សមត្ថកិច្ច​ខេត្ត​បាត់ដំបង​ចាប់​ផ្សឹក​ព្រះសង្ឃ​មួយ​អង្គ​ដែល​​បញ្ចេញមតិ​រឿង​ព្រំដែន

0
37
ព្រះភិក្ខុ ជា វុទ្ធី ជា​ព្រះសង្ឃសកម្ម​ការងារ​សង្គម និង​តែង​បញ្ចេញមតិពាក់​ព័ន្ធ​បញ្ហា​របស់​ប្រទេសជាតិ ការ​គ្រប់គ្រង​រដ្ឋ និង​បញ្ហា​ព្រំដែន។ រូប៖ បណ្ដាញសង្គម
ព្រះភិក្ខុ ជា វុទ្ធី ជា​ព្រះសង្ឃសកម្ម​ការងារ​សង្គម និង​តែង​បញ្ចេញមតិពាក់​ព័ន្ធ​បញ្ហា​របស់​ប្រទេសជាតិ ការ​គ្រប់គ្រង​រដ្ឋ និង​បញ្ហា​ព្រំដែន។ រូប៖ បណ្ដាញសង្គម

សមត្ថកិច្ច​ខេត្តបាត់ដំបង​ស្លៀកពាក់​ស៊ីវិល បាន​ចាប់​ផ្សឹក និង​ឃុំ​ព្រះ​ភិក្ខុ ជា វុទ្ធី នៅ​ថ្ងៃទី​០១ ខែមេសា ដោយសារ​ព្រះអង្គ​បង្ហោះ​សារ​និយាយ​ពី​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook)។

សង្គម​ស៊ីវិល និង​អ្នកជំនាញ​សារព័ត៌មាន​ទទូច​ឲ្យ​សមត្ថកិច្ច​ដោះលែង​ព្រះ​ភិក្ខុ ជា វុទ្ធី វិញ ដោយ​ថា ការ​បន្ត​ចាប់ខ្លួន​ពលរដ្ឋ​ដែល​បញ្ចេញមតិ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​រដ្ឋាភិបាល។

ការ​ស្នើ​នេះ បន្ទាប់ពី​ព្រះ​ភិក្ខុ ជា វុទ្ធី ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ផ្សឹក​នៅក្នុង​វត្ត​ពោធិ៍វាល​ខេត្ត​បាត់​ដប​ង ទី​ដែល​មន្ត្រី​សង្ឃ និង​សមត្ថកិច្ច​បាន​ណាត់ជួប​ព្រះអង្គ​នៅ​ទីនោះ។

ព្រះភិក្ខុ ជា វុទ្ធី គង់នៅ​វត្ត​ប៉ាឆា ក្រុង​បាត់ដំបង គឺជា​ព្រះសង្ឃ​មួយ​អង្គ​ដែល​សកម្ម​ក្នុង​ការងារ​សង្គម និង​តែង​បញ្ចេញមតិ ពាក់ព័ន្ធ​បញ្ហា​របស់​ប្រទេសជាតិ ការ​គ្រប់គ្រង​រដ្ឋ និង​បញ្ហា​ព្រំដែន​ជាដើម​។ ក្រៅពីនោះ ព្រះអង្គ​ក៏​ជា អ្នកសារព័ត៌មាន​ពលរដ្ឋ​ដែរ។

ព្រះសង្ឃ​គង់នៅ​ខេត្តបាត់ដំបង សុំ​មិន​បញ្ចេញ​ព្រះនាម និង​សំឡេង មាន​ថេរ​ដីកា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​០១ ខែមេសា​ថា ព្រះ​ភិក្ខុ ជា វុទ្ធី ត្រូវ​បាន​មន្ត្រី​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តបាត់ដំបង ណាត់ជួប​នៅ​វត្ត​ពោធិ៍​វាល ក្នុង​ក្រុង​បាត់ដំបង និង​ត្រូវ​បាន​ផ្សឹក​នៅ​វត្ត​ដដែល​នេះ រួច​វាយ​ខ្នោះ ដាក់​រថយន្ត ដោយ​មិន​ដឹង​ថា​ដឹកនាំ​យក​ទៅ​កន្លែង​ណា​នោះ​ទេ។

ព្រះអង្គ​បញ្ជាក់​ថា ការ​ចាប់​ផ្សឹក និង​វាយ​ខ្នោះ​នេះ ធ្វើឡើង​បន្ទាប់ពី​ព្រះ​ភិក្ខុ ជា វុទ្ធី បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម ពាក់ព័ន្ធ​រឿង​ព្រំដែន ប៉ុន្តែ​ក្រោយ​មក ព្រះ​ភិក្ខុ ជា វុទ្ធី បាន​លុប​សារ​នោះ​ចេញ​វិញ មុន​ថ្ងៃ​ទៅ​ជួប​មន្ត្រី​មន្ទីរ ធម្មការ និង សាសនា នៅ​វត្ត​ពោធិ៍​វាល នៅ​ថ្ងៃទី​០១ ខែ មេសា។

អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី ដែល​តាមដាន​រឿង​នេះ​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​១ ខែ​មេសា ថា ព័ត៌មាន​ចុងក្រោយ ដែល​លោក​ទទួល​បាន គឺ​ព្រះ​ភិក្ខុ ជា វុទ្ធី ត្រូវ​បាន​កម្លាំង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចុះទៅ​ចាប់ និង​នាំ​ខ្លួន​ទៅកាន់​រាជធានី​ភ្នំពេញ។

លោក​ទទូច​ឲ្យ​សមត្ថកិច្ច​ដោះលែង ភិក្ខុ ជា វុទ្ធី និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​បើក​សេរីភាព​ឲ្យ​ប្រជាពលរដ្ឋ​បញ្ចេញមតិ ពាក់ព័ន្ធ​នឹង​រឿង​ព្រំដែន ទោះបីជា​រឿង​នោះ​រសើប​ក៏ដោយ ហើយ​ប្រមូល​ព័ត៌មាន​ទាំងអស់ ធ្វើការ​ពិចារណា និង​ដោះស្រាយ ជាជាង​ធ្វើការ​ចាប់ខ្លួន ចោទប្រកាន់ និង​ឃុំខ្លួន អ្នក​បញ្ចេញមតិ ពីព្រោះ វិធានការ​នេះ នឹង​ប៉ះពាល់​រដ្ឋាភិបាល។

លោក យិន ម៉េងលី៖ «អ្នក​ដែល​ខាត គឺ​រដ្ឋាភិបាល លោក​មិន​បាន​ព័ត៌មាន​ពិត​ទេ ពី​បញ្ហា​អស់ទាំង​ហ្នឹង ដោយសារតែ​ប្រជាពលរដ្ឋ​មិន​ហ៊ាន​បញ្ចេញ ដោយសារតែ​ការ​រឹតត្បិត​នេះ ព័ត៌មាន​ដែល​អសកម្ម ព័ត៌មាន​ដែល​អវិជ្ជមាន​នៅ​តាម​មូលដ្ឋាន ដែល​មិនល្អ គឺ​ត្រូវ​បាន​បិទ​។ អ៊ីចឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មានការ​លំបាក​នៅក្នុង​ការ​ធ្វើ​សេចក្ដីសម្រេចចិត្ត ពីព្រោះ​ព័ត៌មាន​វា​អត់​មាន​ព័ត៌មាន​វិជ្ជមាន និង​អវិជ្ជា​មាន​ទេ កាលណា​យើង​ធ្វើ​សេចក្ដី​សម្រេចចិត្ត កាលណា​ចង់​ធ្វើការ​កែទម្រង់​អី​មួយ ទាល់តែ​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​។ អ៊ីចឹង​បានជា​សេរីភាព​បញ្ចេញមតិ​វា​សំខាន់​ណាស់ អ៊ីចឹង​ចង់​ឲ្យ​បើក​លំហ​ឡើងវិញ​។ អ៊ីចឹង​សូម​ឲ្យ​ពិចារណា​ទៅលើ​ការ ដោះលែង​ព្រះអង្គ​ឡើងវិញ នៅក្នុង​បញ្ហា​នេះ»។

ទូរទស្សន៍​អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន ណា​រិន្ទ បានទេ នៅ​ថ្ងៃទី​១ ខែមេសា។

នាយក​ប្រតិបត្តិ នៃ​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់ ខេមបូចា (CamboJa) លោក ណុប វី ថា នៅក្នុង​សង្គម​ប្រជាធិបតេយ្យ ប្រជាពលរដ្ឋ​មានអំណាច ក្នុង​ការ​បញ្ចេញមតិ ដែល​ធានា​ដោយ រដ្ឋធម្មនុញ្ញ ប៉ុន្តែ​បើ​ករណី​មានការ​គំរាមកំហែង ចំពោះ​អ្នក​បញ្ចេញមតិ នឹង​ប៉ះពាល់​ដំណើរការ​ប្រជាធិបតេយ្យ​។ លោក​ថា ប្រសិនបើ​រដ្ឋាភិបាល មិន​កែសម្រួល ដើម្បី​ទទួល​មតិយោបល់​ប្រជាពលរដ្ឋ​នោះ​ទេ លោក​ថា នឹង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សង្គមជាតិ ពីព្រោះ​បញ្ហា​ឆបោក​អនឡាញ និង​បញ្ហា​អំពើ​ខុសច្បាប់​មួយចំនួន ដែល​កើតឡើង​បច្ចុប្បន្ន​នេះ ដោយសារតែ​ខ្វះ​ការ​ចូលរួម​ចំណែក​ពី​ភាគី​ពាក់ព័ន្ធ ដូចជា​សង្គម​ស៊ីវិល និង​ពលរដ្ឋ​នៅ​មូលដ្ឋាន។

លោក ណុប វី ទទូច​ឲ្យ​រដ្ឋាភិបាល​ទទួលយក​ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ បើ ទោះបីជា​មតិយោបល់​ខ្លះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ ឬ​មុខមាត់​មន្ត្រី​រដ្ឋាភិបាល​ក៏ដោយ។

លោក ណុប វី៖ «សម្រាប់​ខ្ញុំ គឺ​ក្នុង​ន័យ​មួយ​ដែល​ប្រជាពលរដ្ឋ​លោក​តែងតែ​ចង់ ចូលរួម​ចំណែក​នៅក្នុង​ការ​លើកឡើង​នូវ​ដែល​ជា​ទស្សនៈ អ្វី​ដែល​ជា​ការ​យល់ឃើញ​នៅក្នុង​ន័យ​មួយ ដើម្បី​ឲ្យ​រដ្ឋាភិបាល​គាត់​បានដឹង បានឮ​ហើយ​ក្នុង​ន័យ​មួយ​ជំរុញ​ឲ្យ​ឆ្លើយតប និង​ដោះស្រាយ​នូវ​អ្វី​ដែល​ជា​បញ្ហា​ទាំងអស់​ហ្នឹង​។ អ៊ីចឹង​ចំណុច​នេះ គួរ​តែ​មាន​ការពិនិត្យ​ពិចារណា​។ សម្រាប់​ខ្ញុំ​ការ​បញ្ចេញមតិ​គួរតែ​ទទួល​បាន​នូវ​ការ​ទទួលយក​ច្រើនជាង​ការ​ប្ដឹង​ផ្ដល់ ឬមួយ​ក៏​រូបភាព​នៃ​ការ​គំរាមកំហែង​ផ្សេងៗ​ទៅដល់​អ្នក​ដែល​បញ្ចេញ​មតិយោបល់​ហ្នឹង»។

ក្នុង​ពេល​កម្ពុជា​មាន​ជម្លោះព្រំដែន​ជាមួយ​ប្រទេស​ថៃ លោក ហ៊ុន ម៉ាណែត ធ្លាប់​បាន​ប្រកាស​ថា ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ពី​បញ្ហា​សង្គម ជាពិសេស ពី​បញ្ហា​ព្រំដែន ពីព្រោះ​ពលរដ្ឋ​ក៏​ចេះ​បារម្ភ​ពី​បញ្ហា​បូរណភាព​ទឹកដី​ដែរ​។ ទោះជា​យ៉ាងណា សមត្ថកិច្ច​នៃ​រដ្ឋាភិបាល លោក ហ៊ុន ម៉ា​ណែ​ត នៅតែ​បន្ត ចាប់ខ្លួន​ពលរដ្ឋ​ដាក់​ពន្ធនាគារ​ដោយសារតែ ការ​បញ្ចេញមតិ​ឈឺឆ្អាល​ពី​បញ្ហា​សង្គម​និង​ទឹកដី​ដែល​គិត​មក​ដល់​ពេល​នេះ​មាន​ជិត ១០០ នាក់​ហើយ រួមមាន ព្រះសង្ឃ កម្មករ​សកម្មជន​សង្គម សកម្មជន​នយោបាយ និង​អ្នក​សារព័ត៌មាន​ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ