

បណ្ដាញក្រុមហ៊ុនផ្ទេរទូទាត់លុយតាមអនឡាញដែលត្រូវបានសង្ស័យថា បង្កើតឡើងបម្រើឱ្យបណ្ដាញឧក្រិដ្ឋជនលាងលុយកខ្វក់កំពុងរីកលូតលាស់នៅកម្ពុជា ខណៈក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) របស់លោក ហ៊ុន តូ ដែលរងការចោទប្រកាន់ថា ជាក្រុមហ៊ុនលាងលុយកខ្វក់នោះនៅតែបន្តដំណើរដោយគ្មានស្ថាប័នណាហ៊ានបើកការស៊ើបអង្កេតឡើយ។ ធនាគារជាតិនៃកម្ពុជាបានប្រកាសចំពោះក្រុមហ៊ុនផ្ទេរទូទាត់ខុសច្បាប់មួយទៀតគឺក្រុមហ៊ុន «ផាយ ឬផាយ ផេ» (Pai/Pai Pay) និងព្រមានមិនឱ្យសាធារណជនដាក់លុយចូលក្នុងកម្មវិធីនេះឡើយ ដោយសារមានហានិភ័យខ្ពស់ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ។
ធនាគារជាតិនៃកម្ពុជាបានអំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្នខ្ពស់ចំពោះអំពើឆបោកតាមអនឡាញ និងការខាតបង់លុយកាក់ដោយសារតែពាក់ព័ន្ធនឹងក្រុមហ៊ុន «ផាយ ឬផាយ ផេ» ដែលកំពុងដំណើរការអាជីវកម្មហិរញ្ញវត្ថុដោយខុសច្បាប់នៅលើទឹកដីកម្ពុជា។
ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី២៤ ខែមីនា ចេញសេចក្ដីប្រកាសថា កម្មវិធីទូទាត់លុយ «ផាយ ឬផាយ ផេ» គ្មានអាជ្ញាប័ណ្ណទទួលស្គាល់ពីធនាគារជាតិឡើយ និងកំពុងចរាចរណ៍តាមបណ្ដាញសង្គមតេឡេក្រាម (Telegram) និងនៅលើកម្មវិធីលើទូរស័ព្ទ (App Store/Google Play) ដើម្បីឱ្យអតិថិជនទាញយកមកប្រើប្រាស់ដោយខុសច្បាប់។ ធនាគារជាតិបញ្ជាក់ថា កម្មវិធីនេះមានមុខងារដូចជា កាបូបលុយអេឡិចត្រូនិក (Wallet) ការដាក់ប្រាក់ ផ្ទេរប្រាក់ និងទូទាត់ប្រាក់ដែលគ្មានការត្រួតពិនិត្យត្រឹមត្រូវពីសំណាក់អាជ្ញាធរឡើយ។ លើសពីនេះទៀត ក្រុមហ៊ុនក៏បានផ្សព្វផ្សាយកម្មវិធីនេះយ៉ាងទូលំទូលាយតាមបណ្ដាញសង្គម និងបង្ហាញទីតាំងទីស្នាក់ការមួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ជាដើម។ ធនាគារជាតិអះអាងថា កំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស្រាវជ្រាវ និងបង្ក្រាបលើការផ្សព្វផ្សាយកម្មវិធីទាត់ទូទាត់លុយខុសច្បាប់មួយនេះ។
ទន្ទឹមនឹងធនាគារជាតិអះអាងចាត់វិធានការលើក្រុមហ៊ុន ផាយ ផេ មកដល់ពេលនេះគ្មានស្ថាប័នមានសមត្ថកិច្ចណាហ៊ានបើកការស៊ើបអង្កេតលើក្រុមហ៊ុន ហួយវ័ន ផេ របស់លោក ហ៊ុន តូ ដែលធនាគារជាតិបញ្ជាក់ថា ជាក្រុមហ៊ុនខុសច្បាប់ និងបានដកអាជ្ញាប័ណ្ណតាំងពីឆ្នាំ២០២៤។ មិនតែប៉ុណ្ណោះក្រុមហ៊ុន ហួយវ័ន ផេ បានប្តូរឈ្មោះជា អេច-ផេ (H-Pay) ដើម្បីបន្តដំណើរអាជីវកម្មខុសច្បាប់របស់ខ្លួន រីឯអតិថិជនដែលមានលុយក្នុងកម្មវិធីនេះក៏ត្រូវបានក្រុមហ៊ុនបង្កកដកមិនបាន។
ក្រុមហ៊ុន ហួយវ័ន ផេ របស់លោក ហ៊ុន តូ គឺមានកម្មវិធីទូទាត់លុយតាមអនឡាញ និងត្រូវបានអាមេរិកដាក់ទណ្ឌកម្មចូលក្នុងបញ្ជីខ្មៅដោយសារតែពាក់ព័ន្ធនឹងអំពើលាងលុយកខ្វក់ឱ្យឧក្រិដ្ឋជនឆបោកតាមអនឡាញ និងក្រុមហែកឃឺ (Hacker) កូរ៉េខាងជើងក្នុងទំហំទឹកប្រាក់យ៉ាងហោចណាស់ជិត ៥ពាន់លានដុល្លារ។
កម្មវិធីទូទាត់លុយតាមអនឡាញ ផាយ ផេ ក៏មានទម្រង់ដូចគ្នាស្ទើរតែទាំងស្រុងទៅនឹងកម្មវិធី ហួយវ័ន ផេ របស់លោក ហ៊ុន តូ ដែលមានការបម្លែងលុយក្នុងប្រព័ន្ធធនាគារ (USD) ទៅជាលុយសម្រាប់វិនិយោគក្នុងរូបិយប័ណ្ណគ្រីបតូ (Crypto)។ កម្មវិធី ផាយ ផេ និងហួយវ័ន ផេ ក៏មានការគាំទ្រចំពោះការផ្ទេរលុយទៅក្រៅប្រទេសឆាប់រហ័សក្នុងមួយដងអាចមានចំនួនរាប់លានដុល្លារដោយមិនចាំបាច់ឆ្លងកាត់ប្រព័ន្ធធនាគារ។
អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ ប្រាប់ទូរទស្សន៍អាស៊ីសេរីថា កម្មវិធីទូទាត់លុយតាមអនឡាញ ផាយ ផេ និងហួយវ័ន ផេ គឺមានទម្រង់សេវាកម្មតែមួយដែលបង្កើតឡើងទទួលបានការកាងពីសមាជិកក្រុមគ្រួសារត្រកូល ហ៊ុន ដើម្បីបម្រើឱ្យក្រុមឧក្រិដ្ឋជននៅកម្ពុជាអាចលាងលុយកខ្វក់របស់ពួកគេបាន។ លោកបន្ថែមថា នៅពេលបណ្ដាញឧក្រិដ្ឋជនយកទឹកដីកម្ពុជាធ្វើជាជម្រកឧក្រិដ្ឋកម្ម រកចំណូលបានរាប់ពាន់លានដុល្លារពីអំពើឆបោកតាមអនឡាញ ការបង្កើតបណ្ដាញប្រព័ន្ធហិរញ្ញគឺជាតម្រូវការរបស់ឧក្រិដ្ឋជន ដើម្បីពួកគេងាយស្រួលលាងលុយខុសច្បាប់។
លោក គឹម សុខ៖ «ឧក្រិដ្ឋកម្មអនឡាញរបស់ក្រុមគ្រួសារ ហ៊ុន ហ្នឹង វារីកដុះដាល ប្រមូលលុយបានរាប់ពាន់លានដុល្លារទៅហើយ មិនដឹងថា យកទៅលាងឯណាឱ្យអស់ ដូច្នេះគេបង្កើតគឺធនាគារចេញមុខ ដូច ហួយវ័ន ផេ (Huione Pay) ហួយវ័ន គ្រុប (Huione Group) ធនាគារ ព្រីនស៍ (Prince Bank) របស់ ចេន ហ្ស៊ី (Chen Zhi) ធនាគារផ្សេងៗហ្នឹង។ ទី២៖ គេបង្កើតក្រុមហ៊ុនធំៗមួយចំនួន ដែលអត់រកស៊ីអីទេ ប៉ុន្តែឃើញតែចំណេញ។ ទី៣៖ គេបង្កើតក្រុមហ៊ុនខ្មៅដោយមិនចាំបាច់មានអាជ្ញាប័ណ្ណពីធនាគារជាតិអីទេ ផ្ទេរលុយពីកន្លែងមួយទៅកន្លែងមួយងាយៗក្នុងន័យលាងលុយពីបណ្ដាញឧក្រិដ្ឋកម្មអនឡាញ។ ពីព្រោះឧក្រិដ្ឋកម្មអនឡាញលុយច្រើនណាស់ បើគេមិនបង្កើតបណ្ដាញដើម្បីលាងលុយឱ្យច្រើន គេមិនដឹងលាងលុយដែលរាប់ពាន់លានដុល្លារហ្នឹងអស់តាមរបៀបណាទេ»។
ជាមួយគ្នានេះដែរ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរមានមូលដ្ឋានប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា លើកឡើងថា ធនាគារជាតិ និងស្ថាប័នពាក់ព័ន្ធគប្បីបង្ហាញការអនុវត្តផ្លូវច្បាប់លើក្រុមហ៊ុនលោក ហ៊ុន តូ ដើម្បីទប់ស្កាត់ការរីករាលដាលក្រុមហ៊ុនដូរលុយខុសច្បាប់ផ្សេងទៀត ដោយមិនមែនត្រឹមតែចេញសេចក្ដីអំពាវនាវឱ្យមហាជនប្រុងប្រយ័ត្ន ពីការប្រឈមរងគ្រោះដោយសារក្រុមហ៊ុនខុសច្បាប់ទាំងនោះទេ។ លោកយល់ថា ក្នុងពេលដែលកម្ពុជាសម្បូរដោយសាររឿងរ៉ាវឧក្រិដ្ឋកម្ម រីឯប្រព័ន្ធហិរញ្ញវត្ថុបង្កើតឡើងសម្រាប់បម្រើឱ្យឧក្រិដ្ឋជនលាងលុយកខ្វក់ដូច្នេះ គឺសេដ្ឋកិច្ចជាតិនឹងកាន់តែដុនដាប ដោយសារតែអ្នកវិនិយោគិនធំៗគ្មានទំនុកចិត្ត។
លោក ស៊ឹង សែនករុណា៖ «ការចាត់ការរបស់មេដឹកនាំប្រទេសចំពោះបញ្ហាដែលពាក់ព័ន្ធទៅនឹងរឿងវិបត្តិសេដ្ឋកិច្ច សង្គម និងបញ្ហាធនាគារនេះ នៅតែអត់ទាន់ធ្វើឱ្យចំគោលដៅនៅឡើយទេ ជាហេតុដែលធ្វើឱ្យប្រទេសជាតិធ្លាក់ក្នុងវិបត្តិ ហើយធ្វើឱ្យប្រជាពលរដ្ឋទទួលរងគ្រោះដោយសារតែការបណ្ដែតបណ្ដោយឱ្យឧក្រិដ្ឋជនទាំងអស់នោះ នៅតែបន្តធ្វើកិច្ចការងាររបស់ខ្លួនបាន។ ជាពិសេសគ្រួសារមេដឹកនាំ និងឧកញ៉ាគ្រាក់ៗនៅក្នុងជួរថ្នាក់ដឹកនាំរបស់គណបក្សកាន់អំណាចជាដើមហ្នឹងឯង ដែលមិនត្រូវបានចាត់វិធានការ ហើយអ្នកទាំងនេះគេសង្ស័យថា ជាអ្នកប្រព្រឹត្តផ្ទាល់ផង ហើយក៏ជាអ្នកនៅពីក្រោយឧក្រិដ្ឋកម្មទាំងអស់នោះផង ទើបឧក្រិដ្ឋកម្មទាំងរឿងឆបោកអនឡាញ ទាំងរឿងលាងលុយកខ្វក់អីទាំងអស់នេះនៅតែបន្តកើតមានឡើងនៅប្រទេសកម្ពុជាយើងដដែល»។
អង្គការសហប្រជាជាតិ (UN) និងអ្នកជំនាញផ្នែកឧក្រិដ្ឋកម្មបានព្រមានចំពោះការកើនឡើងនៃឧក្រិដ្ឋកម្មឆ្លងដែនជាពិសេសអំពើឆបោកតាមអនឡាញ លាងលុយកខ្វក់ និងតែងតែក្រើនរំលឹកដល់រដ្ឋាភិបាលត្រកូល ហ៊ុន ឱ្យចាត់វិធានការតឹងរ៉ឹងបង្ក្រាបឱ្យចំមេខ្លោងធំៗពាក់ព័ន្ធឧក្រិដ្ឋកម្មទាំងនេះ ដើម្បីទប់ស្កាត់កុំឱ្យកម្ពុជាធ្លាក់ចូលក្នុងបញ្ជីប្រផេះ ឬបញ្ជីខ្មៅរបស់ក្រុមការងារអន្តរជាតិសកម្មភាពហិរញ្ញវត្ថុ (FATF) ជាថ្មីទៀត។ អ្នកឃ្លាំមើល ជំរុញឱ្យរដ្ឋាភិបាលត្រកូល ហ៊ុន តម្កល់ផលប្រយោជន៍ជាតិជាធំ និងទម្លាក់ចោលការឃុបឃិតរកស៊ីធ្វើជំនួញជាមួយបណ្ដាញឧក្រិដ្ឋជន និងងាកមកស្ដារប្រទេសជាតិឱ្យមានការដឹកនាំស្របតាមច្បាប់ដោយមិនមែនដឹកនាំបែបឧក្រិដ្ឋកម្មដូចពេលបច្ចុប្បន្ន៕









