

ប្រជាពលរដ្ឋមួយចំនួន លើកឡើងថា រដ្ឋាភិបាលដឹកនាំដោយត្រកូលហ៊ុន អសមត្ថភាពក្នុងការបិទបញ្ចប់ការឈ្លានពានរបស់ប្រទេសថៃ ដែលធ្វើឱ្យកម្ពុជាបាត់បង់ទឹកដី និងប្រជាពលរដ្ឋ ត្រូវយោធាថៃរំលោភបំពាន។ ពួកគាត់លើកឡើងថា នៅក្នុងជម្លោះព្រំដែនជាមួយថៃ កម្ពុជា បានចាញ់ប្រៀបភាគីថៃទាំងយុទ្ធសាស្ត្រ ការទូត និងសង្គ្រាមព័ត៌មាន ប៉ុន្តែមេដឹកនាំ បែរជាប្រើវោហារសាស្ត្រអួតពីសមិទ្ធផល និងបំបិទសិទ្ធិមិនឱ្យប្រជាពលរដ្ឋបញ្ចេញមតិទៅវិញ។
ពលរដ្ឋលើកឡើងថា ពួកគាត់លែងមានទំនុកចិត្តទៅលើរដ្ឋាភិបាល ដើម្បីទប់ស្កាត់អំពើឈ្លានពានរបស់ថៃ មកលើបូរណភាពទឹកដីកម្ពុជាទៀតហើយ ដោយសារតែគោលជំហរអត់ធ្មត់ និងការរក្សាភាពស្ងៀមស្ងាត់ របស់មេដឹកនាំកម្ពុជា ខណៈថៃបានរាយលួសបន្លា និងដាក់កង់ឡានព័ទ្ធយកដីភូមិ និងចំការរបស់ពលរដ្ឋនៅតាមតំបន់ព្រំដែន។
ពលរដ្ឋនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ លោកស្រី ចាន់ ស្រីមុំ ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៥ ខែវិច្ឆិកា ថា លោកស្រីមិនចង់ឱ្យកើតមានសង្គ្រាមនោះទេ ប៉ុន្តែក៏មិនចង់ឃើញមេដឹកនាំកម្ពុជា បង្ហាញគោលជំហរទន់ជ្រាយហួសហេតុ ដោយបណ្ដោយឱ្យថៃចូលព័ទ្ធបន្លាលួសយកដី និងប្រាសាទខ្មែរបានដោយងាយស្រួលឡើយ។ លោកស្រីលើកឡើងថា ក្នុងវិវាទព្រំដែនជាមួយថៃ មេដឹកនាំកម្ពុជាខ្លាំងតែពីដំបូង ប៉ុន្តែក្រោយមក បែរជានិយាយបានតែទ្រឹស្ដី ដោយមិនបានប្ដឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិនោះឡើយ។
លោកស្រី ចាន់ ស្រមុំ៖ «ក្នុងនាមខ្ញុំជាពលរដ្ឋម្នាក់ ខ្ញុំបាក់ទឹកចិត្តណាស់ ព្រោះនៅក្នុងសង្គ្រាម ទាហាន និងប្រជាជនកម្ពុជារងគ្រោះច្រើន ហើយគាត់(មេដឹកនាំ)កាន់អំណាចតែឯង មិនចង់គិតពីពលទាហានក្មេងចាស់ប្រុសស្រី ដែលពួកគាត់ទៅការពារព្រំដែនហ្នឹង។ ទាំងប្រជាពលរដ្ឋទាំងអស់ គឺរួមគ្នាការពារ»។
ការថ្លែងរបស់ពលរដ្ឋរូបនេះ ធ្វើឡើងបន្ទាប់ពីក្រុមយោធាថៃ បានចូលមករាយបន្លាលួសព័ទ្ធយកដីខ្មែរជាបន្តបន្ទាប់ នៅតំបន់ប្រាសាទនៅលើភ្នំដងរែក នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងតំបន់មួយចំនួនទៀត ក្រោយប៉ះទង្គិចគ្នាដោយអាវុធ កាលពីថ្ងៃទី២៤ ខែកក្កដា ខណៈរដ្ឋាភិបាលកម្ពុជា បានប្រកាសថា នៅតំបន់ព្រំដែនមានភាពស្ងប់ស្ងាត់ និងស្នើឱ្យប្រជាពលរដ្ឋរក្សាភាពអត់ធ្មត់។
ពលរដ្ឋលើកឡើងថា កត្តាដែលធ្វើឱ្យពួកគាត់ លែងជឿជាក់ចំពោះមេដឹកនាំកម្ពុជាមួយកម្រិតទៀតនោះ គឺដោយសារបញ្ហាការបិទបាំងព័ត៌មានសំខាន់ៗ ដែលមានតម្លាភាព នៅតំបន់ព្រំដែន និងការមិនអើពើដាក់ពាក្យបណ្ដឹងករណីថៃ ចូលឈ្លានពានកម្ពុជា និងរក្សាទុកទាហានខ្មែរចំនួន ១៨នាក់ ដោយខុសច្បាប់ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ។
ពលរដ្ឋម្នាក់ទៀត នៅខេត្តឧត្តរមានជ័យ លោក សែម វីរៈ លើកឡើងថា រដ្ឋាភិបាលកម្ពុជា ត្រូវដោះស្រាយបញ្ហាថៃឈ្លានពានដោយផ្អែកលើយន្តការច្បាប់អន្តរជាតិ ដោយមិនអាចត្រឹមតែរកកិច្ចគាំពារ និងការអន្តរាគមន៍ពីប្រទេសទីបី តែម្យ៉ាងនោះឡើយ។
លោក សែម រីរៈ៖ «យើងគួរតែមានវិធានការមួយទៀត គឺប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីឱ្យប្រជាពលរដ្ឋអស់ចិត្ត ឬក៏ថា ធ្វើសង្គ្រាមទៅ គឺយើងអស់ចិត្ត ដោយសារបានឈ្នះ និងប្ដឹងទៅតុលាការ ដើម្បីឱ្យភាគីប្រទេសសៀមទទួលស្គាល់នូវកំហុស ការរំលោភបំពាន ក៏ដូចជាទទួលស្គាល់ថា ខ្លួនបានរំលោភបំពាន និងឈ្លានពានប្រទេសកម្ពុជា»។
ពាក់ព័ន្ធនឹងរឿងវិវាទព្រំដែនកម្ពុជា និងថៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា លោកបានជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ (Donald J. Trump) និងនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្ដោយព្រំដែន ក្នុងគោលបំណងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ។
លោក ហ៊ុន ម៉ាណែត បន្តថា លោក ដូណាល់ ត្រាំ បានបញ្ជាក់ជំហរច្បាស់លាស់ថា លោកចង់ឃើញសន្តិភាពស្ថិតស្ថេររវាងកម្ពុជា និងថៃ ហើយនឹងបន្តតាមដានកិច្ចការនេះដោយយកចិត្តទុកដាក់ ដើម្បីធានាមិនឱ្យមានការផ្ទុះអាវុធឡើងវិញនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នោះឡើយ។
ជំនួបតាមទូរស័ព្ទរវាងមេដឹកនាំកម្ពុជា និងអាមេរិកនេះ ធ្វើឡើងបន្ទាប់ពីមានករណីទាហានថៃ បានបើកការបាញ់ប្រហារលើប្រជាពលរដ្ឋខ្មែរ ក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យពលរដ្ឋខ្មែរ ៣នាក់បានរងរបួស និងស្លាប់ម្នាក់ កាលពីថ្ងៃទី១២ វិច្ឆិកា។ អំពើហិង្សាដោយអាវុធនេះ បានកើតឡើងក្រោយពេលភាគីថៃប្រកាសផ្អាកការអនុវត្ត សេចក្ដីថ្លែងការណ៍រួម ស្ដីពីសន្តិភាពរវាងកម្ពុជា-ថៃដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា នៅចំពោះមុខមេដឹកនាំអាមេរិក និងម៉ាឡេស៊ី និងក្រោយពេលទាហានថៃចំនួនពីរនាក់បានដើរជាន់មីនផ្ទុះដាច់កជើង និងរងរបួសដោយភាគីថៃចោទថា ជាមីនថ្មីកម្ពុជាដាក់ បើទោះជាកម្ពុជាបានបដិសេធចំពោះការចោទប្រកាន់នេះក៏ដោយ។
ក្នុងករណីនេះ មេដឹកនាំកម្ពុជាបានប្ដេជ្ញាថា នឹងមិននៅស្ងៀម ដោយត្រូវអូសកថៃឱ្យមកទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានយ៉ាងកំរោលបែបនេះ។
ជុំវិញរឿងនេះ ប្រធានអ្នកឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា ការស្វែងរកកិច្ចអន្តរាគមន៍ ពីប្រទេសទីបី គឺមានភាពផុយស្រួយ និងមិនអាចដាក់សម្ពាធឱ្យថៃ គោរពតាមកិច្ចព្រមព្រៀងនោះឡើយ ដោយសារតែភាគីជម្លោះនីមួយៗ បានទៅស្វែងរកការគាំទ្រ ពីប្រទេសមហាអំណាចរៀងៗខ្លួន ដែលកត្តានេះ និងបង្កទៅជាការប្រកួតប្រជែងគ្នា រវាងប្រទេសមហាអំណាចថែមទៀត។
លោក ម៉ែន ណាត៖ «អ្វីដែលរដ្ឋាភិបាលចាំបាច់ធ្វើបំផុត យ៉ាងហោចណាស់ ក៏មាន៣ដែរ។ ទីមួយគឺត្រូវពង្រឹងផ្នែកការទូតនៅកម្រិតខ្ពស់បំផុត ជាមួយសហរដ្ឋអាមេរិក និងប្រទេសដែលជាសាក្សីក្នុងកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងកូឡាឡាំពួរ។ ទីពីរ ត្រូវបញ្ជូនពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ។ ចំណុចទីបី គឺត្រូវប្រើសិទ្ធិការពារខ្លួនស្របទៅតាមស្មារតីនៃលក្ខន្តិកៈអង្គការសហប្រជាជាតិ មាត្រា៥១»។
ប្រជាពលរដ្ឋលើកឡើងថា មេដឹកនាំកម្ពុជា គួរតែចុះចេញពីតំណែង ប្រសិនបើមិនអាចទប់ស្កាត់ការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីបានទេនោះ ព្រោះបញ្ហាវិវាទនេះ ពាក់ព័ន្ធដល់វាសនាប្រទេសជាតិ និងទទូចឱ្យរដ្ឋាភិបាលត្រូវតែប្ដឹង ករណីថៃឈ្លានពានទាំងអស់នេះ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិជាបន្ទាន់៕









