

អាជីវករលក់ដូរនៅតាមចិញ្ចើមផ្លូវ នៅជុំវិញផ្សារដើមគ និងផ្សារនាគមាស ក្នុងរាជធានីភ្នំពេញ នាំគ្នាតវ៉ាជាបន្តបន្ទាប់ និងប្រឆាំងដាច់ខាត មិនចាក់ចេញទៅលក់ដូរនៅតំបន់បឹងតាមោក ដែលស្ថិតនៅ ជាយក្រុងភ្នំពេញនោះទេ។ ពួកគាត់ថា កន្លែងដែលអាជ្ញាធរ រៀបចំឱ្យថ្មីនោះ នៅឆ្ងាយពីទីប្រជុំជនពេក អាជីវករពិបាកធ្វើដំណើរ និងបារម្ភពីសុវត្ថិភាព។
អាជីវករលក់ដូរនៅផ្សារដើមគ និងផ្សារនាគមាសបានប្រមូលផ្តុំគ្នារយៈពេល២ថ្ងៃជាប់គ្នាមកហើយ តវ៉ាប្រឆាំង នឹងការបណ្ដេញចេញរបស់អាជ្ញាធរក្រុងភ្នំពេញ ដែលបង្ខំឱ្យពួកគាត់ទៅលក់ដូរនៅកន្លែងថ្មី។ ពួកគាត់ថា អាជ្ញាធរបានយកលេសដើម្បីរៀបចំ សណ្ដាប់ធ្នាប់ តាមដងផ្លូវ បើទោះបីជា អាជីវករស្នើសុំលក់ដូរ នៅតាមហាង និងមុខផ្ទះ ក្នុងទីតាំងដដែល ដោយសន្យាថា លែងយកចិញ្ចើមផ្លូវជាកន្លែងលក់ដូរទៀតក្ដី។ ហេតុផលនេះហើយ ដែលធ្វើឱ្យពួកគាត់មិនសប្បាយចិត្ត និងនៅតែប្រឆាំងមិនចាកចេញ។
អាជីវករលក់ដូរ នៅផ្សារដើមគរ លោកស្រី ឈួន ឆវ័ន បានលើកឡើងនៅថ្ងៃទី១៩ ខែមករា ថា អាជីវករ ភាគច្រើន ពុំសប្បាយចិត្តសោះ ចំពោះវិធានការរបស់អាជ្ញាធរដែលបង្ខំឱ្យពួកគាត់ចាកចេញ ទៅលក់ដូរនៅតំបន់បឹងតាមោកស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ លោកស្រីថា តំបន់នោះ ជាតំបន់ដាច់ស្រយាល ហើយគ្មានសុវត្ថិភាព។ លោកស្រីនៅតែប្ដេជ្ញាថា មិនចាកចេញនោះឡើយ ហើយសន្យាថា ឈប់យកចិញ្ចើមផ្លូវជាកន្លែងលក់ដូរទៀតហើយ។
លោកស្រី ឈួន ឆវ័ន៖ «សុំសំណូមពរឱ្យពួកគាត់ សុំឱ្យពួកខ្ញុំលក់ឡើងទៅខាងលើធ្វើសណ្ដាប់ធ្នាប់ ធ្វើឱ្យពួកខ្ញុំឡើងទៅខាងលើ កុំឱ្យស្ទះផ្លូវគេ តែប៉ុណ្ណឹង អ្វីដែលខ្ញុំសុំបាន។ ខ្ញុំណា ខ្ញុំបានជួយទៅខាងកងទ័ពច្រើន មិនគួរណាធ្វើឱ្យខ្ញុំបែបហ្នឹងវិញ។ ខ្ញុំឈឺចិត្តណាស់ ហើយខ្ញុំមិនចង់ឱ្យទង្វើនឹង ខ្មែរគ្រប់រូប ធ្វើដូចជាគាត់ទេ។ គាត់មានហេតុផលរបស់គាត់ ឥឡូវស្ដាប់ហេតុផលខ្ញុំវិញបានអត់ ខ្ញុំសុំតែបន្តិចហ្នឹងទេ។
រីឯ អាជីវករម្នាក់ទៀត លោកស្រី គ្រី ចាន់ថូ លើកឡើងស្រដៀងគ្នាថា លោកស្រីក៏មិនចាកចេញពីផ្សារដើមគនោះដែរ ព្រោះបារម្ភថា ពេលទៅលក់ដូរនៅកន្លែងថ្មី ខ្លាចលក់មិនដាច់ ធ្វើឱ្យប៉ះពាល់ជីវភាព ខណៈមុខរបរនេះជាទីពឹងក្នុងគ្រួសារ។ ជាមួយគ្នានោះ លោកស្រីថា អាជីវករមិនរឹងរូសអ្វីនោះទេ ប្រសិនបើអាជ្ញាធរគិតថា ការលក់ដូរប៉ះពាល់ដល់សណ្ដាប់ធ្នាប់តាមដងផ្លូវ ដោយអាជ្ញាធរគ្រាន់តែដាក់លក្ខខណ្ឌ ឱ្យពួកគាត់លក់ត្រឹមកន្លែងណាមួយ និងម៉ោងណាមួយជាក់លាក់ ល្អជាង បង្ខំឱ្យអាជីវករទាំងអស់ ចាកចេញទៅកន្លែងថ្មី។
លោកស្រី គ្រី ចាន់ថូ៖ «ខ្ញុំមានតែលើម្រាម១០ ដល់សម្ដេចពុក ស្ដេចម៉ែ និងថ្នាក់ដឹកនាំទាំងអស់ជួយ មើលឱ្យកូនចៅបានលក់ដូរដូចដើរ តែធ្វើចរាចរណ៍ កំណត់ម៉ោងពេលវេលា ឱ្យកូនចៅលក់ចុះ។ កូនចៅលក់យប់ទេ កូនចៅដឹងថា ប៉ះពាល់ដល់ចរាចរណ៍ ប៉ុន្តែយប់ អស់លោកគាត់សម្រាន្ត។ ខ្ញុំលក់យប់ដើម្បីយកកម្រៃ ខ្លះទៅចិញ្ចឹមគ្រួសារ តែប៉ុណ្ណោះ»។
ជុំវិញរឿងនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី១៩ ខែមករា បានបង្ហោះសារ នៅលើហ្វេសប៊ុករបស់លោកថា ក្រោយពីបានជួបប្រជុំជាមួយអាជីវករជាច្រើននាក់ ដែលជាអ្នកលក់ដូរតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវ នៅផ្សារដើមគររួចមក លោកបានបញ្ជាក់ជំហរជាថ្មីថា រដ្ឋបាលរាជធានីភ្នំពេញនៅតែបន្តយកចិត្តទុកដាក់ និងសម្របសម្រួល ព្រមទាំងធានាដល់ជីវភាព របស់អាជីវករទាំងអស់ ប្រសិនបើប្រឈមជីវភាពខ្វះខាតខ្លាំង ក្រោយពីជម្លៀសឱ្យទៅលក់ដូរនៅកន្លែងថ្មីមែននោះ។ ក្នុងនោះលោកថា អាជ្ញាធរនឹង ផ្ដល់អង្ករទំនុកបម្រុងស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលថា «មិនទុកប្រជាពលរដ្ឋណាម្នាក់ ចោលនោះទេ»។
អភិបាលរាជធានីភ្នំពេញ រូបនេះបានបញ្ជាក់ថា អាជ្ញាធរបានបដិសេធ ចំពោះសំណើរបស់អាជីវករទាំងអស់ដែល ស្នើសុំ បន្តលក់ដូរនៅលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ នៅជុំវិញផ្សារដើមគ។ លោកថា ជម្រើសដ៏ល្អមានតែមួយគត់ គឺឱ្យអាជីវករ ទៅលក់នៅកន្លែងថ្មី ឬហៅថាផ្សារដើមគថ្មី ដែលមានលក្ខខណ្ឌអនុគ្រោះជាច្រើន និងមានតូបលក់ដូរត្រឹមត្រូវ ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាព ទីក្រុងឱ្យកាន់តែល្អប្រសើរ សម្រាប់ប្រយោជន៍សាធារណជន។
បើទោះជាបែបនេះក្ដី ក្រោយកិច្ចប្រជុំចប់ លោក ឃួង ស្រេង ហាក់បរាជ័យ ក្នុងចរចាដើម្បីជរុញឱ្យអាជីវករ ដូរទៅកន្លែងថ្មី។ បើតាមការអះអាងរបស់អាជីវករដែលប្រាប់ទូរទស្សន៍អាស៊ីសេរីថា ក្រោយចប់ប្រជុំបានលើកឡើងពីជំហរជាថ្មីថា ពួកគាត់នៅតែក្រាញននៀលបន្តលក់ដូរ នៅផ្សារដើមគ និងផ្សារនាគមាសដដែល ព្រោះពួកគាត់ ខ្លាចលក់ដូរនៅតំបន់ថ្មី ពុំសូវដាច់ គ្មានចំណូលគ្រប់គ្រាន់ ធ្វើឱ្យជីវភាពខ្វះខាតខ្លាំង ខណៈអាជីវករភាគច្រើន មានបន្ទុកគ្រួសារច្រើន ជាពិសេស ជំពាក់បំណុលធនាគារ។
ទាក់ទិនរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា ការរៀបចំសណ្ដាប់ធ្នាប់ តាមដងផ្លូវ គឺជារឿងល្អ។ តែយ៉ាងណា លោកថា អាជ្ញាធរត្រូវដោះស្រាយបញ្ហានេះដោយមានហេតុផល ច្បាស់លាស់ និងសមរម្យប្រាប់ដល់ពលរដ្ឋ។ ទន្ទឹមគ្នានោះ លោកថា អាជ្ញាធរក៏ត្រូវតែប្រកាន់នូវតម្លាភាព និងយុត្តិធម៌ត្រឹមត្រូវ ព្រោះថា ករណីដែលអាជីវករលក់ដូរតាមទ្រូងផ្លូវ និងចិញ្ចើមផ្លូវនេះ គឺមិនមែនបណ្ដាលមកពីពលរដ្ឋ តែប៉ុណ្ណោះទេ គឺមានការសមគំនិតគ្នាពីអាជ្ញាធរ ដែលទទួលបានផលប្រយោជន៍ពីការទារលុយពីអាជីវករ ទើបធ្វើឱ្យករណីនេះ បន្តរីករាលដាលកាន់តែធំ។
លោក យង់ គិមអេង៖ «មិនគួរយកចំណែកនៃផ្លូវទៅលក់ដូរ ហើយកន្លែងខ្លះតូចទៅទៀត ហើយលក់ដូរនៅលើទ្រូងផ្លូវនោះ វាពិបាកធ្វើដំណើរ។ សួរថាអាជ្ញាធរឃើញទេ ឃើញ! ហើយសួរពួកគាត់ សុទ្ធតែមានការបោះលុយអ៊ីចឹងទៅ។ ដោយតែរឿងហ្នឹងហើយ កុំទៅបន្ទោសពួកគាត់១០០% ទៅបន្ទោសអាជ្ញាធរ គួរតែទៅដាក់បន្ទុកអាជ្ញាធរ។ អាជ្ញាធរខ្លួនឯង ពេលខ្លះបង្កភាពស្មុគស្មាញ។ ខ្ញុំគិតថា នេះជារឿងមួយ សម្រាប់ការរៀនសូត្រតាំងពីណាពីណីមក តែរៀននេះមិនត្រូវបានដោះស្រាយ ហើយនៅដដែល»។
ទន្ទឹមគ្នានោះ ក្រោយពី អាជ្ញាធរបានចាត់វិធានការ រឹតបណ្ដឹង មកលើអាជីវករលក់ដូរនៅជុំវិញផ្សារដើមគ អស់រយៈពេល ជាង២ថ្ងៃមកនេះ គេសង្កេតឃើញថា មានប្រជាពលរដ្ឋខ្លះគាំទ្រ ដោយបញ្ចេញមតិថាការលក់ដូរ ដែលកេងប្រវ័ញ្ច លើដីចំណែកចំណីផ្លូវ និងចិញ្ចើមផ្លូវ ធ្វើឱ្យមានការរំខាន ដល់អ្នកដំណើរតាមដងផ្លូវ និងបង្កជាគ្រោះថ្នាក់ចរាចរណ៍ រួមនឹងធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុង។
ចំណែកពលរដ្ឋខ្លះទៀត ពុំសាទរនោះទេ ដោយមើលឃើញថា បញ្ហានេះ កើតឡើងសឹងតែគ្រប់ទីកន្លែង នៅទីក្រុងភ្នំពេញ ជាពិសេសផ្សារធំៗ ដូចជា ផ្សារអូរឫស្សី ផ្សារថ្មី ផ្សារចាស់ និង ផ្សារកណ្ដាលជាដើម។ ពួកគាត់ថា បញ្ហានេះ បណ្ដាលមកពីរដ្ឋាភិបាល គ្មានការរៀបចំផ្លូវ និងទីតាំងលក់ ឱ្យជូនពលរដ្ឋ ឱ្យត្រឹមត្រូវ ដូចគ្មានផ្លូវ សម្រាប់មនុស្សដើរ កន្លែងចំណាត់ឡាន ម៉ូតូ និងគ្មានការកំណត់ទីតាំងច្បាស់លាស់ឱ្យពលរដ្ឋអាចលក់ដូរបាន៕









