
ព្រះភិក្ខុ ជា វុទ្ធី ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្រោយពីតុលាការដំបូងរាជធានីភ្នំពេញសួរចម្លើយរយៈពេលមួយថ្ងៃពេញ។ មន្ត្រីសង្គមស៊ីវិលទទូចឲ្យសមត្ថកិច្ចដោះលែងព្រះភិក្ខុ ជា វុទ្ធី វិញ ដោយថា ការចាប់ខ្លួនពលរដ្ឋដែលបញ្ចេញមតិ នឹងធ្វើឲ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល។
ក្រោយពីឃុំខ្លួន១យប់ នៅស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមេសា តុលាការក្រុងភ្នំពេញ សាកសួរចម្លើយរយៈពេលមួយថ្ងៃពេញ តុលាការបានសម្រេចចោទប្រកាន់ ព្រះភិក្ខុ ជា វុទ្ធី ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ និងបង្គាប់ឲ្យសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគាររាជធានីភ្នំពេញ (ប៉េហ្សេ)។
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារ សិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី ប្រាប់ទូរទស្សន៍អាស៊ីសេរីថ្ងៃទី២ ខែមេសាថា ព្រះភិក្ខុ ជា វុទ្ធី ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកដល់រាជធានីភ្នំពេញកាលពីយប់ថ្ងៃទី០១ ខែមេសា និងបានបន្តនីតិវិធីនៅសាលាដំបូងរាជធានីភ្នំពេញ ហើយត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
លោក យិន ម៉េងលី សោកស្ដាយដែលតុលាការសម្រេចចោទប្រកាន់បែបនេះ ទៅលើអ្នកដែលហ៊ានបញ្ចេញមតិ នឹងធ្វើឲ្យសិទ្ធិសេរីភាពបញ្ចេញនៅកម្ពុជា កាន់តែរួមតូចទៅៗ និង ធ្វើឲ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល។ លោកទទូចឲ្យអាជ្ញាធរដោះលែង ព្រះភិក្ខុ ជា វុទ្ធី ឲ្យមានសេរីភាពឡើងវិញ។
សូមតាមដានលម្អិតក្នុងកម្មវិធីផ្សាយនារាត្រីនេះ










