

ជនរងគ្រោះនៃក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) របស់លោក ហ៊ុន តូ មួយចំនួនបានត្រឹមតែខកចិត្ត និងអស់សង្ឃឹមទទួលបានលុយមកវិញ បន្ទាប់ពីក្រុមហ៊ុននេះបានបង្កកលុយពួកគេដែលមានក្នុងគណនីអស់រយៈពេលជាច្រើនខែ។ អ្នកឃ្លាំមើលថា ជនរងគ្រោះមិនគួរនាំគ្នាសំងំមិនធ្វើអ្វីសោះនោះទេ និងគួរប្រមូលផ្ដុំគ្នាតវ៉ាដោយសន្តិវិធី ដើម្បីទាមទារឱ្យលោក ហ៊ុន តូ និងធនាគារជាតិចេញមុខទទួលខុសត្រូវតាមផ្លូវច្បាប់។
ជនរងគ្រោះភាគច្រើនដែលត្រូវបានក្រុមហ៊ុន ហួយវ័ន ផេ បង្កកលុយនៅក្នុងគណនីបានត្រឹមតែសម្ដែងការខកចិត្តតាមបណ្ដាញសង្គម និងរិះគន់ចំណាត់ការអន្តរាគមន៍របស់ធនាគារជាតិកន្លងមកថា គ្មានប្រសិទ្ធភាពធ្វើឱ្យពួកគាត់ទទួលបានលុយមកវិញនោះទេ។
ជនរងគ្រោះភាគច្រើនក៏ហាក់បន្តរក្សាភាពស្ងៀមស្ងាត់រង់ចាំដំណោះស្រាយជាច្រើនខែ ដោយមិនហ៊ានដាក់ពាក្យប្ដឹងតវ៉ា ឬស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធឡើយ ដោយសារតែក្រុមហ៊ុនដែលបង្កកលុយអតិថិជននោះគឺជាក្រុមហ៊ុនរបស់អ្នកមានអំណាចកំពូលនៅកម្ពុជា។

អតិថិជនហួយ វ័ន ផេ ម្នាក់ថ្លែងសុំមិនបញ្ចេញឈ្មោះឱ្យទូរទស្សន៍អាស៊ីសេរីដឹងថា មកដល់ពេលនេះក្រុមហ៊ុននៅតែបង្កកលុយកញ្ញាដែលមានក្នុងគណនីមិនអាចដកបានឡើយ។ កញ្ញាថា មកដល់ពេលនេះ ក្រុមហ៊ុនក៏គ្មានការផ្ដល់ដំណឹងថា អាចដកលុយចេញពីគណនីបាននៅពេលណានោះទេ។
ប្រភពដដែលបន្តថា សម្រាប់អតិថិជនដែលមានលុយច្រើនក្នុងគណនីក៏មិនអាចដកបានម្ដងទាំងអស់បានដែរ គឺបានត្រឹមតែចំនួនកំណត់ដោយក្រុមហ៊ុនមួយថ្ងៃ ៥រយដុល្លារតែប៉ុណ្ណោះ។ ចំណែក អតិថិជនដែលចង់ដកលុយតាមភ្នាក់ងារហួយវ័ន ផេ គឺត្រូវខាត ៥០ភាគរយពោលដក ១រយដុល្លារ បានតែ ៥០ដុល្លារតែប៉ុណ្ណោះ។
កន្លងមក ក្រុមហ៊ុន ហួយវ័ន ផេ បានប្រកាសថា អតិថិជនដែលមានប្រាក់ក្នុងគណនីចាប់ពី ១ម៉ឺនដុល្លារ ឬតិចជាងនេះ ត្រូវបានចាត់ទុកថា ជាក្រុមអាទិភាពក្នុងការដកប្រាក់។ ទោះជាយ៉ាងណា ក្រុមហ៊ុនបានកំណត់ចំនួនដកប្រាក់ត្រឹមតែ ៥រយដុល្លារ ឬតិចជាងនេះប៉ុណ្ណោះក្នុងមួយថ្ងៃ។ លើសពីនេះ អតិថិជនមិនអាចដកប្រាក់បានដោយសេរីនោះទេ គឺត្រូវរង់ចាំការជូនដំណឹងពីក្រុមហ៊ុនតាមកម្មវិធី ហួយវ័ន ផេ ជាមុនសិនទើបអាចទៅដកប្រាក់នៅសាខាបាន។
ក្រុមហ៊ុន ហួយវ័ន ផេ របស់បងជីដូនមួយលោក ហ៊ុន ម៉ាណែត គឺលោក ហ៊ុន តូ បានប្រកាសបង្កកលុយអតិថិជនកាលពីចុងឆ្នាំ២០២៥ បន្ទាប់ពីទទួលរងទណ្ឌកម្មពីសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងអំពើលាងលុយកខ្វក់ និងអំពើឆបោកតាមអនឡាញ។ ក្រុមហ៊ុននេះក៏ត្រូវបានធនាគារជាតិនៃកម្ពុជាដកអាជ្ញាប័ណ្ណតាំងពីឆ្នាំ២០២៤ ដោយសារអនុវត្តខុសច្បាប់ ក៏ប៉ុន្តែក្រុមហ៊ុនបានប្ដូរឈ្មោះជា អេច ផេ (H-Pay) វិញសម្រាប់បន្តដំណើរការដល់សព្វថ្ងៃដោយគ្មានស្ថាប័នណាហ៊ានបើកការស៊ើបអង្កេតឡើយ។

ប្រធានចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ លើកឡើងថា ការព្រងើយកន្តើយរបស់ធនាគារជាតិដែលមិនចាត់វិធានការលើក្រុមហ៊ុន ហួយវ័ន ផេ គឺជារឿងខុសច្បាប់។ អ្នកស្រីថា ជនរងគ្រោះមិនគួរនាំគ្នាសំងំមិនធ្វើអ្វីសោះនោះទេ យ៉ាងហោចណាស់គួរប្រមូលផ្ដុំគ្នាតវ៉ាដោយសន្តិវិធី និងប្រើសិទ្ធិស្របច្បាប់ ដើម្បីទាមទារឱ្យលោក ហ៊ុន តូ និងធនាគារជាតិទទួលខុសត្រូវលើលុយកាករបស់ខ្លួន។
អ្នកស្រី មូរ សុខហួរ៖ «យកសិទ្ធិរបស់ខ្លួនយកមកប្រើទៅ អត់មានអ្នកណាអាចបំបាក់សិទ្ធិយើងបានទេ បើយើងធ្វើជារួម។ ជនរងគ្រោះដទៃទៀតដោយការឆបោកពីឧកញ៉ា រហូតដល់ពេលនេះ តើមានបានរឹបអូសយកទ្រព្យសម្បត្តិរបស់ឧកញ៉ាអស់ទាំងនោះដែលជាអ្នកឆបោកនោះ យកមកសងអតិថិជនវិញទេ? អត់ទេ ពីព្រោះរបបនេះគឺជារបបការពារអ្នកមានអំណាច។ គេយកអំណាចគេមកប្រមូលផ្តុំ យើងត្រូវយកអំណាចយើងជាពលរដ្ឋជាម្ចាស់លុយមកប្រមូលផ្តុំទាំងអស់គ្នា។ បើយើងចាំប្រព័ន្ធតុលាការនៅប្រទេសកម្ពុជាមកជួយ យើងឃើញហើយរាប់ឆ្នាំអ្នកទទួលរងគ្រោះរាប់ម៉ឺននាក់»។
ក្រៅពីអតិថិជន ហួយវ័ន ផេ ក៏មានអតិថិជនរងគ្រោះជាច្រើនពីក្រុមហ៊ុន និងធនាគារផ្សេងទៀតដូចជា ព្រីនស៍ គ្រុប (Prince Group) ធនាគារពាណិជ្ជ Panda និងធនាគារ អេភីឌី (APD Bank) របស់កូនប្រុសអតីតសមាជិកព្រឹទ្ធសភាបក្សកាន់អំណាចលោក ឡាវ ម៉េងឃីន ជាដើម ដែលបានបង្កកលុយអតិថិជន។
អ្នកស្រី មូរ សុខហួរ លើកឡើងថា នេះជាសញ្ញាដែលប្រព័ន្ធធនាគារនៅកម្ពុជាកំពុងប្រឈមដួលរលំហើយ។ អ្នកស្រីលើកឡើងថា បណ្ដាញធនាគារនៅកម្ពុជាក្រោមការដឹកនាំដោយរដ្ឋាភិបាលត្រកូល ហ៊ុន បង្កើតឡើងមិនមែនដើម្បីជួយឱ្យសេដ្ឋកិច្ចជាតិរឹងមាំ និងពង្រីកអាជីវកម្មប្រជាពលរដ្ឋឡើយ គឺបង្កើតដើម្បីបម្រើឱ្យក្រុមបណ្ដាញឆបោកតាមអនឡាញសម្រាប់លាងលុយកខ្វក់៕









