លោក ហ៊ុន សែន ណែ​នាំ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​ជម្លោះ​ដីធ្លី តែ​ពលរដ្ឋ​បារម្ភ​ថា ជា​ល្បែង​រក​សន្លឹក​ឆ្នោត

0
34
ប្រធានព្រឹទ្ធសភា​លោក ហ៊ុន សែន ថ្លែងពីជួបជនភៀសសឹក​ នៅខេត្ត​បន្ទាយមានជ័យ កាលពីថ្ងៃទី៩ មិថុនា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
ប្រធានព្រឹទ្ធសភា​លោក ហ៊ុន សែន ថ្លែងពីជួបជនភៀសសឹក​ នៅខេត្ត​បន្ទាយមានជ័យ កាលពីថ្ងៃទី៩ មិថុនា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ណែ​នាំ​ឱ្យ​អាជ្ញាធរ​ថ្នាក់ក្រោម ដោះស្រាយ​ជម្លោះដីធ្លី​ជូន​ប្រជាពលរដ្ឋ ប៉ុន្តែ ពលរដ្ឋ រងគ្រោះ​ដីធ្លី បារម្ភ​ថា នេះ​ជា​ល្បែង​វោហារសាស្ត្រ​នយោបាយ​របស់​លោក ហ៊ុន សែន ដើម្បី​រក​សន្លឹកឆ្នោត នៅ​មុន​ការបោះឆ្នោត​ឃុំ​/​សង្កាត់ ឆ្នាំ​២០២៧​។ រីឯ អ្នកឃ្លាំមើល​លើកឡើង​ថា ទាល់តែ​រដ្ឋាភិបាល​ហ៊ាន​ដក​មន្ត្រី ដែល​អសកម្ម​ហើយ​ដាក់​ជំនួស​វិញ​ដោយ​មន្ត្រី ដែល​មាន​ស្មារតី​បម្រើ​ពលរដ្ឋ ទើប​ការ​ដាស់តឿន​របស់​លោក ហ៊ុន សែន មាន​ប្រសិទ្ធភាព។

ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន នៅ​ថ្ងៃទី​៨ ខែ​កក្កដា​នេះ បាន​ណែនាំ​ដល់​អាជ្ញាធរ​ថ្នាក់ក្រោម ឱ្យ​យកចិត្តទុកដាក់ ដោះស្រាយ​ជម្លោះដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​រហ័ស និង​មាន​ប្រសិទ្ធភាព​។ លោក ហ៊ុន សែន បាន​បង្គាប់​ឱ្យ​ផ្ដោត​លើ​ការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ ដោយ​មិន​ត្រូវ​លំអៀង​នោះ​ទេ។

លោក ហ៊ុន សែន លើកឡើង​ដូច្នេះ ក្នុង​សំណេរ​លើ​ហ្វេសប៊ុក របស់​លោក ខណៈ​លោក​ចុះ​ជួប​ក្រុមប្រឹក្សា​ខត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង ថ្នាក់ដឹកនាំ​មន្ទីរ​/​អង្គភាព នានា ជុំវិញ​ខេត្ត​រតនា​គិរី នៅ​ថ្ងៃទី​៨ ខែ​កក្កដា​នេះ។

ទោះបីជា​យ៉ាងណា​ក្រុម​អ្នកឃ្លាំមើល និង ពលរដ្ឋ​រងគ្រោះ​ដីធ្លី លើកឡើង​ថា ការណែនាំ​របស់​លោក ហ៊ុន សែន គឺ​គ្រាន់តែ​ជា​ភាសា​ប្រជាភិថុតិ​នយោបាយ​ដដែលៗ របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ​ដើម្បី​បោក​យក​សន្លឹកឆ្នោត របស់​ពលរដ្ឋ នៅពេល​ការបោះឆ្នោត​ឃុំ​/​សង្កាត់ ឆ្នាំ​២០២៧ ដែល​ខិត​ជិត​មកដល់​ប៉ុណ្ណោះ។ ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ថា នេះ​ជា​ទម្លាប់​បោកប្រាស់​ជា​ធម្មតា របស់​លោក ហ៊ុន សែន ក្នុង​តំណែង​ដឹកនាំ​ប្រទេស​ប្រមាណ ៤០​ឆ្នាំ​របស់​លោក។

លោក សល់ ព្លុក ដែល​ស្ថិតនៅ​ក្នុងចំណោម​ពលរដ្ឋ ២៥​គ្រួសារ នៅ​ភូមិ​កាណាត់ ឃុំ​តាឡាវ ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​អ្នកស្រី សេក សុភ័ក្រសឿនម៉ូនា ដែល ពលរដ្ឋ​តែង​ឮ​គេ​ហៅថា ជំទាវ វី សង្ឃឹមថា ក្រុម​មន្ត្រី​ថ្នាក់ក្រោម ដែល​មាន​តួនាទី​ដោះស្រាយ​ជម្លោះដីធ្លី នឹង​ធ្វើតាម​ការណែនាំ របស់​លោក ហ៊ុន សែន ប៉ុន្តែ ពលរដ្ឋ​រងគ្រោះ​រូប​នេះ លើកឡើង​ថា លោក​មិន​សូវ​រំពឹង​បាន​លទ្ធផល​ល្អ​នោះ​ទេ។

អ្នកស្រី សេក សុភ័ក្រសឿម៉ូនា ភរិយា​មន្ត្រី​ជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែល​កំពុង​មាន​បញ្ហាដីធ្លីជាមួយពលរដ្ឋ នៅ​ឃុំ​តាឡាវ ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី។ រូប៖ កាសែតហ្វ្រេសញូវ

លោក សល់ ព្លុក ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​៨ ខែ​កក្កដា ថា ជា​ធម្មតា​អាជ្ញាធរ​ថ្នាក់ក្រោម ដូចជា​ថ្នាក់​ខេត្ត​ជាដើម មិនបាន​ធ្វើតាម​ការ​ក្រើន​រំឭក​របស់ លោក ហ៊ុន សែន ឱ្យ​ពិតប្រាកដ​ទេ។ បន្ថែម​លើ​នេះ លោក​ថា ពលរដ្ឋ​រងគ្រោះ ចំនួន ៣​នាក់ ដែល​សកម្ម​ក្នុង​ការ​ចេញមុខ​តវ៉ា ត្រូវ​បាន​ក្រុមហ៊ុន​ប្ដឹង​ទៅ​តុលាការ និង​មិនទាន់​មាន​ដំណោះស្រាយ​យុត្តិធម៌​នៅឡើយ។

លោក សល់ ព្លុក៖ «សម្រាប់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ហាក់ដូចជា​មិនសូវ​សង្ឃឹម សម្រាប់​ថ្នាក់​ខេត្ត​ទេ ហើយ​ហ្នឹង​ប្រព័ន្ធ​តុលាការ​ដូចជា សព្វថ្ងៃ​ប្រព័ន្ធ​តុលាការ ដែល​យើង​មិនសូវ​មាន​សង្ឃឹម ដោយសារតែ​យើង​អត់​មានអំណាច អត់​មានបុណ្យ​ស័ក្ដិ អត់​មាន​លុយ​កាក់។ និយាយ​ទៅ​យើង​ជា​អ្នកក្រ អ្នក​អត់ យើង​មិនដឹង​ធ្វើ​អី ដើម្បី​ពួកគាត់​ជួយ​ដោះស្រាយ យើង​មានតែ​អំពាវនាវ​ជូន​ពួកគាត់»។

ក្រុម​អ្នកឃ្លាំមើល និង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី លើកឡើង​ថា លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត និង​ពួក​មន្ត្រី​ធំៗ ក្នុង​រដ្ឋាភិបាល រួម​ទាំង​តំណាងរាស្ត្រ​គណបក្ស ប្រជាជន​កម្ពុជា ១២០​នាក់ មាន​ពេល​ចូលរួម​ក្នុង​ពិធី​មង្គលការ ឬ ការ​ជប់លៀង រាំច្រៀង​សប្បាយ ប៉ុន្តែ ពួក​អ្នកដឹកនាំ​ទាំងអស់​នេះ ពុំដែល​មាន​ពេល​ចេញមុខ​ទៅ ដោះស្រាយ​ការ​តវ៉ា​ទាមទារ​របស់​ពលរដ្ឋ​រងគ្រោះ​ឡើយ ទោះបី​ពលរដ្ឋ​ប្រមូល​ផ្តុំគ្នា យក​ញត្តិ​តវ៉ា​ដល់​មុខ​ផ្ទះ​លោក ហ៊ុន សែន ជា​ញឹកញាប់​ក៏ដោយ។

លើស​ពី​នេះ​ទៅទៀត ពលរដ្ឋ​រងគ្រោះ​ដីធ្លី ដែល​សកម្ម​ចេញមុខ​តវ៉ា​ទាមទារ យុត្តិធម៌ ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ធ្វើទុក្ខបុកម្នេញ ប្ដឹងផ្ដល់​ទៅ តុលាការ និង ចាប់​ដាក់​ពន្ធនាគារ​។ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​ឱ្យ​ដឹង​កាលពី​ខែឧសភា​ថា វិវាទ​ដីធ្លី​ចំនួន ៤៥​ករណី មាន​២១​ករណី​ហើយ ដែល​ទទួលរង​ការ​គំរាមកំហែង​ពី​អ្នក​មាន​អំណាច និង​អ្នកមាន​ទ្រព្យ​។ ស្ថានភាព នេះ បណ្តាល​ឲ្យ​តំណាង​សហគមន៍ ១៧៤​នាក់ មិន​ហ៊ាន​ចូល​កន្លែង​ដី​ជម្លោះ ខណៈ​តំណាង ២​នាក់ ត្រូវ​បាន​តុលាការ​ឃុំខ្លួន​។ ចំណែក តំណាង​ពលរដ្ឋ​ចំនួន ២៥​នាក់​ទៀត កំពុង​ជាប់​បណ្តឹង​ព្រហ្មទណ្ឌ​នៅ​តុលាការ និង ២​នាក់​ទៀត ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​ធ្វើ​កិច្ចសន្យា​ឲ្យ​ឈប់​តវ៉ា។

អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក យិន ម៉េងលី លើកឡើង​ពី​ការ​ព្រួយបារម្ភ និង​មាន​កង្វល់​អំពី​បញ្ហា​ទំនាស់​ដីធ្លី នៅ​ប្រទេស​កម្ពុជា ពីព្រោះ​អាជ្ញាធរ​ថ្នាក់ក្រោម ដែល​មាន​សិទ្ធិ និង​តួនាទី​តាម​ច្បាប់​ទៅ​ហើយ មិន​ព្រម​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ប៉ុន្តែ បែរជា​ចាំតែ​ការ​បង្គាប់​បញ្ជា​ពី​ថ្នាក់ដឹកនាំ​ជាតិ។

លោក យិន ម៉េងលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​៨ ខែ​កក្កដា​ថា កាលណា ថ្នាក់ដឹកនាំ​ថ្នាក់​ជាតិ ចេញមុខ​ដាស់តឿន នៅពេល​ចុះ​មូលដ្ឋាន នោះ​មេដឹកនាំ កំពូលៗ អាច​ស្ដាប់ឮ​សម្រែក​ទាមទារ​របស់​ប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋាន​ហើយ និង ក៏បាន​ដឹង​អំពី​ភាព​អសកម្ម​របស់​អាជ្ញាធរ​ថ្នាក់ក្រោម​ដែរ​។ លោក​ថា ដើម្បី​រក​ឃើញ​ដំណោះស្រាយ​ដែល​មាន​ប្រសិទ្ធភាព លុះត្រា​ណា​តែ​រដ្ឋាភិបាល ដកចេញ​មន្ត្រី ដែល​អសកម្ម និង​មិន​ប្រកាន់​យុត្តិធម៌ ហើយ​ដាក់​ជំនួស​វិញ​ដោយ​មន្ត្រី ដែល​មាន​ស្មារតី​ធ្វើការ​បម្រើ​ផល​ប្រយោជន៍​ពលរដ្ឋ​ជាក់ស្ដែង។

លោក យិន ម៉េងលី៖ «ប្រសិនបើ​មិន​មាន​ការ​ដោះស្រាយ ឬក៏​មិន​មាន​ការ​យកចិត្ត ទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ទៀត យើង​គិត​ថា ប្រមុខ​រដ្ឋាភិបាល ឬក៏​ថ្នាក់ដឹកនាំ កំពូល​គប្បី​តែ​មាន​វិធានការ​។ បើ​មិន​យកចិត្តទុកដាក់​ពលរដ្ឋ​អាច​ដកចេញ ដាក់​អ្នក​ផ្សេង​ឲ្យ​ទៅ​ធ្វើ​ការ​ឲ្យ​ទៅ​ដើរ​តួនាទី​បំពេញ​កាតព្វកិច្ច ក្នុងនាម​ជា​អ្នកបម្រើ​រាស្ត្រ ដើម្បី​មុខមាត់​របស់​រដ្ឋាភិបាល ក៏​ដើម្បី​កិត្តិយស​ដែរ ហើយ​ក្នុងនាម​ជា​អ្នកបម្រើ ត្រូវ​តែ​យកចិត្តទុកដាក់​អ៊ីចឹង។ អ៊ីចឹង​កាលណា មានការ​ដកចេញ ដក​ចេញពី​តំណែង បើ​គាត់​មិន​ធ្វើការ​ដោះស្រាយ ដាក់​អ្នកថ្មី​។ អ៊ីចឹង​នេះ ជា​យន្តការ​មួយ​ដែរ ដើម្បី​ឲ្យ​មានការ​ចាប់ផ្ដើម​មាន​ភាព​សកម្ម ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ»។

សមាគម​ការពារ​សិទ្ធិមនុស្ស អាដ​ហុក​បាន​ចេញ​របា​យ​ការណ៍ កាលពី​ខែ​ឧសភា ឆ្នាំ​២០២៦ ដោយ​ចាត់ទុក​បញ្ហា​វិវាទ​ដីធ្លី​ក្នុង​ប្រទេស​កម្ពុជា នៅតែ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ និង​ស្មុគស្មាញ​។ អាដហុក រកឃើញ​ថា ក្នុង​ឆ្នាំ​២០២៥ វិវាទ​ដីធ្លី​កើតឡើង​ថ្មី​ចំនួន ៤៥​ករណី ពាក់ព័ន្ធ​បុគ្គល​មានអំណាច និង​អ្នកមាន​ទ្រព្យ ឬ​ក្រុមហ៊ុន ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង ៥​ពាន់​គ្រួសារ ខណៈ​ករណី​ចាស់ៗ រាប់​រយ​ទៀត មិន​ទាន់​មាន​ដំណោះស្រាយ​សមរម្យ​និង​ច្បាស់លាស់​នៅឡើយ។

អាដហុក​ឲ្យ​ដឹង​ថា ការរំលោភ​ដីធ្លី​ដោយ​បុគ្គល​មានអំណាច ចំនួន ១៩​ករណី មាន​ទំហំ​ដី ៨៩៣ ហិកតា ដែល​ប៉ះពាល់​ដល់​ប្រជា​សហគមន៍​ជាង ១​ពាន់ ៥​រយ គ្រួសារ (១,៥៧៣) ក្នុង​នោះ ជនជាតិ​ដើម​ភាគតិច​ជាង ២​ពាន់​នាក់​(២,២៤៥)​។​ចំណែកឯ ករណី​រំលោភ​ដីធ្លី​ដោយ​បុគ្គល​អ្នកមាន​ទ្រព្យ​ចំនួន ៩​ករណី មាន​ទំហំ​ដី ជិត​៤​ម៉ឺន​ហិកតារ​(៣៩៨១៥) ដែល​ប៉ះពាល់​ផ្ទាល់​ដល់​សហគមន៍​ជាង ២​ពាន់ គ្រួសារ​(២,១៩៨) ឬ​ស្មើ​៦៩៥០​នាក់ ក្នុង​នោះ​ជនជាតិ​ដើម​ភាគ តិច​ជាង​៤​ពាន់ នាក់ (៤,២១៨)៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ