កម្ពុជា​ក្លាយ​ទៅជា​ប្រទេស​គ្រប់គ្រង​ផ្ដាច់​មុខ​របស់​ត្រកូល​ហ៊ុន​ ​ក្រោយ​ពី​អវត្តមាន​គណ​បក្ស​សង្រ្គោះជាតិ

0
274
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បង្ហោះរូប​លើ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

ដោយ ទីន ហ្សាការីយ៉ា

រាប់​មក​ទល់​នឹង​ថ្ងៃទី១៧ ខែ​វិច្ឆិកា​ឆ្នាំ២០២៥​​ គឺ​មាន​រយៈពេល​៨ឆ្នាំ​ហើយ​ ដែល រដ្ឋាភិបាល​ ​ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​រំលាយ​គណបក្ស​សង្រ្គោះជាតិ។

ក្រោយ​ពី​អវត្តមាន​គណបក្ស​ប្រឆាំង​ កម្ពុជា​បាន​ក្លាយ​ទៅជា​ប្រទេស​ដែល​គ្រប់​គ្រង​ផ្ដាច់​មុខ​របស់​ត្រកូល​ហ៊ុន និង ជា​ប្រទេស​បិទ​សិទ្ធិ​សេរីភាព។

អ្នក​តាមដាន​ការ​បោះឆ្នោត​និង​នយោបាយ​ លើក​ឡើង​ថា​ កម្ពុជា​ក្លាយ​ទៅ​ជា​ប្រទេស​ដែល​មាន​ត្រកូល​តែមួយ ដឹកនាំ​បែប​ឯក​បក្ស​ ទោះបីជា​សភា​ជាតិ​អាណត្តិ​ទី៧​ មាន​ពីរ​គណបក្ស​ក៏ដោយ។

លោក គឹម សុខ ប្រធាន​ស្ថាប័ន​យុទ្ធសាស្ត្រ​ និង​ ជា​អ្នកនាំពាក្យ នៃ​រដ្ឋាភិបាល​ និរទេស​ដែល​ទើបតែ​បង្កើត​​ដោយ​លោក សម រង្ស៊ី ដែល​គេ​អោយ​ឈ្មោះ​ថា​រដ្ឋាភិបាល កម្ពុជា​ឯករាជ្យ ២៣​តុលា​ មាន​ប្រសាសន៍​ ថា គិត​ចាប់​តាំង​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន​ បាន​រំលាយ​គណបក្ស​សង្រ្គោះជាតិ​ តាំង​ពី​ឆ្នាំ​២០១៧មក​ ត្រកូល​ហ៊ុន​ បាន​ក្ដោប​ក្ដាប់​អំណាច​ទាំង​មូល​ រួម​មាន​ អំណាច​តុលាការ នីតិប្បញ្ញត្តិ​ និង​អំណាច​ប្រតិបត្តិ។ លោក​ថា អ្នក​ដែល​មាន​មតិផ្ទុយ​ ឬ ​គណបក្សប្រឆាំង​ ត្រូវបាន​អាជ្ញាធរ​របប​ត្រកូល​ហ៊ុន​ចាប់​ញាត់​គុក​ឥត​ត្រា​ប្រណី។

លោក គឹម សុខ៖ «ក្រោយ​ពី​អវត្តមាន​គណបក្ស​ប្រឆាំង​(សង្គ្រោះជាតិ)​ កម្ពុជា​ក្រោម​ដឹកនាំ​ដោយ​គ្រួសារ​មួយ​មិនមែន​ដោយ​គណបក្ស​មួយ​ទេ​គឺ​ត្រកូល “ហ៊ុន”។ កម្ពុជា​បាត់បង់​ទាំងស្រុង​នូវ​មូលដ្ឋាន​ប្រជាធិបតេយ្យ​ ពីព្រោះ​ការបោះឆ្នោត​គេ​បើក​ឱ្យ​អ្នក​ណា​បោះ​ក៏បាន​ និង​គេ​ (ត្រកូល​ហ៊ុន) បិទ​អ្នក​គណបក្ស​នយោបាយ​ណា​ក៏បាន​ គេ​បើក​ឱ្យ​អ្នក​នយោបាយ​ណា​ក៏​បាន​ ស្រេច​តែ​គេ»។

អ្នក​ដែល​ ​ត្រូវ​បាន​​ក្រុម​លោក ហ៊ុន សែន ​ចាប់​ដាក់​គុក​ រួម​មាន​សកម្មជន​ដីធ្លី​ សកម្មជន​អង្គការ​មាតា​ធម្មជាតិ​​ សកម្មជន​នយោបាយ​ មេដឹកនាំ​សហជីព​ និង​ មេដឹកនាំ​គណបក្ស​នៅ​ក្រៅ​រដ្ឋាភិបាល ដូច​ជា លោក ស៊ុន ចន្ធី ប្រធាន​គណបក្ស​កម្លាំង​ជាតិ​​ជាដើម។ ការ​ចាប់​ខ្លួន​មនុស្ស​ទាំងនេះ​ដាក់​ពន្ធនាគារ​គ្មាន​គណបក្ស​ណាមួយ​​ងើប​តវ៉ា​ ហើយ​ក៏​គ្មាន​តំណាងរាស្ត្រ​ណា​ម្នាក់​ហ៊ាន​សម្ដែង​មតិ​នៅក្នុង​សភា និង​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដូច​កាល​ពីមុន​ទៀត​ដែរ។

ក្រោយ​ពី​អវត្តមាន​គណបក្ស​ប្រឆាំង ដែល​មាន​ពលរដ្ឋ​បោះ​ឆ្នោត​គាំទ្រ ជាង ៣លាន​នាក់ (ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ កាល​ពី​ខែមិថុនា ឆ្នាំ ២០១៧) ធ្វើ​ឲ្យ​រាស្ត្រ​ម្ចាស់​ឆ្នោត រងា​គ្មាន​អ្នក​តំណាង ដោយសារតែ​តំណាង​រាស្ត្រ​ទាំង ៥៥រូប ត្រូវ​ជាប់​បម្រាម​នយោបាយ​រយៈ​ពេល ៥ឆ្នាំ។ រីឯ​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​រូប​ផ្សេងទៀត ក្នុង​ជួរ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​របស់​បក្ស​ប្រឆាំង ក៏​ជាប់​បម្រាម​នេះ​ដែរ។ ជាង​នេះ​ទៅ​ទៀត តំណាង​ពលរដ្ឋ​នៅ​មូលដ្ឋាន​ .០០៧ នាក់​ ដែល​ជាប់​ជា​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ជិត ៥០០ (៤៨៩) ឃុំ​សង្កាត់ ក៏​បាត់បង់​ឱកាស​បម្រើ​រាស្ត្រ​ម្ចាស់​ឆ្នោត​ ដោយសារ​តែ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន បាន​ប្លន់​យក​តួនាទី​របស់​ពួក​គាត់។

លើស​ពី​នេះ​ទៀត​ រាល់​បញ្ហា​ទុក្ខ​កង្វល់ និង​សេចក្ដី​ត្រូវការ​របស់​ប្រជា​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ ត្រូវ​បាន​គេ​មើល​រំលង ដូច​ជា​បញ្ហា​ស្រូវ​ធ្លាក់​ថ្លៃ​ឬ​គ្មាន​ទីផ្សារ​ បញ្ហា​អាជ្ញាធរ​ថៃ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ផ្ទះ​នៅ​ខែត្រ​បន្ទាយមានជ័យ កាល​ពី​ពេល​ថ្មីៗ​នេះ​ជាដើម។​ គ្មាន​តំណាងរាស្ត្រ​ណា​ម្នាក់​កោះហៅ​តំណាង​រដ្ឋាភិបាល​មក​សួរ​នាំ ឬ​ចុះ​ទៅ​ជួយ​ពលរដ្ឋ​ដែល​ជួប​ប្រទះ​បញ្ហា​លំបាក​ទាំង​នេះ​ឡើយ។

ម្យ៉ាង​វិញ​ទៀត​រាល់​ការ​តវ៉ា​ ការ​ជួបជុំ ការ​ប្រមូល​ផ្តុំ​គ្នា ដើម្បី​លើក​ពី​កង្វល់​ផ្សេងៗ​ ត្រូវ​រង​ការ​បង្ក្រាប​ពី​អាជ្ញាធរ​រដ្ឋ និង​អ្នកខ្លះ​រង​ការ​ចោទ​ប្រកាន់​​ថា បង្កើត​ចលនា​បដិវត្ត​ពណ៌ ឬ​ចលនា​ឧទ្ទាម​​ក្រៅ​ច្បាប់​ជាដើម។ អ្នកខ្លះ​ទៀត រត់​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស​ ដើម្បី​គេច​ផុត​ពី​ការ​តាម​ធ្វើ​ទុក្ខបុកម្នេញ។

ក្រៅ​ពី​គោល​ដៅ​​បង្ក្រាប​អ្នករិះគន់ ឬ​គណបក្ស​ប្រឆាំង​នោះ​ លោក ហ៊ុន សែន​ ក៏​បង្រ្កាប​អតីត​កូន​​ចៅ​របស់​ខ្លួន​ដែរ​ ឱ្យ​តែ​ហ៊ាន​រិះគន់​ពី​ការ​ដឹកនាំ​របស់​ត្រកូល​ហ៊ុន។ ជាក់​ស្ដែង​អតីត​ឧត្តម​សេនីយ៍​យោធា​ផ្កាយ​១ លោក លី ដាវីត បាន​សរសេរ​សា​រលើ​ហ្វេសប៊ុក​របស់​ខ្លួន រិះគន់ លោក ហ៊ុន សែន ថា ធ្វើ​អ្វីៗ ដើម្បី​ការពារ​អំណាច និង​ដឹកនាំ​កម្ពុជា​ទាំង​ល្ងង់ខ្លៅ​នោះ ត្រូវ​បាន​តុលាការ​ចាប់ខ្លួន​ភ្លាម។

លោក ហ៊ុន សែន​ ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ ទោះជា​ត្រូវ​កម្ទេច​បក្ស​ប្រឆាំង​និង​ពលរដ្ឋ​ស្លូត​ត្រង់​ រួម​ទាំង​មនុស្ស​នៅក្នុង​បក្ស​របស់​ខ្លួន​បែប​នេះ ដើម្បី​មហិច្ឆតា​រក្សា​ស្ថិរភាព​អំណាច​ និង​ផែនការ​ផ្ទេរ​អំណាច​តពូជ។​ ជាក់ស្ដែង​​ រដ្ឋាភិបាល​របស់​អតីត​នាយក​រដ្ឋមន្រ្តី​​ បាន​រៀបចំការ​បោះឆ្នោត​បែប​ឆ្ពិនភ្នែក​ ដោយ​មាន​គណបក្ស​មួយ​ចំនួន​ចូលរួម​នៅ​ឆ្នាំ​២០១៨​។ លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ​ គ្មាន​គណបក្ស​ណាមួយ​ទទួល​បាន​អាសនៈ ក្រៅ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ឡើយ។

ដោយ​កាន់អំណាច​ផ្តាច់​មុខ​គ្មាន​គូប្រកួត​នៅ​គ្រប់​លំដាប់​ថ្នាក់​បែបនេះ​ ទាំង​មន្ត្រី​រដ្ឋាភិបាល​ ទាំង​សមាជិកសភា​ មិន​សូវ​រវីរវល់​យក​ចិត្ត​ទុកដាក់​នឹង​ពលរដ្ឋ​ឡើយ។

អ្នក​តាម​ដាន​ការ​បោះឆ្នោត​នៃ​អង្គការ​ខុមហ្វ្រែល​ (Comfrel) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា​ អាណត្តិ​ទី៦នេះ​ជា​អាណត្តិ​ដែល​សមាជិក​សភា​អសកម្ម​ មិន​សូវ​បាន​ធ្វើការ​បំរើ​ម្ចាស់​ឆ្នោត​ទេ។ រាល់​ទុក្ខកង្វល់​របស់​ពលរដ្ឋ​មិន​ត្រូវ​បាន​ដោះស្រាយ​ពិសេស​រឿង​ទំនាស់​ដីធ្លី​ និង​សិទ្ធិ​សំដែង​មតិ​ផ្សេងៗ​ត្រូវ​បាន​រិតត្បិត​កាន់​តែ​ខ្លាំង។

លោក កន សាវាង្ស៖ «កាល​ពី​អាណត្តិ​ទី៥​ សម័យ​គណបក្ស​សង្រ្គោះជាតិ​នៅ​យើង​ឃើញ​មាន​ការ​ជជែក​គ្នា​យ៉ាង​សកម្ម​នៅក្នុង​សភា តំណាងរាស្ត្រ​សកម្ម​ ការ​ជជែក​គ្នា​ធ្វើ​ច្បាប់​ក៏ដោយ​ការ​ចុះ​មូលដ្ឋាន​ក្ដី​។ អាណត្តិទី៦​គ្មាន​សកម្ម​ទេ​ ដោយ​សារ​តែ​មាន​បក្ស​តែ១​។ អាណត្តិ​ទី៧​នេះ​វិញ​ គឺ​មាន​គណបក្ស​ពីរ​នៅក្នុង​សភា​ក្ដី​ តែ​មិន​គ្រប់​កូរ៉ុម»។

ប្រជា​ពលរដ្ឋ​ សកម្មជន​បក្ស​​ប្រឆាំង​​រស់​នៅ​ក្នុង​ស្ថានភាព​​ភាព​ធុញ​ថប់។ មក​ដល់​ការ​រៀបចំ​ការ​បោះឆ្នោត​អាណត្តិ​ថ្មីទៀត​ក្នុង​​ឆ្នាំ​២០២៣គឺ​ពលរដ្ឋ​ និង​សកម្មជន​គណបក្ស​ប្រឆាំង​ហាក់​បីដូចជា​ មាន​សង្ឃឹម​វិញ​ខ្លះ​ ដោយ​ឃើញ​គណបក្ស​ដែល​ជា​ព្រលឹង​របស់​លោក សម រង្ស៊ី ប្រកាស​​ចូល​រួម​ការ​បោះឆ្នោត​គឺ​គណបក្ស​ភ្លើង​ទៀន។ ផ្ទុយ​ទៅវិញ​ ក្ដី​សង្ឃឹម​នេះ​ ត្រូវ​បាន​រលាយ​ទៅវិញ​ ដោយ​សារ​តែ​អាជ្ញាធរ​នៃ​របប​លោក​ ហ៊ុន សែន​ មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើងទៀន​ចូលរួម​ការ​បោះឆ្នោត​អាណត្តិទី៧​បាន។

មិន​យូរ​ប៉ុន្មាន លោក​ ហ៊ុន សែន​ បាន​មើល​ឃើញ​ពី​ផែនការ​ផ្ទេរ​អំណាច​កាន់​តែ​ច្បាស់​ និង​លែង​ជា​ឧបសគ្គ​ទៀត​ហើយ។ លោក​បាន​ប្រកាស​ជា​សាធារណៈ​​នៅថ្ងៃទី២៦ ខែ​កក្កដា ឆ្នាំ​២០២៣​ថា​ លោក​នឹង​ចុះចេញ​ពី​តំណែង​ ហើយ​កូន​ប្រុស​ច្បង​របស់​លោក​ នឹង​ឡើង​ដឹកនាំ​ប្រទេស​បន្ត​ពី​លោក។

ការ​ប្រកាស​នេះ​ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​បោះឆ្នោត​អាណត្តិទី៧​ ដែល​គេ​បាន​រៀបចំឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ការ​បោះឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​ជា​ថ្មី​ម្ដង​ទៀត​ ដោយ​គ្មាន​ដៃគូ ឬ​គណ​បក្ស​ប្រឆាំង​ដ៏​ធំ​ជាងគេ​ចូល​រួម​ប្រកួត។ សភាជាតិ​បាន​បើកសម័យ​ប្រជុំ​នៅ​ថ្ងៃទី​២២​សីហា​ឆ្នាំ២០២៣​ ដើម្បី​បោះឆ្នោត​គាំទ្រ​​ លោក ហ៊ុន ម៉ាណែត ​​ជា​នាយក​រដ្ឋមន្ត្រី​ ដោយ​គ្មាន​ការជំទាស់​ពី​សមាជិក​សភា​ណាមួយ​ឡើយ ទោះ​បី​ជា​សភា​អាណត្តិ​ទី៧នេះ​ មាន​តំណាង​រាស្រ្ត​មក​ពី​​គណបក្សហ៊្វុនស៊ិនប៉ិច ​៥​អាសនៈក្ដី។

ទោះបី​រដ្ឋសភា មាន​អំណាច​ត្រួតពិនិត្យ​សកម្មភាព របស់​រដ្ឋាភិបាល​រហូតដល់​អាច​ទម្លាក់​សមាជិក​គណៈរដ្ឋមន្ត្រី ឬ​ទម្លាក់​រាជ​រដ្ឋាភិបាល​ក៏ដោយ ប៉ុន្តែ​សមាជិក​សភា​ មិន​ត្រឹមតែ​មិន​បាន​ប្រើប្រាស់​អំណាច​របស់​ខ្លួន ឱ្យ​សម​តាម​គន្លង​ប្រជាធិបតេយ្យ​ដែល​រដ្ឋធម្មនុញ្ញ​បាន​ប្រគល់​អំណាច​ឱ្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ក្លាយ ជា​ស្ថាប័ន​ចាំតែ​ប្រថាប់ត្រា ឬ​សម្រួល​កិច្ចការ​ជា​ប្រយោជន៍​នយោបាយ​ជូន​ដល់ ឪពុក​និង​កូន​តែ​ប៉ុណ្ណោះ​។ ជាក់ស្ដែង​ដូចជា​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ ស្ដីពី​ការរៀបចំ​ការបោះឆ្នោត​ ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ ច្បាប់​ដាក់​ប្រទេស​នៅ​ក្នុង​ភាព​អាសន្ន​និង​ ថ្មីៗ​នេះ វិសោធនកម្ម​ ច្បាប់​ដក​សញ្ជាតិ​ជាដើម។ ការ​ធ្វើ​វិសោធនកម្ម​ និង​​ការ​ធ្វើ​ច្បាប់​ទាំង​នេះ​ គ្មាន​សមាជិក​សភា​រូប​ណា​ ហ៊ាន​ងើប​ជំទាស់​ ដូចដែល​សមាជិក​សភា​គណបក្ស​សង្រ្គោះជាតិ​ធ្លាប់​ធ្វើ​កាល​ពីមុន​ទៀត​នោះ​​ទេ។

របាយការណ៍​អង្គការ​តម្លាភាព​អន្តរជាតិ រក​ឃើញ​ថា រដ្ឋសភា​កម្ពុជា​គ្មាន​អំណាច​ត្រួត​ពិនិត្យ​អ្វី​ទាំងអស់​លើ​រដ្ឋាភិបាល​ក្រោយ​ពី​អវត្តមាន​បក្ស​ប្រឆាំង។ ហើយ​នាយក​រដ្ឋមន្ត្រី​មក​ពី​បក្ស​ប្រជាជន​កម្ពុជា មាន​ឥទ្ធិពល​កាន់តែ​ខ្លាំង។

គណបក្ស​ប្រឆាំង ឬ​សំឡេង​ជំទាស់ ការ​ត្រួតពិនិត្យ​តាមដាន​របស់​សភា​ប្រកប​ដោយ​ប្រសិទ្ធភាព លើ​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​ និង​ស្ថាប័ន​នានា​របស់​រដ្ឋាភិបាល​នោះ បាន​​​ធ្លាក់ចុះ​ស្ទើរតែ​​គ្មាន​សកម្មភាព។ បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​នាយក​រដ្ឋមន្ត្រី​ លោក ហ៊ុន ម៉ាណែត​ និង​ លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ មាន​ឥទ្ធិពល​ហួស​ប្រមាណ​ច្បាម​យក​អំណាច​ផ្ដាច់​មុខ​របស់​ត្រកូល​ហ៊ុន​​ ហើយ​ច្រានចោល​សំឡេង​រិះគន់​ទាំង​ឡាយ ​រួម​ទាំង​សំឡេង​ជំទាស់​ដែល​ចេញ​មក​ពី​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លួន​ឯង​ថែម​ទៀត​ផង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ