តើ​គណបក្ស​ណាខ្លះ​បាន​បង្កើត​ថ្មី បន្ទាប់​គណបក្ស​សង្រ្គោះជាតិ​ត្រូវ​បាន​រំលាយ?

0
150
ទិដ្ឋភាពនៅបរិវេណគណបក្សសង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី១៦ ខែមិថុនា ឆ្នាំ២០១៦។ Photo Courtesy of RFA

ដោយ សុជីវី

មន្ត្រី​គណបក្ស​សង្រ្គោះជាតិ​មួយចំនួន​បាន​ចេញ​ទៅ​បើក​គណបក្ស​នយោបាយ​ថ្មីៗ​ជា​បន្តបន្ទាប់ នៅ​ក្រោយ​ពេល​ដែល​តុលាការ​កំពូល​នៅ​ក្រោម​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​រំលាយ​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ​កាល​ពី​ថ្ងៃទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

នៅ​ក្នុង​រយៈពេល​៨​ឆ្នាំ​មក​នេះ តើ​មាន​គណបក្ស​ណាខ្លះ ដែល​មាន​ស្ថាបនិក​ជា​អតីត​មន្ត្រី​គណបក្ស​សង្រ្គោះជាតិ ?

គិត​ត្រឹម​ថ្ងៃទី១៦ ខែវិច្ឆិកា ដែល​ជា​ថ្ងៃ​ខួប​៨ឆ្នាំ​នៃ​ការ​រំលាយ​គណបក្ស​សង្រ្គោះជាតិ​មាន​គណបក្ស​នយោបាយ​យ៉ាងតិច​ចំនួន ៨ ជា​គណបក្ស​បង្កើត​ដោយ​អតីត​មន្ត្រី​គណបក្ស​នេះ។

គណបក្ស​នីមួយៗ​សុទ្ធតែ​បាន​បង្ហាញ​ថា ខ្លួន​មាន​គោលនយោបាយ​គាំពារ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ យុត្តិធម៌​សង្គម បំបាត់​អំពើ​ពុករលួយ ការ​រួបរួម និង​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន​ជាតិ​ជាដើម ឬ​និយាយ​ឱ្យ​ខ្លី​ថា​បន្ត​ស្មារតី​គណបក្ស​សង្រ្គោះជាតិ។

ក្នុង​ចំណោម​គណបក្ស​ទាំង​នោះ គណបក្ស​ដែល​លេចធ្លោ​គឺ​គណបក្ស​ឆន្ទៈខ្មែរ ព្រោះ​មាន​សមាជិក​ព្រឹទ្ធសភា​ចំនួន​៣អាសនៈ បន្ទាប់​ពី​គណបក្ស​នេះ​បាន​ចូលរួម​បោះឆ្នោត​ព្រឹទ្ធសភា​ជួស​មុខ​ឱ្យ​គណបក្ស​ភ្លើង​ទៀន។ ស្ថាបនិក​គណបក្ស​នេះ គឺ​លោក គង់ មុនីកា ដែល​ជា​កូនប្រុស​របស់​លោក គង់ គាំ អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះជាតិ។ គណបក្ស​ឆន្ទៈខ្មែរ​ បាន​ចង​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​ភ្លើងទៀន គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​កែទម្រង់​កម្ពុជា និង​គណបក្ស​កម្ពុជា​និយម ឬ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន។

សម្ព័ន្ធភាព​របស់​គណបក្ស​ទាំង៥​នេះ​មាន​ឈ្មោះ​ថា «សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​​​​អនាគត»។

គណបក្ស​កែទម្រង់​កម្ពុជា​ក៏​មាន​ស្ថាបនិក​ជា​អតីត​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ដែរ​គឺ លោក អ៊ូ ច័ន្ទរ័ត្ន។

ចំណែក​គណបក្ស​កម្ពុជា​និយម​វិញ គណបក្ស​នេះ​​បាន​ដូរ​ទៅ​ជា​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន នៅ​ខែ​កញ្ញា ឆ្នាំ២០២៥​នេះ។ គណបក្ស​នេះ​ត្រូវ​បាន​បង្កើត​ឡើង ដោយ​អតីត​តំណាងរាស្ត្រ​បក្ស​សង្រ្គោះជាតិ​មួយ​រូប​ទៀត​គឺ​លោក យ៉ែម បុញ្ញឫទ្ធិ។ គណបក្ស​នេះ​ឈ្នះ​បាន​ជំទប់ទី២​ឃុំ មួយ​អាសនៈ​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ២០២២។

បើ​រំឭក​ពី​ការបោះឆ្នោត​ព្រឹទ្ធសភា​ឆ្នាំ២០២៣ វិញ គណបក្ស​ដែល​ប្រទាញប្រទង់​អង្គ​បោះឆ្នោត​ជាមួយ​គណបក្ស​ឆន្ទៈខ្មែរ គឺ​គណបក្ស​កម្លាំងជាតិ។ គណបក្ស​នេះ​ក៏​កើត​ចេញ​ពី​កម្លាំង​អតីត​មន្ត្រី​គណបក្ស​សង្រ្គោះជាតិ​ដែរ។ ស្ថាបនិក និង​ជា​អតីត​ប្រធាន​គណបក្ស​កម្លាំងជាតិ លោក ស៊ុន ចន្ធី ក៏​មាន​វាសនា​មិនខុស​គ្នា​ពី​អតីត​មន្រ្តី​បក្ស​សង្រ្គោះជាតិ និង​គណបក្ស​ភ្លើងទៀន​ជាច្រើន​នាក់​ទៀត​ដែរ គឺ​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​ក្រោយ​​លោក​បង្កើត​គណបក្ស​នេះ​រួច។ លោក រ៉ុង ឈុន ដែល​ហៀប​នឹង​ទៅ​ដឹកនាំ​បក្ស​នេះ​ជំនួស លោក ស៊ុន ចន្ធី ក៏​ត្រូវ​រង​ការ​គំរាមកំហែង​ចាប់​ដាក់​ពន្ធនាគារ​សាជាថ្មី និង​រំលាយ​គណបក្ស​នេះ​ចោល​ថែម​ទៀត។

ក្រៅ​ពី​នេះ​ក៏​មាន​គណបក្ស​របស់​សមាជិក​គណបក្ស​សង្រ្គោះជាតិ ដែល​កើត​មក​ហើយ តែ​មិន​បាន​ឃើញ​ពន្លឺ​ថ្ងៃ​ស្រួលបួល នោះ​គឺ​គណបក្ស​បេះដូង​ជាតិ​របស់​លោក សៀម ភ្លុក។ អាជ្ញាធរ​បាន​លុប​ឈ្មោះ​គណបក្ស​នេះ​ចេញ​ពី​បញ្ជី​វិញ​ភ្លាមៗ​បន្ទាប់​ពី​ចុះ​បញ្ជី​រួច ហើយ​ថែម​ទាំង​ចាប់​ខ្លួន​ប្រធាន រួម​នឹង​មេដឹកនាំ​មួយចំនួន​ទៀត​ដាក់​ពន្ធនាគារ​២ឆ្នាំ ដោយ​ចោទ​ថា​បាន​ក្លែង​ឯកសារ​ស្នាម​មេដៃ​សមាជិក។

រីឯ​គណបក្ស​កើត​ក្រោយ​គេ​បង្អស់​គឺ​គណបក្ស​ជំនាន់​ថ្មី​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ លោក មាជ សុវណ្ណារ៉ា អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ខែ​មេសា​ឆ្នាំ២០២៤។ ប្រធាន​គណបក្ស​នេះ​អះអាង​ថា គណបក្ស​នេះ​ជា​ប៉ូល​នយោបាយ​ថ្មី​សម្រាប់​ប្រកួតប្រជែង​ការបោះឆ្នោត​ជាមួយ​មនុស្ស​ជំនាន់​ថ្មី​របស់​គណបក្ស​កាន់អំណាច។

លោក មាជ សុវណ្ណារ៉ា ទទួល​ស្គាល់​ថា ការរួមគ្នា​រវាង​គណបក្ស​តូចៗ​ជារឿង​ល្អ និង​មាន​កម្លាំង​ខ្លាំង ដើម្បី​យក​ឈ្នះ​បក្ស​កាន់​អំណាច។ ប៉ុន្តែ​លោក​ក៏​ចង់​ឃើញ​គណបក្ស​ទាំង​នោះ​ពង្រឹង​សមត្ថភាព​រៀងៗ​ខ្លួន​ដែរ។

លោក មាជ សុវណ្ណារ៉ា៖ «អតីត​អ្នក​តំណាងរាស្រ្ត អតីត​មន្ត្រី​ជាន់ខ្ពស់​ហ្នឹង សូម​ឱ្យ​​គាត់​ពង្រឹង​គណបក្ស​រៀងៗ​ខ្លួន ដើម្បី​បង្ហាញ​សមត្ថភាព បង្ហាញ​នូវ​កម្លាំង​របស់​ខ្លួន​រៀងៗខ្លួន ហើយ​យើង​ដឹង​ហើយ​ការ​ចង​សម្ព័ន្ធ​បែប​ណា គឺ​ការ​បោះ​ឆ្នោត​ជិត​មក​ដល់​ចាំ​យើង​មាន​ផែនការ​បែប​ណា យើង​គង់​តែ​មាន​ការ​រួបរួម​ទៅ​ថ្ងៃ​អនាគត»។

គណបក្ស​សង្រ្គោះជាតិ​ជា​តឹកតាង​បញ្ជាក់​ច្បាស់​ថា ការ​រួបរួម​គឺ​ជា​កម្លាំង ដោយ​គណបក្ស​នេះ​ទទួល​បាន​សំឡេង​គាំទ្រ​របស់​ម្ចាស់​ឆ្នោត​សន្ធឹកសន្ធាប់​នៅ​ក្នុង​ការបោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិទី៤ កាលពី​ឆ្នាំ២០១៧។

ទាក់ទង​នឹង​ការ​រួមរួមនេះ ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន មើល​ឃើញ​ថា ដើម្បី​អាច​ឱ្យ​គណបក្ស​តូចៗ​អាច​រួមរួម​គ្នា​បាន​កត្តា​ចម្បង​គឺ​ជំហរ​នយោបាយ។

លោក រ៉ុង ឈុន៖ «បើ​ការ​រួបរួម​យើង​មិន​បាន​ជជែក​ពី​ជំហរ​នយោបាយ រួបរួម​ទៅ​ក៏​មិន​ខ្លាំង​ដែរ ពីព្រោះ​ជំហរ​នយោបាយ​ខុសគ្នា។ ការ​រួបរួម​ខ្លាំង​ទៅ​បាន​លុះត្រាតែ​មាន​ជំហរ​នយោបាយ​ប្រហាក់ប្រហែល​គ្នា»។

ទាក់ទង​នឹង​ជំហរ​នយោបាយ​បក្ស​នេះ មាន​គណបក្ស​នយោបាយ​ចំនួន ២​ទៀត ដែល​ត្រូវ​បាន​បង្កើត​ដោយ​មន្ត្រី​គណបក្ស​សង្រ្គោះជាតិ​ដែរ ប៉ុន្តែ​ចុងក្រោយ​មេដឹកនាំ​គណបក្ស​ទាំង​២​នេះ​បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​កាន់អំណាច របស់​លោក ហ៊ុន សែន។

គណបក្ស​ទាំង២​នោះ​គឺ​គណបក្ស​ខ្មែរ​អភិរក្ស​និយម​របស់​លោក រៀល ខេមរិន្ទ្រ និង​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​បង្កើត​ដោយ​ក្រុម​លោក ជីវ កត្តា។ បច្ចុប្បន្ន​លោក រៀល ខេមរិន្ទ្រ មាន​ឋានៈ​ជា​ទេសរដ្ឋមន្ត្រី​ក្នុង​តួនាទី​ជា​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ដែល​បង្កើត​ដោយ​លោក ហ៊ុន សែន។ ចំណែក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ គណបក្ស​នេះ​បាន​ប្រកាស​រំលាយ​ខ្លួន​ឯង​កាល​ពី​ចុង​ខែ​កក្កដា​ឆ្នាំ២០២២ ក្រោយ​ទទួល​បាន​៥អាសនៈ ក្នុង​ការបោះឆ្នោត ឃុំ-សង្កាត់​អាណត្តិទី៥។ ភ្លាមៗ​នោះ​ដែរ​ប្រធាន​បក្ស លោក ជីវ កត្តា បាន​ទៅ​ចុះចូល​ជាមួយ​គណបក្ស​របស់​លោក ហ៊ុន សែន ដោយ​ប្ដូរ​បាន​តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា មើល​ឃើញ​ថា ការ​រួបរួមគ្នា​គឺ​ជា​រឿង​ល្អ​សម្រាប់​គណបក្ស​នយោបាយ​តូចៗ ប៉ុន្តែ​ពួកគេ​ស្ទើរ​តែ​គ្មាន​ឱកាស​នឹង​រីក​ធំធាត់​នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ។

លោក ឯម សុវណ្ណារ៉ា៖ «អ្នកនយោបាយ​ក៏​ថមថយ ហើយ​ការចូលរួម​របស់​ពលរដ្ឋ​ហ្នឹង​គឺ​គាត់​ចូលរួម ប៉ុន្តែ​គាត់​មិន​ចេញ​មុខ ឬ​ធ្វើ​សកម្មភាព​ដូច​ឆ្នាំ២០១៧ទេ។ ក្រោយ​គណបក្ស​សង្រ្គោះជាតិ​រំលាយ​ទៅ​​សកម្មភាព​ហ្នឹង​ថយ​ទៅៗ។ ពលរដ្ឋ​គាត់​ត្រូវ​នៅ​ស្ងៀម​ស្ងាត់ ដើម្បី​សុវត្ថិភាព ហើយ​តួអង្គ​ប្រជាធិបតេយ្យ​ធំៗ​បណ្ដាញ​ផ្សព្វផ្សាយ វិទ្យុ​ទូរទស្សន៍ កាសែត​ឯករាជ្យ​ថយ។ អង្គការ​សង្គម​ស៊ីវិល ដែល​ជ្រោមជ្រែង​ប្រជាធិបតេ្យ​ក៏​ថយ​សកម្មភាព​ខ្លួន​ឯង»។

ក្រុម​គណបក្ស​នយោបាយ​ដែល​អះអាង​ថា ខ្លួន​នៅ​តែ​បន្ត​កេរដំណែល ឬ​ស្មារតី​របស់​គណបក្ស​សង្រ្គោះជាតិ​ដូចជា៖ គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន គណបក្ស​កែទម្រង់​កម្ពុជា គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ជំនាន់​ថ្មី កំពុង​ប្រឹង​ធ្វើ​សកម្មភាព ដើម្បី​ត្រៀម​ចូលរួម​ការបោះឆ្នោត​នៅ​ឆ្នាំ២០២៧ និង​២០២៨​ខាង​មុខ។ ទោះជាយ៉ាងណា ពួកគេ​ជារឿយៗ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន ដោយ​សកម្មជន​នយោបាយ​ជា​ច្រើន​នាក់​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់​ដោយសារ​តែ​ការ​បញ្ចេញមតិ និង​សកម្មភាព​នយោបាយ​របស់​ខ្លួន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ