
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) សម្រេចផ្អាកសកម្មភាពចុះពិនិត្យផ្ទៀងផ្ទាត់ ស្ថានភាពនៅតំបន់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្ត្រច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ដោយសារមានករណីផ្ទុះអាវុធពីខាងភាគីថៃ។
នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការពារជាតិកម្ពុជា។ ក្រសួងការពារជាតិអះអាងថា ការដកថយ ដោយមិនអាចបន្តចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់នូវការអនុវត្តបទឈប់បាញ់នេះ គឺដើម្បីរក្សាសុវត្ថិភាព។
នៅថ្ងៃដដែលនេះ ក្រសួងការពារជាតិ ក៏បន្តអំពាវនាវឲ្យប្រទេសថៃ ដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ ឱ្យបានឆាប់រហ័ស និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ ដើម្បីឱ្យពួកគាត់វិលត្រឡប់មកជួបជុំក្រុមគ្រួសារឡើងវិញ។ គិតត្រឹមថ្ងៃទី១៩ វិច្ឆិកា គឺមានរយៈពេល ១១៣ថ្ងៃហើយ ដែលកងទ័ពកម្ពុជាទាំង១៨ នាក់ ត្រូវបានចាប់ខ្លួន និងដាក់ឲ្យក្រោមការឃុំគ្រងរបស់យោធាថៃ៕









