អាជ្ញាធរ​ថៃ​បន្ត​ចាប់ខ្លួន​អ្នក​បើក​ល្បែង​អនឡាញ​ដែល​លួច​ឆ្លងដែន​ខុសច្បាប់

0
21
ទិដ្ឋភាពទាហាន​ថៃ​ចាប់ខ្លួន​ជនជាតិ​ថៃ និង​ចិន ជាប់​ពាក់ព័ន្ធ​ល្បែង​អនឡាញ​នៅ​កម្ពុជា បាន​លួច​ឆ្លងដែន​ពី​កម្ពុជា​ កាល​ពីថ្ងៃទី៧ កក្កដា ២០២៦។ រូប៖ កាសែតថៃ
ទិដ្ឋភាពទាហាន​ថៃ​ចាប់ខ្លួន​ជនជាតិ​ថៃ និង​ចិន ជាប់​ពាក់ព័ន្ធ​ល្បែង​អនឡាញ​នៅ​កម្ពុជា បាន​លួច​ឆ្លងដែន​ពី​កម្ពុជា​ កាល​ពីថ្ងៃទី៧ កក្កដា ២០២៦។ រូប៖ កាសែតថៃ

អាជ្ញាធរ​ថៃ​បន្ត​ប្រតិបត្តិ​ការ​ចាប់ខ្លួន​ជនជាតិ​ថៃ និង​ជនជាតិ​បរទេស​មួយចំនួន​ជា​បន្តបន្ទាប់​ដែល​រត់​ចេញពី​កម្ពុជា ចូល​ទៅ​ប្រទេស​ថៃ​។ អាជ្ញាធរ​អះអាង​ថា ពួកគេ​គឺជា​ប្រតិបត្តិ​ករ​ល្បែង​អនឡាញ​ខុសច្បាប់​។ អ្នកឃ្លាំមើល​អះអាង​ថា ករណី​មាន​ប្រតិបត្តិ​ករ​ល្បែង​អនឡាញ​លប​លួច​ឆ្លងដែន​បាន ដោយសារ​មន្ត្រី​រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ក្នុង​ការ​បង្ក្រាប​ក្រុម​ល្បែង​អនឡាញ​នៅ​កម្ពុជា​ពិតប្រាកដ និង​ដោយសារ​ជំងឺ​ពុករលួយ​ចាក់ស្រេះ​នៅ​កម្ពុជា។

ទាហាន​ល្បាត​ព្រំដែន​ថៃ​បាន​ចាប់ខ្លួន​ជនជាតិ​ថៃ និង​ចិន ជាប់​ពាក់ព័ន្ធ​ល្បែង​អនឡាញ​នៅ​កម្ពុជា បាន​លួច​ឆ្លងដែន​ពី​កម្ពុជា​ចូល​មក​ប្រទេស​ថៃ ដើម្បី​ស្វែងរក​ការងារ​ធ្វើ​បន្ត និង​មួយចំនួន​ចង់​បន្ត​លួច​ឆ្លងដែន​ទៅ​ប្រទេស​ចិន​វិញ​។ នេះ​បើ​តាម​សារព័ត៌មាន​ថៃ​បាន​ចុះផ្សាយ។

ជាក់ស្តែង កាលពី​ថ្ងៃទី៧ ខែ​កក្កដា ទាហាន​ថៃ​បាន​ចាប់ខ្លួន​មនុស្ស​៣​នាក់ សញ្ជាតិ​ថៃ ក្នុង​នោះ​មាន​ប្រុស​២​នាក់ ស្ត្រី​ម្នាក់ លួច​ឆ្លងដែន​ដើរ​ថ្មើរជើង លូន​ក្រោម​របង​លួស​ដែល​ថៃ​បាន​រាយ តាម​ច្រក​ធម្មតា ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បី​ចូល​ប្រទេស​ខ្លួន​វិញ។ ក្នុងចំណោម​៣​នាក់​នោះ មាន​ម្នាក់​មាន​ដីកា​ចាប់ខ្លួន​ពី​តុលាការ ពាក់ព័ន្ធ​សំណុំរឿង​ក្តី​៥​ករណី​ផង​ដែរ។

មនុស្ស​ទាំង​៣​នាក់​នោះ​បាន​សារភាព​ប្រាប់​អាជ្ញាធរ​ថៃ​ថា ពួកគាត់​បាន​ធ្វើ​ការ​ខុស​ច្បាប់​ជា​អ្នកគ្រប់គ្រង​គេហទំព័រ​ល្បែងស៊ីសង​អនឡាញ ២​ប្រភេទ ដែល​មាន​ឈ្មោះថា វ៉ោវស្លូត ១៦៨៨(Wowslot1688) និង​មួយទៀត​ឈ្មោះថា ៧៨៩ ប៊ែ​តថ៍ (789Bet) នៅ​ក្រុង​ប៉ោយប៉ែត ប្រទេស​កម្ពុជា ចាប់តាំងពី​ខែកក្កដា ឆ្នាំ​២០១៥​។ ប៉ុន្តែ​នៅ​ដើមឆ្នាំ​២០២៦ អាជ្ញាធរ​កម្ពុជា​បាន​បើក​ប្រតិបត្តិ​ការ​បង្ក្រាប​លើ​ជនបរទេស និង​អាជីវកម្ម​ខុសច្បាប់ ដែល​បណ្តាល​ឱ្យ​ពួកគាត់​បាត់បង់​ប្រាក់ចំណូល ហើយ​គេហទំព័រ​ល្បែងស៊ីសង​ទាំងនោះ​ដួល​រលំ និង​បិទទ្វារ ធ្វើ​ឱ្យ​ពួកគាត់​គ្មាន​ការងារ​ធ្វើ និង​សម្រេច​លួច​ឆ្លងដែន​ចូល​ប្រទេស​ថៃ​វិញ។

ទាហាន​ល្បាត បាន​ចាប់ខ្លួន​ពួកគាត់ និង​បញ្ជូន​ទៅ​ឲ្យ​មន្ត្រី​នគរបាល​ស្រុក​ខ្លងលឹក ដើម្បី​ស៊ើបអង្កេត​និង​ចាក់​ការ​តាម​នីតិវិធី​ច្បាប់។

ចំណែក​ក​កាលពី​ថ្ងៃទី៥ ខែ​កក្កដា កងទ័ពជើងទឹក​ថៃ បាន​ចាប់ខ្លួន​ជនជាតិ​ចិន កម្ពុជា និង​បង់ក្លាដេស ចំនួន​៨​នាក់ បាន​លួច​ឆ្លងដែន​ចូល​ប្រទេស​ថៃ ហើយ​លាក់ខ្លួន​ក្នុង​ចម្ការ​មៀន​មួយ​កន្លែង ក្នុងស្រុក​ពង់ណាំរ៉ុន ខេត្ត​ចន្ទបុរី។ ក្នុង​ចំណោម​ពួកគេ​ទាំង​៨​នាក់ មាន​៣​នាក់ ធ្វើការ​នៅក្នុង​កាស៊ីណូ​មួយ​កន្លែង ក្នុង​រាជធានី​ភ្នំពេញ ហើយ​ចង់​វិលត្រឡប់​ទៅ​ប្រទេស​ចិន​វិញ តាមរយៈ​មេខ្យល់ ដែល​នាំ​ឆ្លងដែន​តាម​ច្រក​ធម្មតា ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ អាជ្ញាធរ​ថៃ​បាន​ឃាត់ខ្លួន ហើយ​ប្រគល់​ពួកគាត់​ទៅ​ឱ្យ​មន្ត្រី​ស៊ើបអង្កេត និង​មន្ត្រី​អន្តោប្រវេសន៍​ថៃ ដើម្បី​បន្ត​នីតិវិធី​ផ្លូវច្បាប់។

រីឯ​កាលពី​ថ្ងៃទី​២ ខែកក្កដា កងកម្លាំង​ម៉ារីន​ការពារ​ព្រំដែន​របស់​ប្រទេស​ថៃ បាន​ចាប់ខ្លួន​ជនជាតិ​ថៃ​៤​នាក់ ក្នុង​នោះ​មាន​ប្រុស​ពីរ​នាក់ និង​ស្ត្រី​ពីរ​នាក់ បាន​លួច​ឆ្លងដែន​ចូល​តាម​ស្រុក​ពង់ណាំរ៉ុន ខេត្ត​ចន្ទបុរី។

ក្នុងចំណោម​មនុស្ស​ទាំង​៤​នាក់​មាន ៣​នាក់ ធ្វើការ​ជា​អ្នកគ្រប់គ្រង​គេហទំព័រ​បន​ល្បែងស៊ីសង​តាម​អ៊ីនធឺណិត ខណៈ​ដែល​អ្នក​ទី​បួន​ធ្វើការ​ជា​កម្មករ​ទូទៅ។

ពួកគាត់​បាន​សារភាព​ប្រាប់​អាជ្ញាធរ​ថៃ​ថា អាជ្ញាធរ​កម្ពុជា​បាន​រឹត​បន្តឹង និង​បើក​ប្រតិបត្តិ​ការ​បង្ក្រាប​លើ​ជនបរទេស និង​អាជីវកម្ម​ខុសច្បាប់ ដែល​បណ្តាល​ឱ្យ​ពួកគាត់​ត្រូវ​រស់​លាក់ខ្លួន ធ្វើ​ឱ្យ​ពួកគាត់​ជួប​ការ​លំបាក គ្មាន​ការងារ​ធ្វើ ហើយ​សម្រេច​លួច​ឆ្លងដែន​ចូល​ប្រទេស​ថៃ​វិញ។

អ្នក​ទាំង​៤​បាន​ជួល​មេខ្យល់ ដោយ​ក្នុង​ម្នាក់​ត្រូវ​ចំណាយ​ប្រាក់​៦០០០​បាត ឬ​ស្មើនឹង​ប្រមាណ​២០០​ដុល្លារ​សហរដ្ឋអាមេរិក​ដើម្បី​ឲ្យ​ជូន​ឆ្លងដែន​ចូលក្នុង​ប្រទេស​ថៃ។

អ្នកឃ្លាំមើល​សង្គម​លោក ម៉ែន ណាត យល់ឃើញ​ថា ការ​លប​លួច​ឆ្លងដែន​របស់​ក្រុម​អ្នក​ពាក់ព័ន្ធ​ល្បែង​អនឡាញ​ទាំងនេះ ដោយសារ​មន្ត្រី​នៅ​កម្ពុជា​ចាប់តាំងពី​ថ្នាក់​ធំ​ដល់​ថ្នាក់​តូច មិនអាច​លុបបំបាត់​អំពើពុករលួយ​បាន​។ លោក​បន្ត​ថា លោក ហ៊ុន សែន ជា​មេ​ក្លោង​ធំ​នៃ​អំពើពុករលួយ​ទាំងនេះ​ដែល​បាន​បើកដៃ​ឲ្យ​អ្នក​ប្រព្រឹត្ត​បទល្មើស​ល្បែង​អនឡាញ​ទាំងនោះ​រត់គេច ឆ្លងដែន​ទៅ​ថៃ​បាន​។ លោក​លើកឡើង​ទៀត​ថា ការ​បង្ក្រាប​បទល្មើស​ល្បែង​អន​ឡាញ​របស់​អាជ្ញាធរ​កម្ពុជា គ្រាន់​ជា​រូបភាព​បំភ័ន្ត​ភ្នែក​ប្រជាពលរដ្ឋ ដើម្បី​បិទបាំង​អំពើអាក្រក់​របស់​ខ្លួន​ប៉ុណ្ណោះ។

លោក ម៉ែន ណាត៖ «ហែង​ចង់​បង្ក្រាប​ឲ្យ​បាន​ពិតប្រាកដ​មែន​វា​ទាល់តែ​បង្ក្រាប ហ៊ុន សែន ឯ​ជាយដែន​វាៗ​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ធំ​ហ្នឹង បើ​មន្ត្រី​ធំ​វា​ឲ្យ​ភ្លើង​ខៀវ​ហើយ​មន្ត្រី​តូច​ម៉េច​ហ៊ាន វា​អញ្ចឹង​ហ្នឹង​ណា ដក​យ៉ាងច្រើន​គេ​ដកហូត​ដក​តួនាទី​ពួក​ប៉ូលិស​ពួក​ទាហាន​ហ្នឹង​ម្នាក់​ពីរ​នាក់​ហ្នឹង ហើយ​បន្ទាប់មក​ពួក​ហ្នឹង​វា​នៅតែ​ដដែល​ដូច​តែ​ពីមុន​អញ្ចឹង»។

ចាប់តាំងពី​កម្ពុជា​មាន​ជម្លោះព្រំដែន​ជាមួយ​ប្រទេស​ថៃ​មក រហូត​ឈាន​ដល់​ការ​បិទ​ព្រំដែន ថៃ​តែងតែ​ចោទ​កម្ពុជា​ថា ជា​ជង្រុក​នៃ​ឧក្រិដ្ឋកម្ម​អនឡាញ ហើយ​យក​លេស​ធ្វើសង្គ្រាម​រហូត​បាន​គ្រប់គ្រង​ទឹកដី​ជាច្រើន​ទីតាំង​របស់​កម្ពុជា។ ហើយ​ករណី​ជាតិ​សាសន៍​ជាច្រើន បាន​លួច​ឆ្លងដែន​នេះ មិនមែន​ជា​លើកទីមួយ​ឡើយ គឺ​ថៃ​ចោទ​ថា ពួកគេ គឺជា​ក្រុម​ឧក្រឹដ្ឋ​កម្ម​អនឡាញ ដោយ​បាន​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​កម្ពុជា​អាប់​អោន​នៅ​លើ​ឆាក​អន្តរជាតិ។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ