

ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការងារលើវិស័យបរិស្ថាន គ្រោងប្រារព្ធទិវាព្រៃឈើអន្តរជាតិឆ្នាំ២០២៦ ដើម្បីជំរុញឲ្យមានការការពារព្រៃឈើ និងធនធានធម្មជាតិពិតប្រាកដ និងលើកយកបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ក្នុងកិច្ចការការពារព្រៃឈើ។
ក្រុមអង្គការសង្គមស៊ីវិលជិត១០ស្ថាប័ន ដែលធ្វើការងារខាងវិស័យបរិស្ថាន គ្រោងប្រារព្ធទិវាព្រៃឈើអន្តរជាតិឆ្នាំ២០២៦ នៅថ្ងៃទី២២ ខែមីនា លើប្រធានបទ ជីវិត និងព្រៃឈើដើម្បីជំរុញឲ្យមានការការពារព្រៃឈើ និងធនធានធម្មជាតិពិតប្រាកដ។ ក្រុមអង្គការសង្គមស៊ីវិលទាំងនោះរួមមាន សមាគមបណ្ដាញយុវជនកម្ពុជា អង្គការសមធម៌កម្ពុជា និងសមាគមយុវជនខ្មែរជាដើម។
នៅក្នុងវេទិកានេះ នឹងផ្ដល់ឱកាសឲ្យយុវជនសហគមន៍មូលដ្ឋាន បញ្ចេញមតិ អំពីបញ្ហាប្រឈម និងរកដំណោះស្រាយ ក្នុងកិច្ចការការពារព្រៃឈើ លើកកម្ពស់ការចូលរួមរបស់យុវជន សហគមន៍ និងភាគីពាក់ព័ន្ធ ក្នុងការអភិរក្ស និងការគ្រប់គ្រងព្រៃឈើប្រកបដោយចីរភាព និងពង្រឹងអភិបាលកិច្ចព្រៃឈើតាមរយៈកិច្ចសហការរវាងយុវជន សហគមន៍មូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានានិរន្តរភាពកិច្ចការពារព្រៃឈើឱ្យមានប្រសិទ្ធភាព។
ប្រធានប្រតិបត្តិនៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ម៉ើ ចាន់ដារ៉ា ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២០ ខែមីនាថា វេទិកានេះ និងប្រមូលនូវទុក្ខកង្វល់ និងបញ្ហាប្រឈមមួយចំនួនរបស់សហគមន៍មូលដ្ឋាន បង្ហាញទៅកាន់រដ្ឋាភិបាលឲ្យស្វែងរកដំណោះស្រាយ និងត្រូវទប់ស្កាត់បទល្មើសព្រៃឈើនៅតំបន់ការពារឲ្យមានប្រសិទ្ធភាព។ លើសពីនោះ ចែករំលែងចំណេះដឹងអំពីសារសំខាន់ នៃព្រៃឈើ ទៅសាធារណជន និងជំរុញឲ្យពលរដ្ឋ និងអ្នកពាក់ព័ន្ធរួមគ្នាការពារព្រៃឈើ និងធនធានធម្មជាតិ ដើម្បីផលប្រយោជន៍សង្គមជាតិទៅថ្ងៃខាងមុខ។ លោកបន្ថែមទៀតថា រដ្ឋាភិបាល ត្រូវតែអនុវត្តច្បាប់ឲ្យមានតម្លាភាព មិនគួរចាប់អ្នកការពារបរិស្ថានដាក់ពន្ធនាគារ និងផ្ដន្ទាទោសពួកគេយ៉ាងតឹងរ៉ឹង ចំណែកអ្នកប្រព្រឹត្តបទល្មើសព្រៃឈើបែរជាមិនមានការដាក់ទោសទណ្ឌទៅវិញ។
លោក ម៉ើ ចាន់ដារ៉ា៖ «ជំរុញគោលនយោបាយជាតិ ជាមួយគោលនយោបាយធនធានធម្មជាតិដែលមានស្រាប់ឲ្យវាមានប្រសិទ្ធភាព យើងចង់ឃើញក្រសួងបរិស្ថាន ជាពិសេសរាជរដ្ឋាភិបាលចាត់វិធានការទៅលើជនខិលខួចជាពិសេសភាគីពាក់ព័ន្ធដែលបើកដៃឲ្យមានបទល្មើស ដូចចំណាត់ការទៅលើសកម្មជនបរិស្ថានអ៊ីចឹង មិនត្រឹមពិន័យត្រឹមនីតិរដ្ឋបាលទេ គឺរុញពួកគាត់ទៅនីតិវិធីតុលាការរឹបអូសទ្រព្យសម្បត្តិ ដាក់ទោសឲ្យធ្ងន់ធ្ងរជាពិសេសអ្នកពីក្រោយដែលរួមគំនិតឃុបឃិតធ្វើឲ្យបទល្មើសព្រៃឈើនៅតំបន់ការពារនេះ»។
ការប្រារព្ធទិវាព្រៃឈើអន្តរជាតិនេះ ក្រុមអង្គការសង្គមស៊ីវិល តែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីជំរុញឱ្យរដ្ឋាភិបាលត្រកូលហ៊ុនយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសនៅតំបន់ការពារប្រកបដោយប្រសិទ្ធភាព។ ពួកគេរំពឹងថា រដ្ឋាភិបាលបច្ចុប្បន្ន នឹងនាំយកនូវបញ្ហាប្រឈមរបស់សហគមន៍ និងព្រៃឈើ ទៅរកដំណោះស្រាយ និងឈប់ធ្វើទុក្ខបុកម្នេញសកម្មជនបរិស្ថាន និងបើកចំហសិទ្ធិសេរីភាពឲ្យសហគមន៍មូលដ្ឋានបានចូលរួមការពារព្រៃឈើដូចដើមវិញ។
កាលពីថ្ងៃទី០៤ ខែមីនា កន្លងទៅ សកម្មជនការពារព្រៃឡង់ នៅខេត្តព្រះវិហារ បានចុះស៊ើបអង្កេត ដោយរកឃើញថា មានដើមឈើមូលធំៗ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ រាប់រយដើម ត្រូវបានក្រុមជនល្មើស កាប់ផ្ដួល និងអាច្រៀកដឹកចេញពីតំបន់ព្រៃអភិរក្សមួយនេះ ដោយគ្មានមន្ត្រីជំនាញយកចិត្តទុកដាក់បង្ក្រាបបទល្មើសទាំងអស់នេះឡើយ។
ទាក់ទិនរឿងនេះ ក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា ដើម្បីធានាដល់បរិស្ថាន និងសុចរិតភាពសង្គម រដ្ឋាភិបាល គួរតែមានតម្លាភាព និងប្រកាន់ខ្ជាប់នូវការការពារសង្គម និងបរិស្ថានឲ្យបានតឹងរ៉ឹង។ លើសពីនេះ បញ្ឈប់ការរឹតត្បិត ដល់មន្ត្រីសង្គមស៊ីវិល យុវជន និងសហគមន៍មូលដ្ឋាន ដែលរស់នៅតំបន់នោះ តាមរយៈបើកឱ្យពួកគាត់ចូលល្បាតព្រៃដោយសេរី ពេលនោះព្រៃឈើនឹងកាត់បន្ថយការចូលកាប់ឈើធ្វើអាជីវកម្ម និងទន្ទ្រានដីព្រៃពីសំណាក់ជនល្មើសតាមអំពើចិត្តដូចបច្ចុប្បន្ននេះ៕









