អ្នកឃ្លាំមើល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន បោះបង់ចោល​សកម្មភាព​ការទូត​បែប​អង្វរករ​ក្នុង​ជម្លោះព្រំដែន​ជាមួយ​ថៃ

(ពី​ស្ដាំ) ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ (Donald J. Trump) នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត និង​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ក្នុង​ថ្ងៃ​ចូលរួម​ចុះ​ហត្ថលេខា​កិច្ច​ព្រមព្រៀង​រួម​សន្តិភាព នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី២៦ តុលា ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
(ពី​ស្ដាំ) ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ (Donald J. Trump) នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត និង​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ក្នុង​ថ្ងៃ​ចូលរួម​ចុះ​ហត្ថលេខា​កិច្ច​ព្រមព្រៀង​រួម​សន្តិភាព នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី២៦ តុលា ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

អ្នកឃ្លាំមើល​សង្គម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បោះបង់​ចោល​សកម្មភាព​ការទូត​ខ្យល់ ដោយ​ងាក​មក​គោរព​នីតិរដ្ឋ​ផ្ទៃក្នុង​ដើម្បី​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន​ពី​ការទន្ទ្រាន​របស់​យោធា​ថៃ បន្ទាប់ពី​កងកម្លាំងប្រដាប់អាវុធ​ថៃ បាន​បន្ត​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ដី​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ ភាគ​ខាងជើង នៃ​វត្ត​កែវសិក្ខាគិរីស្វារៈ ព្រមទាំង​រាយ​លួស​បន្លា​ប្រវែង​ប្រមាណ ១០០ ម៉ែត្រ និង​ដាក់​ពង្រាយ​រថពាសដែក នៅ​តំបន់​បុស្ស​ស្បូវ​-​ជាំ​តែ។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​លោក សេង វណ្ណលី បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា​ការដែល​ភាគី​ថៃ​មក​រំលោភបំពាន​ទឹកដី​កម្ពុជា​នៅ​ក្បែរ​ប្រាសាទព្រះវិហារ​គឺជា​លទ្ធផល​បង្ហាញ​ពី​ភាព​កំសោយ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដែល​នៅតែ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ការ​ទូត​បែប​អង្វរករ ដែល​បង្ហាញ​ពី​ការ​សម្បទាន​ឲ្យ​ថៃ​រំលោភបំពាន​កាន់តែ​ខ្លាំង​មក​លើ​កម្ពុជា។

លោក​ថា ការ​ខកខាន​ប្រើប្រាស់​យន្តការ​អន្តរជាតិ រឺ​ក៏​បាន​ប្រើប្រាស់​សិទ្ធិ​ស្វ័យ​យោធា​ឲ្យ​បាន​សមស្រប​បាន​ធ្វើ​ឲ្យ​ការ​តវ៉ា​តាមរយៈ​ក្រដាស​ស្នាម​ជាង​៧០០​លើក​កន្លង​មកនេះ​គឺ​បង្ហាញ​អំពី​ការបាត់បង់​ទម្ងន់​នយោបាយ​របស់​កម្ព​ជា​នៅ​លើ​ឆាក​អន្តរជាតិ​យ៉ាងធ្ងន់ធ្ងរ​។ ការ​ឯកោ​ខាង​ការទូត​នេះ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ តែ​វា​ជា​លទ្ធផល​នៃ​ផលវិបាក​នៃ​កេរ្តិ៍ឈ្មោះ​ដ៏​សែន​អាក្រក់​នៃ​រដ្ឋាភិបាល​បច្ចុប្បន្ន​ដែល​ជាប់ជំពាក់​ទៅ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស ការបំផ្លាញ​ប្រព័ន្ធ​ប្រជាធិបតេយ្យ និង​រឿងអាស្រូវ​នៃ​ការ​ឆបោក​អនឡាញ​ដែល​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​បាត់បង់​ទំនុកចិត្ត​ទាំងស្រុង។

លោក សេង វណ្ណលី៖ «​ដើម្បី​បិទ​បញ្ចប់​ការ​ចូល​រុះ​រាល់​ឈ្លានពាន​របស់​ថៃ​ជាបន្ទាន់​រដ្ឋាភិបាល​ត្រូវតែ​បោះបង់ចោល​នូវ​មនោគមវិជ្ជា​ការទូត​ខ្យល់ ហើយ​ងាក​មក​អនុវត្ត​វិធានការ​ដាច់ខាត​តាមរយៈ​ការ​ធ្វើ​អន្តរជាតិ​តូបនីយកម្ម​ជម្លោះព្រំដែន​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អន្តរជាតិ​និង​ការ​ដាក់​ពង្រាយ​កំលាំង​ជួរមុខ​ដើម្បី​បង្ហាញ​ពី​អធិបតេយ្យភាព​ពិតប្រាកដ»។

លោក សេង វណ្ណលី បន្ថែម​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ត្រូវធ្វើ​កែទម្រង់​ផ្ទៃក្នុង​ដោយ​ស្តារ​នូវ​នីតិរដ្ឋ និង​គោរព​សិទ្ធិ​ពលរដ្ឋ ពីព្រោះ​រដ្ឋាភិបាល​ដែល​ខ្វះ​នូវ​ភាព​ស្អាតស្អំ​និង​ខ្វះ​ការ​គាំទ្រ​ពី​ពលរដ្ឋ​ខ្លួនឯង​នឹង​គ្មាន​ថ្ងៃ​អាច​បញ្ចុះបញ្ចូល​ពិភពលោក​ឲ្យ​ជួយ​ការពារ​ទឹកដី​របស់​ខ្លួន​បានទេ។

ការ​អះអាង​របស់​អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក រូប​នេះ បន្ទាប់​ពី ក្រសួងការបរទេស​កម្ពុជា​កាលពី​ថ្ងៃទី​៥ ខែ​មេសា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ថា នៅ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២៦ កងកម្លាំងប្រដាប់អាវុធ​ថៃ បាន​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ដី​ក្បែរ​តំបន់ ប្រាសាទព្រះវិហារ ភាគ​ខាងជើង នៃ​វត្ត​កែវសិក្ខាគិរីស្វារៈ និង​រាយ​លួស​បន្លា​ប្រវែង​ប្រមាណ ១០០ ម៉ែត្រ ព្រមទាំង​ដាក់​ពង្រាយ​រថពាសដែក នៅ​តំបន់​បុស្ស​ស្បូវ​-​ជាំ​តែ ផង​ដែរ។

សេចក្តី​ប្រកាស​ព័ត៌មាន ដដែល​ថា រាជរដ្ឋាភិបាល​កម្ពុជា តវ៉ា​ជំទាស់​ជា​ផ្លូវការ​ប្រឆាំង​នឹង​ប្រទេស​ថៃ ចំពោះ​សកម្មភាព​ខុសច្បាប់ និង​កើតឡើង​ដដែលៗ​របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ នៅ​តំបន់​ដែល​កាន់កាប់​ដោយ​ខុសច្បាប់​ក្នុង​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ។ កម្ពុជា​ក៏​បាន​បដិសេធ​យ៉ាង​ដាច់ខាត​ចំពោះ​ការប៉ុនប៉ង​ណាមួយ ក្នុង​ការ​ធ្វើ​ឱ្យ​ខូច​ស្ថានការណ៍ ដោយ​បង្កើត​ការ​កាន់កាប់​លើដី​ជាក់ស្តែង (fait accompli on the ground) ព្រមទាំង​តវ៉ា​យ៉ាង​ខ្លាំង ចំពោះ​សកម្មភាព​ទាំងឡាយ​ដែល​រំលោភ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ក្រោម​អនុសញ្ញា​បារាំង​-​សៀម​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧។

ទាក់ទង​ទៅ​នឹង​បញ្ហា​ឈ្លានពាន​របស់​យោធា​ថៃ​មក​លើ​កម្ពុជា​ជា​បន្តបន្ទាប់​នោះ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ​កម្ពុជា ២៣ តុលា លោក គឹម សុខ បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា ប្រសិន​ចង់​ឲ្យ​មាន​ប្រសិទ្ធភាព ដែល​ធ្វើ​ឲ្យ​ភាគី​ថៃ​ញញើត​ឈប់​ទន្ទ្រាន​ឈ្លានពាន​ទឹកដី​ខ្មែរ​ទៀត​នោះ​គឺ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ត្រូវ​ប្រមូល​ឯកសារ​ពាក់ព័ន្ធ និង​ភស្តុតាង​ទាំងអស់ និង​សំណុំ​រឿង​នៃ​ការឈ្លានពាន​នានា​របស់​កងទ័ព​ថៃ ដាក់​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ និង​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

លោក គឹម សុខ៖ «បើ​ត្រឹមតែ​រដ្ឋាភិបាល​លោក​ហ៊ុន ម៉ាណែត ប្រកាស​ថ្កោលទោស ឫ​ក៏​រំលឹក​ភាគី​ថៃ​វា​គ្មាន​ឥទ្ធិពល​អ្វី​ដ​ទាល់តែសោះ​ដែល​ធ្វើ​ឲ្យ​ភាគី​ថៃ​ខ្លាចរអា​នោះ»។

អ្នកឃ្លាំមើល​សង្គម​លើកឡើង​ថា ចាប់តាំងពី​មាន​បទ​ឈប់​បាញ់​ដែល​បាន​ចូល​ជា​ធរមាន កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៥​មក កងទ័ព​ថៃ​នៅតែ​បន្ត​ចូល​មក​រាយ​បន្លា​លួស ដាក់​ទូរ​កុងតឺន័រ ទន្ទ្រាន​យក​ទឹកដី​ខ្មែរ​ជា​រៀងរាល់ថ្ងៃ​។ រីឯ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត មិន​បាន​ប្រើ​កម្លាំង​ទប់ស្កាត់​ទៅ​នឹង​ការ​បន្ត​ឈ្លានពាន​ទឹកដី​ពី​សំណាក់​ភាគី​ថៃ​នោះ​ទេ គឺ​បាន​ត្រឹម​តែ​ចេញ​លិខិត​ថ្កោលទោស​ថៃ និង​បញ្ជា​ឲ្យ​មន្ត្រី​របស់​ខ្លួន​នាំ​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន​(AOT) ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​ព្រំដែន ព្រមទាំង​ពង្វក់​ជនភៀសសឹក​ឲ្យ​នាំគ្នា​រាំច្រៀង។

ចាប់តាំងពី​មាន​បទ​ឈប់​បាញ់​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០២៥ មក ពលរដ្ឋ​ខ្មែរ​បាន​ចែកចាយ​លើ​បណ្ដាញ​ទំនាក់​សង្គម​ហ្វេសប៊ុក​ជា​បន្តបន្ទាប់ អំពី​សកម្មភាព​យោធា​ថៃ​ដែល​បាន​ប្រើ​គ្រឿងចក្រ​ជីក​ប្រឡាយ​ផ្តាច់​ផ្លូវ និង​រាយ​បន្លា​លួស ដាក់​ពង្រាយ​ទូ​កុងតឺន័រ សាងសង់​លេណដ្ឋាន និង​ធ្វើ​សកម្មភាព​ជាច្រើន​ទៀត​លើ​ទឹកដី​ខ្មែរ​ដែល​ពួកគេ​កំពុង​កាន់កាប់​ដោយ​ខុសច្បាប់។

គណបក្សប្រឆាំង បាន​រក​ឃើញ​ថា ក្នុង​សង្គ្រាម​២១​ថ្ងៃ​កន្លងទៅ គឺ​កម្ពុជា បាន​បាត់បង់​ទឹកដី​រហូតដល់​ជាង ៥៥​ទីតាំង ដែល​បណ្តាល​ឱ្យ​ប្រជាជន​ខ្មែរ​ជាង ១១​ម៉ឺន​នាក់ បាត់បង់​ដីធ្លី ទ្រព្យសម្បត្តិ និង​ផ្ទះសម្បែង ជាច្រើន​កន្លែង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ