

ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ក្នុងតំណែងជាប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន អាចចុះហត្ថលេខាលើព្រះរាជក្រឹត្យតែងតាំង និងដកតំណែងមន្ត្រីជាន់ខ្ពស់ក្នុងជួរថ្នាក់ដឹកនាំស្ថាប័នកំពូលៗ នៅក្នុងរាជរដ្ឋាភិបាល តាមអំពើចិត្តជាមួយនាយករដ្ឋមន្ត្រីកូន គឺលោក ហ៊ុន ម៉ាណែត ដែលជាហេតុធ្វើឲ្យព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ពន្យារពេលបន្តគង់ប្រថាប់នៅទីក្រុងប៉េកាំងមួយរយៈទៀត ដោយសារមិនចង់ជាប់ពាក់ព័ន្ធនឹងទង្វើក្បត់ជាតិ។
នៅប្រទេសកម្ពុជា ការដោះដូរ ការដកតំណែង និងការតែងតាំងមន្ត្រីជាន់ខ្ពស់គ្រប់ជាន់ថ្នាក់ រួមទាំងនាយករដ្ឋមន្ត្រី គឺស្ថិតនៅលើលោក ហ៊ុន សែន ក្នុងនាមជា ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រមុខរដ្ឋស្តីទី នៅពេលដែលអវត្តមានរបស់ព្រះមហាក្សត្រគង់នៅក្នុងប្រទេស ដែលនេះបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា អំណាចដឹកនាំប្រទេសគឺស្ថិតនៅលើគ្រួសារត្រកូលហ៊ុន ជាហេតុធ្វើឲ្យមន្ត្រីងើបមុខមិនរួច មិនហ៊ានសម្រេចកិច្ចការតូចធំ ក្រៅតែរង់ចាំបញ្ជាពីគ្រួសារហ៊ុន។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេអូស្ត្រាលីលោក សឹង សែនករុណា បានឲ្យដឹងថា នៅប្រទេសកម្ពុជា ការសម្រេចចិត្តគ្រប់បែបយ៉ាង គឺស្ថិតនៅលើលោក ហ៊ុន សែន ជាពិសេសនៅពេលនេះលោក ហ៊ុន សែន មានអំណាចពេញដៃក្នុងនាមជា ប្រមុខរដ្ឋស្តីទីដែលលោកថា លោក ហ៊ុន សែន អាចធ្វើអ្វីៗគ្រប់យ៉ាង។
លោក សឹង សែនករុណា បន្ថែមទៀតថា លោក ហ៊ុន សែនបានរៀបប្រទាក់ក្រឡារួចជាស្រេចមុននឹងលោកប្រគល់អំណាចអោយនៅកូនប្រុសរបស់លោកធ្វើជាអ្នកយករដ្ឋមន្ត្រី ពីព្រោះសិទ្ធិសម្រេចអ្វីៗទាំងអស់គឺស្ថិតនៅលើប្រធានគណបក្សប្រជាជនកម្ពុជា និងនៅលើប្រមុខរដ្ឋស្តីទី។
លោក សឹង សែនករុណា៖ «ប្រធានព្រឹទ្ធសភាជាឪពុក នាយករដ្ឋមន្ត្រីជាកូន ឧបនាយករដ្ឋមន្ត្រីមួយរូបទៀតជាកូន ហើយមានកូនបន្តបន្ទាប់ទៀតកាន់តួនាទីផ្សេងៗអីចឹងទៅ អីចឹងវាជាការបង្ហាញនូវគ្រួសារនិយម បក្សពួកនិយម»។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែររូបនេះ បន្ថែមថា ក្រៅតែពីក្តោបក្តាប់អំណាចនៅក្នុងស្ថាប័នរដ្ឋកំពូលៗ គ្រួសារហ៊ុន ក៏គ្រប់គ្រងជំនួញយ៉ាងណែននៅក្នុងប្រទេសកម្ពុជាផងដែរ។ លោកថា បើតាមរបាយការណ៍របស់អង្គការ ឃ្លាំមើលពិភពលោក គ្លូបល វីនេស (Global Witness) កន្លងមកបង្ហាញថាគ្រួសារហ៊ុន គ្រប់គ្រងជាង១០០ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាដែលមានដើមទុនចុះបញ្ជីជាង ២០០លានដុល្លារសហរដ្ឋអាមេរិក ដែលនេះជាហេតុធ្វើឲ្យប្រទេសមិនអាចរីកចម្រើនបាន ពីព្រោះអ្វីៗទាំងអស់គឺជារបស់ត្រកូលហ៊ុន។
ការលើកឡើងរបស់ប្រធានអង្គការប្រជាធិបតេយ្យខ្មែររូបនេះ គឺបន្ទាប់ពីក្រសួងព្រះបរមរាជវាំងចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី ៣១ ខែមីនា នេះ បានឱ្យដឹងថា តាមការពិនិត្យដោយយកចិត្តទុកដាក់ ល្អិតល្អន់ជាទីបំផុតពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យរដ្ឋធានីប៉េកាំង ក្នុងប្រទេសចិន គឺការពិនិត្យព្រះរាជសុខភាពថ្វាយព្រះករុណាព្រះមហាក្សត្រកម្ពុជា និងហ្លួងម៉ែ នៅពុំទាន់បានចប់សព្វគ្រប់នៅឡើយ ដោយនៅមានបញ្ហាសុខភាពមួយចំនួន។ ក្រុមគ្រូពេទ្យចិនតម្រូវឱ្យព្រះអង្គទាំងទ្វេគង់ប្រថាប់បន្តមួយរយៈទៀត ដើម្បីត្រូវតាមដានពិនិត្យ និងព្យាបាលព្រះរាជសុខភាពជាបន្តទៀត ដែលពុំអាចយាងនិវត្តន៍មកកាន់មាតុប្រទេសនៅពេលនេះបានទេ។
ព្រះករុណាព្រះមហាក្សត្រ និងហ្លួងម៉ែ បានចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយស្តេចយាងទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ ក្នុងពេលព្រះករុណាព្រះមហាក្សត្រ ស្ដេចយាងគង់ពិនិត្យ និងព្យាបាលព្រះរាជសុខភាពនៅមន្ទីរពេទ្យក្នុងប្រទេសចិន បានប្រគល់ភារកិច្ចដល់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទទួលជួយក្នុងនាម ជាប្រមុខរដ្ឋស្តីទីនៃកម្ពុជា ចាប់តាំងពីពេលនោះមក។
ជុំវិញរឿងនេះ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យកម្ពុជា ២៣ តុលា លោក គឹម សុខ បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថា ការពន្យារពេលរបស់ករុណាព្រះមហាក្សត្រកម្ពុជា និងហ្លួងម៉ែ បន្តគង់នៅប្រទេសចិនគឺជាបរិបទថ្មីមួយដែលទ្រង់មើលឃើញពីការប្រែប្រួលនយោបាយ ដូច្នេះទ្រង់មិនចង់ជាប់ពាក់ព័ន្ធនឹងទង្វើក្បត់ជាតិនោះទេ ជាពិសេសទាក់ទងទៅនឹងការបាត់បង់ទឹកដីទៅឲ្យប្រទេសថៃ។
លោក គឹម សុខ៖ «ខ្ញុំមើលឃើញថា ការពន្យារពេលបន្តគង់នៅប្រទេសចិនរបស់ព្រះករុណា ព្រះមហាក្សត្រមិនពាក់ព័ន្ធការពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គទេ ក៏ប៉ុន្តែរឿងដែលខ្ញុំបារម្ភបំផុតអាចដោយសារតែព្រះអង្គគេចពីការគំរាមកំហែងរបស់លោក ហ៊ុន សែន ឲ្យព្រះអង្គយល់ព្រមនូវកិច្ចព្រមព្រៀងថ្មីណាមួយរវាងថៃនិងរដ្ឋាភិបាលក្រុមគ្រួសារត្រកូលហ៊ុន»។
ក្នុងនាមជាប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន បានចុះហត្ថលេខាលើព្រះរាជក្រឹត្យមួយ ដែលទូរទស្សន៍អាស៊ីសេរី ទទួលបានកាលពីថ្ងៃទី១៧ ខែមីនា ដោយសម្រេចតែងតាំងឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ ជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ តាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ គឺជាកូនប្រុសច្បងរបស់នាយឧត្ដមសេនីយ៍ ចៅ ភិរុណ ដែលបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអតីតអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ។ លោក ចៅ ភិរុណ និងសមាជិកក្រុមគ្រួសាររបស់លោកទាំងប្រពន្ធនិងកូនៗ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ត្រូវបានសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មជុំវិញការប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធនឹងគម្រោងសាងសង់ និងកែលម្អកំពង់ផែកងទ័ពជើងទឹករាមនៅក្រុងព្រះសីហនុ។ ការដាក់ទណ្ឌកម្មនេះ រួមមានការបង្កកទ្រព្យសម្បត្តិដែលពួកគេអាចមាននៅសហរដ្ឋអាមេរិក និងការរឹតត្បិតទិដ្ឋាការមិនឱ្យជាន់ដីសហរដ្ឋអាមេរិកជាដើម។
ក្រុមអ្នកឃ្លាំមើលសង្គមថា កាតែងតាំងនេះ គឺលោក ហ៊ុន សែន មិនបានគិតគូរដល់ កងទ័ពដែលនៅសេសសល់ពីសម័យតស៊ូ និងជាកូនចៅរបស់ប្រជារាស្ត្រក្រីក្រ ដែលចេញមុខច្បាំងការពារទឹកដីជាមួយនឹងយោធាថៃ ដោយមិនខ្លាចសត្រូវ ទោះបីជាគ្មានអាវុធទំនើបក៏ដោយ។ ចំណែកកូនចៅរបស់អ្នកធំៗ ពួកគេ គ្មានវត្តមាននៅសមរភូមិមុខឡើយ ប៉ុន្តែពួកគេ បែរជាអង្គុយចាំទទួលតំណែងសំខាន់ៗយ៉ាងស្រួល។
ប្រទេសកម្ពុជា ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលត្រកូល”ហ៊ុន”ជាង ៤ទសវត្សមកនេះ បានបង្កើតឲ្យមានអំពើពុករលួយនិងគ្រួសារនិយម បក្ខពួកនិយម នៅគ្រប់ក្រសួងស្ថាប័នរបស់រដ្ឋទាំងអស់ គឺគិតតែពីកសាងទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងពង្រឹងអំណាចគ្រួសារដោយលើកបន្តុបកូនចៅនិងសាច់ញាតិរបស់ខ្លួនឲ្យកាន់តួនាទីសំខាន់ៗនៅក្នុងជួររដ្ឋាភិបាល៕









