

អាជ្ញាធរមូលដ្ឋាន និងតំណាងពលរដ្ឋរងគ្រោះដីធ្លី នៅស្រុកសំបូរ ខេត្តក្រចេះ នាំគ្នាចូលឆ្លើយបំភ្លឺតាមការកោះហៅរបស់តុលាការ ក្រោយអាជ្ញាធរបានចាប់តំណាងរបស់ពួកគាត់ម្នាក់ដាក់ពន្ធនាគារ ដោយចោទពីបទកាប់រុករានទន្ទ្រានដីព្រៃខុសច្បាប់។ ពលរដ្ឋរងគ្រោះអះអាងថា ពួកគាត់ស្វែងរកកិច្ចអន្តរាគមន៍ពីប្រមុខរដ្ឋាភិបាលនឹងនាំគ្នាឡើងទៅរាជធានីភ្នំពេញម្ដងទៀត។
ពលរដ្ឋរងគ្រោះដីធ្លីនៅខេត្តក្រចេះ អះអាងថា តំណាងពលរដ្ឋរងគ្រោះដីធ្លីចំនួន៥នាក់ និងអាជ្ញាធរឃុំ បានចូលឆ្លើយបំភ្លឺតាមការកោះហៅរបស់តុលាការខេត្តក្រចេះរួចហើយ កាលពីថ្ងៃទី២៩ ខែមករា ដែលក្រុមហ៊ុនបានប្ដឹងតំណាងពលរដ្ឋពាក់ព័ន្ធនឹងការចោទប្រកាន់រំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋដោយខុសច្បាប់ និងបានប្រើប្រាស់អំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត។ តំណាងពលរដ្ឋចំនួន៥នាក់នោះ រួមមាន លោក អ៊ុន សុខុំ លោក ប្រុក ភារម្យ លោក ឌុច សាគី លោក ស៊ឹង ករុណា លោកស្រី អែល រ៉ូស្សា និងអាជ្ញាធរឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ។
តំណាងពលរដ្ឋរងគ្រោះដីធ្លី លោកស្រី អែល រ៉ូស្សា អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៣០ ខែមករាថា តុលាការបានសួរដេញដោលភាគីទាំងពីរពាក់ព័ន្ធនឹងបញ្ហាដីធ្លី ហើយចៅក្រមហាក់បានព្យាយាមដាក់បន្ទុកទៅលើតំណាងពលរដ្ឋទាំង៥រូប ដោយចោទថា ពលរដ្ឋបានរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ។ លោកស្រីបន្ថែមថា អាជ្ញាធរឃុំក៏បានបញ្ជាក់ប្រាប់ចៅក្រមថា តំណាងពលរដ្ឋរងគ្រោះដីធ្លីទាំង៥នាក់ និងលោក ភេន ឡៃ មិនបានប្រព្រឹត្តដូចការចោទប្រកាន់នេះឡើយ ដោយពួកគាត់អាស្រ័យផលនៅលើដីយូរណាស់មកហើយ។
លោកស្រី អែល រ៉ូស្សា៖ «គេចោទប្រកាន់យើងខ្លាំងខ្លាដែរ ប៉ុន្តែខ្ញុំគិតថា ប្រជាពលរដ្ឋជារបស់រដ្ឋ បើប្រជាពលរដ្ឋរស់នៅលើដីរបស់រដ្ឋអត់បាន សួរថា ពួកខ្ញុំប្រជាពលរដ្ឋបែបម៉េច ចំណែកប្រជាពលរដ្ឋដូចខ្ញុំនេះ ហេតុអ្វីបានជារស់នៅលើដីរដ្ឋអត់បាន វាមូលហេតុអ្វី»។
លោកស្រី អែល រ៉ូស្សា អះអាងទៀតថា ពលរដ្ឋហាក់គ្មានជំនឿថា តុលាការខេត្តក្រចេះ នឹងសម្រេចឲ្យពលរដ្ឋឈ្នះក្ដីលើកនេះនោះទេ ពីព្រោះភាគីក្រុមហ៊ុនបានបង្ហើបថា ពួកគេនឹងរកល្បិចដើម្បីធ្វើយ៉ាងណា ដណ្ដើមយកដីស្រែចម្ការទាំងនោះមកគ្រប់គ្រង។ ប៉ុន្តែលោកស្រីថា ពលរដ្ឋនឹងនាំគ្នាឡើងទៅរាជធានីភ្នំពេញម្ដងទៀត ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីប្រមុខរដ្ឋាភិបាល។
ជុំវិញរឿងនេះ ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទង អ្នកនាំពាក្យសាលាដំបូងខេត្តក្រចេះ លោក ទីវ វុធធេន ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី៣០ ខែមករា។ ចំណែកតំណាងក្រុមហ៊ុនទាំងពីរក៏ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
នៅមុនពេលកោះហៅតំណាងពលរដ្ឋទាំង៥រូបនេះ តុលាការខេត្តក្រចេះ ក៏បានសម្រេចឃុំខ្លួនបណ្ដោះអាសន្ន តំណាងពលរដ្ឋម្នាក់ គឺលោក ភេន ឡៃ កាលពីថ្ងៃទី១១ ខែមករាកន្លងទៅ ក្រោយមន្ត្រីបរិស្ថានចាប់ខ្លួន និងចោទប្រកាន់ ពីបទកាប់រុករានទន្ទ្រានដីព្រៃដោយខុសច្បាប់។ ប៉ុន្តែពលរដ្ឋចាត់ទុកការឃុំខ្លួននេះ ជាការគំរាមកំហែង និងចង់ច្បាមយកដីស្រែចម្ការរបស់ពួកគាត់ ឲ្យទៅក្រុមហ៊ុនឯកជន។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យិន ម៉េងលី យល់ឃើញថា អាជ្ញាធរគួរតែស្វែងរកដំណោះស្រាយ ដោយកាត់ឆ្វៀលដីធ្លីទាំងនោះឲ្យពលរដ្ឋបានអាស្រ័យផលវិញ មិនគួរអូសបន្លាយយកឈ្នះចាញ់ទៅលើពលរដ្ឋរបស់ខ្លួននោះទេ។ លោកបន្ថែមថា នៅពេលដែលពលរដ្ឋស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិ មានន័យថា ពលរដ្ឋគ្មានជំនឿនទៅលើអាជ្ញាធរថ្នាក់ក្រោមជាតិទៀតនោះទេ ក្នុងការស្វែងរកដំណោះស្រាយមានតម្លាភាព និងយុត្តិធម៌ដល់ពួកគាត់។
លោក យិន ម៉េងលី៖ «ក្រសួងពាក់ព័ន្ធធ្វើការកាត់ឆ្វៀលឲ្យពួកគាត់ ចុះពិនិត្យជាក់ស្ដែងថាតើពួកគាត់មានដំណាំអ្វីខ្លះ កាត់ឆ្វៀលឲ្យពួកគាត់ទៅ ដើម្បីបញ្ចប់បញ្ហា ហើយយើងធ្វើការបោះបង្គោលព្រំដែនទៅ ហើយរឿងនេះវាចប់ហើយ ហើយវាក៏ជាមុខមាត់របស់ក្រសួង និងរដ្ឋាភិបាលដែរ ពាក់ព័ន្ធនឹងបញ្ហាដីធ្លី ដែលមានពលរដ្ឋស្រែកយំរបស់ពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាដីធ្លីនេះ»។
ក្រុមហ៊ុនវៀតណាម កាម៉ាដេនូ វេនឈ័រ និងក្រុមហ៊ុន អិន ខេ អេហ្គ្រី (NK Agri) ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល ជិត១ម៉ឺន៧ពាន់ (១៦,៥២៧)ហិកតារ កាលពីឆ្នាំ២០០៩ ដើម្បីដាំដំណាំអំពៅ ប៉ុន្តែបានក្ស័យធន់នៅឆ្នាំ២០១៧។ ប៉ុន្តែនៅឆ្នាំ២០២១ក្រុមហ៊ុនវៀតណាម កាម៉ាដេនូ វេនឈ័រ (ខេមបូឌា) (Kamdhenu Ventures Cambodia Limited (KVCL) ) និងក្រុមហ៊ុនកសិកម្ម យុវជន ស្វាយរៀង បានសហការគ្នាដំណើរការវិនិយោគឡើងវិញ ដើម្បីផលិតស្ករអំពៅ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសកម្ពុជានិងវៀតណាម ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលជាង៧ពាន់ (៧.៤៥០) ហិកតារ ។ ខណៈក្រុមហ៊ុនទាំងពីរនេះ បានឈូសឆាយបំផ្លាញផលដំណាំ ដុតផ្ទះសម្បែង និងហ៊ុមព័ទ្ធយកដីស្រែចម្ការរបស់ពលរដ្ឋនៅឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ជាង៣០០គ្រួសារថែមទៀតផង៕








