លោក រ៉ុង ឈុន ដាក់​ពាក្យ​ពន្យារពេល​ចូល​សវនាការ​លើ​សំណុំ​រឿង “​ញុះញង់​”

0
40
ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ​លោក រ៉ុង ឈុន (កណ្ដាល) ប្រធាន​គណបក្ស​លោក ជា មុន្នី (ស្ដាំ) និង​អគ្គនាយក​រដ្ឋបាល​បក្ស​លោក ផុន សុភា ក្នុង​សន្និសីទ​សារព័ត៌មាន កាល​ពី​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៥។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ​លោក រ៉ុង ឈុន (កណ្ដាល) ប្រធាន​គណបក្ស​លោក ជា មុន្នី (ស្ដាំ) និង​អគ្គនាយក​រដ្ឋបាល​បក្ស​លោក ផុន សុភា ក្នុង​សន្និសីទ​សារព័ត៌មាន កាល​ពី​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៥។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ដាក់ពាក្យ​ស្នើសុំ​សូម​សាលាឧទ្ធរណ៍​ពន្យារពេល​ចូល​សវនាការ​នៅ​ថ្ងៃទី​៣១ ខែមីនា លើ​សំណុំ​រឿង “​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​” ដោយសារ​មេធាវី​របស់​លោក​ជាប់​រវល់។ ទោះជា​យ៉ាងណា លោក​សង្ឃឹមថា តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ដល់​លោក​ប្រសិនបើ​តុលាការ​គិត​គួរ​ដល់​ផលប្រយោជន៍​ជាតិ​ជាធំ។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​២៤ មីនា ថា លោក​ពុំ​មាន​ការ​ព្រួយបារម្ភ​អ្វី​នោះ​ទេ​នៅក្នុង​សំណុំរឿង​របស់​លោក ប៉ុន្តែ​ការ​ស្នើ​សុំ​ពន្យារពេល​ចូល​សវនាការ​នេះ ដោយសារតែ​មេធាវី​របស់​លោក​ជាប់​រវល់ ដូច្នេះ​លោក​មិនអាច​ឡើង​សវនាការ​ដោយ​គ្មាន​មេធាវី​បាន​ឡើយ។

លោក រ៉ុង ឈុន អះអាង​ថា សំណុំ​រឿង​នេះ ទាំង​អង្គការ​ជាតិ និង​អន្តរជាតិ បាន​មើលឃើញ​យ៉ាង​ច្បាស់​រួច​ទៅ​ហើយ​ថា ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​មូលដ្ឋាន និង​សិទ្ធិ​សេរីភាព​លំហ​នយោបាយ ច្រើនជាង​ការអនុវត្ត​ច្បាប់​។ ប៉ុន្តែ​លោក​ថា ប្រើ​សិន​បើ​តុលាការ តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ នោះ​តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ដល់​រូបលោក ដើម្បី​ឲ្យ​លោក​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ធ្វើ​សកម្មភាព​នយោបាយ។

លោក រ៉ុង ឈុន៖ «បើ​តុលាការ​ឈរ​ទៅលើ​វិជ្ជាជីវៈ ហើយ​ឯករាជ្យ តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ អាហ្នឹង​ខ្ញុំ​នឹង​ទទួល​បាន​នូវ​យុត្តិធម៌ ទទួល​បាន​នូវ​សេរីភាព​ឡើងវិញ ហើយ​យើង​ដឹង​ហើយ តុលាការ​ក៏​ត្រូវ​គិតថា អំពី​ផល​ចំណេញ​និង​ផល​ខាត ថា​តើ​សម្រេច​ទោស​ហ្នឹង ថា​តើ​វា​មាន​ផល​ចំណេញ​អី ដែល​ចោទប្រកាន់»។

ការ​ស្នើសុំ​ពន្យារពេល​ចូល​សវនាការ របស់​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ រូប​នេះ បន្ទាប់ពី​សាលាឧទ្ធរណ៍​ភ្នំពេញ បាន​ចេញ​ដីកា​កោះហៅ បង្គាប់​ឱ្យ លោក រ៉ុង ឈុន ចូល​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២៦ វេលា​ម៉ោង ២:០០ រសៀល នៅ​សាល​សវនាការ​ទី​១ ជា​កំណត់ ដើម្បី​ជំនុំជម្រះ ពី​បទ “​ញុះញង់​បង្ក ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម (​ការ​មិន​រាងចាល​ក្នុង​បទមជ្ឈិម​បន្ទាប់ពី​ការ​ផ្ដន្ទាទោស​បទមជ្ឈិម​)” ។

ទាក់ទង​ទៅ​នឹង​សំណុំរឿង​នេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក សឹង សែនករុណា បាន​ឲ្យ​ដឹង​ថា កម្ពុជា​កំពុងតែ​ដើរ​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ​ដោយ​បង្កើត​ឱ្យ​មាន​បរិយាកាស​នយោបាយ​អាប់អួ​នៅមុន​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២៧ និង​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៨ ដែល​រង​នូវ​ការរិះគន់​ពី​សហគមន៍​អន្តរជាតិ។

លោក សឹង សែន​ករុណា បន្ថែម​ថា ដើម្បី​បង្កើត​បរិយាកាស​នយោបាយ​ល្អ​ប្រសើរ​ឡើងវិញ តុលាការ​ត្រូវតែ​ធ្វើការ​ទៅលើ​សំណុំរឿង​របស់​លោក រ៉ុង ឈុន ដោយ​ឈរ​លើ​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​សម្រេចចិត្ត​។ តុលាការ​មិន​ត្រូវ​ធ្វើ​កា​រ​ទៅតាម​អារម្មណ៍ រឺ​ក៏​តាម​ការ​បង្គាប់​បញ្ជា របស់​អ្នកនយោបាយ​នោះ​ទេ។

លោក សឹង សែន​ករុណា៖ «អីចឹង​ការ​ចាត់វិធានការ​ទៅលើ​លោក​រ៉ុង ឈុន ក្នុង​សំណុំ​រឿង​របស់​លោក​នេះ​គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ ហើយ​យើង​ឃើញថា​រង​ការរិះគន់​អំពី​សហគមន៍​អន្តរជាតិ​ជាច្រើន អីចឹង​ដើម្បី​បញ្ចប់​នូវ​ការចោទប្រកាន់ រឺក៏​ដាក់​សម្ពាធ​ផ្សេងៗ​ពី​សហគមន៍​អន្តរជាតិ តុលាការ​គួរតែ​ពិនិត្យ​អំពី​សំណុំ​រឿង​របស់​លោក រ៉ុង ឈុន គួរតែ​មាន​ការ​ទម្លាក់​ចោល​នូវ​បទចោទប្រកាន់ ហើយ​ផ្តល់​នូវ​សិទ្ធិ​សេរីភាព​ពេញលេញ​ទៅដល់ រ៉ុង ឈុន»។

កាលពី​ឆ្នាំ​២០២១ នៅក្នុង​សំណុំ​រឿង​ចាស់​ពី​បទ ញុះញង់​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ឱ្យ​លោក រ៉ុង ឈុន ជាប់​ពន្ធនាគារ រយៈពេល​២​ឆ្នាំ​ម្ដង និង​បង្គាប់​ឱ្យ សង​សំណង​ទៅ​គណៈកម្មការ​ព្រំដែន​ជិត​១០​ម៉ឺន​ដុល្លារ​។ ការសម្រេច​នេះ ដោយសារ​លោក​ចុះទៅ​ខេត្ត​ត្បូងឃ្មុំ ហើយ​រិះគន់​ពី​បញ្ហា​ព្រំដែន​។ ក្រោយមក​នៅ​ខែឧសភា ឆ្នាំ​២០២៥ សាលាដំបូង​រាជធានី​ភ្នំពេញ​ក៏បាន​សម្រេច​ផ្ដន្ទាទោស​លោក រ៉ុង ឈុន​ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​រយៈពេល​៤​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៤​លាន​រៀល​ពី​បទ​មិន​រាងចាល និង​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​ជា​ស្ថាពរ គឺ​គ្មាន​សិទ្ធិ​បោះឆ្នោត និង​គ្មាន​សិទ្ធិ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​អស់​មួយ​ជីវិត។

អ្នកឃ្លាំមើល​អះអាង​ថា តាមរយៈ​ករណី លោក រ៉ុង ឈុន គេ​សង្កេតឃើញ​មាន​មតិ​រិះគន់​ពី សហគមន៍​ជាតិ និង​អន្តរជាតិ ពាក់ព័ន្ធ​នឹង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ធ្វើ​នយោបាយ សិទ្ធិ​បញ្ចេញមតិ និង​ការ​បិទផ្លូវ​អ្នកនយោបាយ​ដែល​មាន​ទស្សនៈ​ប្រឆាំង​ទៅ​នឹង​បក្ស​កាន់អំណាច៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ