
អ្នកឃ្លាំមើលលើកឡើងថា យោធាថៃនឹងនៅតែបន្តប្រើលេសរឿងប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ដើម្បីឈ្លានពានទឹកដីខ្មែរបន្ថែមទៀត ប្រសិនបើរដ្ឋាភិបាលត្រកូល ហ៊ុន គ្មានឆន្ទៈចាប់ខ្លួនមេខ្លោងឆបោកអនឡាញធំៗដែលកំពុងនៅជុំវិញខ្លួន។ ការលើកឡើងនេះ បន្ទាប់ពីយោធាថៃបានដឹកនាំក្រុមអ្នកសារព័ត៌មានអន្តរជាតិចូលទឹកដីខ្មែរ ដោយខុសច្បាប់ ដើម្បីលាតត្រដាងពីទីតាំងនៃមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ។
អ្នកឃ្លាំមើលចាត់ទុកសកម្មភាពយោធាថៃដែលដឹកនាំស្ថាប័នព័ត៌មានអន្តរជាតិទៅពិនិត្យមើលមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅក្នុងដែនអធិបតេយ្យកម្ពុជាដោយឯកតោភាគីថា ជាអំពើរំលោភបំពានច្បាប់អន្តរជាតិ។ ពួកគាត់យល់ថា ភាគីថៃមិនមានបំណងបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញឡើយ ប៉ុន្តែថៃកំពុងប្រើសលេសរឿងឧក្រិដ្ឋកម្មទាំងនេះ ដើម្បីពង្រាយកងកម្លាំងយោធារបស់ខ្លួនបន្តចូលគ្រប់គ្រងលើទឹកដីខ្មែរ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរមានមូលដ្ឋានប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៨ ខែមេសាថា ប្រទេសថៃគ្មានសិទ្ធិក្នុងការដឹកនាំកងកម្លាំង ឬស្ថាប័នណាមួយ ដើម្បីចូលទឹកដីកម្ពុជាបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញដោយឯកតោភាគីឡើយ។ លោកថា បញ្ហានេះដោយសារតែមេដឹកនាំកម្ពុជាខ្លួនឯងគ្មានជំហរ និងឆន្ទៈពិតប្រាកដក្នុងការបង្ក្រាបមេខ្លោងធំៗដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញទើបប្រទេសថៃកាន់តែគឃ្លើនបន្តរំលោភបំពានដែនអធិបតេយ្យកម្ពុជាតាមទំនើងចិត្ត។
លោក ស៊ឹង សែនករុណា៖ «មេដឹកនាំបក្សកាន់អំណាចបច្ចុប្បន្ន គឺខ្វះសមត្ថភាពអាកាត់នូវសាច់ស្អុយរបស់ខ្លួនឯងហ្នឹងឯង។ អ៊ីចឹងហើយបានជាថៃចេះតែបន្តយកលេសហ្នឹង ដើម្បីឈ្លានពាន និងរំលោភបំពានមកលើទឹកដីកម្ពុជា។ ដើម្បីបញ្ឈប់កុំឱ្យថៃយកលេសបាន វាត្រូវតែមានវិធានការឱ្យបានម៉ឺងម៉ាត់ ត្រូវចាត់វិធានការឱ្យចំបុគ្គលពាក់ព័ន្ធល្បែងអនឡាញហ្នឹង ទោះបីថាអ្នកនោះ ខ្សែស្រឡាយសាច់ញាតិរបស់មេដឹកនាំក៏ដោយ ត្រូវតែហ៊ានអាកាត់។ វាគឺជាការឃុបឃិតបើកឱកាសឱ្យថៃយកលេសដើម្បីឈ្លានពានទឹកដីរបស់ប្រទេសកម្ពុជា ប្រសិនបើយើងនៅតែបន្តទុកនូវអំពើឆបោកអនឡាញឱ្យវារ៉ាំរ៉ៃដោយមិនកម្ចាត់ឱ្យចំមេខ្លោងធំៗហ្នឹង»។
ការលើកឡើងនេះបន្ទាប់ពីអាជ្ញាធរ និងក្រុមទាហានថៃបានដឹកនាំក្រុមអ្នកសារព័ត៌មានថៃ និងអន្តរជាតិចូលទឹកដីកម្ពុជាស្ថិតក្នុងតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ ដោយគ្មានការយល់ព្រមពីសំណាក់រដ្ឋាភិបាលកម្ពុជា ដើម្បីបង្ហាញអគាររាប់ខ្នងដែលឧក្រិដ្ឋជនប្រើប្រាស់ធ្វើជាមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ សារព័ត៌មានថៃក៏បានបង្ហាញពីអគារកាស៊ីណូធំៗក្នុងតំបន់អូរស្មាច់ដោយមានចម្រឹងដែកព័ទ្ធជុំវិញអគារ រីឯនៅក្នុងបន្ទប់អគារក៏មានកុំព្យូទ័ររាប់សិបគ្រឿង ប្រព័ន្ធទំនាក់ទំនង និងឯកសារបណ្តុះបណ្តាលឱ្យបុគ្គលិកធ្វើការឆបោកតាមអនឡាញជាដើម។
នាយកមជ្ឈមណ្ឌលព័ត៌មានរួមស្ដីពីស្ថានភាពថៃ-កម្ពុជា លោក ប្រាប៉ាស សុនចៃឌី (Prapas Sonjaidee) ថ្លែងប្រាប់សារព័ត៌អន្តរជាតិ និងសារព័ត៌មានថៃដោយចាត់ទុកថា តំបន់អូរស្មាច់គឺជាទីតាំងមជ្ឈមណ្ឌលឆបោកតាមអនឡាញកម្រិតអន្តរជាតិដែលបានគំរាមកំហែងសន្តិសុខជាសកល និងអំពាវនាវឱ្យមានការសហការលក្ខណៈអន្តរជាតិដើម្បីបង្ក្រាបទីតាំងនេះ។
តំបន់អូរស្មាច់ និងទឹកដីកម្ពុជាយ៉ាងហោចជាង ៥០ទីតាំងផ្សេងទៀតត្រូវបានយោធាថៃកាន់កាប់ និងបានពង្រីកកម្លាំងយោធាឈរជើងរឹងមាំក្រោយប្រទេសថៃបើកការវាយប្រហារឈ្លានពានទឹកដីកម្ពុជាកាលពីចុងឆ្នាំ២០២៥។ បញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញដែលកំពុងរីករាយភាយស្ទើរតែទូទាំងប្រទេសកម្ពុជាបានក្លាយជាហេតុផលមួយដែលប្រទេសថៃបានបើកការវាយប្រហារឈ្លានពានទឹកដីកម្ពុជាដែលធ្វើឱ្យទាហានខ្មែរជាច្រើននាក់បានពលីជីវិត និងមានជនភៀសសឹករាប់ម៉ឺនគ្រួសារបាត់បង់ដីធ្លីផ្ទះសម្បែង។
រដ្ឋាភិបាលក្រុមគ្រួសារត្រកូល ហ៊ុន ធ្លាប់ប្រកាសថា ប្រទេសថៃយកលេសរឿងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ដើម្បីឈ្លានពានទឹកដីកម្ពុជា។ ទន្ទឹមនឹងការប្រកាសនេះ របបក្រុងភ្នំពេញមិនបានចាប់ខ្លួនមេខ្លោងធំៗដែលជាមន្ត្រីកំពូលៗរងការចោទប្រកាន់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនេះ ដើម្បីកុំភាគីថៃប្រើលេសចូលរំលោភដែនអធិបតេយ្យខ្មែរឡើយ។ ទោះបីជារបបក្រុងភ្នំពេញ បានបង្កើតច្បាប់ប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងបានចាប់មេខ្លោងមួយចំនួនក្ដី ក៏មេខ្លោងធំៗដែលរស់នៅក្រៅសំណាញ់ច្បាប់ពួកគេអាចជម្លៀសជនរងគ្រោះពីទីតាំងមួយទៅទីតាំងមួយ ដើម្បីប្រមូលផ្ដុំ និងបង្ខាំងមនុស្សក្នុងអគារបង្ខំឱ្យបន្តធ្វើការឆបោកតាមអនឡាញនៅក្នុងប្រទេសកម្ពុជាដដែល។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា លើកឡើងថា ទោះបីជា ប្រទេសថៃបានប្រើកម្លាំងយោធាឈ្លានពាន និងកាន់កាប់ផ្នែកខ្លះនៃទឹកដីកម្ពុជាក៏ដោយ ក៏ថៃនៅតែមានប្រៀបលើកម្ពុជា និងអាចរំលោភទឹកដីខ្មែរតាមទំនើងចិត្តរយៈពេលប្រើប្រឆាំងឧក្រិដ្ឋកម្មអនឡាញ។ លោកបញ្ជាក់ថា មូលហេតុសំខាន់នោះគឺដោយសាររដ្ឋាភិបាលត្រកូល ហ៊ុន បានបណ្ដែតបណ្ដោយឱ្យអំពើឧក្រិដ្ឋកម្មនេះរីករាលដាលពាសពេញប្រទេស ព្រមទាំងបំផ្លាញប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ លោកបន្ថែមថា ប្រសិនបើមិនមានការបង្ក្រាបឱ្យចំមេខ្លោងពិតប្រាកដ ស្ដារប្រជាធិបតេយ្យ ដើម្បីឱ្យកម្ពុជាមាននីតិរដ្ឋពិតប្រាកដ ប្រទេសថៃនឹងកាន់តែមានលេសក្នុងការប្រើកម្លាំងបន្តរំលោភបំពានលើទឹកដីកម្ពុជាបន្ថែមទៀត៕










