តុលាការ​អាមេរិក​កាត់ទោស​ឧក្រិដ្ឋជន​ចិន​ម្នាក់​​ករណី​​ឆបោក​អន​ឡាញ​នៅ​កម្ពុជា​ឱ្យ​ជាប់គុក​ជិត ៤​ឆ្នាំ

0
8
សាលក្រមតុលាការអាមេរិកកាត់ទោសឧក្រិដ្ឋជន​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ ជីនលៀង ស៊ូ (Jingliang Su) ឱ្យ​ជាប់គុក​ជិត ៤​ឆ្នាំ និង​បង្គាប់​ឱ្យ​បង់ប្រាក់​សំណង​ជិត ២៧​លាន​ដុល្លារ ក្រោម​បទចោទប្រកាន់​ពាក់ព័ន្ធ​នឹង​អំពើ​លាងលុយកខ្វក់​ជិត ៣៧​លាន​ដុល្លារ និង​អំពើ​ឆបោក​តាម​អនឡាញ​ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា​។ Screenshot

តុលាការ​សហរដ្ឋអាមេរិក​កាត់ទោស​ឧក្រិដ្ឋជន​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ ជីនលៀង ស៊ូ (Jingliang Su) ឱ្យ​ជាប់គុក​ជិត ៤​ឆ្នាំ និង​បង្គាប់​ឱ្យ​បង់ប្រាក់​សំណង​ជិត ២៧​លាន​ដុល្លារ ក្រោម​បទចោទប្រកាន់​ពាក់ព័ន្ធ​នឹង​អំពើ​លាងលុយកខ្វក់​ជិត ៣៧​លាន​ដុល្លារ និង​អំពើ​ឆបោក​តាម​អនឡាញ​ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា​។ តុលាការ​អាមេរិក​រក​ឃើញថា ឧក្រិដ្ឋជន ជីនលៀង ស៊ូ និង​បក្ខពួក​យ៉ាង​ហោច ៨​នាក់​ទៀត​បាន​ប្រើប្រាស់​កម្ពុជា​ធ្វើជា​មូលដ្ឋាន​សម្រាប់​លាងលុយកខ្វក់ និង​បាន​ដាក់​គោលដៅ​លើ​ជនរងគ្រោះ​ជា​ជនជាតិ​អាមេរិក​សម្រាប់​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ និង​ការ​ក្លែងបន្លំ​តាមរយៈ​វិស័យ​រូបិយប័ណ្ណ​គ្រីបតូ (Crypto)។

ក្រសួង​យុត្តិធម៌​អាមេរិក​នៅ​ថ្ងៃទី​២៨ ខែមករា ចេញ​សេចក្ដី​ប្រកាស​ថា ឧក្រិដ្ឋជន​ជនជាតិ​ចិន ជីនលៀង ស៊ូ និង​បក្ខពួក​របស់​ខ្លួន​ផ្សេងទៀត​បាន​ប្លន់​លុយ​ជនជាតិ​អាមេរិក​ចំនួន ១៧៤​នាក់ តាមរយៈ​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ និង​ការ​ក្លែងបន្លំ​តាមរយៈ​វិស័យ​រូបិយប័ណ្ណ​គ្រីបតូ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា។

ក្រសួង​យុត្តិធម៌​អាមេរិក​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ប្រតិបត្តិការ​ឆបោក​លុយ​របស់​ក្រុម​ឧក្រិដ្ឋជន ជីនលៀង ស៊ូ គឺ​ពួកគេ​បាន​ព្យាយាម​បញ្ចុះបញ្ចូល និង​ដាក់​គោលដៅ​ឆបោក​លើ​ជនជាតិ​អាមេរិក​តាមរយៈ​ការឃោសនា​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម និង​គេហទំព័រ​ក្លែងក្លាយ​ពី​ឱកាស​វិនិយោគ​ថ្មីៗ ដែល​អនុញ្ញាត​ឱ្យ​ឧក្រិដ្ឋជន​អាច​លួច​លុយ​ពី​ជនរងគ្រោះ និង​លាងលុយកខ្វក់​រាប់​សិប​លាន​ដុល្លារ។

តុលាការ​អាមេរិក​នៅក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា (California) នៅ​ថ្ងៃទី​២៧ ខែ​មករា បាន​សម្រេច​កាត់ទោស​ឧក្រិដ្ឋជន ជីនលៀង ស៊ូ មាន​សញ្ជាតិ​ចិន​ឱ្យ​ជាប់ពន្ធនាគារ ៣​ឆ្នាំ ៨​ខែ ពី​បទ​លាងលុយកខ្វក់​ជិត ៣៧​លាន​ដុល្លារ​ពី​ជនរងគ្រោះ​ដែល​បាន​មក​ការ​ក្លែងបន្លំ​តាមរយៈ​វិស័យ​រូបិយប័ណ្ណ​គ្រីបតូ និង​ប្រតិបត្តិការ​ឆបោក​តាម​អន​ឡាញ​ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា។ តុលាការ​អាមេរិក​ក៏​បង្គាប់​ឱ្យ​ឧក្រិដ្ឋជន ជីនលៀង ស៊ូ បង់ប្រាក់​សំណង​ជិត ២៧​លាន​ដុល្លារ ហើយ​ឧក្រិដ្ឋជន​រូបនេះ​ក៏បាន​សារភាព​កំហុស​កាលពី​ខែមិថុនា ឆ្នាំ​២០២៥ ចំពោះ​ដំណើរការ​អាជីវកម្ម​ឆបោក​តាម​អន​ឡាញ និង​ការផ្ទេរ​លុយ​ដោយ​ខុសច្បាប់​របស់​ខ្លួន។

តុលាការ​អាមេរិក​បញ្ជាក់​ទៀត​ថា ឧក្រិដ្ឋជន ជីនលៀង ស៊ូ គឺជា​ផ្នែក​មួយ​នៃ​បណ្ដាញ​ឧក្រិដ្ឋកម្ម​អន្តរជាតិ បញ្ចុះបញ្ចូល​ជនរងគ្រោះ​អាមេរិក​ឱ្យ​ផ្ទេរ​ប្រាក់​ទៅ​គណនី​ធនាគារ​បក្ខពួក​របស់​ខ្លួន។ តុលាការ​អាមេរិក​ក៏បាន​កាត់ទោស​បក្ខពួក​ឧក្រិដ្ឋជន ជីនលៀង ស៊ូ ចំនួន ២​នាក់​ទៀត​ក្នុង​នោះ​មានឈ្មោះ ហូសេ សូម៉ារីបា (Jose Somarriba) ឱ្យ​ជាប់គុក ៣​ឆ្នាំ និង​ឈ្មោះ ហ្សេងហ្សេង ហ៊ី (Shengsheng He) ឱ្យ​ជាប់គុក ៤​ឆ្នាំ ៣​ខែ ក្រោម​បទចោទប្រកាន់​ពាក់ព័ន្ធ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​ដោយ​ខុសច្បាប់។

ទាក់ទង​នឹង​ចំណាត់ការ​តុលាការ​អាមេរិក​នេះ ទូរទស្សន៍​អាស៊ីសេរី​មិនអាច​ទាក់ទង​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​អ្នកស្រី ជូ ប៊ុនអេង ដើម្បី​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃទី​២៨ ខែ​មករា។

ជុំវិញ​រឿង​នេះ អ្នក​អត្ថាធិប្បាយ​នយោបាយ និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ លើកឡើង​ថា អាមេរិក​នឹង​មិន​បន្ធូរដៃ​ក្នុង​ការ​កម្ចាត់​ឧក្រិដ្ឋកម្ម​អនឡាញ និង​កាត់ទោស​ឧក្រិដ្ឋជន​ឡើយ។ លោក​ថា ចំណាត់ការ​របស់​តុលាការ​អាមេរិក​ក៏​កំពុង​ធ្វើ​ឱ្យ​សមាជិក​ក្រុម​គ្រួសារ​រដ្ឋាភិបាល​ត្រកូល ហ៊ុន ជ្រួលច្របល់ និង​ជឿជាក់​ថា ជោគវាសនា​ពួកគេ​ទំនង​ក៏​មិន​ខុសពី​ឧក្រិដ្ឋជន​ចិន​នោះ​ឡើយ​ដែល​តុលាការ​អាមេរិក​នឹង​កាត់ទោស​ក្នុង​សំណុំរឿង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​នៅ​ថ្ងៃ​អនាគត។

លោក គឹម សុខ៖ «អាមេរិកកាំង​កាត់ទោស​មេ​បណ្ដាញ​ម្នាក់​ម្ដងៗ ហើយ​រឿង​នេះ​វា​អាច​ហៀរ​ដល់​សមាជិក​នៃ​ក្រុម​គ្រួសារ ហ៊ុន តែម្ដង ឬក៏​ទម្រាំ​ដល់​ការ​កាត់ទោស​សមាជិក​ណា​ម្នាក់​នៃ​ក្រុម​គ្រួសារ ហ៊ុន អាមេរិក​អាច​ជំរុញ​ឱ្យ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ក្នុង​បញ្ជី​ប្រផេះ ឬ​បញ្ជីខ្មៅ​នៃ​ការ​ចរាចរ​ហិរញ្ញវត្ថុ​អន្តរជាតិ ដើម្បី​ខ្ទប់​ដង្ហើម​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត តែម្ដង ព្រោះ​សហរដ្ឋអាមេរិក​ដឹង​ច្បាស់​ណាស់​ថា លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ ហ៊ុន គឺជា​មេ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​អន្តរជាតិ»។

កាលពី​ចុង​ឆ្នាំ​២០២៥ តុលាការ​អាមេរិក​ក៏បាន​ចេញ​ដីកា​ឱ្យ​តុលាការ​នៅ​ទីក្រុង​ញូវយ៉ក (New York) ចេញ​ដីកាចាប់ខ្លួន​ទីប្រឹក្សា​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត គឺ​ឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) ពីបទ​ឃុបឃិត​លាងលុយកខ្វក់ និង​ឃុបឃិត​ក្លែងបន្លំ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។ ទោះជា​យ៉ាងណា រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​បញ្ជូន​ឧក្រិដ្ឋជន​រូប​នេះ​ទៅ​ដំណើរការ​ក្ដីក្ដាំ​នៅ​តុលាការ​ចិន​វិញ បន្ទាប់ពី​ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ព្រីនស៍ គ្រុប (Prince Group) និង​បង្កក​ទ្រព្យសម្បត្តិ ឧក្រិដ្ឋជន ចេន ហ្ស៊ី ប្រមាណ ១៥​ពាន់​លាន​ដុល្លារ​ដែល​បាន​មក​ពី​អំពើ​ឆបោក​តាម​អនឡាញ និង​អំពើ​លាងលុយកខ្វក់​នៅ​កម្ពុជា។

ក្រៅពី​ចំណាត់ការ​តុលាការ​អាមេរិក​លើ​ក្រុម​ឧក្រិដ្ឋជន​អន្តរជាតិ​ឆបោក​តាម​អនឡាញ សមាជិកសភា​អាមេរិក​ក៏​កំពុង​ដាក់​មន្ត្រី​កំពូលៗ​របស់​កម្ពុជា និង​គ្រួសារ​របស់​ពួកគេ រួម​ទាំង​អ្នកជំនួញ​ធំៗ​មួយចំនួន​ចូលក្នុង​បញ្ជី​ដាក់ទណ្ឌកម្ម​ក្នុង​សេចក្តី​ស្នើ​ច្បាប់ H.R5490 ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​នេះ​ដែរ​។ អ្នក​ទាំងនោះ​រួមមាន​ដូចជា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី​លោក នេត សាវឿន អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ត្រូវជា​ប្អូនថ្លៃ​របស់​លោក ហ៊ុន ម៉ាណែត គឺ​លោក ឌី វិជ្ជា បងប្អូន​ជីដូន​មួយ​របស់​លោក ហ៊ុន ម៉ាណែត គឺ​លោក ហ៊ុន តូ អភិបាល​ខេត្ត​កណ្តាល លោក គួច ចំរើន ម្ចាស់​ក្រុមហ៊ុន​កាស៊ីណូ​ក្រោន និង​ជា​សមាជិក​ព្រឹទ្ធសភា​របស់​បក្ស​កាន់អំណាច លោក កុក អាន អភិបាល​រង​ខេត្ត​ព្រះសីហនុ លោក ឡុង ឌីម៉ង់ និង​កូនប្រុស​អតីត​ឧបនាយករដ្ឋមន្ត្រី​លោក យឹម ឆៃលី គឺ​លោក យឹម លក្ខណ៍​ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ