

ជនបរទេសរាប់សិបនាក់នៅតែរងការបង្ខាំងក្នុងអគារបង្ខំឱ្យធ្វើការឆបោកតាមអនឡាញស្ថិតនៅក្នុងតំបន់អន្លង់ជ្រៃ ខេត្តត្បូងឃ្មុំ និងតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ ទោះបីជារដ្ឋាភិបាលអះអាងពីការបោសសម្អាតឧក្រិដ្ឋកម្មនេះក្ដី។ ពលរដ្ឋរស់នៅក្បែរៗតំបន់នោះបញ្ជាក់ថា ជនបរទេសដែលជាប់ឃុំឃាំងក្នុងអគារត្រូវបានយាមកាមយ៉ាងតឹងរ៉ឹង ហើយអ្នកដែលហ៊ានរត់ចេញនោះនឹងប្រឈមការវាយដំធ្វើទារុណកម្មពីសំណាក់កងអង្គរក្សថៅកែចិន។
ជនបរទេសដែលធ្វើការងារពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញនាំគ្នាបន្តសម្រុករត់ចេញពីអគារជាបន្តបន្ទាប់ ដើម្បីគេចចេញពីការឆ្មក់បង្ក្រាបរបស់សមត្ថកិច្ច។
ទោះជាយ៉ាងណា ជនបរទេសទាំងនោះត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ដូចជាការវាយដំធ្វើទារុណកម្មក្នុងគ្រាដែលពួកគេសម្រេចចិត្តរត់ចេញពីអគារឆបោកតាមអនឡាញ។ ជាក់ស្ដែងជនបរទេសមួយចំនួនភាគច្រើនជាជនជាតិចិន។ នៅនៅថ្ងៃទី២១ ខែមករា ពួកគេបាននាំគ្នាសម្រុកចេញពីទីតាំងអនឡាញស្ថិតនៅតំបន់អន្លង់ជ្រៃ ខេត្តត្បូងឃ្មុំ ដែលជាទីតាំងរងការចោទប្រកាន់ថា ជាមជ្ឈមណ្ឌលដ៏ធំមួយនៃបណ្ដាញឧក្រិដ្ឋជន ដែលបង្ខាំងជនបរទេសចម្រុះជាតិសាសន៍រាប់សិននាក់ បង្ខំឱ្យធ្វើការងារឆបោកតាមអនឡាញ។
វីដេអូដែលផ្សព្វផ្សាយតាមបណ្ដាញសង្គមបង្ហាញថា ជនជាតិចិនដែលរត់គេចខ្លួនទាំងនោះត្រូវបានកងសន្តិសុខក្នុងដៃប្រដាប់ដោយដំបងដេញវាយទាំងកម្រោល ដើម្បីហាមឃាត់មិនឱ្យពួកគេរត់ចេញពីអគារ។
ក្រៅពីទីតាំងអន្លង់ជ្រៃខេត្តត្បូងឃ្មុំ នៅតំបន់រមណីយដ្ឋានអូរស្មាច់ ខេត្តឧត្តរមានជ័យរបស់លោក លី យ៉ុងផាត់ ដែលល្បីល្បាញថា ជាទីកន្លែងសម្បុកឧក្រិដ្ឋជននោះ ក៏នៅមានជនបរទេសជាច្រើននាក់បង្ខាំងក្នុងអគារ និងត្រូវបានថៅកែចិនយាមកាមយ៉ាងតឹងរ៉ឹងមិនឱ្យរត់ចេញពីអគារអនឡាញឡើយ។
កម្មករម្នាក់ថ្លែងសុំមិនបញ្ចេញឈ្មោះព្រោះបារម្ភពីសុវត្ថិភាពប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២១ ខែមករា ថា ក្នុងតំបន់អូរស្មាច់នៅតែមានជនបរទេសរាប់សិបនាក់ត្រូវបានបង្ខំឱ្យធ្វើការដូចសព្វមួយដង ទោះបីជាតំបន់នោះត្រូវទាហានថៃហ៊ុមព័ទ្ធកាន់កាប់យ៉ាងណាក្ដី។ ប្រភពដដែលឱ្យដឹងទៀតថា កងសន្តិសុខ និងអង្គរក្សថៅកែចិនក៏បានបង្កើនការយាមកាមជនបរទេសខាងក្នុងអគារកាន់តែតឹងរ៉ឹងជាងមុន ដោយក្នុងដៃពួកគេសុទ្ធតែមានកាំភ្លើង និងដំបងឆក់ ដើម្បីគំរាមមិនឱ្យជនបរទេសនាំគ្នារត់ចេញពីអគារដូចពេលកន្លងទៅ។
កម្មករថ្លែងលាក់ឈ្មោះ៖ «គ្រាន់តែកន្លែងហូបបាយមានបុគ្គលិកគេដូចនៅកន្លែងបុណ្យអ៊ីចឹង! មានច្រើនគ្រប់ជាតិសាសន៍ដូចឥណ្ឌាក៏មាន អាហ្វ្រិក ក៏មានជនបរទេសចេញអត់បានទេក្រៅពីមេក្រុម ឬមេ ចេញអត់បានទេ។ គេយាមមួយកន្លែងសន្តិសុខ ១០នាក់ជាង។ ក្នុងហ្នឹងមានមួយចប់មានទាំងហាងមានទាំង (KTV) និយាយទៅដូចទីក្រុងបណ្ដោយ។ ពួក [ជនបរទេស] ហ្នឹងតាមខ្ញុំដឹងអ្នកធ្វើការនៅហ្នឹងវាលួចលុយគេ ណាមួយវារាយការណ៍ទៅស្ថានទូត បងប្អូនអ៊ីចឹងទៅ ណាមួយបោកគេបានបាញ់លុយចូលកុង [ធនាគារ] ក្រុមគ្រួសារអាហ្នឹងគេតាមដានដឹងគេវាយគេឱ្យផ្ញើលុយឱ្យគេវិញ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី២១ ខែមករា បានបើកកិច្ចប្រជុំមួយជាមួយគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ក្រសួងយុត្តិធម៌ អភិបាលខេត្តទាំងអស់ និងមេទ័ពជើងគោក ដើម្បីដាក់គោលដៅបង្ក្រាបទីតាំងអគារឆបោកតាមអនឡាញ។
លោក ហ៊ុន ម៉ាណែត អំពាវនាវគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសពលរដ្ឋខ្មែរគ្រប់និន្នាការ និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ រួបរួមគ្នាលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ដែលលោកអះអាងថា ដើម្បីលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។
ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ លើកឡើងថា លោក ហ៊ុន ម៉ាណែត គួរក្លាហាន និងធ្វើសកម្មភាពជាក់ស្ដែងតាមរយៈស្ដារប្រជាធិបតេយ្យ និងដោះលែងអ្នកទោសនយោបាយទាំងអស់ ដើម្បីឱ្យភាគីពាក់ព័ន្ធចូលរួមប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។ អ្នកស្រីថា សារ លោក ហ៊ុន ម៉ាណេត និងវិធានការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញរបស់រដ្ឋាភិបាលត្រកូល ហ៊ុន គ្មានយុទ្ធសាស្ត្រ និងតម្លាភាព និងធ្វើឡើងដើម្បីបន្លំភ្នែកអន្តរជាតិតែប៉ុណ្ណោះ។
អ្នកស្រី មូរ សុខហួរ៖ «រដ្ឋាភិបាលកម្ពុជាមិនមានសមត្ថភាព មិនមានឆន្ទៈ មិនមានយុទ្ធសាស្ត្រអីទាល់តែសោះក្នុងការដោះស្រាយបញ្ហាដ៏ធំនេះព្រោះដោយសារតែលទ្ធផលបំបាត់លទ្ធិប្រជាធិបតេយ្យ ជាលទ្ធផលនៃការបំបាត់សំឡេងសង្គមស៊ីវិល សំឡេងគណបក្សប្រឆាំង សំឡេងអ្នកសារព័ត៌មានឯករាជ្យដែលគ្មានរំពឹងបានទេ លុះត្រាតែលោក ហ៊ុន ម៉ាណែត ដែលអំពាវនាវថា សូមឱ្យរួបរួមគ្នាការពារប្រទេសជាតិជាមួយគ្នា គាត់យកពាក្យសម្ដីរបស់គាត់អនុវត្តជាបន្ទាន់ឱ្យសេរីភាពអ្នកសារព័ត៌មាន សហការជាមួយសង្គមស៊ីវិល សហការជាមួយគណបក្សនយោបាយទាំងឡាយ»។
យុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមអនឡាញរបស់រដ្ឋាភិបាលក្រុមគ្រួសារត្រកូល ហ៊ុន រងការរិះគន់ពីសំណាក់សហគមន៍ជាតិ និងអន្តរជាតិថា ជាការសម្ដែងច្រើនជាងការអនុវត្តចេញពីឆន្ទៈពិតប្រាកដ។ ក្រៅពីនេះ ការបង្ក្រាបរបស់រដ្ឋាភិបាលលើបញ្ហាឧក្រិដ្ឋកម្មនេះក៏ត្រូវបានគេមើលឃើញថា ធ្វើឡើងលុះត្រាតែមានការដាក់សម្ពាធពីសហគមន៍អន្តរជាតិ ដោយធ្វើយុទ្ធនាការកម្ចាត់តែជនល្មើសតូចតាច ប៉ុន្តែគ្មានការស៊ើបអង្កេត និងអនុវត្តច្បាប់លើមេខ្លោងធំៗដែលឈរកាងពីក្រោយបណ្ដាញឧក្រិដ្ឋកម្ម៕









