

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន អំពាវនាវឲ្យតុលាការទម្លាក់បទចោទលើរូបលោកដើម្បីបង្ហាញឲ្យឃើញពីការរួបរួមជាតិ និងបើកលំហសេរីភាពនយោបាយឡើងវិញ បន្ទាប់ពីសាលាឧទ្ធរណ៍បានចេញដីកាកោះហៅ បង្គាប់ឱ្យលោកចូលទៅសាលាឧទ្ធរណ៍នៅថ្ងៃទី៣១ ខែមីនា ដើម្បីជំនុំជម្រះ លើសំណុំរឿង “ញុះញង់បង្ក ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១៨ មីនា ថា លោកពុំមានការព្រួយបារម្ភអ្វីនោះទេ ទាក់ទងទៅនឹងការជំនុំជម្រះនៅថ្ងៃខាងមុខនេះ ព្រោះទាំងអង្គការជាតិ អន្តរជាតិ បានមើលឃើញយ៉ាងច្បាស់រួចទៅហើយ ជាការរឹតត្បិតសិទ្ធិសេរីភាពមូលដ្ឋាន និងសិទ្ធិសេរីភាពលំហនយោបាយ។
លោក រ៉ុង ឈុន អះអាងថា សំណុំរឿងនេះគឺជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់។ លោកថា ការចោទប្រកាន់របស់តុលាការមកលើរូបលោកគឺផ្ទុយពីការពិត ពីព្រោះពាក្យថាញុះញង់លុះត្រាតែលោកចុះទៅតំបន់ណាមួយធ្វើឲ្យមានចលាចល រឺមួយធ្វើឲ្យប៉ះពាល់ទៅដល់សណ្ដាប់ធ្នាប់សង្គម នោះទើបជាការញុះញង់។
លោក រ៉ុង ឈុន៖ «ប៉ុន្តែបើតុលាការលោកគិត តម្កល់ផលប្រយោជន៍ជាតិជាធំ អាហ្នឹងនៅពេលថ្ងៃសវនាការត្រូវទម្លាក់បទចោលនេះចោលហើយដើម្បីស្តារមុខស្តារមាត់កម្ពុជាឡើងវិញ»។
ការលើកឡើងរបស់ទីប្រឹក្សាគណបក្សកម្លាំងជាតិ រូបនេះ បន្ទាប់ពីសាលាឧទ្ធរណ៍ភ្នំពេញបានចេញដីកាកោះហៅបង្គាប់ឱ្យលោក រ៉ុង ឈុន ចូលទៅសាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ២:០០ រសៀល នៅសាលសវនាការទី ១ ជាកំណត់ ដើម្បីជំនុំជម្រះ ពីបទ “ញុះញង់បង្ក ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម (ការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម)” ។
ទាក់ទងទៅនឹងបទចោទនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក សឹង សែនករុណា បានឲ្យដឹងថា ការចោទប្រកាន់ និងការផ្ដន្ទាទោស លោក រ៉ុង ឈុន កន្លងមក ធ្វើឱ្យមតិជាតិ និងអន្តរជាតិ កាន់តែមើលឃើញថា កម្ពុជា កំពុងតែដើរផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យដោយបង្កើតឱ្យមានបរិយាកាសនយោបាយមិនល្អមុនការបោះឆ្នោតឆ្នាំ២០២៨។
លោក សឹង សែនករុណា អំពាវនាវឱ្យ រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់សិទ្ធិសេរីភាពពេញលេញ និងយុត្តិធម៌ ដល់លោក រ៉ុង ឈុន ដើម្បីបង្កើតបរិយាកាសនយោបាយល្អប្រសើរឡើងវិញ ក៏ដូចជាការបង្ហាញឱ្យឃើញពីការផ្សះផ្សាបង្រួបបង្រួមជាតិ និងឯកភាពផ្ទៃក្នុងជាតិ។
ក្នុងពេលនេះ លោក រ៉ុង ឈុន មិនត្រឹមតែរុំព័ទ្ធទៅដោយសំណុំរឿងចាស់ដោះស្រាយមិនចេញនោះទេ ថែមទាំងត្រូវតុលាការចោទប្រកាន់ក្នុងសំណុំរឿងថ្មីថែមទៀត។ នៅឆ្នាំ២០២១ ក្នុងសំណុំរឿងចាស់ពីបទ ញុះញង់នេះ សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសឱ្យលោក រ៉ុង ឈុន ជាប់ពន្ធនាគារ រយៈពេល២ឆ្នាំម្ដងរួមមកហើយ។ ការសម្រេចនេះ ដោយសារលោកចុះទៅខេត្តត្បូងឃ្មុំ ហើយរិះគន់ពីបញ្ហាព្រំដែន។ ក្រោយមក តុលាការក៏បង្គាប់ឱ្យលោក រ៉ុង ឈុន សងសំណងទៅគណៈកម្មការព្រំដែនជិត ១០ម៉ឺនដុល្លារផងដែរ ពីករណីនេះ។ ក្រោយមកនៅខែឧសភា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញក៏បានសម្រេចផ្ដន្ទាទោសលោក រ៉ុង ឈុន ឲ្យជាប់ក្នុងពន្ធនាគាររយៈពេល៤ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀលពីបទមិនរាងចាល និងដកហូតសិទ្ធិធ្វើនយោបាយជាស្ថាពរ គឺគ្មានសិទ្ធិបោះឆ្នោត និងគ្មានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត។
អ្នកឃ្លាំមើលអះអាងថា តាមរយៈករណី លោក រ៉ុង ឈុន គេសង្កេតឃើញមានមតិរិះគន់ពីមហាជនច្រើន រួមទាំងអង្គការជាតិ អន្តរជាតិ ដែលមតិរិះគន់ ភាគច្រើន គឺពាក់ព័ន្ធនឹងការរឹតត្បិតសិទ្ធិសេរីភាពមូលដ្ឋាន និងសិទ្ធិសេរីភាពលំហនយោបាយ។
ទាក់ទងនឹងការដកហូតសិទ្ធិធ្វើនយោបាយជាស្ថាពរ គឺមានអ្នកនយោបាយខ្មែរចំនួន៣នាក់ហើយដែលត្រូវតុលាការរបបត្រកូលហ៊ុនដកសិទ្ធិធ្វើនយោបាយ គឺប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា អតីតប្រធានគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី និងទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន៕









