូច្នេះ គ្នាមានសិទ្ធិសំដែងមតិ។ លោក ស ម៉ូរី ចាត់ទុកសេចក្តីបំភ្លឺព័ត៌មានរបស់អង្គភាពកងទ័ពនេះ ថា បំបាក់ទឹកចិត្តរាស្ត្រ និងជនរងគ្រោះ។
ប្រតិកម្មរិះគន់ធ្ងន់ៗរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមនេះ ធ្វើឡើងបន្ទាប់ពីអង្គភាពកងអនុសេនាធំសុនខហិតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ចេញលិខិតបំភ្លឺ កាលពីថ្ងៃទី១៣ ខែមករានេះ ថា លោកអនុសេនីយ៍ឯក វិត គឹមសាន ដែលមាន ឈ្មោះក្នុងបណ្ដាញសង្គមថា Kim San មិនត្រូវបានបញ្ជូនទៅជួរមុខ ដូចដែលបណ្ដាញសង្គម បានហៅលោកថាជា «វីរកងទ័ពជួរមុខ» ទេ។
កងអនុសេនាធំនេះបញ្ជាក់ថា លោកអនុសេនីយ៍ឯក វិត គឹមសាន បច្ចុប្បន្នជានាយទាហានកំពុងបំរើការក្នុងអង្គភាពកងអនុសេនាធំសុនខហិតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព ពហុសាស្ត្រ ខេត្តកំពង់ស្ពឺ ហើយលោកក៏មិនដែលបានធ្វើការស្នើសុំមេបញ្ជាការ អង្គភាពទៅកាន់សមរភូមិជួរមុខម្តងណាឡើយ។ យ៉ាងណាលិខិតបំភ្លឺនេះ មិនបាន និយាយ ដល់ការឈឺចាប់របស់លោក វិត គឹមសាន ដែលត្រូវឧកញ៉ា ឡេង ណាវ៉ាត្រា បោកប្រាស់ទេ។
អង្គភាពកងអនុសេនាធំសុនខហិតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចេញលិខិតបំភ្លឺ ប៉ុន្មានថ្ងៃក្រោយពីលោកអនុសេនីយ៍ឯក វិត គឹមសាន បានឡើងក្នុងវេទិកាមួយ នៅក្រសួងរៀបចំដែនដី រូបនីយកម្ម និង សំណង់ ដើម្បីទាមទារឲ្យឧកញ៉ា ឡេង ណាវ៉ាត្រា ទទួលខុសត្រូវរឿងសាងសង់ផ្ទះជូនលោក តាមការកិច្ចសន្យា។ លោកអនុសេនីយ៍ឯក វិត គឹមសាន រៀបរាប់ថា លោកបានខ្ចីលុយធនាគារ ដើម្បីទិញផ្ទះដោយសង្ឃឹមថា នឹងមានផ្ទះរស់នៅ ប៉ុន្តែបែរជាក្រុមហ៊ុនលោក ឡេង ណាវ៉ាត្រា មិនបានសាងសង់ផ្ទះតាមកិច្ចសន្យានោះទេ ។ កូនទាហានរូបនេះ ត្អូញត្អែរថា សព្វថ្ងៃនេះ លោក ជួបការលំបាកជាខ្លាំងដោយប្រាក់ខែទាហាន របស់លោក បើកមកសម្រាប់តែសងធនាគារ និងបង់ថ្លៃផ្ទះជួលស្ទើរមិនគ្រប់ផង។
យ៉ាងណា ទោះបីជាមានលិខិតរបស់អង្គភាពកងទ័ព ដែលមានចេតនាបង្កឧបសគ្គក៏ដោយ នៅថ្ងៃទី១៣ ខែមករានេះ លោក វឹត គឹមសាន បានចេញវីដេអូប្រមាណ ១នាទី លើហ្វេសប៊ុករបស់លោក ដោយបន្តទទូចឲ្យលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ជួយរកយុត្តិធម៌។
លោក វឹត គឹមសាន៖ «និយាយរឿងលោក ឡេង ណាវ៉ាត្រា មកដល់ពេលនេះ មិនទាន់រកដំណោះស្រាយដល់ខ្ញុំទេ ចាប់តាំងពីថ្ងៃទី៩មកដល់ ទី១៣ ខែមករា សូមសម្ដេចបវរធិបតី ជួយរកដំណោះស្រាយដល់រូបខ្ញុំផង។ ខ្ញុំបាទគ្មានផ្ទះសម្បែងរស់នៅ ហើយជួបវិបត្តិ និយាយរឿងវិបត្តិនេះ វិបត្តិច្រើនណាស់ ដោយសារតែជាប់ បំណុលទិញផ្ទះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ខ្ញុំនិយាយចង់ស្រក់ទឹកភ្នែក សូមសម្ដេចជួយរកយុត្តិធម៌ឲ្យខ្ញុំបាទផង»។
ទូរទស្សន៍អាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេ នៅថ្ងៃទី១៤ ខែមករា។
អ្នកប្រើប្រាស់ហ្វេសប៊ុក សរសើរការតាំងចិត្តស្វែងរកយុត្តិធម៌របស់លោក អនុសេនីយ៍ឯក វិត គឹមសាន ហើយធ្វើប្រតិកម្មព្រោងព្រាតលើបណ្ដាញសង្គម ស្ដីបន្ទោសអង្គភាពកងទ័ព ដែលមានជំហរបន្ទច់បង្អាក់សកម្មភាពរកយុត្តិធម៌ និង បង្ហាញការគាំទ្រឧកញ៉ារកស៊ីបោកពលរដ្ឋ។
ចំណែកឯ ហ្វេសប៊ុកឈ្មោះ ម៉ៃឃើល សុវណ្ណ (Michael Sovann) សរសេរថា ធ្វើមេគេ អត់ព្រមជួយអន្តរាគមន៍ ជួយកូនចៅខ្លួនឯង បែរជាចេញមុខបញ្ជាក់ខ្លាចខូចមុខមាត់អង្គភាពខ្លួនឯងវិញ។ លោកសម្ដែងការហួសចិត្តថា ជួរមុខ ឬជួរក្រោយ សុទ្ធតែជាទាហាន ដែលត្រូវការពារជាតិ តាមជំនាញ និង ពេលវេលានៃស្ថានភាពស្រុកទេស! ម៉េចក៏ធ្វើអ៊ីចឹងកើត? ខណៈហ្វេសប៊ុកឈ្មោះ សារិន្ទ សម្រស់កូនខ្មែរ សរសេរថា បញ្ហាហ្នឹង មិនមានតែគាត់ទេ ស្ទើរគ្រប់គ្នា ដែលទិញផ្ទះគម្រោងក្រុមហ៊ុន ឡេង ណាវ៉ាត្រា។
ក្នុងសំឡេងរិះគន់ប្រហែលគ្នាលោក គិន ភា សរសេរលើហ្វេសប៊ុកកាលពីថ្ងៃទី១៣ ខែមករាថា ទាហានជួរមុខឬជួរក្រោយមិនសំខាន់ទេ បើទោះបីគាត់ជាប្រជាជន សាមញ្ញក៏ដោយ បើគាត់បង់លុយថ្លៃទិញផ្ទះរួចរាល់ហើយ ម៉េចមិនធ្វើផ្ទះឱ្យគាត់ ទៅ។ លោកថា រឿងឧកញ៉ាបោកប្រាស់រឿងផ្ទះ រឿងដីហ្នឹង គួរតែដោះស្រាយឱ្យជ្រះស្រឡះទៅ កុំទុកនៅស្មុគស្មាញដូចកាឆបោកតាមអនឡាញ (Online Scam)។
លោកមេធាវី ផែង ហេង សរសេរលើហ្វេសប៊ុករបស់លោកថា ដូចមិនសំខាន់រឿង ទ័ព ឬ មិនទ័ពជួរមុខអីទេ សំខាន់ទិញដីបានដី ទិញផ្ទះបានផ្ទះ។ លោកលើកឡើង ថា រឿងនេះមិនទាក់ទងនឹងឋានៈទេ ដោយបញ្ជាក់ថា បើអ្នកទិញបង់លុយទិញ រួចហើយ បែរជាអ្នកលក់មិនបានរបស់ឲ្យតាមកម្មវត្ថុទិញលក់ នោះជាបទល្មើសឆបោក ហើយចូរមើលច្បាប់ក្រមព្រហ្មទណ្ឌផង៕









