រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ថា ការ​បង្កើត​ច្បាប់​ប្រឆាំង​ការ​ឆបោក​អនឡាញ​ដើម្បី​កុំ​ឱ្យ​ឧក្រិដ្ឋកម្ម​​រីក​រាលដាល​វិញ

0
6
រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ។ រូប៖ ក្រសួង​យុត្តិធម៌
រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ។ រូប៖ ក្រសួង​យុត្តិធម៌

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត រិទ្ធ អះអាងថា ការបង្កើត​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា គឺ​រដ្ឋាភិបាល​មាន​គោលបំណង​ជំរុញ​ប្រសិទ្ធភាព​បង្ក្រាប និង​ទប់ស្កាត់​ដើម្បី​កុំឱ្យ​ឧក្រិដ្ឋកម្ម​ឆបោក​អន​ឡាញ​រីក​រាលដាល​នៅ​កម្ពុជា​។ លោក​អះអាង​ថា ច្បាប់​នេះ ក៏​មាន​ការ​ចែង​ដាក់ទោស​ទណ្ឌ​លើ​ជនល្មើស​ដែល​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​នេះ​រហូតដល់​អស់​មួយ​ជីវិត​។ អ្នកឃ្លាំមើល​ថា ដើម្បី​អនុវត្ត​ច្បាប់​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​លុះត្រាតែ​មេដឹកនាំ​ក្រុងភ្នំពេញ​ចេះ​គោរព​ច្បាប់ មិន​ឃុបឃិត​ជាមួយ​ឧក្រិដ្ឋជន រីឯ​កម្លាំង​អាជ្ញាធរ​ក៏​ត្រូវតែ​ធ្វើការ​ដោយ​ឯករាជ្យ ដោយ​មិនមែន​ចាំតែ​ស្ដាប់​បញ្ជា។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​មិន​ដក​ដៃ​ក្នុង​យុទ្ធនាការ​បង្ក្រាប​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ឡើយ​។ លោក​ទទួលស្គាល់​ថា ឧស្សាហកម្ម​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​មាន​ទំហំ​ធំ​ដែល​មិន​ត្រឹមតែ​បង្ក​ផល​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​និង​សន្តិសុខ​ជាតិ​នោះ​ទេ ប៉ុន្តែ​ក៏បាន​បង្ក​ការ​រាំងស្ទះ​ដល់​វិស័យ​វិនិយោគ និង​សេដ្ឋកិច្ចជាតិ​ធ្ងន់ធ្ងរ។

លោក កើត រិទ្ធ ថ្លែង​ថា ការបង្កើត​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នា​ពេល​នេះ ក៏​ជា​ការ​លើកកម្ពស់​ប្រសិទ្ធភាព​ក្នុង​ការ​បង្ក្រាប និង​ទប់ស្កាត់​អំពើ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​កុំឱ្យ​រីក​រាលដាល​នៅ​កម្ពុជា។

លោក កើត រិទ្ធ៖ «​ខ្ញុំ​សូម​បញ្ជាក់​ជូន​ថា ច្បាប់​នេះ​គឺមាន​គោលដៅ​ដើម្បី​បម្រើ​ឱ្យ​សភាពការណ៍​ចំពោះមុខ ដែល​យើង​កំពុងតែ​ធ្វើ​យុទ្ធនាការ​ក្នុង​ការ​បោសសម្អាត​អំពើ​ឆបោក​តាម​អនឡាញ (Scam Online) ធានា​ថា រួមចំណែក​ក្នុង​ការ​ធ្វើ​ឱ្យ​ច្បាស់លាស់​ថា អំពើ​ឆបោក (Scam) នេះ​នឹង​មិន​វិលត្រឡប់​ក្នុង​ទ្រង់ទ្រាយ​បែបនេះ​មក​កាន់​កម្ពុជា​វិញ ប៉ុន្តែ​ច្បាប់​នេះ ក៏​នឹង​បម្រើ​ឱ្យ​សភាពការណ៍​ក្នុង​រយៈពេល​មធ្យម​ផង​ដែរ​។ មានន័យថា ធ្វើ​យ៉ាងម៉េច គ្រាន់តែ​តាមរយៈ​មើល​ច្បាប់​ហ្នឹង គឺថា ឧក្រិដ្ឋជន​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា អត់​ហ៊ាន​មក​។ ប៉ុន្តែ​ដល់ពេល​អត់​មានច្បាប់ ឬក៏​ច្បាប់​យើង​មាន​ចន្លោះ​ខ្វះខាត ឧក្រិដ្ឋជន​គាត់​ឃើញ​អាហ្នឹង​ជា​ចន្លោះប្រហោង​ច្បាប់ អ៊ីចឹង​គាត់​យក​អាហ្នឹង​មក​ធ្វើ​។ ឥឡូវ​ច្បាប់​របស់​យើង​គឺ​ក្រឡា​បង់​ទៅ​គ្រប់​ទាំងអស់ ក្រឡា​សំណាញ់​ហ្នឹង​គឺថា ញឹក​ហ្នឹង​គឺ​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​អស់​អំពើ​ឆបោក (Scam) ពី​កម្ពុជា ញឹក​ហ្នឹង​គឺ​ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា»។

លោក​ថ្លែង​បែប​នេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​ច្បាប់​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​» កាលពី​ថ្ងៃទី​៣ ខែមេសា​។ លោក កើត រិទ្ធ អះអាង​ទៀត​ថា ស្មារតី​នៃ​ច្បាប់​នេះ​ក៏បាន​កំណត់​ឱ្យ​មានការ​ផ្ដន្ទាទោស រួម​ទាំង​ការ​ដាក់​ទណ្ឌកម្ម​នានា​លើ​ជនល្មើស និង​បណ្ដាញ​ឧក្រិដ្ឋ​ជនបរទេស​មិន​ចូល​កម្ពុជា​បើក​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​កម្ពុជា​បាន។

មហាសេដ្ឋី​ខ្មែរ​ដើមកំណើត​ចិន លោក ដុង លីឆេង (Dong Lecheng) និង​អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ រូប៖ បណ្ដាញសង្គម

រដ្ឋាភិបាល​ត្រកូល ហ៊ុន បាន​រៀបចំ​ធ្វើ​ច្បាប់​ថ្មី​មួយ​ស្ដីពី «​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​» បន្ទាប់ពី​កម្ពុជា​បាន​ក្លាយជា​ឋានសួគ៌​របស់​បណ្ដាញ​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​។ ច្បាប់​នេះ​មាន ៥​ជំពូក និង ២៤​មាត្រា ដែល​មាន​ចែង​ចំពោះ​ការ​ដាក់​ទោស​ទណ្ឌ​លើ​អ្នក​ដែល​រៀបចំ ឬ​បង្កើត​មជ្ឈមណ្ឌល​ឆបោក អ្នក​ជ្រើសរើស​មនុស្ស​យក​មក​បណ្ដុះបណ្ដាល​ឱ្យធ្វើ​ការងារ​ឆបោក​តាម​អនឡាញ អ្នកប្រើប្រាស់​អត្តសញ្ញាណ​ក្លែងក្លាយ និង​សកម្មភាព​លាងលុយកខ្វក់​ដែល​បាន​មកពី​អំពើ​ឆបោក​តាម​អនឡាញ​ជាដើម​។

ក្រៅពី​នេះ ម្ចាស់​អគារ ឬ​ម្ចាស់​ផ្ទះ​ជួល​ដែល​ឃុបឃិត​ជាមួយ​បណ្ដាញ​ឧក្រិដ្ឋជន ដើម្បី​បង្កើត​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ក៏​ត្រូវ​ទទួលទោស​ព្រហ្មទណ្ឌ និង​ត្រូវ​បាន​សមត្ថកិច្ច​រឹបអូស​ទ្រព្យសម្បត្តិ​ផង​ដែរ។

ច្បាប់​ស្ដីពី «​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​» មាន​ការ​ចែង​កំណត់​ផ្ដន្ទាទោស​ជនល្មើស​យ៉ាងតិច​ចន្លោះ​ពី ១​ឆ្នាំ រហូតដល់​អស់​មួយ​ជីវិត និង​ពិន័យ​ជា​ប្រាក់​ចាប់ពី ១​រយ​លាន​រៀល រហូតដល់ ១​ពាន់​លាន​រៀល​។ ច្បាប់​នេះ​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​កាលពី​ថ្ងៃទី​៣០ ខែមីនា និង​កំពុង​រង់ចាំ​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​ប្រកាស​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ។

ទាក់ទង​នឹង​រឿង​នេះ ប្រធាន​ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ លើកឡើង​ថា ច្បាប់​ប្រឆាំង​ឧក្រិដ្ឋកម្ម​អនឡាញ​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​ត្រកូល ហ៊ុន មិនអាច​ទប់ស្កាត់​ការ​រីក​ដាល​មជ្ឈមណ្ឌល​ឆបោក​តាម​អន​ឡាញ និង​លំហូរ​ឧក្រិដ្ឋជន​ចូល​មក​កម្ពុជា​បាន​ឡើយ​។ អ្នកស្រី​បញ្ជាក់​ថា មូលហេតុ​សំខាន់​គឺ​ដោយសារ​មេដឹកនាំ​កំពូល​ខ្លួនឯង ពាក់ព័ន្ធ​នឹង​ការបំផ្លាញ​ច្បាប់ និង​បង្កើត​បណ្ដាញ​គាំទ្រ​កាង​ការពារ​ឧក្រិដ្ឋជន ដើម្បី​ទទួល​ផល​ប្រយោជន៍​ពី​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ។ ក្រៅ​ពី​នេះ អ្នកស្រី​ថា ទោះបី​មានច្បាប់​ក៏​ប្រព័ន្ធ​តុលាការ និង​សមត្ថកិច្ច​គ្មាន​ភាព​ឯករាជ្យ ដើម្បី​ធានា​ចំពោះ​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​នេះ​ដែរ ព្រោះ​អំណាច​ស្ថិត​នៅ​លើ​ការ​បញ្ជា​របស់​លោក ហ៊ុន សែន។

ទោះជា​យ៉ាងណា អ្នកស្រី មូរ សុខហួរ ស្នើ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ប្រើ​ច្បាប់​នេះ​ចាត់វិធានការ​រឹបអូស​ទ្រព្យសម្បត្តិ និង​ស៊ើបអង្កេត​ចាប់ខ្លួន​មន្ត្រី​កំពូល​ឧកញ៉ា​ឈ្មួញ​គ្រាក់ៗ ដែល​កំពុង​រង​ការចោទប្រកាន់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អន​ឡាញ។

អ្នកស្រី មូរ សុខហួ៖ «មែនទែន យើង​មិន​ចាំបាច់​ត្រូវការ​ដល់​មាន​ប្រព័ន្ធ​ហ្នឹង​ទេ ការ​ចាប់​លោក លី គួង មាន​ត្រូវការ​ច្បាប់​ហ្នឹង​ទេ​? អត់​មាន​ត្រូវការ​ទេ ដូច្នេះ​យើង​ត្រូវការ​ឆន្ទៈ​នយោបាយ​របស់​អ្នកដឹកនាំ យើង​ត្រូវការ​មន្ត្រីរាជការ នគរបាល​យុត្តិធម៌​ដែល​ពិតជា​អ្នក​ដែល​ទទួលខុសត្រូវ ឯករាជ្យ ហើយ​យក​ផលប្រយោជន៍​ជាតិ​ជាធំ យក​ច្បាប់​ជាធំ យក​នីតិរដ្ឋ​ជាធំ​។ ពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ ចង់​ឃើញថា ច្បាប់​ដែល​ទើបតែ​អនុម័ត​ហើយ​នេះ អនុវត្ត​ជាបន្ទាន់​ទៅលើ​លោក ហ៊ុន តូ ពីព្រោះ​មាន​ភស្តុតាង​គ្រប់គ្រាន់​យក​លោក ហ៊ុន តូ ទៅ​ប្រឈម​នឹង​ច្បាប់​ដែល​ទើបតែ​បង្កើត​ហើយ​នេះ»។

អ្នកស្រី មូរ សុខហួរ វាយតម្លៃ​ថា ការបង្កើត​ច្បាប់​ប្រឆាំង​ឧក្រិដ្ឋកម្ម​អនឡាញ​គ្រាន់​ជា​ឆាកល្ខោន​បន្លំ​ភ្នែក​ប្រជាពលរដ្ឋ និង​សហគមន៍​អន្តរជាតិ​ប៉ុណ្ណោះ និង​គ្មាន​ឥទ្ធិពល ឬ​ធ្វើ​ឱ្យ​បណ្ដាញ​ឧក្រិដ្ឋជន​ខ្លាចញញើត​ក្នុង​ការ​បន្តសកម្មភាព​ឧក្រិដ្ឋកម្ម​នានា​នៅ​កម្ពុជា​ឡើយ​។ អ្នកស្រី​ថា បញ្ហា​នេះ​កេរ្តិ៍ឈ្មោះ​កម្ពុជា និង​ការ​ខ្ទេចខ្ទាំ​សេដ្ឋកិច្ចជាតិ​នឹង​បន្ត​រងគ្រោះ​ក្នុង​រយៈពេល​យូរអង្វែង​ទៀត ដោយសារតែ​ប្រព័ន្ធ​អំណាច​ដឹកនាំ​បែប​គ្រួសារ​បក្ខពួក​និយម និង​ឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ​ជាមួយ​បណ្ដាញ​ឧក្រិដ្ឋជន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ