ដី​សមូហភាព​របស់​ជន​ជាតិ​ដើម​ភាគតិច នៅ​ខេត្ត​មណ្ឌលគិរី រង​ការរំលោភ​យក​ពី​ឈ្មួញ​មាន​លុយ​មាន​អំណាច

0
65
ក្រុមឈ្មួញឈូសឆាយ និងព័ររបង រំលោភយកដីសមូហភាពរបស់ពលរដ្ឋនៅភូមិពូឡេះ ឃុំដាក់ដាំ ស្រុក អូររាំង ខេត្តមណ្ឌគិរី រូបថតនៅថ្ងៃទី០៥ ខែកក្ដដា ឆ្នាំ២០២៦។ រូបភាពពលរដ្ឋផ្ដល់ឲ្យ

ក្រុមឈ្មួញឈូសឆាយ និងព័ររបង រំលោភយកដីសមូហភាពរបស់ពលរដ្ឋនៅភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌគិរី រូបថតនៅថ្ងៃទី០៥ ខែកក្ដដា ឆ្នាំ២០២៦។ រូបភាពពលរដ្ឋផ្ដល់ឲ្យ

ដី​សមូហភាព​របស់​ជ​ន​ជាតិ​ដើម​ភាគតិច នៅ​ស្រុក​អូររាំង ខេត្តមណ្ឌលគិរី រាប់​សិប​ហិកតារ រង​ការរំលោភ​យក​ពី​ឈ្មួញ​មាន​លុយ​មានអំណាច ខណៈ​ដី​ស្រែចម្ការ​ទាំងនោះ ពលរដ្ឋ​បាន​ចុះបញ្ជី និង​ប្រកាស​ថា ជា​ដី​សមូហភាព​របស់​ជន​ជាតិ​ដើម​ភាព​តិច​អាស្រ័យ​ផល បែប​ទំ​លៀម​លំ​លាប់​ប្រពៃណី​។ មន្ត្រី​សង្គម​ស៊ីវិល យល់ឃើញ​ថា ក្រុម​ឈ្មួញ និង​អាជ្ញាធរ មិន​គួរ​នាំគ្នា​ធ្វើបាប​ពលរដ្ឋ​ដែល​ជា​ជនជាតិ​ដើម​ភាគតិច​នោះ​ឡើយ។

ពលរដ្ឋ​រស់នៅ​ភូមិ​ពូឡេះ ឃុំ​ដាក់​ដាំ ស្រុក អូររាំង ខេត្ត​មណ្ឌលគិរី អះអាង​ថា កាលពី​ថ្ងៃទី​០៥ ខែ​កក្កដា កន្លងទៅ មាន​ក្រុម​ឈ្មួញ​បាន​ដាក់​គ្រឿង​ច្រក​ឈូស​ឆាយ និង​ហ៊ុមព័ទ្ធ រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ​រាប់​សិប​ហិកតារ ខណៈ​ដី​ស្រែចម្ការ​ទាំងនោះ ពលរដ្ឋ​បាន​ចុះបញ្ជី​ជា​ដី​សមូហភាព និង​បាន​ប្រកាស​ជា​សាធារណៈ​។ នៅពេល​ថ្មីៗ​ស្រាប់​តែ​មាន​ក្រុម​ឈ្មួញ​បាន​ហ៊ុមព័ទ្ធ​របង​យក ដោយ​សំអាង​ថា ពួកគេ​បាន​ទិញ​ដី​ទាំងនោះ និង​មាន​អាជ្ញាធរ​មូលដ្ឋាន​ដឹងឮ​ទៅវិញ។

តំណាង​ពលរដ្ឋ និង​ម្ចាស់​ដី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​បារម្ភ​ពី​សុវត្ថិភាព អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​៧ ខែ​កក្កដា ថា ក្រុម​ឈ្មួញ​ទាំងនោះ​រំលោភ​យក​ដី​របស់​សហគមន៍​ទាំង​បំពាន ខណៈ​ពលរដ្ឋ​ឲ្យ​បង្ហាញមុខ​អ្នក​ដែល​ឈរឈ្មោះ លក់​ដី​សមូហភាព​របស់​ពលរដ្ឋ ប៉ុន្តែ​មិន​ក្រុម​ឈ្មួញ​ទាំងនោះ មិន​បង្ហាញ​អត្តសញ្ញាណ​នោះ​ឡើយ​។ តំណាង​ពលរដ្ឋ​រូប​នេះ អះអាង​ទៀត​ថា ដីស្រែ​ចម្ការ​ដែល​មាន​ជម្លោះ​នេះ ពលរដ្ឋ​បាន​ហាមឃាត់​ឈ្មួញ​មិន​ឲ្យ​ឈូស​ឆាយ និង​ព័ទ្ធ​របង​ចំនួន​៣​លើក​មក​ហើយ ប៉ុន្តែ​ក្រុម​ឈ្មួញ​មិន​ស្ដាប់​នោះ​ទេ។ តែ​យ៉ាងណា​លោក​ថា ពលរដ្ឋ​នឹង​ធ្វើតាម​នីតិវិធី​ច្បាប់។

តំណាង​ពលរដ្ឋ និង​ម្ចាស់​ដី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​៖ «គាត់​ថា ដី​នេះ​មាន​គេ​លក់​ហើយ ប៉ុន្តែ​ខ្ញុំ​ថា​នរណា​គេ​អ្នកលក់ ឈ្មោះ​អ្វី បុគ្គល​មួយ​ណា ប្រាប់​គាត់​ឲ្យ​ហៅ​អ្នកលក់​នោះ មក​តទល់ គាត់​មិន​ព្រមយក​មក​ទៀត ឥឡូវ​គាត់​មក​ដាក់​របង អញ្ចឹង​ពួក​ខ្ញុំ​នៅតែ​តវ៉ា ឥឡូវ​ពួក​ខ្ញុំ​ទាំងអស់គ្នា​ធ្វើតាម​នីតិវិធី​ច្បាប់ ដាក់ពាក្យ​បណ្ដឹង​ទៅ​សាលាឃុំ សាលាស្រុក ដើម្បី​ឲ្យ​ពួកគាត់​ជួយ​ដោះស្រាយ មិនទាន់​ដឹង​លទ្ធផល​ទេ ចាំ​មើល​បន្ត​ទៀត»។

លោក​បន្ថែមទៀត​ថា ក្រុម​ឈ្មួញ​ទាំងនោះ ក៏បាន​លួងលោម ឲ្យ​ពលរដ្ឋ​លក់​ដី​សមូហភាព​ទាំងនោះ​ទៅ​ឲ្យ​ពួកគេ ប៉ុន្តែ​ម្ចាស់​ដី​បាន​បដិសេធ​មិន​ព្រម​លក់ ពីព្រោះ​ដីស្រែ​ចម្ការ​ទាំងនោះ គឺជា​កេរ្តិ៍​ដែល​ពុក​ម្ដាយ​ចែក​ឲ្យ ដើម្បី​សម្រាប់​បង្ក​បង្កើន​ផលចិត្ត​ជីវិត​ទៅ​ថ្ងៃ​ខាងមុខ​។ លោក​ថា នៅ​ជុំវិញ​តំបន់​នោះ​មាន​កន្លែង​គោរព​បូជា​របស់​ជនជាតិ​ដើរ​ភាគតិច តែងតែ​ធ្វើ​ពិធីសែនព្រេន​ជា​រៀងរាល់​ឆ្នាំ​។​

​លោក​រៀបរាប់​ទៀត​ថា នៅមុន​ឆ្នាំ​២០១០ សហគមន៍​ស្រុះស្រួល​គ្នា​ខិតខំ​ការពារ​ដី​ព្រៃ និង​ព្រៃ​ជំនឿ និង​នាំគ្នា​ធ្វើ​ចម្ការ​វិល​ជុំ រស់នៅ​យ៉ាង​មាន​ក្ដី​សុខ ប៉ុន្តែ​មួយ​រយៈ​ចុងក្រោយ​នេះ មាន​ពលរដ្ឋ​ខ្លះ​លោភលន់ និង​លុយកាក់ លក់​ដី​ទាំងនោះ​ទៅ​ឲ្យ​ក្រុម​ឈ្មួញ ប៉ុន្តែ​ពលរដ្ឋ​មួយចំនួន​ទៀត មិន​ព្រម​លក់​ឡើយ។

ជុំវិញ​រឿង​នេះ​ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​មណ្ឌលគិរី លោក គង់ គឹមនី ដើម្បី​បកស្រាយ​បានទេ នៅ​ថ្ងៃទី​០៧ ខែ​កក្កដា។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា ករណីនេះ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវតែ រក​ដំណោះស្រាយ ប្រសិនបើ​មិន​មាន​ផល​វិជ្ជមាន​នោះ​ទេ ត្រូវ​ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើការ​សម្របសម្រួល និង​រក​ដំណោះស្រាយ​ឲ្យ​ពួកគាត់​។ លោក​ថា អាជ្ញាធរ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ភាគី​ឈ្មួញ​មានអំណាច​ឈូស​ឆាយ​បំផ្លាញ​ផលដំណាំ​របស់​ពលរដ្ឋ​នោះ​ទេ ពីព្រោះ​អាច​មាន​អំពើ​ហិង្សា​កើតឡើង ហើយ​បញ្ហា​មិនអាច​បញ្ចប់​នោះ​ឡើយ។

លោក យិន ម៉េងលី៖ «​បញ្ហា​មួយទៀត ប្រសិនបើ​មាន​ឯកសារ ខាង​សហគមន៍​គាត់​បាន​ចុះបញ្ជី​ដីធ្លី​នៅ​ក្រសួង​រៀបចំ​ដែនដី ហើយ​ភាគី​ម្ខាង​ទៀត​មាន​ប្លង់ ត្រូវធ្វើ​ការស្រាវជ្រាវ ថា​ភាគី​ណា​ដែល​ចេញ​ប្លង់​ឲ្យ​បង្ក​ឲ្យ​មាន​ប្លង់​ជាន់គ្នា តើ​ប្លង់​នេះ​ត្រឹមត្រូវ​ទេ ហើយ​ប្លង់​មួយ​ណា​ត្រឹមត្រូវ ហើយ​ការ​បង្ក​ប្លង់​ពី​សូរិយោ​ដី​មាន​អំពើពុករលួយ​ដែរ​ទេ ត្រូវ​ស្រាវជ្រាវ​ឲ្យ​ដល់​ឬសគល់​ដើម្បី​បំបាត់​អំពើ​ទាំងអស់​នេះ ទើប​ធ្វើ​ឲ្យ​បញ្ហា​ជម្លោះដីធ្លី​មានការ​ថយ​ចុះ​ខ្លះ​ដែរ​ពាក់ព័ន្ធ​នឹង​ឯកសារ​នេះ»។

នេះ​មិនមែន​ជា​ករណី​ទីមួយ​នោះ​ទេ ដែល​ក្រុម​ឈ្មួញ​មាន​លុយ​មានអំណាច រំលោភ​យក​ដីស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​ដែល​ជា​ជនជាតិ​ដើម​ភាគតិច ហើយ​ដីស្រែ​ចម្ការ​ទាំងនោះ ភាគច្រើន​ពលរដ្ឋ​នាំគ្នា​ធ្វើ​ចម្ការ​វិល​ជុំ​បែប​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគតិច​។ ក្រៅពី​ក្រុម​ឈ្មួញ​មាន​លុយ​មានអំណាច​រំលោភ​យក​ដី​ព្រៃ ដី​ព្រៃ​ជំនឿ​ហើយ​នោះ បច្ចុប្បន្ន​ក៏​មាន​ក្រុមហ៊ុន​ឯកជន​កំពុង​រំលោភបំពាន និង​គំរាម​ពលរដ្ឋ​ទាំងនោះ​មិន​ឲ្យ​ចេញ​តវ៉ា​ថែមទៀត។

​ជា​រៀងរាល់​ឆ្នាំ​ទាំង​អង្គការ​ជាតិ និង​អន្តរជាតិ ដែល​ធ្វើ​ការងារ​លើកស្ទួយ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច ទទូច​ឲ្យ​រដ្ឋាភិបាល​យកចិត្តទុកដាក់​ការពារ​ទៅលើ​ជនជាតិ​ដើម​ភាគតិច ជាពិសេស​ការពារ និង​ថែរក្សា នូវ​ទំ​លៀម​ទំលាប់​របស់​ពួកគាត់ ដើម្បី​កុំ​ឲ្យ​បាត់បង់ តាមរយៈ​ការ​ថែ​រក្សា​ព្រៃឈើ ព្រៃ​ជំនឿ ដី​ព្រៃ​សហគមន៍ និង​វប្បធម៌​ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ