

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) លាតត្រដាងថា ការបរាជ័យរបស់អាជ្ញាធរកម្ពុជាក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញដោយសារតែមានការឃុបឃិតគ្នារវាងរដ្ឋ និងឧក្រិដ្ឋជន។ អង្គការអន្តរជាតិដដែលលើកឡើងថា រដ្ឋាភិបាលកម្ពុជាមិនបាន«អើពើ» ក្នុងការប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញឡើយ ដែលធ្វើឱ្យឧក្រិដ្ឋជនអាចប្រើប្រាស់កម្ពុជាធ្វើជាមូលដ្ឋានសម្រាប់ជួញដូរមនុស្ស និងបង្ខាំងជនរងគ្រោះរាប់ពាន់នាក់ធ្វើទារុណកម្មយ៉ាងឃោរឃៅក្នុងមជ្ឈមណ្ឌលឆបោកតាមអនឡាញនានានៅកម្ពុជា។
អង្គការលើកលែងទោសអន្តរជាតិនៅថ្ងៃទី២៧ ខែមករា បានចេញសេចក្ដីថ្លែងការណ៍រិះគន់ចំណាត់ការបង្ក្រាបរបស់រដ្ឋាភិបាលកម្ពុជាថ្មីៗនេះ ទៅលើទីតាំងអគារឆបោកតាមអនឡាញថា បង្កឱ្យមានវិបត្តិមនុស្សធម៌កាន់តែកើនឡើងលើជនរងគ្រោះដែលបានរត់គេចពីទីតាំងអគារឆបោកតាមអនឡាញ។
អង្គការការពារសិទ្ធិមនុស្សដដែលរកឃើញថា មនុស្សរាប់ពាន់នាក់ដែលបានរត់គេចខ្លួន ឬត្រូវបានដោះលែងពីកន្លែងឆបោកតាមអនឡាញនៅកម្ពុជា ភាគច្រើនបានរងការរំលោភបំពានធ្ងន់ធ្ងរ ក្នុងនោះរួម ទាំងការរំលោភបំពានផ្លូវភេទ និងការធ្វើទារុណកម្មពេលកំពុងជាប់ក្នុងអគារអនឡាញ។ លើសពីនេះទៀត ជនបរទេសស្ទើរតែទាំងអស់ដែលបានរត់ចេញពីបរិវេណអគារឆបោកតាមអនឡាញរបស់ឧក្រិដ្ឋជននារយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ពួកគេត្រូវបានឧក្រិដ្ឋជនដកហូតលិខិតឆ្លងដែន និងកំពុងរស់នៅដោយឯកោ ដោយមិនទទួលបានកិច្ចគាំពារពីរដ្ឋាភិបាលកម្ពុជាឡើយ។
ផ្ទុយទៅវិញជនបរទេសដែលរងគ្រោះទាំងនោះបានស្វែងរកកិច្ចគាំពារ និងការជួយសង្គ្រោះពីស្ថានទូតដោយខ្លួនឯង ដើម្បីវិលត្រឡប់ទៅប្រទេសកំណើតវិញ។ ជនរងគ្រោះទាំងនោះរួមមានជនជាតិ ប្រេស៊ីល (Brazil) ឥណ្ឌូណេស៊ី (Indonesia) មីយ៉ាន់ម៉ា (Myanmar) នីហ្សេរីយ៉ា (Nigeria) សេរ៉ាឡេអូន (Sierra Leone) លីបេរីយ៉ា (Liberia) អ៊ូហ្គាន់ដា (Uganda) កេនយ៉ា (Kenya) បង់ក្លាដេស (Bangladesh) ឥណ្ឌា (India) ហ្វីលីពីន (Philippines) និងម៉ាដាហ្គាស្កា (Madagascar)។
ការលើកឡើងរបស់អង្គការលើកលែងទោសអន្តរជាតិគឺផ្អែកតាមការសម្ភាសដោយផ្ទាល់ជាមួយជនរងគ្រោះរាប់រយនាក់ដែលរស់រានមានជីវិតពីហេតុការណ៍រំលោភបំពានដ៏គួរឱ្យភ័យខ្លាចនៅក្នុងអគារឆបោកតាមអនឡាញនៅកម្ពុជា។ អង្គការលើកលែងទោសអន្តរជាតិលាតត្រដាងទៀតថា តំបន់បរិវេណនៃអគារឆបោកតាមអនឡាញក្រៅពីមានករណីអំពើឃាតកម្ម និងអំពើទារុណកម្មដោយហិង្សាក៏មានការរំលោភបំពានផ្លូវភេទដោយថៅកែដែលបណ្ដាលឱ្យជនរងគ្រោះជាស្ត្រីមួយចំនួនមានផ្ទៃពោះផងដែរ ខណៈស្ត្រីជាច្រើននាក់ទៀតក៏ត្រូវបានរំលោភបំពានផ្លូវភេទដោយអ្នកគ្រប់គ្រងអគារ។ កាន់តែអាក្រក់ជាងនេះទៀត ទាសករតាមអនឡាញខ្លះត្រូវបានឆ្មាំសន្តិសុខវាយដំធ្វើទារុណកម្មពេលពួកគេចង់រត់គេច ហើយអ្នកខ្លះទៀតត្រូវគេកាត់ម្រាមដៃ បំពង់ក និងសម្លាប់នៅបរិវេណនៃមជ្ឈមណ្ឌលឆបោកតាមអនឡាញក៏មាន។
កាលពីខែមិថុនា ឆ្នាំ២០២៥ អង្គការលើកលែងទោសអន្តរជាតិ រកឃើញថា យ៉ាងហោចមានបរិវេណអគារឆបោកតាមអនឡាញចំនួន ៥០កន្លែងនៅទូទាំងប្រទេសកម្ពុជាដែលកំពុងដំណើរការដូចជាគុក និងជាកន្លែងសម្រាប់ជួញដូរមនុស្ស បង្ខាំងមនុស្សធ្វើទារុណកម្មបង្ខំឱ្យជនរងគ្រោះធ្វើការខុសច្បាប់ និងការរំលោភសិទ្ធិមនុស្សក្នុងទម្រង់ផ្សេងៗទៀត។
អង្គការលើកលែងទោសអន្តរជាតិវាយតម្លៃថា អាជ្ញាធរកម្ពុជាបរាជ័យក្នុងការទប់ស្កាត់ ឬដោះស្រាយការរំលោភបំពានទាំងនេះ ដោយសារមាន ការឃុបឃិតរបស់អាជ្ញាធរជាមួយឧក្រិដ្ឋជនដែលបានអនុញ្ញាតឱ្យឧស្សាហកម្មនេះកាន់តែរីកដុះដាលដូចផ្សិតនៅកម្ពុជា។
ឆ្លើយតបនឹងការចោទប្រកាន់នេះ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សអ្នកស្រី ជូ ប៊ុនអេង ចាត់ទុករបាយការណ៍របស់អង្គការអន្តរជាតិនេះថា មិនឆ្លុះបញ្ចាំងពីការពិត និងគ្មានមូលដ្ឋានច្បាស់លាស់។ អ្នកស្រី ជូ ប៊ុនអេង អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២៧ ខែមករា ថា នៅកម្ពុជាគ្មានការរីករាលដាលឧក្រិដ្ឋកម្មអនឡាញឡើយ ចំណែកឯជនបរទេសដែលរត់ចេញពីអគារអនឡាញថ្មីៗនេះរដ្ឋាភិបាលមានកិច្ចសហប្រតិបត្តិការជាមួយបណ្ដាស្ថានទូតសម្រាប់ជួយអន្តរាគមន៍ពួកគេ។
អ្នកស្រី ជូ ប៊ុនអេង៖ «អ្វីដែលយើងធ្វើ និងអ្វីដែលគេចោទប្រកាន់វាអត់ស៊ីគ្នា។ ប្រសិនគេមិនបង្ក្រាបធ្វើម៉េចមានការនាំគ្នាផ្អើលចេញពីកន្លែងមួយៗហ្នឹង។ ពាក្យនិយាយថា បង្ខាំងហ្នឹងវាអត់ស៊ីគ្នានឹងសកម្មភាពដែលគាត់និយាយថា បានចេញមកតាមផ្លូវសាធារណៈអីកើតទេ។ បើឥឡូវល្បីល្បាញហើយថា សូម្បីតែតាមអគារនីមួយៗចុះចេញអស់ហើយ រីកទៅណាទៀតខ្ញុំសួរ? ដល់ពេលរបាយការណ៍អ៊ីចឹងៗវាពិបាកនឹងយល់វាអត់ស៊ីសង្វាក់គ្នា»។
អ្នកស្រី ជូ ប៊ុនអេង បញ្ជាក់ទៀតថា ស្ថាប័នរបស់អ្នកស្រីក៏គ្មានឥទ្ធិពល និងលទ្ធភាពគ្រប់គ្រាន់ក្នុងការស៊ើបអង្កេតលើលោក ហ៊ុន តូ និងលោក លី យ៉ុងផាត់ ដែលអាមេរិកចោទប្រកាន់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញនោះទេ។
ចំណែក ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ លើកឡើងថា របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិគឺឆ្លុះបញ្ចាំងពីការពិត និងមានភស្តុតាងរួមទាំងសាក្សីជាច្រើនដែលបង្ហាញថា រដ្ឋាភិបាលក្រុមគ្រួសារត្រកូល ហ៊ុន គ្មានសមត្ថភាព និងបានឈរកាងពីក្រោយឧក្រិដ្ឋជនឆបោកតាមអនឡាញ។
អ្នកស្រី មូរ សុខហួរ យល់ថា ការទាត់ចោលរបាយការណ៍អន្តរជាតិពីសំណាក់មន្ត្រីរដ្ឋាភិបាលកម្ពុជាដោយមិនទាន់មានការស៊ើបអង្កេតត្រឹមត្រូវគឺជាការពង្រឹងអំពើនិទ្ទណ្ឌភាព ឬភាពគ្មានទោសពៃលើក្រុមឧក្រិដ្ឋជន និងជាការជាន់ឈ្លីប្រព័ន្ធច្បាប់ឱ្យកាន់តែទន់ខ្សោយដែលឧក្រិដ្ឋជនកាន់តែងាយស្រួលក្នុងការពង្រីកបណ្ដាញឧក្រិដ្ឋកម្មនៅកម្ពុជា។
អ្នកស្រី មូរ សុខហួរ៖ «និទ្ទណ្ឌភាពនៅប្រទេសកម្ពុជាធ្ងន់ធ្ងរ ច្បាប់មានតែមិនអនុវត្ត។ អនុវត្តមានស្តង់ដារ ពីរ បី បួន ទាំងអស់នេះហើយដែលធ្វើឱ្យប្រទេសកម្ពុជាកាន់តែដុនដាបរហូតដល់ប្រទេសថៃហ៊ានមើលងាយទម្លាក់គ្រាប់បែកលើប្រទេសកម្ពុជា។ ផលលំបាកនេះធំណាស់។ រដ្ឋអំណាចនៅប្រទេសកម្ពុជា យើងមិនអាចបន្តសង្ឃឹមរដ្ឋាភិបាលត្រកូល ហ៊ុន នឹងចាត់វិធានការតាមចំណាត់ការដែលមានក្នុងរបាយការណ៍ទាំងអស់ហ្នឹងទេ»។
អង្គការសហប្រជាជាតិ (UN) រកឃើញថា មនុស្ស ប្រមាណ ១០ម៉ឺននាក់កំពុងក្លាយជាជនរងគ្រោះនៅតាមមជ្ឈមណ្ឌលនៃអំពើឆបោកតាមអនឡាញនៅកម្ពុជាដោយពួកគបានជួបប្រទះ និងរងការរំលោភបំពានផ្លូវភេទ គំរាមកំហែងធ្វើការដោយបង្ខំ និងបង្ខាំងធ្វើទារុណកម្មជាដើម។ របាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងបទឧក្រិដ្ឋ (UNODC) កាលពីឆ្នាំ២០២៥ បង្ហាញថា ឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅកម្ពុជាកំពុងរីកលូតលាស់យ៉ាងខ្លាំង និងព្រមានថា បើរដ្ឋាភិបាលកម្ពុជាគ្មានវិធានការតឹងរ៉ឹង និងបង្ក្រាបឱ្យចំមេខ្លោងធំៗ នោះសេដ្ឋកិច្ចកម្ពុជានឹងកាន់តែដុនដាប និងឯកោលើឆាកអន្តរជាតិ ដោយសារតែគ្មានអ្នកវិនិយោគ និងក្រុមហ៊ុនអន្តរជាតិល្អៗចូលរកស៊ីនៅកម្ពុជា៕









