
សមាគមអាដហុកបានដាក់លិខិតស្វែងរកអន្តរាគមន៍ ពីប្រធានតុលាការខេត្តបន្ទាយមានជ័យឲ្យដោះលែងលោក ហែម វណ្ណា ចាងហ្វាងកាសែតHVNN TV Online ឲ្យមានសេរីភាពវិញ។ ការស្នើសុំនេះ ធ្វើឡើងបន្ទាប់ពីតុលាការខេត្តបន្ទាយមានជ័យ បានចោទប្រកាន់អ្នកសារព័ត៌មានរូបនេះ ពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និង បទ«ស្តាប់ឮនិងថតពាក្យសម្ងាត់ឯកជន» ក្រោយពីផ្សាយរឿងឆបោកតាមប្រព័ន្ធអនឡាញ។
សមាគមការពារសិទិ្ធមនុស្សអាដហុក លើកឡើងក្នុងលិខិតដែលបានដាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពី ថ្ងៃទី១១ ខែកុម្ភៈថា លោក ហែម វណ្ណា ជាចាងហ្វាងការផ្សាយព័ត៌មាន HVNN TV online ដែលចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាលក្នុងការកម្ចាត់អំពើឆបោកតាមអនឡាញចេញពីកម្ពុជា។
លើសពីនេះ ក្រោយពេលលោក ហែម វណ្ណា ចុះផ្សាយព័ត៌មានថា «ពលរដ្ឋបានរាយការណ៍ថា មានជនជាតិបរទេសចំនួន៤ទៅ៥នាក់រងនៅអំពើហិង្សាពីសំណាក់ មនុស្សមួយក្រុមផ្សេងទៀត ដែលគេដឹងថា ជាអ្នកបម្រើការនៅក្នុងបរិវេណអគារ បិទខ្ទប់ជាទីអាថ៌កំបាំងនៅខាងក្រោយបន្ទាយប៉េអិមក្រុងប៉ោយប៉ែត ករណីនេះ ត្រូវបានគេសង្ស័យថា អាចជាការបង្ខាំងមនុស្សខុសច្បាប់បង្ខំឲ្យធ្វើការឆបោកតាមប្រព័ន្ធអនឡាញ Online Scammer រួចមក គឺមិនមានស្ថាប័នណាមួយ ឬជនណាមួយ ដាក់លិខិតជាលាយលក្ខអក្សរ ឬ ដោយផ្ទាល់មាត់ សុំធ្វើការកែតម្រូវឡើយ។
សមាគមអាដហុកថា ការចុះផ្សាយព័ត៌មានរបស់លោក ហែម វណ្ណា ស្របទៅតាមក្រមសីលធម៌ វិជ្ជាជីវៈ ទោះបីជាមានកំហុសបច្ចេកទេស ដោយសារតែយកសម្ដីរបស់គេមកដាក់ក្នុងការផ្សាយ ដោយមិនបានសុំការអនុញ្ញាត។ សមាគមអាដហុកទទូចឲ្យតុលាការពិនិត្យទៅលើច្បាប់ជាតិ និងច្បាប់អន្តរជាតិមុនធ្វើការចោទប្រកាន់ទៅលើលោក ហែម វណ្ណា។
ទូរទស្សន៍អាស៊ីសេរី មិនអាចសុំការឆ្លើយតប ពីប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យលោក សេង លាង និងអ្នកនាំពាក្យលោក រឿន លីណា បានទេ នៅថ្ងៃ ទី១២ ខែកុម្ភៈ។
ជុំវិញរឿងនេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគម ការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ការស្នើសុំឲ្យដោះលែង លោក ហែម វណ្ណា ពីព្រោះការផ្សាយព័ត៌មានរឿងឆបោកអនឡាញ គឺជាការចូលរួមចំណែកជាមួយរដ្ឋាភិបាល ដូច្នេះ មិនមែនជាបទល្មើសនោះទេ។
លោកថា រដ្ឋាភិបាលបានតាំងចិត្ត និងប្ដេជ្ញាខ្ពស់ក្នុងការលុបបំបាត់ ការឆបោកតាម ប្រព័ន្ធអនឡាញឲ្យអស់ពីកម្ពុជា ដូច្នេះការផ្សាយព័ត៌មានឧក្រិដ្ឋកម្ម អនឡាញ របស់លោក ហែម វណ្ណា មិនមែនជាបទល្មើសនោះទេ។ ផ្ទុយទៅវិញ លោកថា គឺជាការចូលរួមចំណែកជាមួយ ក្នុងការផ្ដល់ព័ត៌មានដល់រដ្ឋាភិបាល។
លោក យិន ម៉េងលី ថា ករណីលោក ហែម វណ្ណានេះ គួរយកច្បាប់ស្ដីពីរបបសារព័ត៌មានមកអនុវត្ត ពីព្រោះលោកជាអ្នកសារព័ត៌មាន។ លោកចាត់ទុកការចោទប្រកាន់លោក ហែម វណ្ណា ថា នឹងធ្វើឲ្យប៉ះពាល់ទៅដល់សេរីភាពសារព័ត៌មាន ហើយរដ្ឋាភិបាលនឹងរងការរិះគន់បន្ថែមទៀតពីសហគមន៍អន្តរជាតិ។
លោក យិន ម៉េងលី៖ «បើយើងធ្វើរបៀបហ្នឹង យើងឃើញថា ធ្វើឲ្យប៉ះពាល់ទៅដល់ សេរីភាពសារព័ត៌មាន ហើយចុងក្រោយបំផុត គឺធ្លាក់ទៅលើ រដ្ឋាភិបាល នៅក្នុងរឿងហ្នឹង។ ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានប្រទេសយើងនឹង ធ្លាក់ចុះនៅ ពេល ដែលគេធ្វើការវាយតម្លៃ។ ត្រង់ហ្នឹងហើយ ដែលធ្វើលិខិតនេះ គឺយើងទទូចស្នើសុំឲ្យតុលាការដោះលែង ទម្លាក់បទចោទទៅលើលោក ហែម វណ្ណា នេះ ហើយយើងនៅតែសង្ឃឹមអ៊ីចឹង តុលាការពិចារណាទៅលើអង្គហេតុ និងអង្គច្បាប់ហើយធ្វើការដោះលែងឲ្យមានសេរីភាពឡើងវិញ»។
លោក ហែម វណ្ណា ត្រូវបានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកុម្ភៈ ក្រោយបានរាយការណ៍ព័ត៌មានតាមអនឡាញពីទីតាំងអគារមួយកន្លែងនៅក្នុងក្រុងប៉ោយប៉ែត ដែលសង្ស័យថា ជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងការប្រើប្រាស់ហិង្សាលើជនជាតិចិន។ នៅក្នុងវីដេអូនោះ លោកបានរៀបរាប់ថា ទីតាំងឆបោកអនឡាញនោះស្ថិតនៅខាងក្រោយបញ្ជការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតប្រមាណ ១០០ម៉ែត្រប៉ុណ្ណោះ ដោយហាក់ចង់បញ្ជាក់ថា បើវានៅជិតគ្នាបែបនេះ សមត្ថកិច្ចគួរតែបានដឹងអំពីបញ្ហានេះ។
ទោះជាយ៉ាងណា ក្រោយការផ្សាយនេះ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឃាត់ខ្លួនលោកសួរនាំ និងបញ្ជូនទៅឃុំនៅពន្ធនាគារខេត្តបន្ទាយមានជ័យ ដោយតុលាការបានចោទប្រកាន់ចំនួនពីរបទល្មើសគឺ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និង «ស្តាប់ឮនិងថតពាក្យសម្ងាត់ឯកជន» តាមមាត្រា ៤៩៥ និង ៣០១ នៃក្រមព្រហ្មទណ្ឌ។
អង្គការសង្គមស៊ីវិល ចាត់ទុកការចាប់ឃុំខ្លួនលោក ហែម វណ្ណា ជាការបំបិទសំឡេងរបស់អ្នកសារព័ត៌មានបន្ថែមទៀត ក្រោយពីអ្នកសារព័ត៌មានយ៉ាងហោចណាស់ចំនួន ៥នាក់ហើយ ត្រូវបានអាជ្ញាធរចាប់ខ្លួនដោយសារការផ្សព្វផ្សាយព័ត៌មាន ចាប់តាំងពីខែមករាមក។ ពួកគេបានទាមទាររដ្ឋាភិបាលគោរព និងការពារសេរីភាពអ្នកសារព័ត៌មានដើម្បីពួកគេអាចបំពេញមុខងារវិជ្ជាជីវៈដោយមិនមានការភ័យខ្លាច ការយាយី ការបំភិតបំភ័យ និងការចាប់ដាក់ពន្ធនាគារ។
អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) បានដាក់ចំណាត់ថ្នាក់កម្ពុជាលេខ ១៦១ ក្នុងចំណោម ១៨០ ប្រទេសនៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានឆ្នាំ២០២៥។ ចំណាត់ថ្នាក់នេះ បង្ហាញថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោម ៤២ ផ្សេងទៀតដែលសេរីភាពសារព័ត៌មានកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង៕










