យោធា​ថៃ​ពង្រីក​កម្លាំង​ទ័ព​នៅ​តំបន់​ព្រំដែន ក្រោយ​កម្ពុជា​ចោទ​រឿង​គប់​គ្រាប់បែកដៃ​មក​លើ​ទាហាន​ខ្មែរ

0
27
ទិដ្ឋភាពយោធាថៃ​បង្ហាញរថក្រោះ កាលពីថ្ងៃទី១៩ មិថុនា ២០២៦។ រូប៖ បណ្ដាញសង្គមទាហានថៃ
ទិដ្ឋភាពយោធាថៃ​បង្ហាញរថក្រោះ កាលពីថ្ងៃទី១៩ មិថុនា ២០២៦។ រូប៖ បណ្ដាញសង្គមទាហានថៃ

យោធា​ថៃ​បាន​ចល័ត​ទ័ព និង​សព្វាវុធ​បន្ថែម​មកកាន់​តំបន់​ព្រំដែន​ប្រាសាទ​តា​ក្របី បន្ទាប់ពី​មាន​ហេតុការណ៍​កងកម្លាំង​របស់​កម្ពុជា​បាន​ទទួលរង​ការវាយប្រហារ​ដោយ​គ្រាប់បែកដៃ ដែល​ភាគី​កម្ពុជា​បាន​អះអាង​ថា គឺជា​ការ​លួច​វាយប្រហារ​របស់​ទាហាន​ថៃ។ ក្រោយ​ការ​អះអាង​របស់​កម្ពុជា​នេះ យោធា​ថៃ​បាន​ចេញ​មក​បដិសេធ និង​ប្រតិកម្ម​ទៅវិញ ដោយ​ព្រមាន​ពី​ការ​ប្រឈម​មុខ​ដាក់គ្នា​សាជាថ្មី និង​បាន​ចោទ​ត្រឡប់​មក​ភាគី​កម្ពុជា​វិញ​ថា បាន​ប្រឌិត​ករណីនេះ​ដើម្បី​យក​លេស​ចល័ត​ទ័ព​មកកាន់​តំបន់​ព្រំដែន។

យោធា​ថៃ​បាន​ដាក់​ពង្រាយ​ទ័ព និង​សព្វាវុធ​បន្ថែម​ទៀត​ទៅកាន់​តំបន់​ប្រាសាទ​តា​ក្របី និង​តំបន់​ដែល​នៅ​ជុំវិញ បន្ទាប់ពី​ភាគី​ទាំងពីរ​បាន​តតាំង​គ្នា ក្រោយពី​មាន​ករណី​ទាហាន​ខ្មែរ​មួយ​ក្រុម​បាន​ទទួល​រង​ការវាយប្រហារ​ដោយ​គ្រាប់បែកដៃ។

តាមរយៈ​វីដេអូ​របស់​កងកម្លាំង​ថៃ ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ពេល​ថ្មីៗ​នេះ ការ​ចល័ត​ទ័ព​របស់​យោធា​ថៃ​បាន​ធ្វើឡើង​ដោយ​បែង​ចែក​ជា​ផ្នែកៗ ដោយមាន​ការ​ដឹក​ជញ្ជូន​ទ័ពថ្មើរជើង ទាហាន​ឈុត​ខ្មៅ និង​មួយ​ផ្នែក​ទៀត​ជា​ក្រុម​ដឹកជញ្ជូន​សព្វាវុធ​ធុន​ធ្ងន់​ដូចជា​កាំភ្លើង​ធំ និង​រថក្រោះ​ទៅកាន់​ទីតាំង​សំខាន់ៗ​។ ក្រៅពី​នេះ​យោធា​ថៃ​បាន​ពង្រីក​លេណដ្ឋាន​កាន់តែ​ធំ និង​រឹងមាំ​ជាង​មុន និង​បាន​ពង្រីក​ការ​កសាង​ផ្លូវ​យុទ្ធសាស្ត្រ​តាម​បណ្ដោយ​ព្រំដែន​ជាច្រើន​ទីតាំង​បន្ថែម​ទៀត។

ការ​កែ​សម្រួល​កម្លាំង​ទ័ព​របស់​យោធា​ថៃ​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ករណី​គប់​គ្រាប់បែកដៃ​វាយប្រហារ​មក​លើ​ទាហាន​ខ្មែរ​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់​ចំនួន​៤​នាក់ ក្នុងភូមិ​សាស្ត្រ​ថ្ម​ដូន ក្បែរ​តំបន់​ប្រាសាទ​តា​ក្របី កាលពី​ថ្ងៃទី​៥ ខែកក្កដា។

ក្នុង​ករណី​នេះ ក្រសួង​ការពារជាតិ​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​ថា ករណីនេះ​បាន​កើត​ឡើង​បន្ទាប់ពី​ទាហាន​ខ្មែរ​បាន​ដើរ​ល្បាត​តាម​បណ្ដោយ​បន្លា​លួស និង​បាន​ជ្រួស​គ្នា​ជាមួយ​ទាហាន​ថៃ​មួយ​ក្រុម ដែល​កំពុង​ដើរ​ល្បាត​នៅ​ម្ខាង​ទៀត ហើយ​នៅពេល​កងកម្លាំង​កម្ពុជា​បាន​ធ្វើ​ដំណើរ​ហួស​ផុត​គ្នា​បន្តិច​ក៏​ស្រាប់​តែ​មាន​ការ​ផ្ទុះ​គ្រាប់បែក​ចំនួន​មួយ​គ្រាប់ នៅ​ពីក្រោយ​កង​ល្បាត​របស់​ទាហាន​ខ្មែរ។

ដោយឡែក​ភាគី​ទាហាន​ខ្មែរ​ដែល​ឈរជើង​ក្នុង​តំបន់​នោះ​បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ករណីនេះ​បាន​បង្កឡើង​ដោយ​ភាគី​ទាហាន​ថៃ ដែល​បាន​យក​គ្រាប់បែកដៃ​រុំ​នឹង​ក្រណាត់ និង​គប់​មកកាន់​ទាហាន​ខ្មែរ​។ ទាហាន​ខ្មែរ​បាន​អះអាង​ថា ការ​លប​ឆ្មក់​វាយប្រហារ​របស់​ភាគី​ទាហាន​ថៃ​នេះ គឺ​បណ្ដាលមកពី​ជម្លោះ​ពាក្យសម្ដី​ដែល​ជា​ញឹកញាប់​ភាគី​ទាំង​ពីរ​បាន​ប៉ះទង្គិច​គ្នា ជាពិសេស​នៅពេល​ទាហាន​ថៃ​បាន​ចូល​មក​រាយ​បន្លា​លួស​ក្នុង​ទឹកដី​កម្ពុជា ហើយ​ត្រូវ​ទាហាន​ខ្មែរ​ចូល​មក​ហាមឃាត់។

ទោះជា​យ៉ាងណា កងទ័ព​ភូមិភាគ​ទី​២​របស់​ថៃ បាន​ចេញ​សេចក្ដីថ្លែងការណ៍​សាជាថ្មី​នៅ​ថ្ងៃទី​៨ ខែកក្កដា នេះ ដោយ​អះអាង​ថា ករណីនេះ​គឺ​បង្កឡើង​ដោយ​ទាហាន​ខ្មែរ​បាន​ដើរ​ជាន់​មីន​នៅក្នុង​ទឹកដី​របស់​ខ្លួន និង​រក​លេស​ចោទប្រកាន់​មក​លើ​ទាហាន​ថៃ​ដែល​កំពុង​ប្រតិបត្តិការ​នៅក្នុង​តំបន់​នោះ ដើម្បី​រក​លេស​ចល័ត​កម្លាំង​ទ័ព។

ទន្ទឹម​គ្នា​នេះ​ក្រសួង​ការបរទេស​ថៃ បាន​ចេញ​សេចក្ដីថ្លែងការណ៍ ដោយ​ព្រមាន​កម្ពុជា​ឱ្យ​បញ្ឈប់​ការចោទប្រកាន់​មក​លើ​ភាគី​ថៃ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បទ​ឈប់​បាញ់ និង​នាំ​ឱ្យ​មាន​ភាព​តានតឹង ដែល​ឈាន​ដល់​ការ​ប្រឈម​មុខ​ដាក់គ្នា​សាជាថ្មី​នៅ​តំបន់​ព្រំដែន។

បន្ថែម​ពីលើ​នេះ សេនាធិការ​យោធា​ថៃ​បាន​ព្រមាន​ថា ប្រសិនបើ​កម្ពុជា​នៅតែ​បន្ត​យក​ករណី​ផ្ទុះអាវុធ​នៅ​តាម​ព្រំដែន​មក​ចោទប្រកាន់​ភាគី​ថៃ​ទៀត​នោះ រឿង​នេះ​នឹង​ក្លាយជា​ឧបសគ្គ​សម្រាប់​ការ​ស្ដារ​ស្ថិរភាព និង​សន្តិភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​ទាំងមូល។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​៨ ខែកក្កដា។

ជុំវិញ​រឿង​នេះ ប្រធាន​អ្នកឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ឃើញ​ថា សកម្មភាព​របស់​យោធា​ថៃ គឺ​មាន​ចេតនា​បង្កហេតុ​ដើម្បី​រក​លេស​ផ្ទុះអាវុធ និង​បើក​ការឈ្លានពាន​មក​លើ​កម្ពុជា​សាជាថ្មី​។ លោក​បន្ត​ថា ការណ៍​ដែល​យោធា​ថៃ​អាច​រំលោភបំពាន​មក​លើ​ភាគី​កម្ពុជា​ម្ដង​ហើយ​ម្ដងទៀត​បែបនេះ ក៏​ដោយសារ​មេដឹកនាំ​កម្ពុជា មាន​គោលជំហរ​មិន​ច្បាស់លាស់ និង​ប្រើ​យុទ្ធសាស្ត្រ​ការទូត​បែប​ទន់ជ្រាយ​ហួសហេតុ នៅក្នុង​ការ​ដោះស្រាយ​ជម្លោះព្រំដែន​ជាមួយ​ភាគី​ថៃ។

លោក ម៉ែន ណាត​៖ «ហើយ​សម្រាប់​កម្ពុជា​យើង ទំនងជា​លោក ហ៊ុន ម៉ាណែ​ត ហ្នឹង បាក់ស្បាត គ្មាន​មធ្យោបាយ អញ្ចឹង​មានតែ​សុំ​អង្វរ​ថៃ​ឲ្យ​ចូល​តុ​ចរចា​។ ហើយ​បញ្ហា​ដែល​ថៃ​កំពុងតែ​ឈ្លានពាន​ទឹកដី​ខ្មែរ​ហ្នឹង អត់​ដេញដោល​ឲ្យ​វា​ពេញទំហឹង ពេញលេញ ទេ ហើយ​អង្គុយ​សូត្រ​ទ្រឹស្ដី​នៅ​ឯ​ភ្នំពេញ​ហ្នឹង​ទៅ​។ ចំណែកឯ​សៀម​ឈ្លានពាន​តាម​ទំនើងចិត្ត ជាក់ស្ដែង​នៅ​តាម​ព្រំដែន មិនដឹង​ហ៊ាន​ធ្វើ​អី​គេ​ទេ»។

ទាហាន​ខ្មែរ​លើកឡើង​ថា បច្ចុប្បន្ន​ស្ថានភាព​នៅ​តំបន់​ព្រំដែន​ប្រាសាទ​តា​ក្របី ហាក់​មាន​ភាព​តានតឹង ដោយ​ទាហាន​ថៃ​បាន​ពង្រីក​លេណដ្ឋាន​មក​ក្បែរ​ទីតាំង​ទាហាន​ខ្មែរ​កាន់តែ​ជិត​ជាង​មុន ខណៈ​តំបន់​ខ្ពស់​ភាគច្រើន​ត្រូវ​ទាហាន​ថៃ​ចូលកាន់​កាប់ ចំណែក​ទាហាន​ខ្មែរ​បាន​ត្រឹម​ឈរជើង​នៅ​ចង្កេះភ្នំ ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​ភាគី​ទាហាន​ថៃ​អាច វាយឆ្មក់​មក​លើ​ទាហាន​ខ្មែរ​បាន​ដោយ​ងាយស្រួល៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ