សមាគម​ខ្មែរ​កម្ពុជា​ក្រោម​សង្ឃឹម​ថា នឹង​មាន​ការ​ឆ្លើយតប​ពី​មេដឹកនាំ​វៀតណាម​បន្ទាប់​ពី​ដាក់​ញត្តិ

0
30
ថ្នាក់​ដឹកនាំ​កម្ពុជា និង​វៀតណាម​ជួបគ្នា​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៦ កុម្ភៈ ២០២៦។ រូប៖ ទទក
ថ្នាក់​ដឹកនាំ​កម្ពុជា និង​វៀតណាម​ជួបគ្នា​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៦ កុម្ភៈ ២០២៦។ រូប៖ ទទក

ក្រុម​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម រង់ចាំ​ការ​ឆ្លើយតប​ពី​រដ្ឋាភិបាល​វៀតណាម​បន្ទាប់ពី​ដាក់​ញត្តិ​តាមរយៈ​ស្ថានទូត​វៀតណាម​នៅ​ក្រុងភ្នំពេញ នៅមុន​ដំណើរ​ទស្សនកិច្ច​របស់​អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម លោក តូ ឡឺម (To Lam) នៅ​កម្ពុជា​នៅ​ថ្ងៃទី​៦ ខែកុម្ភៈ។ រីឯ​អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ ទាមទារ​ឲ្យ​មេដឹកនាំ​កម្ពុជា ហ៊ាន​លើកយក ទុក្ខវេទនា​របស់​ខ្មែរក្រោម​ប្រាប់​មេដឹកនាំ​កំពូល​របស់​វៀតណាម​ឲ្យ​ផ្ដល់​ដំណោះស្រាយ។

ក្រុម​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​អ្នកជំនាញ​កិច្ចការ​អន្តរជាតិ​ទទូច​ឲ្យ​រដ្ឋាភិបាល​វៀតណាម​គោរព​សិទ្ធិ​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្រោម ជាពិសេស​ត្រូវ​ដោះលែង​ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម​ទាំង ១២ អង្គ​និង​រូប​កំពុង​ជាប់ពន្ធនាគារ​យ៉ាង​អយុត្តិធម៌​ឱ្យ​មាន​សេរីភាព​ឡើងវិញ។

អនុប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក​បណ្ឌិត សឺន ជុំជួន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា បញ្ហា​ឈឺចាប់ ដែល​បាន​កើតឡើង​ចំពោះ ពលរដ្ឋ​ខ្មែរក្រោម មាន​ច្រើន​លើសលប់​។ ដូច្នេះ លោក​ថា អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​បាន​ដាក់​ញត្តិ ប្រាប់​ថ្នាក់ដឹកនាំ​កំពូល​វៀតណាម នូវ​ទង្វើ​របស់​សមត្ថ​កិច្ច​អាជ្ញាធរ​វៀតណាម ដែល​បាន​ប្រព្រឹត្ត​ទៅលើ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ជា​ម្ចាស់​ទឹកដី​កម្ពុជា​ក្រោម នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម​សព្វថ្ងៃ។

លោក​បណ្ឌិត សឺន ជុំជួន សង្ឃឹមថា ញត្តិ​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នឹង​ដល់ដៃ​ប្រមុខ​ដឹកនាំ​កំពូល​នៃ​ប្រទេស​វៀតណាម ឲ្យ​ផ្ដល់​ដំណោះស្រាយ។

បណ្ឌិត សឺន ជុំជួន៖ «អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម គាត់​មក​ធ្វើ​ទស្សន ច្ច​ជា ផ្លូវការ​នៅ​កម្ពុជា។ គាត់​ជា​រដ្ឋ​តំណែង​ដ៏​កំពូល​នៅក្នុង​ប្រទេស​វៀតណាម​។ អ៊ីចឹង​គាត់​អាច​មាន​ឥទ្ធិពល នៅក្នុង​ការ​ដឹងឮ​រាល់​បញ្ហា​របស់​យើង ដែល​ជា​ទុក្ខ​កង្វល់​របស់​យើង​។ គាត់​ជា​បុគ្គល​ដែល​មាន​ឥទ្ធិពល​អាច លើកយក​ទៅដល់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​វៀតណាម ដើម្បី​ឲ្យ​ឃើញថា អ្វី​ដែល​ជា​បញ្ហា​ដែល​ខ្មែរក្រោម​លើកឡើង មិនមែ​នជា​បញ្ហា ដែល​កើតឡើង​ថ្មីៗ​នោះ​ទេ គឺ​មាន​ជាច្រើន​ទសវត្សរ៍​មក​ហើយ​ដែល​កើតឡើង​ជារឿយៗ ហើយ​អំពើ និង​ទង្វើ​ដែល​កើតឡើង​មាន​ចំនួន​តិចតួច​បំផុត ដែល​ត្រូវ​បាន​ដោះស្រាយ»។

ទូរទស្សន៍​អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ ពី​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​ទេ នៅ​ថ្ងៃទី៥ ខែ​កុម្ភៈ។

លេខាធិការដ្ឋាន នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​សមាជិក​ចំនួន​៩ បាន​ដាក់​ញត្តិ​តាម​សារ​អេឡិចត្រូនិក (​អ៊ីមែល​) ទៅកាន់​ស្ថានទូត​វៀតណាម​ប្រចាំ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​០៣ ខែកុម្ភៈ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​វៀតណាម បញ្ឈប់​នូវ​រាល់​ការរំលោភ​សិទ្ធិមនុស្ស សិទ្ធិ​ជនជាតិ​ដើម​ខ្មែរក្រោម និង​ត្រូវតែ​ដោះលែង​ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម​ទាំងអស់ ដែល​កំពុង​ជាប់​ឃុំឃាំង​។ ញត្តិ​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម​លោក តូ ឡឹម ត្រៀម​នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​៦ ខែកុម្ភៈ​។ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ស្នើ​ឲ្យ​វៀតណាម​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​នូវ​នីតិវិធី​ពេល​មាន​សវនាការ ចំពោះ​ជន​ត្រូវ​ចោទ ជាពិសេស លើ​ជន​ត្រូវ​ចោទ​ជា​ខ្មែរក្រោម ពោល​គឺ​ត្រូវ​អនុញ្ញាត​ឱ្យ​ជន​ត្រូវ​ចោទ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ស្វែងរក​មេធាវី ដើម្បី​ការពារ​ក្ដី។

អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​ស្នើ​យ៉ាង​ទទូច​ដល់​រដ្ឋអំណាច វៀតណាម​ត្រូវតែ​អនុញ្ញាត​ដល់​គណៈ​ពុទ្ធសាសនា​ថេរវាទ​ខ្មែរក្រោម មាន​សមាគម​ដាច់ដោយឡែក​ពី​សមាគម​ព្រះពុទ្ធសាសនា​វៀតណាម ដើម្បី​មានឱកាស​ក្នុង​ការ​ប្រណិប័តន៍​ធម៌​វិន័យ​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ ស្រប​ទៅ​តាម​គោលការណ៍ នៃ​សេរីភាព​សាសនា​របស់​អង្គការសហប្រជាជាតិ។

អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ក៏បាន​ស្នើ​ឱ្យ​រដ្ឋសភា​វៀតណាម ធ្វើ​វិសោធនកម្ម​មាត្រា ៣៣១ នៃ​ក្រមព្រហ្មទណ្ឌ​របស់​វៀតណាម ឱ្យ​សមស្រប​ទៅតាម​រដ្ឋធម្មនុញ្ញ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សេចក្ដីប្រកាស និង​កតិកាសញ្ញា​នានា​ស្ដីពី​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ដែល​ប្រទេស​វៀតណាម​ជា​ហត្ថលេខី។ បន្ថែម​លើ​នេះ​ទៀត អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ទាមទារ​ឲ្យ​រដ្ឋអំណាច​វៀតណាម ទទួលស្គាល់​ជា​ផ្លូវការ​ជនជាតិ​ខ្មែរក្រោម ដែល​កំពុង​រស់នៅ​ក្រោម​ការគ្រប់គ្រង​របស់​វៀតណាម ជា​ជនជាតិ​ដើម​ពេញ​សិទ្ធិ។

ជុំវិញ​រឿង​នេះ អ្នកជំនាញ​កិច្ចការ​អន្តរជាតិ លោក សេង វណ្ណលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ញត្តិ​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ឆ្លុះបញ្ចាំង​អំពី​សាមគ្គីភាព​របស់​ខ្មែរ ដែល​មាន​ឈាមជ័រ​តែមួយ។ លោក​បន្ថែម​ថា ញត្តិ​នេះ ក៏​រំឭក​ឲ្យ​រដ្ឋអំណាច​កុម្មុយនីស្ត​វៀតណាម មាន​កាតព្វកិច្ច​គោរព​សិទ្ធិ​ខ្មែរក្រោម​ជា​ជនជាតិ​ដើម។

លោក សេង វណ្ណលី លើកឡើង​ថា ក្រុម​អ្នកដឹកនាំ​នៅ​កម្ពុជា គួរ​ចាត់ទុក​ជំនួប​ជាមួយ​លោក តូ ឡឺម ជា​ឱកាស​មាស ដើម្បី​ជំរុញ​ឲ្យ​មេដឹកនាំ​កំពូល​របស់​វៀតណាម ដោះស្រាយ​បញ្ហា​រងគ្រោះ​របស់​ប្រជាពលរដ្ឋ​ខ្មែរក្រោម តាម​ខ្លឹមសារ​ញត្តិ​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​។ លោក​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បង្ហាញ​ការទទួលខុសត្រូវ ចំពោះ​ពូជសាសន៍​ខ្លួន ទោះ​រស់នៅ​ទីណា​ក៏ដោយ ដោយ​ប្រើ​យន្តការ​ការទូត​ស្មើមុខ។

លោក សេង វណ្ណលី៖ «ការ​ទាមទារ​ឲ្យ​បញ្ចប់​រាល់​ការរំលោភ​សិទ្ធិមនុស្ស និង​ការ​ដោះលែង​ព្រះសង្ឃ​ព្រមទាំង​សកម្មជន ដែល​ត្រូវ​បាន​ឃុំខ្លួន​ដោយ​ដ៏​អយុត្តិធម៌ គឺជា​ជំហាន​មួយ​ដ៏​ត្រឹមត្រូវ​នៅក្នុង​ការស្វែងរក​យុត្តិធម៌​សង្គម និង​ការ​ថែរក្សា នូវ​អត្តសញ្ញាណ​ជំនឿ​សាសនា និង​វប្បធម៌​ខ្មែរ នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម មិន​ឲ្យ​រលាយ​បាត់បង់​។ ចំពោះ​ផល​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​វិញ សកម្មភាព​នេះ មិន​គួរ​ត្រូវ​បាន​មើលឃើញ​ថា ការ​រំខាន​ដល់​ចំណងមិត្តភាព​រវាង​​កម្ពុជា និង​វៀតណាម​នោះ​ទេ ប៉ុន្តែ​វា​គឺជា​ការ​ឆ្លុះ​បញ្ចាំង​ពីរ​តថភាព​សង្គម ដែល​ភាគី​ពាក់ព័ន្ធ ត្រូវតែ​ទទួល​ស្គាល់ និង​ដោះស្រាយ​ដោយ​តម្លាភាព»។

ចាប់តាំងពី​ឆ្នាំ​២០២៣ មក​ដល់​បច្ចុប្បន្ន មាន​ព្រះសង្ឃ និង​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​ចំនួន​១៧​អង្គ​និង​រូប ត្រូវ​អាជ្ញាធរ​វៀតណាម ចាប់​ផ្សឹក និង​ដាក់​ពន្ធនាគារ ដោយសារតែ​ពួកគេ​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម​និង​សិទ្ធិ​ប្រតិបត្តិ​ជំនឿ​សាសនា​នៅ​ដែនដី​កម្ពុជា​ក្រោម។

ក្រៅ​ពី​ដាក់​ញត្តិ​ទៅកាន់​ថ្នាក់ដឹកនាំ​កំពូល​របស់​វៀតណាម​ពលរដ្ឋ​ខ្មែរក្រោម​មួយចំនួន​បាន​ធ្វើ​យុទ្ធនាការ ONE DAY ONE POST នៅ​លើ​បណ្ដាញ​សង្គម ដើម្បី​បន្ត​ទាមទារ​សេរីភាព​សម្រាប់​ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម​ដែល​កំពុង​ជាប់ពន្ធនាគារ​នៅ​លើ​ទឹកដី​កំណើត​របស់​ខ្លួន ដោយសារ​ការគាបសង្កត់​របស់​រដ្ឋាភិបាល​នៃ​បក្ស​កុម្មុយនិស្ត​វៀតណាម។

អ្នកឃ្លាំមើល​បារម្ភ​ថា លោក ហ៊ុន សែន ដែល​ឡើង​កាន់​អំណាច​ដោយសារ​ការ​លើក​បន្តុប​របស់​វៀតណាម អាច​មិន​ហ៊ាន​លើកយក​បញ្ហា​ខ្មែរ​កម្ពុជា​ក្រោម ទៅ​ជជែក​ជាមួយ​វៀតណាម​ឡើយ គឺ​ផ្ទុយ​ស្រឡះ​ពី​មេដឹកនាំ​របស់​វៀតណាម​ដែល​តែង​ប្រាប់​លោក ហ៊ុន សែន ឱ្យ​ជួយ​មើល​ថែទាំ​ជនជាតិ​វៀតណាម​នៅ​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ