មន្ត្រី​ពន្ធនាគារ​រាជធានី​ភ្នំពេញ​មិន​ឲ្យ​ម្ដាយ​របស់​សកម្មជន​ព្រះសង្ឃ ជា វុទ្ធី ចូល​ជួប​សួរសុខទុក្ខ

0
149
ម្ដាយ​ព្រះសង្ឃ ជា វុទ្ធី គឺ លោកស្រី ចាន់ ម៉ៅ ពេលឡើងមកភ្នំពេញ កាលពីថ្ងៃទី១០ មេសា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ម្ដាយ​ព្រះសង្ឃ ជា វុទ្ធី គឺ លោកស្រី ចាន់ ម៉ៅ ពេលឡើងមកភ្នំពេញ កាលពីថ្ងៃទី១០ មេសា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ក្រោយ​ជាប់ពន្ធនាគារ​រយៈពេល​១០​ថ្ងៃ ម្ដាយ​របស់​ព្រះសង្ឃ ដែល​សកម្ម​ក្នុង​កិច្ចការ​សង្គមជាតិ​មួយ​អង្គ ព្រះនាម ជា វុទ្ធី ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​ចូល​ជួប​សួរ​សុខ​ទុក កូន​របស់​គាត់​នោះ​ឡើយ​។ មន្ត្រី​សង្គម​ស៊ីវិល​ថា នៅ​កម្ពុជា មិន​មាន​ច្បាប់​ហាមឃាត់​សាច់ញាតិ​របស់​អ្នក​ជាប់ឃុំ​ចូល​ជួប​សុខ​ទុក​នោះ​ទេ។

ក្រោយ​កូន​ជាប់ពន្ធនាគារ​អស់​រយៈពេល​១០​ថ្ងៃ ម្ដាយ​ព្រះសង្ឃ ជា វុទ្ធី គឺ លោកស្រី ចាន់ ម៉ៅ ខំ​ស្កាត់​ពី​ខេត្ត​ពោធិ៍សាត់ មក​រាជធានី​ភ្នំពេញ ដើម្បី​ជួប​សួរ​សុខ​ទុក និង​ផ្ញើ​ម្ហូបអាហារ​មួយចំនួន​ទុក​ឲ្យ​កូន​បាន​ហូប​នៅក្នុង​ពន្ធនាគារ​។ ប៉ុន្តែ​ជា​អកុសល ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​រាជធានី​ភ្នំពេញ មិន​ឲ្យ​ចូល​ជួប​មុខ​កូន ដើម្បី​សួរ​សុខ​ទុក​នោះ​ឡើយ។

ម្ដាយ​ព្រះភិក្ខុ ជា វុទ្ធី គឺ​លោកស្រី ចាន់ ម៉ៅ អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១០ ខែមេសា​ថា មន្ត្រី​ពន្ធនាគារ​រាជធានី​ភ្នំពេញ មិន​ឲ្យ​លោកស្រី​ចូល​ជួប​កូន ដើម្បី​សួរ​សុខ​ទុក​នោះ​ទេ។ លោកស្រី​ថា អស់​រយៈពេល ៧​ទៅ​៨​ថ្ងៃ​ហើយ ដែល​លោកស្រី​គេង​មិន​លក់ និង​មិនបាន​ហូបបាយ​គ្រប់គ្រាន់ ដោយសារ​បារម្ភ​ពី​កូន កំពុង​ជាប់ពន្ធនាគារ​។ លោកស្រី​បន្ថែម​ថា ជីវភាព​គ្រួសារ​របស់​លោក​ស្រី​ជួប​ការ​លំបាក​ខ្លាំង ក្រោយ​ព្រះ​ភិក្ខុ​ជាប់ពន្ធនាគារ ពីព្រោះ​កាល​ព្រះអង្គ​មិនទាន់​ជាប់ពន្ធនាគារ គឺ​ព្រះអង្គ​តែងតែ​ជួយ​ទំនុកបម្រុង​ជីវភាព​គ្រួ​សារបាន​មួយ​ចំនួន​ធំ។

លោកស្រី ចាន់ ម៉ៅ៖ «គេ​មិន​ឲ្យ​មនុស្ស​ចូល​ទេ គេ​ឲ្យ​អីវ៉ាន់​យើង​ចូល​ទាល់​បាន​មួយ​ខែ​បាន​គេ​ឲ្យ​យើង​ចូល បារម្ភ​នោះ​ចេះតែ​បារម្ភ​ហើយ​រឿង​កូន ទោះ​ខ្ញុំ​ក្រ​ជា​អី​បានកូន​ជួយ​ផ្តល់​ឲ្យ ហើយឥឡូវ​អត់​ពី​កូន​ទៀត មានតែ​គាត់​ជួយ​ខ្ញុំ អស់ពី​កូន​ខ្ញុំ​មិនដឹង​បាន​អី​ជាទី​ពឹង ថា​មក​ជួប​កូន​ឲ្យ​បាន​ព្រលឹងព្រលះ តែ​មិនបាន​ជួប​កូន​ទៅវិញ​មិនដឹង​យ៉ាង​មិច»។

លោកស្រី​ទាមទារ​ឲ្យ​អាជ្ញាធរ និង​ប្រមុខ​រដ្ឋាភិបាល ជួយ​ដោះលែង​កូន​របស់​លោក​ស្រី​ឲ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​ជួយ​មើលថែ​ឪពុក​ពិការ និង​ម្ដាយ​ចាស់​ដែល​មាន​ជីវភាព​ក្រីក្រ។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ សិទ្ធិ មនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា នៅ​កម្ពុជា មិន​មាន​ច្បាប់​ហាមឃាត់​សាច់ញាតិ​របស់​អ្នក​ជាប់ឃុំ​មិន​ឲ្យ​ចូល​ជួប ដើម្បី​សួរ​សុខ​ទុក​នោះ​ឡើយ ហើយ​អាជ្ញាធរ​គួរ​តែ​ដឹង​ពី​មនោសញ្ចេតនា រវាង​ឱ​ពុក​ម្ដាយ​ដែល​បារម្ភ​ពី​កូន។ លោក​ថា អាជ្ញាធរ​គួរតែ​អនុញ្ញាត​ឲ្យ​ពួកគាត់​បាន​ជួប​សួរ​សុខ​ទុក និង​ដឹង​ពី​ស្ថានភាព​របស់​កូន​គាត់ ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​បញ្ហា​ផ្លូវចិត្ត​កើត​ឡើងលើ​រូប​គាត់។

លោក យិន ម៉េងលី៖ «បុណ្យប្រពៃណី​ចូលឆ្នាំ​ខ្មែរ​នេះ​គប្បី​ផ្តល់​ឱកាស​ឲ្យ​គាត់​ទោះបី​ពេលវេលា​តិច​ក្តី ច្រើន​ក្តី​ពីព្រោះ​ទឹកចិត្ត​ម្តាយ​ចំពោះ​កូន​គឺ​ធំធេង​ណាស់​គប្បី​យោគយល់​ខ្លះ​ផ្តល់​ឱកាស​ដល់​អ្នក​ទៅ​សួរសុខទុក្ខ​នៅក្នុង​រដូវ​នេះ រដូវ​ចូល​ឆ្នាំ​ខ្មែរ​នេះ ហើយ​បញ្ឈប់​ទៅ​អត់​មាន​ទេ ជា​រឿង​ដាច់​ដោយ​ទ្បែក អត់​មានច្បាប់​ចែង​ពាក់ព័ន្ធ​រឿង​នេះ​ទេ»។

ព្រះ​ភិក្ខុ ជា វុទ្ធី គង់នៅ​វត្ត​ធម្ម​និមិត្ត​រាជ​បុប្ផារាម ហៅ​វត្ត​ប៉ាឆា ក្នុង​ក្រុង​បាត់ដំបង ។ ព្រះអង្គ​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​បាត់ដំបង ស្លៀកពាក់​ស៊ីវិល ចុះ​ទៅ​ចាប់​ផ្សឹក​នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​មេសា និង​បាន​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​បន្ទាប់ នឹង​ត្រូវ​បាន​ចោទប្រកាន់ ពី​បទ​«​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» តាម​មាត្រា ៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ និង​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ ដោយសារ​ព្រះអង្គ​បង្ហោះ​សារ​និយាយ​ពី​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។

ពលរដ្ឋ​ចាត់ទុក​ការ​ឃុំខ្លួន​ព្រះអង្គ គឺជា​ការ​បំបិទ​សំឡេង​អ្នក​ហ៊ាន​រិះគន់​ទៅលើ​រដ្ឋាភិបាល ដើម្បី​បំបាក់ស្មារតី​ដល់​ពលរដ្ឋ​ផ្សេងទៀត មិន​ឲ្យ​បញ្ចេញមតិ​រិះគន់​របប​ត្រកូល​ហ៊ុន ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ ដែល​កម្ពុជា​បាត់បង់​ទឹកដី​ទៅ​ប្រទេស​ថៃ ជាច្រើន​ទីតាំង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ