ក្រុមហ៊ុន​លោក ទ្រី ដាលុច កំពុង​ឈូស​ឆាយ​ដី​ស្រែ​ចម្ការ និង​បំផ្លាញ​ផល​ដំណាំ​ពលរដ្ឋ​ចំនួន​២​ឃុំ នៅ​ខេត្ត​ព្រះវិហារ

0
412
ទិដ្ឋភាព​ក្រុមហ៊ុន  គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន (Global Green (Cambodia) Energy Development) ស្ថិត​នៅ​ឃុំ​រីករាយ ស្រុក​រវៀង ខេត្តព្រះវិហារ កាល​ពី​ឆ្នាំ២០២៤។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

ដីស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​នៅ​ឃុំ​រីករាយ និង​ឃុំ​រុសរាន ស្រុក​រវៀង ខេត្ត​ព្រះវិហារ ត្រូវ​បាន​ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន (Global Green (Cambodia) Energy Development) របស់​លោក ទ្រី ដាលុច ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​បំផ្លាញ​ផល​ដំណាំ​របស់​ពួកគាត់​រាប់​រយ​ហិកតារ។ សង្គម​ស៊ីវិល​ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ស្វែង​រក​ដំណោះស្រាយ​សមរម្យ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ។

ស្រប​ពេល​ប្រទេស​កម្ពុជា​កំពុង​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន របស់​លោក ទ្រី ដាលុច បាន​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​រំលោភ​យក​ដី​ស្រែ​ចម្ការ និង​បំផ្លិចបំផ្លាញ​ផល​ដំណាំ​ពលរដ្ឋ​រាប់​រយ​គ្រួសារ ស្ថិត​នៅ​ឃុំ​រីករាយ និង​ឃុំ​រុសរាន ស្រុក​រវៀង ខេត្ត​ព្រះវិហារ ដោយ​មិន​មាន​ដំណោះស្រាយ និង​សំណង​សមរម្យ​នោះ​ទេ។

តំណាង​ប្រជាពលរដ្ឋ នៅ​ឃុំ​រីករាយ លោក មុត ឃឿម ប្រាប់​ទូរស្សន៍​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា​ថា ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន បាន​ដាក់​គ្រឿងចក្រ​រាប់​រយ​គ្រឿង​ឈូសឆាយ​យក​ដី​ស្រែ​ចម្ការ និង​បំផ្លាញ​ផល​ដំណាំ​របស់​ពលរដ្ឋ មាន​ដូច​ជា ដើម​ស្វាយ​ចន្ទី ដំឡូង សណ្ដែក និង​ដំណាំ​ស្រូវ​របស់​ពលរដ្ឋ​កំពុង​ប្រមូល​ផល​ជាដើម។ លោក​បន្ថែម​ថា ពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ជួយ​រក​ដំណោះស្រាយ​ជា​ច្រើន​លើក ប៉ុន្តែ​អាជ្ញាធរ​ទាំង​នោះ មិន​បាន​រក​ដំណោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ឡើយ ផ្ទុយ​ទៅ​វិញ អាជ្ញាធរ​បាន​បាន​ដាក់​គំនាប និង​គំរាមកំហែង​ពលរដ្ឋ​ថែម​ទៀត។


លោក មុត ឃឿម៖ «ដោយសារ​មាន​ការ​គំរាមកំហែង​ដូច្នេះ​គាត់​ខ្លាច​ណាស់ មាន​ការ​គំរាមកំហែង​ខ្លាំង​ពេក ខាង​ឃុំ​ខាង​ស្រុក នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ទៅ​ឲ្យ​ជួយ​រក​ដំណោះស្រាយ អាជ្ញាធរ​គាត់​តែងតែ​និយាយ​ថា យើង​កុំ​ទៅ​ធ្វើ​អ្វី​គេ ប្រយ័ត្ន​គេ​ចាប់​ដាក់​គុក ដាក់​ច្រវ៉ាក់ អ៊ីចឹង​ហើយ​ប្រជាពលរដ្ឋ​គាត់​មិន​ហ៊ាន​ទេ ចង់​ឲ្យ​គាត់​ជួយ​ដោះស្រាយ​ឲ្យ​ពួក​គាត់ ពួកគាត់​មិន​មាន​ដី​ស្រែ​ចម្ការ មិន​ដឹង​ថា​ពួក​គាត់​ទៅ​រកស៊ី​អ្វី​នោះ​ទេ ពួកគាត់​មាន​ដី​ស្រែ​ចម្ការ​នឹង​ហើយ​គ្រាន់​ចិញ្ចឹម​ក្រពះ និង​កូន​ចៅ​របស់​ពួកគាត់»

ពលរដ្ឋ​ម្នាក់​រស់​នៅ​ឃុំ​រុសរាន សុំ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព អះអាង​ថា ដី​ស្រែចម្ការ​របស់​គាត់​មាន​ចំនួន​២​ហិកតារ ដែល​មាន​ដំណាំ​ស្រូវ សណ្ដែក និង​ដើម​ស្វាយចន្ទី ត្រូវ​បាន​ក្រុមហ៊ុន​ឈូស​ឆាយ​បំផ្លាញ​ចោល ដើម្បី​ជីក​កាយ​យក​រ៉ែ​ដែក ដោយ​ក្រុមហ៊ុន​សំអាង​ថា ដីស្រែចម្ការ​ទាំង​នោះ​ជា​របស់​រដ្ឋ ហើយ​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល។

ពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ៖ «ចង់​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ជួយ​រក​ដំណោះស្រាយ បើ​ថា​មាន​ពលរដ្ឋ​ព្រម​ទទួល​យក​សំណង​ក៏​ត្រូវ​មាន​សំណង​សមរម្យ​តាម​ដែល​គាត់​ចង់​បាន បើ​គាត់​មិន​ព្រម​ទទួល​យក​ក៏​ត្រូវ​ដោះស្រាយ​ដី​ស្រែ​ចម្ការ​កាត់​ឆ្វៀល​ទុក​ឲ្យ​គាត់ ក្រុមហ៊ុន​ឲ្យ​លុយ​ទៅ​ប្រជាពលរដ្ឋ​តែ​ឲ្យ​ទៅ​តម្លៃ​មួយ​ដែល​ពលរដ្ឋ​មិន​អាច​ទទួល​យក​បាន ពី​ព្រោះ​គាត់​មិន​ដឹង​បាន​ដី​មក​ពី​ណា​សម្រាប់​ចិញ្ចឹម​ជីវិត​ដី​ស្រែ​ចម្ការ​គាត់​មាន​តែ​ប៉ុណ្ណឹង មាន​តាំង​ពី​យូរ​ណាស់​មក​ហើយ»។

ប្រជាពលរដ្ឋ​រង​គ្រោះ​ដីធ្លី ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ស្វែង​រក​ដំណោះស្រាយ និង​ត្រូវ​ផ្ដល់​សំណង​សមរម្យ ពី​ព្រោះ​ពលរដ្ឋ​មិន​មាន​ដី​ស្រែចម្ការ សម្រាប់​បង្កបង្កើន​ផល​ដើម្បី​ចិញ្ចឹម​ជីវិត​នោះ​ទេ។

ជុំវិញ​រឿង​នេះ ទូរទស្សន៍​អាស៊ី​សេរី មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ឹង ឌីប៉ូឡា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​លើក។ ចំណែក​តំណាង​ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន លោក ដេត សិលា និង​អ្នកនាំពាក្យ​សាលា​ខេត្ត​ព្រះវិហារ​លោក ណុប វុធ្ធី ក៏​ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

អ្នកជំនួញ​ព្រៃឈើនៅកម្ពុជា​លោក ទ្រី ភាព (រូប​កណ្ដាល) និង​កូនប្រុស ទ្រី ដាលុច (ឆ្វេង) អគ្គនាយក​ក្រុមហ៊ុន គ្លូបល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមិន (GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD) ។ រូប៖ ហ្វេសប៊ុកលោក ទ្រី ភាព

យោង​តាម​ឯកសារ​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២៣ដែល​ចុះ​ហត្ថលេខា ដោយ​រដ្ឋលេខាធិការ​ប្រចាំ​ការ លោក ហ៊ីង ថូរ៉ាក់ស៊ី បាន​អនុញ្ញាត​និង​គាំទ្រ​ឲ្យ​ក្រុម​ហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) របស់​លោក ទ្រី ដាលុច រុករក​និង​ធ្វើ​អាជីវកម្ម​រ៉ែ​ដែក​ទូទាំង​ប្រទេស ក្រោម​ហេតុផល​ថា ដើម្បី​ជួយ​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ក្រោយ​កូវីដ​១៩ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​មួយ​នេះ កំពុង​តែ​ធ្វើ​អាជីវកម្ម​រ៉ែ​ដែក​ក្នុង​ខេត្ត​ព្រះវិហារ និង​ខេត្ត​ស្ទឹងត្រែង រួច​ដឹក​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស តាម​ច្រក​អន្តរ​ជាតិ ក្អមសំណរ​ ខេត្ត​កណ្ដាល ដោយ​ដឹក​ជញ្ជូន​​មក​ដាក់​សាឡង់​នៅ​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធាន​ធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី យល់​ឃើញ​ថា អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ខេត្ត​មិន​គួរ​គំរាមកំហែង​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​នោះ​ទេ ផ្ទុយ​ទៅ​វិញ​អាជ្ញាធរ​ត្រូវ​តែ​សិក្សាស្រាវជ្រាវ និង​ស្វែង​រក​ដំណោះស្រាយ​សមរម្យ​ដល់​ពលរដ្ឋ​ទាំង​នោះ។

លោក យិន ម៉េងលី៖ «បញ្ហា​នេះ​សំខាន់​លើ​អាជ្ញាធរ​ដែន​ដី សំខាន់​ក្រសួង​ពាក់ព័ន្ធ ត្រូវ​សិក្សា​វាយ​តម្លៃ​ឲ្យ​បាន​ច្បាស់លាស់​អំពី​បញ្ហា​ទាំង​អស់​នេះ វាយ​តម្លៃ​ដោយ​ឯករាជ្យ​មួយ ធ្វើ​ការ​ដោះស្រាយ​ជូន​ដល់​ប្រជាពលរដ្ឋ ជៀសវាង​ការ​ទៅ​គំរាមកំហែង ជៀសវាង​ការ​ទៅ​ឈូសឆាយ​បំផ្លិចបំផ្លាញ​ដោយ​សំអាង​ទៅ​អាជ្ញាប័ណ្ណ​នឹង ហើយ​ប៉ះពាល់​ជីវភាព​ប្រជាពលរដ្ឋ​បញ្ហា​កើត​ឡើង​ឥត​ឈប់ឈរ»។

ឧកញ៉ា ទ្រី ដាលុច មិនមែន​ត្រឹម​តែ​ជា​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន មួយ​នោះ​ទេ លោក​ក៏​ជា​អគ្គនាយករង​ក្រុម​ហ៊ុន ទ្រី ភាព គ្រុប​ផង​ដែរ។ លោក ទ្រី ដាលុច ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​ឲ្យ​ផ្តល់​គោរមងារ «ឧកញ៉ា» នៅ​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០១៣។

ក្រៅ​ពី​ទទួល​បាន​គោរមងារ​ជា«ឧកញ៉ា» ហើយ​នោះ  លោក ទ្រី ដាលុច ក៏​ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​ផ្ទាល់​អតីត​ប្រធាន​សភា​លោក ហេង សំរិន ជា​អនុប្រធាន​យុវជន​ស្រុក​កណ្ដាលស្ទឹង និង​ជា​អនុប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ឃុំ​ត្បែង ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ហើយ បច្ចុប្បន្ន​លោក​ជា ទីប្រឹក្សា​របស់​លោក ស៊ុន ចាន់ថុល ឧបនាយក​រដ្ឋមន្ត្រី ជា​អនុប្រធាន​ទី១ នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ស៊ី.ឌី.ស៊ី (CDC)។ លោក ទ្រី ដាលុច មាន​អាយុ ៣០​ឆ្នាំ គឺ​ជា​កូន​ប្រុស​ច្បង​របស់​អ្នក​ឧកញ៉ា​ ទ្រី ភាព ដែល​ល្បី​ខាង​រក​ស៊ី​ឈើ និង​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ