អ្នកវិភាគ​ថា វិវាទ​ព្រំដែន​កម្ពុជា-ថៃ រីក​រាលដាល​ខ្លាំង ដោយសារ​ជម្លោះ​បុគ្គល​រវាង​គ្រួសារ​ហ៊ុន និង​ស៊ីណាវ៉ាត់

0
184
អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន (ឆ្វេង) និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

អ្នកវិភាគ​លើកឡើង​ថា ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ដែល​ឈាន​ទៅដល់​ការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ បាន​បាត់បង់​ជីវិត​អស់​ជាច្រើន​នាក់​នោះ គឺ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​បុគ្គល នៃ​គ្រួសារ​អតីត​មេដឹកនាំ​កម្ពុជា​ត្រកូល​ហ៊ុន និង​អតីត​មេដឹកនាំ​ថៃ នៃ​ត្រកូល​ស៊ីណាវ៉ាត់។ ពួកគាត់​ថា ទំនាស់​រវាង​គ្រួសារ​ទាំងពីរ បាន​ឈាន​ដល់​ការ​បរិហារកេរ្តិ៍ និង​រក​វិធី​ផ្ដួល​រំលំ​គ្នា​ទៅវិញទៅមក រហូត​ដល់​គ្រួសារ​ស៊ីណាវ៉ាត់ បាន​ងាក​មក​គាំទ្រ​យោធា​ថៃ ក្នុង​ពេល​ដែល​ជម្លោះ​ព្រំដែន​ប្រទេស​ទាំងពីរ​កំពុង​ឡើង​កម្ដៅ។

ជម្លោះ​ព្រំដែន​កម្ពុជា បាន​កើតឡើង ដោយ​ផ្ដើម​ចេញ​ភាព​តានតឹង​នៅ​តំបន់​ប្រាសាទ​តាក្របី នៅ​ដើម​ឆ្នាំ២០២៥ បន្ទាប់ពី​ក្រុម​ទាហាន​ថៃ បាន​រារាំង​ភ្ញៀវ​ទេសចរ​ខ្មែរ មិន​ឱ្យ​ចូល​ច្រៀង​ចម្រៀង​ស្នេហា​ជាតិ នៅ​មុខ​ប្រាសាទ និង​ករណី​ទាហាន​ថៃ បាន​បាញ់​ប្រហារ​ចូល​លេណដ្ឋាន​ទ័ព​ខ្មែរ នៅ​តំបន់​មុំ​បី ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃទី២៨ ខែ​ឧសភា បណ្ដាល​ឱ្យ​ទាហាន​ខ្មែរ​ម្នាក់ គឺ​លោក​ព្រឹន្ទបាលឯក សួន រោន បាត់បង់ជីវិត។

ក្រោយ​កើត​មាន​ករណី​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​លិខិត​ជា​ផ្លូវការ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដើម្បី​ជួយ​ស្វែងរក​ដំណោះស្រាយ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​វិវាទ​ព្រំដែន​នៅ​តំបន់​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច ប្រាសាទ​តាក្របី និង​ការ​វាយប្រហារ​របស់​កងទ័ព​ថៃ នៅ​តំបន់​មុំបី។ ក៏ប៉ុន្តែ ភាព​ចម្រូងចម្រាស​នៅ​តំបន់​ព្រំដែន​កម្ពុជា ថៃ បាន​វិលត្រឡប់​មក​រក​សភាព​ស្ងប់ស្ងាត់​មួយ​រយៈ បន្ទាប់ពី​មាន​ការ​សម្របសម្រួល រវាង​មេដឹកនាំ​កម្ពុជា និង​អតីត​នាយករដ្ឋមន្ត្រី​អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) តាមរយៈ​ជំនួប​គណៈកម្មាធិការ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ។

ទោះជា​យ៉ាងណា វិវាទ​ព្រំដែន​កម្ពុជា បាន​វិល​ទៅ​រក​ភាព​ផុយ​ស្រួយ​ឡើងវិញ បន្ទាប់ពី​មាន​ហេតុការណ៍​ទាហាន​ថៃ​ដើរ​ជាន់​មីន​នៅ​តំបន់​ព្រំដែន ដែល​ពួកគេ​បាន​ចោទប្រកាន់​កម្ពុជា ថា ជា​អ្នក​បង្កប់ ខណៈ​គ្រួសារ​អតីត​មេដឹកនាំ​កម្ពុជា​លោក ហ៊ុន សែន និង​គ្រួសារ​អតីត​មេដឹកនាំ​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បាន​ប្រេះឆា​គ្នា ដែល​ផ្ដើម​ចេញ​ពី​ការ​បែក​ធ្លាយ​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ រវាង​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន កាលពី​ថ្ងៃទី​១៨ ខែ​មិថុនា ដែល​បាន​រាលដាល​ដល់​រឿង​វិវាទ​ព្រំដែន ដែល​កងទ័ព​ប្រទេស​ទាំងពីរ កំពុង​ប្រឈមមុខ​ដាក់គ្នា។

នៅ​ក្នុង​ទំនាស់​គ្រួសារ​ហ៊ុន និង​គ្រួសារ ស៊ីណាវ៉ាត់ លោក ហ៊ុន សែន បាន​ទទួល​ស្គាល់​ថា លោក​ជា​អ្នក​ថត​សំឡេង​កិច្ច​សន្ទនា​នេះ និង​បាន​ផ្ញើ​ទៅ​គណៈ​អចិន្រ្តៃយ៍​គណបក្ស ស្ថាប័ន​ពាក់ព័ន្ធ និង​កងកម្លាំង​ប្រដាប់​អាវុធ ប្រហែល​៨០នាក់ ដែល​ក្នុង​នោះ​លោក​សង្ស័យ​ថា អាច​មាន​អ្នក​ដែល​មិន​ពេញចិត្ត​នឹង​នាយករដ្ឋមន្ត្រី​ថៃ ដែល​ចោទ​មេដឹកនាំ​កម្ពុជា​ថា ធ្វើ​នយោបាយ​អត់​វិជ្ជាជីវៈ (Unprofessional) ឬ​ធ្វើ​នយោបាយ​តាម​ហ្វេសប៊ុក។

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣តុលា លោក គឹម សុខ ប្រាប់​ទូរទស្សន៍​អាស៊ី​សេរី នៅ​ថ្ងៃទី១៧ ខែ​វិច្ឆិកា ថា ជម្លោះ​បុគ្គល​រវាង​គ្រួសារ​លោក ហ៊ុន សែន ជាមួយ​គ្រួសារ​លោក ថាក់ស៊ីន បាន​ធ្វើ​ឱ្យ​វិវាទ​ព្រំដែន​កម្ពុជា និង​ថៃ កាន់តែ​មាន​ភាព​ស្មុគស្មាញ និង​កាន់តែ​ក្ដៅ ដោយសារ​ពួកគេ​បាន​យក​រឿង​គំនុំ​ផ្ទាល់ខ្លួន មក​លាយឡំ​ជាមួយ​រឿង​ប្រទេស​ជាតិ ដែល​ជា​ការ​បើក​ឱកាស​ឱ្យ​ក្រុម​យោធា​ថៃ បង្ក​សង្គ្រាម​ជាមួយ​កម្ពុជា។ លោក​ថា សញ្ញាណ​នៃ​ការ​បែកបាក់​នៃ​គ្រួសារ​អតីត​មេដឹកនាំ​ទាំងពីរ​នេះ មាន​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ នៅ​តាម​ព្រំដែន​ថៃ ដោយ​គ្រួសារ​លោក ថាក់ស៊ីន។

លោក គឹម សុខ៖ «សង្គ្រាម​នេះ​មើល​ទៅ​មិន​ងាយ​ចប់​ទេ។ ដំបូង​ឡើយ​វា​កើតឡើង​ចេញ​ពី​ទំនាស់​ផលប្រយោជន៍​រវាង​គ្រួសារ​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​លោក ថាក់ស៊ីន។ ក៏ប៉ុន្តែ​មក​ដល់​ពេល​នេះ វា​ក្លាយ​ជា​សង្គ្រាម​ដណ្ដើម​ឧត្ដមភាព​នៃ​គ្រួសារ​ទាំងពីរ​ទៅ​ហើយ។ មាន​ន័យថា ក្រុម​គ្រួសារ​លោក ថាក់ស៊ីន និង​ភាគី​ថៃ ត្រូវតែ​ប្រយុទ្ធ​យក​ឈ្នះ​គ្រួសារ​លោក ហ៊ុន សែន ដាច់​ខាត»។

នៅ​ក្នុង​កិច្ច​សន្ទនា រវាង​ពូ និង​ក្មួយ​នៃ​គ្រួសារ​ទាំង​ពីរ អ្នកស្រី ផែថងថាន បាន​និយាយ​រិះគន់​ក្រុម​យោធា​ថៃ និង​បង្ហាញ​ពី​គោលជំហរ​ឱនលំទោន ដើម្បី​ជំរុញ​ឱ្យ​កម្ពុជា បើក​ច្រក​ព្រំដែន​ជាមួយ​ថៃ​ឡើងវិញ។

ក្រោយពី​បាន​ទម្លាយ​សំឡេង​សន្ទនា​ហើយ លោក ហ៊ុន សែន បាន​បរិហារកេរ្តិ៍​អតីត​បងធម៌ គឺ​លោក ថាក់ស៊ីន ថែមទៀត ពាក់ព័ន្ធ​នឹង​រឿង​ធ្វើ​ពុត​ជា​មាន​ជំងឺ ដើម្បី​បាន​នៅ​ក្រៅ​ឃុំ និង​ទម្លាយ​រឿង​ផ្ទៃក្នុង​របស់​រដ្ឋាភិបាល​ថៃ​ប្រាប់​លោក​ជាច្រើន​ទៀត ដោយ​លោក ហ៊ុន សែន បាន​ទាញ​សំណុំ​រឿង​ឪពុក និង​កូន លោក​ថាក់ស៊ីន ទៅ​ក្នុង​ទោស​ក្បត់ជាតិ និង​ប្រមាថ​ព្រះមហាក្សត្រ​ថៃ។ បន្ថែម​ពីលើ​នេះ លោក ហ៊ុន សែន បាន​បង្ហោះ​បទចម្រៀង​ជាច្រើន​បទ​នៅ​លើ​ហ្វេសប៊ុក ដែល​លោក​បាន​រំលេច​ចំពោះ​ខ្លួន​លោក​ថា ជា​អ្នក​ធ្វើ​ឱ្យ​រង្គោះរង្គើ​រដ្ឋាភិបាល​ទីក្រុង​បាងកក និង​បាន​ព្យាករណ៍​ថា ថៃ​នឹង​មាន​ការ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ថ្មី នៅ​ក្នុង​រយៈពេល​បី​ខែ​ខាងមុខ។

ចំពោះ​គ្រួសារ​លោក ថាក់ស៊ីន ការ​បែក​ធ្លាយ​កិច្ច​សន្ទនា​នេះ បាន​ធ្វើ​ឱ្យ​អ្នកស្រី ផែថងថាន ត្រូវ​តុលាការ​ព្រហ្មទណ្ឌ​ថៃ​សម្រេច​ព្យួរ​តំណែង រហូត​ត្រូវ​បណ្ដេញចេញ​ជាស្ថាពរ និង​ទទួលរង​សម្ពាធ​ពី​ក្រុម​យោធា​ថៃ អ្នក​ជាតិនិយម និង​បក្ស​ប្រឆាំង​ទៀត​ផង។

ក្រោយ​ទទួលរង​ការ​វាយប្រហារ​ពី​លោក ហ៊ុន សែន អ្នកស្រី ផែថងថាន ដែល​ត្រូវ​បាន​គេ​ចោទ​ថា តែងតែ​ធ្វើ​សម្បទាន​នយោបាយ​ឱ្យ​មេដឹកនាំ​កម្ពុជា ក្នុង​រឿង​ជម្លោះ​ព្រំដែន និង​ឆបោក​តាម​អនឡាញ ក្នុង​អាណត្តិ​របស់​អ្នកស្រី​នោះ ហាក់​ផ្លាស់ប្ដូរ​គោលជំហរ​មក​គាំទ្រ​ក្រុម​យោធា ដើម្បី​សងសឹក​ចំពោះ​លោក ហ៊ុន សែន វិញ​ដែល​ធ្វើ​ឱ្យ​ស្ថានការណ៍​នៅ​តំបន់​ព្រំដែន ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​តានតឹង​កាន់តែ​ខ្លាំង។

កាសែតបាងកកប៉ុស្តិ៍ បាន​រាយការណ៍​កាលពី​ថ្ងៃទី០៨ ខែ​កក្កដា ថា នៅ​មុន​ពេល​អ្នកស្រី ផែថងថាន ត្រូវ​តុលាការ​ព្យួរ​តំណែង​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ថៃ ចុះ​ឆែកឆេរ​ផ្ទះ និង​រឹបអូស​ទ្រព្យសម្បត្តិ​របស់ លោក កុក អាន ជា​សមាជិក​ព្រឹទ្ធសភា និង​ជា​អនុប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ក្នុង​ករណី​ឆបោក​តាម​អនឡាញ និង​ចាប់ជំរិត។ ទន្ទឹមគ្នា​នេះ លោកស្រី ផែថនថាន បាន​សច្ចា​នៅ​មុខ​ក្រុម​សមាជិក​បក្ស ក្នុង​កិច្ចប្រជុំ​គណបក្ស​ភឿថៃ ថា អ្នកស្រី​នឹង​ប្រយុទ្ធ​លុះ​ក្ស័យ ដើម្បី​រក​យុត្តិធម៌ រឿង​លោក ហ៊ុន សែន លួច​ថត​សំឡេង​សន្ទនា​គ្នា​ជា​ឯកជន និង​ធ្វើ​ឱ្យ​បែក​ធ្លាយ​ជា​សាធារណៈ ដែល​ធ្វើ​ឱ្យ​លោកស្រី​ជួប​គ្រោះ​ផ្ទួនៗ​បែបនេះ។

យ៉ាងណាមិញ ក្រោយ​ការ​ប្ដេជ្ញា​របស់​អ្នកស្រី ផែថងថាន ភាគី​ថៃ បាន​បញ្ជូន​កម្លាំង​ទ័ព និង​អាវុធ​ធន់​ធ្ងន់​ទៅ​ឈរជើង​នៅ​តំបន់​ព្រំដែន​ជា​បន្តបន្ទាប់ ដែល​ធ្វើ​ឱ្យ​ស្ថានការណ៍ ស្ថិត​ក្នុង​ការ​ត្រៀម​ផ្ទុះ​អាវុធ ២៤ម៉ោង រហូត​ដល់ព្រឹកថ្ងៃទី២៤ ខែ​កក្កដា កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ បាន​ផ្ទុះ​អាវុធ​ដាក់​គ្នា​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-ថៃ​នៅ​តំបន់​ប្រាសាទ​តាមាន់ធំ ខេត្ត​ឧត្តរមានជ័យ។

នៅ​ក្នុង​ព្រឹត្តិការណ៍​ប៉ះទង្គិច​គ្នា​នេះ កងទ័ព​ថៃ បាន​វាយប្រហារ​មក​លើ​កម្ពុជា​ចំនួន​១១ទីតាំង នៃ​តំបន់​ភូមិភាគ៤ មាន​ដូចជា តំបន់​ប្រាសាទ​តាមាន់ធំ ប្រាសាទ​ក្របី តំបន់​ភ្នំខ្មោច អានសេះ វាលឥន្ទ្រី និង​ប្រាសាទ​ព្រះវិហារ ជាដើម ដោយ​កងទ័ព​ថៃ បាន​ប្រើប្រាស់​កាំភ្លើងធំ ដ្រូន​ពិឃាដ យន្តហោះ​ចម្បាំង F-16 និង​អាវុធ​ហាមឃាត់ ដូចជា​គ្រាប់បែក​ចង្កោម និង​ម្សៅ​ផ្សែង​ពុល​ជាដើម។ ជម្លោះ​ប្រដាប់​អាវុធ​រវាង​កម្ពុជា និង​ថៃ បាន​ផ្អាក​បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់ ដែល​ចូល​ជា​ធរមាន​ចាប់ពី​ពាក់កណ្ដាល​អាធ្រាត្រ ថ្ងៃទី២៨ ខែ​កក្កដា ដោយ​មាន​ការ​សម្របសម្រួល​ពី​ប្រធាន​ប្ដូរ​វេន​អាស៊ាន​គឺ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ប្រទេស​មហាអំណាច រួមមាន​អាមេរិក និង​ចិន។

ក្នុង​សមរភូមិ​ចំនួន ៥​ថ្ងៃ​នេះ ភាគី​កម្ពុជា និង​ថៃ មិន​បាន​បង្ហាញ​ពី​ចំនួន​កងទ័ព ដែល​បាន​ពលី​នោះ​ឡើយ ប៉ុន្តែ​ក្រោយ​បទ​ឈប់​បាញ់ មាន​ទាហាន​ខ្មែរ​ជាច្រើន​នាក់ បាន​ស្លាប់​ជា​បន្តបន្ទាប់ ដោយសារ​ត្រូវ​ផ្សែង​ពុល​របស់​យោធា​ថៃ។

ទោះជា​យ៉ាងណា នៅ​ព្រំដែន​កម្ពុជា និង​ថៃ បាន​ប្រែប្រួល​ឡើងវិញ ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន យោធា​ថៃ បាន​ប្រើ​ឧបាយ​ចាប់​ទាហាន​ខ្មែរ​ចំនួន​ជាង ២០នាក់ ធ្វើជា​ចំណាប់ខ្មាំង ក្នុង​នោះ​មាន​ម្នាក់ បាន​រត់​គេចខ្លួន​មក​វិញ និង​ពីរ​នាក់​ទៀត​ត្រូវ​យោធា​ថៃ បញ្ជូន​មក​កម្ពុជា​វិញ ក្រោម​សភាព​ពិការ មានរបួស និង​វង្វេង​ស្មារតី។

ជាថ្មី​ម្ដងទៀត យោធា​ថៃ បាន​រំលោភ​បទឈប់បាញ់ ដោយ​បាន​ប្រើប្រាស់​ជំពាម​កៅស៊ូ និង​គ្រាប់​ឃ្លី បាញ់​មក​លើ​ទាហាន​ខ្មែរ ដែល​កំពុង​ឈរជើង ព្រមទាំង​រាយ​បន្លា​លួស និង​សម្បក​កង់ឡាន ព័ទ្ធ​យក​ផ្ទះ និង​ដី​ភូមិម្ករ​របស់​ពលរដ្ឋ​ខ្មែរ នៅ​ភូមិ​ជោគជ័យ ភូមិ​ព្រៃចាន់ ស្ថិត​ក្នុង​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ តំបន់​អានសេះ និង​តំបន់​មួយ​ចំនួន​ទៀត។ ហេតុការណ៍​នេះ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃចាន់ បាន​ប្រមូល​ផ្ដុំ​គ្នា ដើម្បី​រារាំង និង​រើ​បន្លា​លួស​នោះ​ចេញ ប៉ុន្តែ​ពួកគាត់​ត្រូវ​ទាហាន​ថៃ ដែល​ប្រដាប់​ដោយ​អាវុធ​នៅ​ក្នុង​ដៃ បង្ក្រាប​ដោយ​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក រលក​សំឡេង គ្រាប់​កាំភ្លើង​ជ័រ និង​គ្រាប់​កាំភ្លើង​ពិត ដែល​យោធា​ថៃ​បាន​បាញ់​ប្រហារ​មក​លើ​ពលរដ្ឋ​ខ្មែរ នៅ​ភូមិ​ព្រៃចាន់ ដែល​បណ្ដាល​ឱ្យ​ពលរដ្ឋ​ខ្មែរ​ម្នាក់​ស្លាប់ និង​៣នាក់​ទៀត រង​របួស។

ម្យ៉ាងវិញទៀត ការ​ប្រែប្រួល​នៃ​ស្ថានភាព​នេះ​បាន​ធ្វើ​ឱ្យ​តំបន់​មួយ​ចំនួន ដែល​កងទ័ព​កម្ពុជា​ប្ដូរផ្ដាច់ ឈរជើង​ការពារ​នោះ ត្រូវ​យោធា​ថៃ​ដណ្ដើម​យក​បាន​ដោយ​ងាយ ដោយសារតែ​រដ្ឋាភិបាល​កម្ពុជា ស្នើ​ឱ្យ​កងទ័ព និង​ប្រជាពលរដ្ឋ​ខ្មែរ រក្សា​ការ​អត់ធ្មត់ ខណៈ​មេដឹកនាំ​ត្រកូល​ហ៊ុន បាន​រក្សា​គោលជំហរ​អនុវត្ត​បទឈប់បាញ់ និង​កិច្ចព្រមព្រៀង​សន្តិភាព ដែល​ធ្វើឡើង​នៅ​ទីក្រុង​កូឡាឡាំពួរ (Kuala Lumpur) ប្រទេស​ម៉ាឡេស៊ី(Malaysia) កាលពីថ្ងៃទី២៦ ខែ​តុលា ដោយ​មិន​បាន​ប្រើប្រាស់​សិទ្ធិ​ស្វ័យ​ការពារ​នោះ​ឡើយ។

ពាក់ព័ន្ធ​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ធីរិទ្ធ បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី១៧ ខែ​វិច្ឆិកា ថា ជម្លោះ​រឿង​ព្រំដែន រវាង​កម្ពុជា និង​ថៃ មិន​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​បុគ្គល​របស់​គ្រួសារ​មេដឹកនាំ​កម្ពុជា និង​ថៃ​នោះ​ឡើយ។

លោក ជា ធីរិទ្ធិ៖ «ជា​រឿង​បញ្ហា​បូរណភាព​ទឹកដី ពិសេស​ការពារ​ទឹកដី​របស់​យើង ប្រឆាំង​នឹង​សត្រូវ​ឈ្លានពាន។ វា​អត់​មាន​ជា​រឿង​បុគ្គល​ទេ វា​ជា​រឿង​ជាតិ​ខ្មែរ​ទាំងមូល ជា​រឿង​ដែល​យើង​ត្រូវ​រួបរួម​គ្នា​ការពារ​បូរណភាព​ទឹកដី។ អ៊ីចឹង​ខ្ញុំ​គិត​ថា ក្នុង​កំឡុង​ពេល​នេះ យើង​ត្រូវ​រួមគ្នា​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់។ សត្រូវ​របស់​យើង គឺ​សត្រូវ​ឈ្លានពាន នោះ​ទើប​ជា​រឿង​ធំ ដែល​យើង​ត្រូវ​ផ្ដោត​ទៅ​លើ»។

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​លើកឡើង កាលពី​ថ្ងៃទី២ ខែ​មិថុនា ថា បញ្ហា​ជម្លោះ​ព្រំដែន បើ​មិន​ប្ដឹង​ទៅ​ភាគី​អន្តរជាតិ​ទេ ប្រើ​ពេល​រាប់​រយ​ឆ្នាំ​ទៀត ក៏​ដោះស្រាយ​មិន​ចប់​ដែរ ហើយ​បើ​ទោះបីជា កម្ពុជា​ជ្រើស​យក​ការ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJក៏ដោយ​ក៏​កម្ពុជា​មិន​បោះបង់​ចោល​យន្តការ​ចរចា​នោះ​ឡើយ ដោយ​កម្ពុជា​នឹង​គោរព​រាល់​ការ​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ។ លោក ហ៊ុន សែន បាន​ថ្លែង​ថា ការ​បបួល​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ គឺជា​ការ​ទុក​មុខ​ទុក​មាត់​ឱ្យ​គ្នា។

ជុំវិញ​រឿង​នេះ ប្រធាន​អ្នកឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត លើកឡើង​ថា លោក ហ៊ុន សែន ហាក់​បាន​ជ្រុល​ខ្លួន​ទៅ​ក្នុង​ល្បែង​ប្រជាភិថុតិ រឿង​ជម្លោះ​ព្រំដែន ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព ដោយ​មិន​បាន​គិត អំពី​មហិច្ឆតា​ឈ្លានពាន​របស់​ក្រុម​យោធា​ថៃ​នោះ​ឡើយ។

លោក ម៉ែន ណាត៖ «ការពារ​ទឹកដី​មិន​បាន មាន​តែ​លាឈប់​ឱ្យ​អ្នកដទៃ​គេ​មក​ការពារ​ម្ដង។ អ្នកដទៃ​ហ្នឹង​ការពារ​មិន​បាន​ទេ លាឈប់​ទៀត​ទៅ ឱ្យ​អ្នកដទៃ​ផ្សេង​គេ​មក​ការពារ។ ហើយ​បើ​ពាក់ព័ន្ធ​នឹង​ការ​ការពារ​បូរណភាពទឹកដី ទប់ស្កាត់​ការ​ឈ្លានពាន ត្រូវ​អនុវត្ត​ច្បាប់​អន្តរជាតិ ដែល​ពាក់ព័ន្ធ។ នេះ​និយាយ​ពី​សិទ្ធិ​ការពារ​ខ្លួន ហើយ​ចំពោះ​រឿង​ដទៃ​ផ្សេង​ទៀត បើ​យើង​ការពារ​ខ្លួន ហើយ​នៅ​តែ​បំពាន​ទៀត មាន​តែ​ប្រើ​តុលាការ​យុត្តិធម៌​អន្តរជាតិ ដែល​នៅ​តែ​មាន​ធរមាន»។

អ្នកឃ្លាំមើល​លើកឡើង​ថា ការណ៍​ដែល​មេដឹកនាំ​កម្ពុជា ពន្យារពេល​មិន​ប្ដឹង​ថៃ ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ និង​មិន​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន​បែបនេះ និង​ធ្វើ​ឱ្យ​កម្ពុជា ខាតបង់ ចាញ់ប្រៀប​ថៃ ខណៈ​ថៃ ដែល​ជា​ប្រទេស​ឈ្លានពាន បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​ជាច្រើន​ដង និង​បាន​បាញ់​សម្លាប់ និង​រំលោភបំពាន​ពលរដ្ឋ​ខ្មែរ ដោយ​អមនុស្សធម៌៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ