សាច់ញាតិ និង​យុវជន​ស្នើ​ឲ្យ​អាជ្ញាធរ​ដោះលែង​ព្រះ​ភិក្ខុ ជា វុទ្ធី ឲ្យ​មាន​សេរីភាព​ឡើងវិញ

0
3
ភិក្ខុ ជា វុទ្ធី។ រូប៖ បណ្ដាញសង្គម
ភិក្ខុ ជា វុទ្ធី។ រូប៖ បណ្ដាញសង្គម

សាច់ញាតិ និង​យុវជន​ស្នើ​ឲ្យ​អាជ្ញាធរ​ដោះលែង ព្រះ​ភិក្ខុ ជា វុទ្ធី ឲ្យ​មាន​សេរីភាព​ឡើងវិញ ពីព្រោះ​ព្រះអង្គ​មិនបាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់ របស់​តុលាការ និង​អាជ្ញាធរ​នោះ​ឡើយ។ មន្ត្រី​សង្គម​ស៊ីវិល​ថា កម្ពុជា​នឹង​ជាប់​ឈ្មោះ​អាក្រក់​បន្ថែម​ទៀត ពាក់ព័ន្ធ​នឹង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព និង​រំលោភ​សិទ្ធិមនុស្ស​។​

ក្រោយពី​តុលាការ​ក្រុងភ្នំពេញ ចោទប្រកាន់ និង​ឃុំឃាំង​ពី​បទ «​ញុះញង់​» ទៅលើ​ព្រះ​ភិក្ខុ ជា វុទ្ធី សាច់ញាតិ និង​យុវជន ស្នើ​ឲ្យ​អាជ្ញាធរ​ដោះលែង ព្រះអង្គ​ឲ្យ​មាន​សេរីភាព​ឡើងវិញ ពីព្រោះ​ការ​បញ្ចេញមតិ​របស់​ព្រះអង្គ​ពាក់ព័ន្ធ​បញ្ហា​ព្រំដែន មិនមែន​ជា​បទល្មើស ដែល​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ​នោះ​ទេ។ ផ្ទុយទៅវិញ ជា​ការ​រួមចំណែក ក្នុង​ការ​ជួយ​សង្គម និង​លើកស្ទួយ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ដែល​សង្គម​ប្រជាធិបតេយ្យ​គេ​តែងតែ​ប្រព្រឹត្ត​កន្លងមក។

យុវជន​ម្នាក់​នៅ​ខេត្តបាត់ដំបង ដែល​ជា​មិត្តភក្ដិ​របស់​ព្រះ​ភិក្ខុ ជា វុទ្ធី នៅ​សកល​វិទ្យាល័យ សុំ​មិន​បញ្ចេញ​ឈ្មោះ អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​៣ ខែមេសា​ថា ព្រះ​ភិក្ខុ ជា វុទ្ធី តែងតែ​សកម្ម​ក្នុង​កិច្ច​ការងារ​សង្គម ជួយ​អ្នក​ទន់ខ្សោយ និង​តែងតែ​បញ្ចេញមតិ​ពាក់ព័ន្ធ​សិទ្ធិមនុស្ស និង​សិទ្ធិ​សេរីភាព ព្រះអង្អ​គ្មាន​ចេតនា ញុះញង់ ឬ​ចង់​ផ្ដួលរំលំ ឲ្យ​មាន​ភាព​វឹកវរ​ដល់​សង្គម ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​ឡើយ​។ លោក​ចាត់ទុក​ការ​ឃុំខ្លួន​នេះ គឺជា​រឿង​អយុត្តិធម៌ និង​ស្នើ​ឲ្យ​ដោះលែង​ព្រះអង្គ​ឲ្យ​មាន​សេរីភាព​ឡើងវិញ។

យុវជន​ម្នាក់​នៅ​ខេត្តបាត់ដំបង សុំ​មិន​បញ្ចេញ​ឈ្មោះ​៖ «ខ្ញុំ​គិតថា​វា​អយុត្តិធម៌ ពីព្រោះ​យើង​ដឹង​ថា ប្រទេស​កម្ពុជា ជា​សង្គម​ប្រជាធិបតេយ្យ ហើយ​ទាក់ទង​ទៅ​នឹង​ការ​បញ្ចេញមតិ និង​អ្វី​ផ្សេងៗ​វា​ស្រប​ទៅ​តាម​ច្បាប់ ដែល​ចែងថា​ពលរដ្ឋ​មាន​សិទ្ធិ​បង្ហាញ​មតិ​ជា​សាធារណៈ​ដែល​ជា​គំនិត​យោបល់​របស់​យើង ហើយ​បើ​យើង​បញ្ហា​គំនិត​មតិយោបល់​របស់​យើង ត្រូវ​បាន​អាជ្ញាធរ​រឹតត្បិត​អញ្ចឹង ចាប់ចង​បែបនេះ វា​ជា​រឿង​អយុត្តិធម៌​មិនអាច​ទទួល​យក​បាន​នោះ​ទេ»។

ចំណែក​ម្ដាយ​របស់​ព្រះភិក្ខុ ជា វុទ្ធី គឺ​លោកស្រី ចាន់ ម៉ៅ រៀបរាប់​ទាំង​អួលដើម​ក​ថា លោកស្រី​មិនបាន​ហូបបាយ​អស់​រយៈពេល​បី​ថ្ងៃ​មក​ហើយ ដោយសារតែ​បារម្ភ​ពី​ព្រះ​ភិក្ខុ ជា វុទ្ធី។ លោកស្រី​ស្នើ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​សន្ដោស​ប្រណី​បន្ធូរ​បន្ថយទោស និង​ស្នើ​ឲ្យ​ដោះលែង កូន​របស់​លោកស្រី​ត្រឡប់​មក​វិញ។

លោកស្រី ចាន់ ម៉ៅ៖ «​មិន​យ៉ាងម៉េច​ទេ តាម​ហ្នឹង​ទៅ​ចុះ អ្នកណា​មិន​សោកស្ដាយ ម្ដាយ​ឯណេះ​អត់បាយ​បី​ថ្ងៃ​ហើយ ខ្ញុំ​អត់​បាន​ហូប​បាប​ហូត​ទឹក​អ្វី​ទេ ខ្ញុំ​គិត​ពី​កូន​ខ្លាំង​ណាស់ សុំ​ជួរ​រដ្ឋអំណាច​ទាំងអស់ សុំ​ធ្វើការ​សម្រាលទោស​ឲ្យ​កូន​ខ្ញុំ​ផង មានតែ​ប៉ុណ្ណឹង​អស់លោក»។

ជុំវិញ​រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ និង​អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន ណារិន្ទ ដើម្បី​សុំ​ការ​បកស្រាយ​បាន​ទេ នៅ​ថ្ងៃទី​៣ ខែ​មេសា។

ទោះជា​យ៉ាងណា ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​០៣ ខែ​មេសា បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន ដោយ​អះអាង​ថា ការ​ចាប់ខ្លួន និង​ឃុំខ្លួន​របស់ ព្រះភិក្ខុ ជា វុទ្ធី គឺ​ធ្វើ​ទៅ​តាមច្បាប់ ដែល​តុលាការ​បាន​សម្រេច​ចោទប្រកាន់ ព្រះ​ភិក្ខុ ជា វុទ្ធី ពី​បទ «​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ។ លើស​ពី​នោះ ព្រះសង្ឃ​អង្គ​នេះ បាន​ប្រព្រឹត្ត​ខុស​វិន័យ​សង្ឃ ដោយ​លួចលាក់​មាន​ស្នេហា​ជាមួយ​ស្ត្រី​ក្មេង។ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បដិសេធ​ថា ការ​ចាប់ខ្លួន​នេះ មិន​ជាប់​រឿង​នយោបាយ ឬ​សិទ្ធិ​សេរីភាព​នោះ​ឡើយ។ ប៉ុន្តែ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មិន​បាន​បង្ហាញ​ពី​ភស្តុតាង ពាក់ព័ន្ធ​នឹង​បទ​ចោទ​ញុះញង់​នោះ​ទេ។

បើ​ទោះ​ជា​បែបនេះ​ក្ដី អ្នកលេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) បាន​ប្រតិកម្ម​ថា អាជ្ញាធរ​បាន​បង្កើត​ភស្តុតាង​ដោយ​ខ្លួនឯង ដើម្បី​មួលបង្កាច់​ព្រះសង្ឃ ក្នុង​គោលបំណង​បង្ខូច​កិត្តិយស​និង​ចង់​ចាប់​ព្រះ​ភិក្ខុ ជា វុទ្ធី ដាក់​ពន្ធនាគារ ដោយសារតែ​ព្រះអង្គ​បង្ហោះ​សារ​និយាយ​ពី​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក យិន ម៉េងលី ព្រួយបារម្ភ​អំពី​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា នឹង​កាត់​តែ​អាក្រក់​ឡើង នឹង​ធ្វើ​ឲ្យ​កម្ពុជា​ខូច​មុខមាត់​នៅ​លើ​ឆាក​អន្តរជាតិ​ជាក់​ជាមិនខាន។

លោក យិន ម៉េងលី៖ «​យើង​ឃើញ​ហើយ​ថា កន្លងទៅ​មាន​អនុសាសន៍​ជាច្រើន​មក​លើ​កម្ពុជា ពាក់ព័ន្ធ​សិទ្ធិមនុស្ស ពាក់ព័ន្ធ​សិទ្ធិ​សេរីភាព​នេះ អញ្ចឹង​ប្រសិនបើ​កម្ពុជា​នៅតែ​បន្ត​ការ​ចាប់​ការ​ចោទ​ទៅលើ​ពលរដ្ឋ​ខ្លួនឯង​ពាក់ព័ន្ធ​សេរីភាព​នេះ កម្ពុជា​ជៀស​មិន​ផុត​នោះ​ទេ ពី​ការ​ជាប់​ឈ្មោះ​ជា​ប្រទេស​មួយ ជាប់​ចំណាត់​ថ្នាក់ទាប​ទាក់ទិន​នឹង​សេរីភាព​បញ្ចេញមតិ​នេះ»។

ព្រះ​ភិក្ខុ ជា វុទ្ធី មាន​ព្រះជន្ម​២៨​ព្រះវស្សា មាន​ស្រុកកំណើត​នៅ​ភូមិ​ពោធិ៍កុដិ ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​។ មុន​ចាប់ខ្លួន ព្រះអង្គ​គង់នៅ​វត្ត​ធម្ម​និមិត្តរាជ​បុប្ផារាម ហៅ​វត្ត​ប៉ាឆា ក្នុង​ក្រុង​បាត់ដំបង ព្រះអង្គ​បាន​បញ្ចប់​ការសិក្សា​បរិញ្ញាប័ត្រ​ជាន់ខ្ពស់ នៅ​សកល​វិទ្យាល័យ​ជាតិ​បាត់ដំបង។

ព្រះអង្គ​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​បាត់ដំបង ស្លៀកពាក់​ស៊ីវិល ចុះទៅ​ចាប់​ផ្សឹក​នៅ​ព្រឹក​ថ្ងៃទី​០១ ខែមេសា និង​បាន​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​បន្ទាប់ នឹង​ត្រូវ​បាន​ចោទប្រកាន់ ពី​បទ​«​ញុះញង់​បង្ក​ឱ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» តាម​មាត្រា ៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ និង​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​ពលរដ្ឋ​ចាត់ទុក​ការ​ឃុំខ្លួន​ព្រះអង្គ គឺជា​ការ​បំបិទ​សំឡេង​អ្នក​ហ៊ាន​រិះគន់​ទៅលើ​រដ្ឋាភិបាល ដើម្បី​បំបាក់ស្មារតី​ដល់​ពលរដ្ឋ​ផ្សេងទៀត មិន​ឲ្យ​បញ្ចេញមតិ​រិះគន់​របប​ត្រកូល​ហ៊ុន ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ ដែល​កម្ពុជា​បាត់បង់​ទឹកដី​ទៅ​ប្រទេស​ថៃ ជាច្រើន​ទីតាំង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ