ប្រទេស​ចិន​កុម្មុយនិស្ត​ប្រគល់​នាវាចម្បាំង ១​គ្រឿង​ទៀត​ឱ្យ​កម្ពុជា

0
68
នាវាចម្បាំង​ខ្នាត​មធ្យម​ប្រភេទ (056C) ១​គ្រឿង​របស់​ចិន​ ដែលនឹងប្រគល់ឱ្យកម្ពុជា។ រូប៖ បណ្ដាញសង្គម
នាវាចម្បាំង​ខ្នាត​មធ្យម​ប្រភេទ (056C) ១​គ្រឿង​របស់​ចិន​ ដែលនឹងប្រគល់ឱ្យកម្ពុជា។ រូប៖ បណ្ដាញសង្គម

ប្រទេស​ចិន​កុម្មុយនិស្ត​នឹង​ផ្ដល់​ជំនួយ​នាវាចម្បាំង​ខ្នាត​មធ្យម​ប្រភេទ (056C) ១​គ្រឿង​ទៀត​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែត។ នាវាចម្បាំង​ដែល​ចិន​ត្រៀម​ផ្ដល់​ឱ្យ​កម្ពុជា​នេះ​ស្ថិត​ក្នុង​ចំណោម​ប្រភេទ​នាវាចម្បាំង​ចំនួន ២​គ្រឿង​ផ្សេងទៀត​ដែល​រដ្ឋាភិបាល​កុម្មុយនិស្ត​ចិន​បាន​ផ្តល់​ឱ្យ​កម្ពុជា​កាលពី​ឆ្នាំ​២០២៤។ អ្នកឃ្លាំមើល​ថា នាវាចម្បាំង​ដែល​ចិន​ផ្ដល់​ឱ្យ​រដ្ឋាភិបាល​ត្រកូល ហ៊ុន មិន​មែនមាន​គោលបំណង​បម្រើ​ឱ្យ​វិស័យ​ការពារ​ជាតិ​កម្ពុជា​ឡើយ ប៉ុន្តែ​សម្រាប់​បម្រើ​ផលប្រយោជន៍ និង​មហិច្ឆតា​វាតទី​ភូមិសាស្ត្រ​នយោបាយ​របស់​ចិន​នៅក្នុង​តំបន់។

នាវាចម្បាំង​ខ្នាត​មធ្យម​ប្រភេទ (056C) ១​គ្រឿង​របស់​ចិន​បាន​ធ្វើ​ដំណើរ​ចូល​សំចត​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​តាំងពី​ថ្ងៃទី​៤ ខែមករា​។ ប្រព័ន្ធ​ឃោសនា​នៃ​រដ្ឋ​អំណាច​ចិន​បញ្ជាក់​ថា កម្ពុជា​នឹង​រៀបចំ​ពិធី​ទទួល​នាវាចម្បាំង​ដែល​ជា​ជំនួយ​ពី​ភាគី​ចិន​នេះ​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​នៅ​ថ្ងៃទី​៨ ខែមេសា​។​

នាវ​ចម្បាំង​ថ្មី​សន្លាង​មួយ​គ្រឿង​ចុងក្រោយ​ដែល​ភាគី​ចិន​ត្រៀម​ប្រគល់​ឱ្យ​កម្ពុជា​នេះ គឺ​ស្ថិត​ក្នុងចំណោម​នាវាចម្បាំង​ចំនួន ២​គ្រឿង​ផ្សេងទៀត​ដែល​ចិន​បាន​ប្រគល់​ឱ្យ​កម្ពុជា​កាលពី​ខែមិថុនា ឆ្នាំ​២០២៤​។ នាវាចម្បាំង​នេះ​ប្រទេស​ចិន​កុម្មុយនិ​ស្ត​បាន​រចនា​ឡើង​សម្រាប់​ល្បាត​ដែនសមុទ្រ និង​មាន​ទម្ងន់​ចន្លោះ​ពី ១​ពាន់ ៣​រយ​តោន ទៅ ១​ពាន់ ៥​រយ​តោន​។ វត្តមាន​នាវាចម្បាំង​ចិន​ប្រភេទ (056C) និង​ប្រភេទ (056) ៣​គ្រឿង​កំពុង​សំចត​នៅ​មូលដ្ឋាន​កំពង់ផែ​កងទ័ពជើងទឹក​រាម​ក៏​មាន​ប្រព័ន្ធ​ការពារ​អាកាស អេចអេចឃ្យួ​-១០ (HHQ-10) សម្រាប់​ការពារ​ពី​មីស៊ីល យន្តហោះ​ចម្បាំង និង​មាន​បំពាក់អាវុធ​កាំភ្លើង​ធំ ប្រព័ន្ធ​ប្រឆាំង​នាវាមុជទឹក និង​មីស៊ីល​ប្រឆាំង​នាវា​វាយប្រហារ​សត្រូវ​ក្នុង​ចម្ងាយ​ឆ្ងាយ។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃទី​៧ ខែមេសា។

អ្នកឃ្លាំមើល​លើកឡើង​ថា ការ​បញ្ជូន​នាវាចម្បាំង​មក​ចូល​សំចត​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​ក្រោម​រូបភាព​ផ្ដល់​ជា​ជំនួយ​ឱ្យ​កម្ពុជា​នេះ គឺជា​សញ្ញា​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​ដែល​ប្រទេស​ចិន​កុម្មុយនិ​ស្ត​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​សម្រេច​មហិច្ឆតា​វាតទី​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់។

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក គឹម សុខ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៧ ខែមេសា​ថា នាវាចម្បាំង​របស់​ចិន កំពុង​មាន​វត្ត​មាននៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​នេះ មិនមែន​ផ្ដោត​សំខាន់​បម្រើ​ឱ្យ​វិស័យ​ការពារ​ជាតិ​កម្ពុជា​ឡើយ ប៉ុន្តែ​គឺជា​យុទ្ធសាស្ត្រ​គាំទ្រ​ភស្តុភារ​យោធា​ចិន​នៅ​ក្រៅ​ប្រទេស ដើម្បី​ឆ្លើយតប​នឹង​ស្ថានការណ៍​ឡើង​កម្ដៅ​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។ ជាក់ស្ដែង​លោក​ថា កាលពី​អំឡុង​សង្គ្រាម​ថៃ​ឈ្លានពាន​កម្ពុជា ក៏​មិន​មាន​ការអនុញ្ញាត​ណាមួយ​ឱ្យ​នាវាចម្បាំង​ចិន ២​គ្រឿង​ដែល​មាន​វត្ត​មាននៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​អាច​ចល័ត​ទីតាំង​បាញ់​ទប់​ទល់នឹង​យោធា​ជើង​ទឹក​ថៃ​ដែល​រុល​ឈ្លានពាន​ចូល​ដែនសមុទ្រ​ខ្មែរ​នោះ​ឡើយ។

លោក គឹម សុខ យល់ថា ការ​ផ្ដល់​នាវាចម្បាំង​ឱ្យ​កម្ពុជា ភាគី​ចិន​ក៏​ចង់​បង្ហាញ​សាច់ដុំ​យោធា និង​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​តំបន់ តាមរយៈ​ការប្រើប្រាស់​ទីតាំង​កម្ពុជា​ឈរជើង និង​រដ្ឋាភិបាល​ត្រកូល ហ៊ុន ធ្វើជា​ឈ្នាន់​សម្រាប់​បម្រើ​ផលប្រយោជន៍ និង​មហិច្ឆតា​វាតទី​ភូមិសាស្ត្រ​នយោបាយ​របស់​ចិន​ក្នុង​តំបន់។

លោក គឹម សុខ៖ «ប្រសិនបើ​នាវាចម្បាំង​របស់​ចិន ប្រគល់​ជូន​រដ្ឋាភិបាល​ក្រុមគ្រួសារ ហ៊ុន ដើម្បី​ការពារ​អធិបតេយ្យ​របស់​កម្ពុជា ដូច្នេះ​នាវាចម្បាំង​នោះ គេ​ប្រើ​ដើម្បី​ទប់ទល់​នាវាចម្បាំង​របស់​ថៃ ដែល​រំលោភ​ដែន​អធិបតេយ្យ​សមុទ្រ​របស់​កម្ពុជា កាលពី​ប៉ុន្មាន​ខែ​មុន​ហើយ ប៉ុន្តែ​គេ​អត់​ប្រើ​ទេ​។ នោះ​មានន័យថា ក្នុង​យុទ្ធសាស្ត្រ​នៃ​ផលប្រយោជន៍​របស់​ចិន គឺ​ពិត​ជា​មាន​ហេតុផល ចិន​ដឹង​ជាមុន​ថា ប្រសិនបើ​មានការ​ប៉ះទង្គិច​នៅ​សមុទ្រ​ចិន​ខាងត្បូង ចិន​ត្រូវតែ​មាន​សម្ព័ន្ធមិត្ត​ដែល​នៅ​ក្បែរ​សមុទ្រ​ចិន​ខាងត្បូង​នោះ​ឱ្យ​បាន​ច្រើន​។ ហេតុដូច្នេះ ទើប​ចិន​ទាញ​កម្ពុជា​ឱ្យ​ចូល​ជាមុន ដោយ​របៀប​ប្រគល់​នូវ​កប៉ាល់ចម្បាំង​ឱ្យ​កម្ពុជា»។

រីឯ អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ​លោក ឯម សុវណ្ណារ៉ា យល់​ថា ជំនួយ​នាវាចម្បាំង​របស់​ចិន​ផ្ដល់​ឱ្យ​កម្ពុជា​ក្នុងពេលដែល​កំពុង​រង​ការឈ្លានពាន​ពី​ប្រទេស​ថៃ​គឺជា​សញ្ញា​វិជ្ជមាន​សម្រាប់​រួមចំណែក​ឱ្យ​កម្ពុជា​មាន​សព្វាវុធ​ទប់​ទល់នឹង​សត្រូវ​ឈ្លានពាន​ទឹកដី​កម្ពុជា​។ ទោះជា​យ៉ាងណា លោក​ថា សមត្ថភាព​កងទ័ពជើងទឹក​កម្ពុជា​នៅ​មាន​កម្រិត​នៅឡើយ និង​ទាមទារ​ឱ្យ​មាន​ការ​បណ្ដុះបណ្ដាល​បន្ថែម ដើម្បី​អាច​ប្រើប្រាស់​នាវាចម្បាំង ឬ​គ្រឿង​បរិក្ខារ​យោធា​របស់​ចិន​ដែល​មាន​នៅ​លើ​នាវាចម្បាំង​។ លោក ឯម សុវណ្ណារ៉ា ក៏​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បង្កើន​កិច្ច​សហប្រតិបត្តិការ​យោធា​ជាមួយ​បណ្ដា​មហាអំណាច​លោក​សេរី ដើម្បី​អាច​ទទួល​ការ​បណ្ដុះបណ្ដាល​ធនធាន ជំនួយ​យោធា ឬ​ការ​បញ្ជាទិញ​អាវុធ​ទំនើបៗ សម្រាប់​ឆ្លើយតប​នឹង​ស្ថានភាព​កម្ពុជា​បច្ចុប្បន្ន​ដែល​កំពុង​រង​ការឈ្លានពាន​ពី​ប្រទេស​ជិតខាង។

លោក ឯម សុវណ្ណារ៉ា៖ «កន្លងមក​ហ្នឹង កម្ពុជា និង​ចិន ហាក់ដូចជា​ល្អូកល្អិន​ជិតស្និទ្ធ​ណាស់ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​យើង​មាន​ឧបសគ្គ យើង​ឃើញ​សហរដ្ឋអាមេរិក​នៅតែ​លូកដៃ​ចូល​ជួយ​អន្តរាគមន៍​ឱ្យ​មាន​បទ​ឈប់​បាញ់​ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូណាល់ ត្រាំ ជាដើម​។ អាហ្នឹង​យើង​ឃើញ​សហរដ្ឋអាមេរិក​នៅតែ​ចូលរួម​ទោះបី​យើង​កន្លងមក​ក្រិត​ធ្មេញ​ដាក់​អាមេរិក​ក៏ដោយ​។ ខ្ញុំ​តែងតែ​ជំរុញ​ធ្វើ​ម៉េច​ឱ្យ​មាន​តុល្យភាព​រវាង កម្ពុជា​-​ចិន កម្ពុជា​-​អាមេរិក​ពីព្រោះ​កម្ពុជា​ជា​ប្រទេស​តូច អត់​ត្រូវការ​ឈរ​ផ្អៀង​ទៅ​ប្រទេស​ណាមួយ​ទេ ត្រូវការ​ចងសម្ព័ន្ធ​មិត្ត​ទាំងអស់ ហើយ​កម្ពុជា​ត្រូវការ​ពឹងពាក់​មហាអំណាច​ទាំងអស់​ហ្នឹង​ជួយ​ជ្រោមជ្រែង​ច្រើនណាស់​។ កម្ពុជា​មិនទាន់​អាច​ពើងទ្រូង​បានទេ ពីព្រោះ​កម្ពុជា​យើង​ជា​ប្រទេស​មួយ លទ្ធភាព​របស់​យើង​នៅ​ពេល​ដែល​កើតសង្គ្រាម​ជាមួយ​ថៃ យើង​ឃើញ​ហើយ យើង​នៅ​ទន់ខ្សោយ»។

ក្រៅពី​វិស័យ​វិនិយោគ ចិន​ក៏​ជា​ប្រទេស​ឈានមុខ​គេ​ក្នុង​ការ​លក់​អាវុធ​យោធា​សម្រាប់​បម្រើ​ក្នុង​វិស័យ​ការពារ​ជាតិ​របស់​កម្ពុ​ជា​ចាប់តាំងពី​អំឡុង​ឆ្នាំ​២០១០ មក​។ ជាមួយ​គ្នា​នេះ ប្រទេស​ចិន​ក៏​ជា​ម្ចាស់បំណុល​ធំ​ជាងគេ​។ គិត​ត្រឹម​ចុងឆ្នាំ​២០២៥ កម្ពុជា​ជំពាក់​ចិន​ប្រមាណ ៤​ពាន់​លាន​ដុល្លារ ឬ​ស្មើ​ជិត​ពាក់កណ្ដាល​នៃ​បំណុល​សរុប​ដែល​កម្ពុជា​ជំពាក់​បរទេស​ដែល​មាន​ចំនួន​ជិត ១៣​ពាន់​លាន​ដុល្លារ។

កន្លងទៅ សហរដ្ឋអាមេរិក​បាន​បង្ហាញ​ក្តី​ព្រួយបារម្ភ​អំពី​ការ​ធ្វើ​ទំនើបកម្ម​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ក្រោម​ជំនួយ​របស់​ចិន​។ សហរដ្ឋអាមេរិក​សង្ស័យ​ថា ចិន​នឹង​ប្រើប្រាស់​មូលដ្ឋានទ័ព​រាម​នេះ ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅក្នុង​តំបន់។ ទោះជា​យ៉ាងណា រដ្ឋាភិបាល​កម្ពុជា ទាំង​លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន បាន​បដិសេធ​ម្ដង​ហើយ​ម្ដង​ទៀត​ថា កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋានទ័ព​បរទេស​នៅ​លើ​ទឹកដី​របស់​ខ្លួន​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ