

អ្នកឃ្លាំមើលថា កម្ពុជាគួរជំរុញអាស៊ានឱ្យលើកយកជម្លោះព្រំដែនកម្ពុជា-ថៃ មកស្វែងរកដំណោះស្រាយ ក្នុងកិច្ចប្រជុំចង្អៀត នៅហ្វីលីពីន ជាអាទិភាព នៅចុងខែមករាខាងមុខ។ ជាមួយគ្នានោះ ពួកគាត់ថា កម្ពុជាក៏ត្រូវតែបង្ហាញពីគោលជំហរម៉ឺងម៉ាត់ និងច្បាស់លាស់ ប្រាប់សមាជិកអាស៊ានថា កម្ពុជាជាប្រទេសរងគ្រោះពីការឈ្លានពានរបស់ថៃពិតប្រាកដ។
ថ្វីត្បិតថា អាស៊ានបានបរាជ័យ ក្នុងការដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃជាច្រើនលើកមកហើយ កាលពីប្រទេសម៉ាឡេស៊ី ធ្វើជាប្រធានអាស៊ានប្ដូរវេនក្ដី អ្នកឃ្លាំមើលថា កម្ពុជាក៏នៅតែមានសង្ឃឹម ក្នុងការប្រើប្រាស់យន្តការការទូត ដើម្បីបង្ហាញប្រាប់ដល់សមាជិកអាស៊ានថា ថៃបានរំលោភដែនអធិបតេយ្យកម្ពុជា និងបានបង្កសង្គ្រាមឈ្លានពាន ដោយខុសច្បាប់អន្តរជាតិ។
អ្នកប្រឹក្សាយោបល់ផ្នែក អភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២៧ ខែ មករា ថា កម្ពុជាមិនត្រូវភ័យខ្លាច ក្នុងការជំរុញឱ្យអាស៊ានយកបញ្ហាព្រំដែនកម្ពុជា-ថៃ មកដោះស្រាយ ក្នុងកិច្ចប្រជុំនៅប្រទេសហ្វីលីពីននោះទេ ដោយគ្រាន់តែបង្ហាញបីភស្តុតាង និង គោលបំណងច្បាស់លាស់ ប្រាប់ទៅកាន់ សមាជិក អាស៊ានថា កម្ពុជាកំពុងតែរងគ្រោះ ព្រោះតែប្រទេសថៃបាន បង្កសង្គ្រាមឈ្លានពានកម្ពុជា។ ទន្ទឹមគ្នានោះ លោកថា ប្រសិនបើ អាស៊ាន មិនមានសមត្ថភាពដោះស្រាយបញ្ហានេះឱ្យបានត្រឹមត្រូវទេ កម្ពុជាក៏ត្រូវតែ ប្ដឹងថៃ ទៅកាន់តុលាការអន្តរជាតិ ឱ្យបានឆាប់ មិនត្រូវឱ្យថៃបង្កបញ្ហាតាមតែអំពើចិត្តបែបនេះទេ។
លោក សេក សុជាតិ៖ «កម្ពុជាគួរតែស្នើសុំដាក់បញ្ចូលរបៀបវារៈរបស់ខ្លួននៅក្នុងកិច្ចប្រជុំចង្អៀតណាមួយ ដូចគ្នា ដើម្បីធ្វើការដោះស្រាយបញ្ហាផ្ទៃក្នុងរវាំងកម្ពុជា ហើយនឹងឱ្យដាច់ស្រឡះ បើមិនអ៊ីចឹងទេ វានឹងក្លាយទៅជំងឺរ៉ាំរ៉ៃ សម្រាប់ប្រទេសទាំងពីរហើយ វាក៏ជាឧបសគ្គ សម្រាប់ជំរុញនិងការស្ដារសាមគ្គីភាព សហគមន៍អាស៊ានដែរ»។
ប្រតិកម្មនេះធ្វើឡើង ក្រោយពីក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២៦ ខែមករា ថា រដ្ឋមន្ត្រីក្រសួងការបរទេស នឹងដឹកនាំ គណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំចង្អៀត ជាមួយនិង រដ្ឋមន្ត្រីការបរទេស អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឯទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ដែលនឹងធ្វើឡើង នៅថ្ងៃទី២៨-២៩ ខែមករា។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមមូលបទ “ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា” ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលសម្រេចបានចាប់តាំងពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កាលពីនៅ ប្រទេសម៉ាឡេស៊ី ព្រមទាំងពិភាក្សាអំពីអាទិភាព និងសមិទ្ធផលសំខាន់ៗ ស្របពេលដែលប្រទេសហ្វីលីពីន ធ្វើជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៦។ ទន្ទឹមគ្នានោះ កិច្ចប្រជុំនេះ ក៏នឹងជជែកលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និង ក្ដីកង្វល់រួម ដូចជា បញ្ហានៅប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែមិនឃើញលើកឡើងបញ្ហាថៃឈ្លានពានកម្ពុជានោះទេ។
ករណីនេះ អ្នកឃ្លាំមើលថា ជារឿងគួរឱ្យព្រួយបារម្ភ ព្រោះថា ថៃតែងតែមិនចង់ឱ្យអាស៊ានយកបញ្ហារបស់ថៃ ជាមួយកម្ពុជាទៅជជែកក្នុងរង្វង់កិច្ចប្រជុំអាស៊ាននោះទេ។
ទូរទស្សន៍អាស៊ីសេរី ពុំអាចទាក់ទងរដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន ដើម្បីឆ្លើយតបជុំវិញរឿងនេះ បានទេ នៅថ្ងៃទី២៧ ខែ មករា។ រីឯ រដ្ឋលេខាធិការប្រចាំក្រសួងការបរទេស អ្នកស្រី អ៊ាត សោភា ក៏មិនអាចទាក់ទងបានដែរ នៅថ្ងៃដដែល ដោយហៅទូរស័ព្ទចូល តែគ្មាន អ្នកទទួល ។
ទាក់ទិនរឿងនេះ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ លោក ម៉ែន ណាត លើកឡើងថា ការដែលអាស៊ាន មិនយកជម្លោះកម្ពុជា-ថៃ ជាបញ្ហាអាទិភាពនេះ ទំនងជាប្រធានអាស៊ានថ្មី ខ្លាចឥទ្ធិពលថៃ ព្រោះប្រទេសថៃតែងតែផ្ដល់ផលប្រយោជន៍ជាច្រើនមកលើប្រទេសហ្វីលីពីន។ ទន្ទឹមគ្នានោះ លោកថា បញ្ហាព្រំដែននេះ ទំនងជាថៃស្នើសុំដោះស្រាយ ត្រឹមទ្វេភាគី ដូចដែលភាគីថៃធ្លាប់ស្នើកន្លងមក។ ប៉ុន្តែយ៉ាងណា ការដោះស្រាយតាមរយៈទ្វេភាគី លោកថា កម្ពុជានឹងមិនទទួលបានយុត្តិធម៌ ពិតប្រាកដនោះទេ ហើយ ទីតាំងដែលយោធាថៃ បានកាន់កាប់ក្រោយសង្គ្រាម២១ថ្ងៃ នោះ ក៏ថៃមិនប្រគល់ឱ្យកម្ពុជាវិញដែរ។ ក្រៅពីយន្តការអាស៊ាន លោកថា ក៏កម្ពុជាត្រូវតែប្ដឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ និងតុលាការ ព្រហ្មទណ្ឌអន្តរជាតិ ICC ពាក់ព័ន្ធ អំពើឈ្លានពាន និងឧក្រិដ្ឋកម្មសង្គ្រាម។
លោក ម៉ែន ណាត៖ «មិនអាចទៅដោះបញ្ហាភូមារំលងកម្ពុជាបានទេ ព្រោះបញ្ហាភូមាជារឿងផ្ទៃក្នុង មានកម្រិតដូចចង្អៀតជាងបញ្ហាកម្ពុជា។ បញ្ហាកម្ពុជារវាងប្រទេសនឹងប្រទេស មានកម្រិតធំទូលាយ ហើយវាជាហានិភ័យដល់សន្តិសុខតំបន់។ បើករណីហ្វីលីពីនធ្វើអ៊ីចឹង ធ្វើឱ្យថៃនឹងបានចិត្ត ហើយធ្វើឱ្យសហគមន៍ អាស៊ាន ត្រូវបានគេទិតៀនថា ជាសមាគមដែលគ្មានឥទ្ធិពល គ្មានប្រយោជន៍សម្រាប់ការដោះស្រាយបញ្ហារបស់សមាជិកខ្លួនឯង»។
អ្នកតាមដានបញ្ហាសង្គម និងនយោបាយ លើកឡើងថា ស្របពេលពិភពលោកកំពុងច្របូកច្របល់កម្ពុជាមិនគួរដើរតួជាប្រទេស ទន់ខ្សោយឱ្យគេអាណិតនោះទេ ប៉ុន្តែ កម្ពុជាត្រូវធ្វើកិច្ចការងារការទូតឱ្យសកម្ម ស្មោះត្រង់ និងម៉ឺងម៉ាត់ ដើម្បីបង្ហាញឱ្យពិភពលោកឃើញថា កម្ពុជាជាប្រទេសដែលចង់បានសន្តិភាព និង គោរពច្បាប់អន្តរជាតិពិតប្រាកដ៕









