

ពលរដ្ឋរងគ្រោះ ដោយការចាញ់បោកប្រាក់ក្រុមហ៊ុនពិភពដីមាសរបស់អតីតឧកញ៉ា ហ៊ី គឹមហុង ថា ពលរដ្ឋនឹងរងទុក្ខវេទនាកាន់តែខ្លាំង បើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនជំរុញឲ្យតុលាការពន្លឿន ដំណោះស្រាយជូនពលរដ្ឋ ឲ្យបានឆាប់រហ័សនោះទេ។ សង្គមស៊ីវិល លើកឡើងថា បើមិនមានដំណោះស្រាយបញ្ហានេះជះឥទ្ធិពលមិនល្អដល់សង្គមទាំងមូល។
ពលរដ្ឋ ដែលដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុនលោក ហ៊ី គឹមហុង លើកឡើងថា ចំនួនពលរដ្ឋ ដែលស្លាប់ដោយសារវិបត្តិផ្លូវចិត្ត និងសម្ពាធបំណុលធនាគារ នឹងកើនឡើងច្រើន បើតុលាការក្រុងភ្នំពេញពន្យារពេលដោះស្រាយសំណងជូនពួកគាត់។ ពលរដ្ឋរងគ្រោះអះអាងថា មកដល់ពេលនេះ អ្នកស្លាប់កើនដល់ជិត ៤០នាក់ហើយ។
ពលរដ្ឋរងគ្រោះនៅខេត្តបាត់ដំបង លោកស្រី កាន់ កូយ ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ដោយសារការចាញ់បោកក្រុមហ៊ុនពិភពដីមាស ប្ដីរបស់លោកស្រីចេះតែគិតច្រើន បណ្ដាលឲ្យមានបញ្ហាសុខភាព និង បានស្លាប់ចោលលោកស្រីបាត់ទៅហើយ។
លោកស្រី កាន់ កូយ៖ «គាត់ស្លាប់ចោលយើងទៅ គឺយើងរស់នៅតែឯង រកលុយអត់បានអ៊ីចឹង។ គាត់នៅទៅបានគាត់ធ្វើស្រែធ្វើអីសងគេទៅ ពេលយើងអត់ពីគាត់ទៅ យើងរស់នៅតែឯងអត់បានធ្វើស្រែធ្វើភ្លឺអី មានលុយណាសងគេ។ ធនាគារដោះស្រាយមិនបានទេ រកលុយគេគំរាមយើងរាល់ថ្ងៃ។ គាត់ស្លាប់ជិត១ ឆ្នាំហើយ គាត់ស្លាប់កាលចូលឆ្នាំ ឥឡូវជិតចូលឆ្នាំទៀតហើយ»។
ពលរដ្ឋម្នាក់ទៀត នៅខេត្តបាត់ដំបង លោក សោម ឆេង លើកឡើងថា ក្នុងចំណោមពលរដ្ឋ ១ពាន់នាក់ ដែលដាក់ពាក្យប្ដឹងក្រុមហ៊ុន មានអ្នករងគ្រោះចំនួន ៣៦នាក់ហើយ ដែលបានស្លាប់ដោយសារតែវិបត្តិផ្លូវចិត្ត និងសម្ពាធគ្មានប្រាក់សងធនាគារ។ លោកថា ក្នុងរយៈពេល ៣ឆ្នាំមកនេះ ពលរដ្ឋរងគ្រោះខ្លះលក់ដីស្រែផង និងដីផ្ទះផង នៅតែសងធនាគារ និងដោះបំណុលឯកជន មិនរួច ខណៈអ្នកខ្លះទៀត ស្លាប់ទាំងប្ដីប្រពន្ធបន្សល់បន្ទុកបំណុលឲ្យសាច់ញាតិបន្តសងជំនួស។
លោក សោម ឆេង៖ «សងមិនទាន់រួចហើយ គាត់ក៏ស្លាប់ទៀតទាំងប្ដីទាំងប្រពន្ធ ហើយបំណុលនឹងក្មួយនៅជាមួយអ្នករ៉ាប់រងសងជំនួសវិញ ហើយក្មួយនឹងក៏វា មិនមានមុខរបរអីធំដុំដែរ ដើរស៊ីឈ្នួលធ្វើសំណង់អីផ្សេងៗវាមិនស្ថិតស្ថេរអីប៉ុន្មានផង»។
លោក សោម ឆេង បន្តថា កាលណាតុលាការ និងរដ្ឋាភិបាល ចេះតែអូសបន្លាយពេលវេលាតាមការចង់បាន របស់ក្រុមហ៊ុនឧកញ៉ាបោកប្រាស់ នោះឧកញ៉ាខិលខូចកាន់តែបំពានច្បាប់ សង្គមកាន់តែច្របូកច្របល់ ប្រជាពលរដ្ឋកាន់តែក្រីក្រវ័ណ្ឌកដោយបំណុល ហើយពលរដ្ឋរងគ្រោះស្លាប់កាន់តែច្រើន ដោយសារវិបត្តិផ្លូវចិត្តចាញ់ការឆបោក របស់ឧកញ៉ាទាំងនោះ។
លោក សោម ឆេង៖ «បើសិនណាតុលាការពន្យារពេល ទៅតាមជនដែលបោកប្រាស់ ហ្នឹង ស្នើសុំអី ឬមួយក៏បក្ខពួកផ្សេងៗរបស់ក្រុមហ៊ុនហ្នឹង ស្នើសុំអី តុលាការយល់ព្រមតាមនីតិវិធីរបស់ជនឆបោកហ្នឹង ឬមួយក៏រាជរដ្ឋាភិបាលលើកពេលវេលា តទៅទៀតប្រហែលជាបាត់បង់អាយុជីវិតច្រើន ដោយការរងទុក្ខវេទនាមិនមានចំណូលហើយក៏បាត់បង់ដីកេរ្តិ៍ជីដូនជីតា ម៉ែឪដែលចែកតិចតួចរស់នៅហ្នឹងដែរ»។
ការលើកឡើងរបស់ពលរដ្ឋរងគ្រោះនេះ ក្រោយពីសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមករា បានបើកសវនាការជាថ្មីពាក់ព័ន្ធនឹងការផ្ដល់សំណងទៅជនរងគ្រោះ ក្នុងសំណុំរឿងឆបោករបស់ក្រុមហ៊ុនពិភពដីមាសរបស់ឧកញ៉ា ហ៊ី គឹមហុង។ តំណាងពលរដ្ឋបានបញ្ជាក់ថា គិតមកថ្ងៃទី០៤ ខែកុម្ភៈ ពួកគាត់នៅមិនទាន់ទទួលបានដំណឹងអំពីថ្ងៃបើកសវនាការលើកទី៣ នៅឡើយទេ។
ទូរទស្សន៍អាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ និងអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេ នៅថ្ងៃទី៤ ខែកុម្ភៈ។
ពលរដ្ឋរងគ្រោះនៅខេត្តកំពត លោកស្រី នូច មុំ ប្រាប់ទូរទស្សន៍អាស៊ីសេរីថា សព្វថ្ងៃគ្រួសារលោកស្រីមិនមានប្រាក់សងបំណុលធនាគារទេ ដោយសារបាត់បង់ប្ដីដែលជាបង្គោលរកចំណូលសម្រាប់គ្រួសារ។ លោកស្រីបញ្ជាក់ថា ប្ដីរបស់លោកស្រី មានជំងឺបាក់ទឹកចិត្ត រហូតដល់ធ្លាក់ខ្លួនឈឺស្លាប់ បន្ទាប់ពីដឹងខ្លួនចាញ់បោកក្រុមហ៊ុនពិភពដីមាស ហើយរដ្ឋាភិបាលអូសបន្លាយដំណោះស្រាយយូរពេក។
លោកស្រី នូច មុំ៖ «ឆ្ងល់ត្រង់ថា ត្រឹមបុគ្គលម្នាក់ ធ្វើបាបប្រជាពលរដ្ឋរាប់ពាន់នាក់ ហើយមិនមានដំណោះស្រាយឲ្យចង់ឆ្ងល់ដែរ។ អត់ដឹងខ្ញុំអត់ដឹង គ្រាន់តែឆ្ងល់គេ នៅរាល់ថ្ងៃហើយអត់មានដំណោះស្រាយអីបានលឿន ដឹងខាងច្បាប់ម៉េចវិញ បានអ៊ីចឹង»។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត លើកឡើងថា រដ្ឋាភិបាលគួរតែជួយជំរុញ ឲ្យនីតិវិធីនៅតុលាការដើរឲ្យបានលឿន ដើម្បីសម្រេចឲ្យបានឆាប់រហ័សថា ពលរដ្ឋរងគ្រោះបានសំណងប៉ុន្មាន និងយុត្តិធម៌កម្រិតណាឲ្យឆ្លើយតបនឹងដំណោះស្រាយសម្រាលទុក្ខលំបាក និង បំណុលវ័ណ្ឌករបស់ប្រជាពលរដ្ឋ។ លោកថា បញ្ហានេះកើតឡើងរវាងពលរដ្ឋនិងក្រុមហ៊ុនឯកជនមែន ប៉ុន្តែជះឥទ្ធិពលមិនល្អ ដល់សង្គមទាំងមូល។
លោក អំ សំអាត៖ «ពលរដ្ឋរងគ្រោះជាបន្តបន្ទាប់ វាមិនមែនជារឿងសាមញ្ញទេ វា ក្លាយជារឿងមួយគួរឲ្យព្រួយបារម្ភនៅពេលដែលពលរដ្ឋរងគ្រោះច្រើនហើយ នៅពេលដែលគាត់អស់ជំនឿ ហើយគាត់សម្រេចចិត្តដោយខ្លួនពួកគាត់។ អាហ្នឹងវាអាចនឹងប៉ះពាល់សង្គម ហើយពលរដ្ឋរងគ្រោះកាន់តែច្រើន អាហ្នឹងវាប៉ះពាល់ទៅដល់ជីវភាពរស់នៅ ប៉ះពាល់ទៅដល់សង្គមជាតិ ហើយសួរថា អ្នកណាដែលត្រូវទទួលខុសត្រូវទៀត គឺរដ្ឋាភិបាល។ បើពលរដ្ឋជួបភាពអត់ឃ្លាន ជួបការខ្វះខាត គឺរដ្ឋាភិបាលត្រូវទទួលខុសត្រូវ»។
អតីតឧកញ៉ា ហ៊ី គីមហុង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីខែសីហា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងបទចោទឆបោកមានស្ថានទម្ងន់ទោស បន្ទាប់ពីក្រុមប្រជាពលរដ្ឋ បានដាក់ពាក្យបណ្ដឹងប្ដឹងឧកញ៉ារូបនេះ។ ប៉ុន្តែ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៣ ម្ចាស់ក្រុមហ៊ុនពិភពដីមាសអតីតឧកញ៉ា ហ៊ី គឹមហុង ត្រូវបានសាលាឧទ្ធរណ៍ភ្នំពេញ ដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន បន្ទាប់ពីជាប់ពន្ធនាគារប្រមាណ ៣ខែ។
អ្នកឃ្លាំមើលលើកឡើងថា វិបត្តិឆបោក របស់ក្រុមហ៊ុនឧកញ៉ានានាក្នុងសង្គមខ្មែរ ពុំមានដំណោះស្រាយយុត្តិធម៌ឡើយ បើពលរដ្ឋរងគ្រោះ មិនប្រមូលផ្ដុំគ្នាចេញតវ៉ា។ ពួកគាត់ថា ការសំងំរង់ចាំតែអង្វរតុលាការ និងរដ្ឋាភិបាល ឲ្យផ្ដល់ ដំណោះស្រាយ គឺជាការចាញ់បោករដ្ឋាភិបាលមួយជាន់ទៀត បន្ទាប់ពីក្រុមហ៊ុន ឧកញ៉ាបោកប្រាក់ហើយ ពីព្រោះរដ្ឋាភិបាល ព្យាយាមពន្យារពេលឲ្យពលរដ្ឋ រងគ្រោះ ហត់នឿយក្នុងការស្វែងរកយុត្តិធម៌ប៉ុណ្ណោះ ប៉ុន្តែមិនរកដំណោះស្រាយពិតប្រាកដឱ្យពលរដ្ឋនោះទេ៕









