រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ដឹកនាំដោយ លោក សម រង្សី កំពុងរៀបចំសំណុំរឿងជម្លោះព្រំដែនកម្ពុជា-ថៃប្ដឹងទៅកាន់តុលាការយុត្តិធម៌ អន្តរជាតិ ICJ ខណៈរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ លោក ហ៊ុន ម៉ាណែត ពុំបានយកករណីព្រំដែនកម្ពុជា-ថៃទាំងមូលប្ដឹងទៅកាន់ស្ថាប័នអន្តរជាតិនេះនៅឡើយ ដែលធ្វើឱ្យភាគីថៃ ហាក់គឃ្លើនបន្តរំលោភបំពានចូលទឹកដីកម្ពុជា។
គម្រោងលើកយកសំណុំរឿងព្រំដែនកម្ពុជា-ថៃប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិអាចចាត់ទុកថា ជាបេសកកម្មជាតិដំបូង និងធំបំផុតរបស់រដ្ឋាភិបាលស្រមោលនៅក្រៅប្រទេសមួយនេះចាប់តាំងពីត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៣ តុលា។
សេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣ តុលា ចុះថ្ងៃទី១៩ ខែវិច្ឆិកា បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា សោកស្ដាយជាពន់ពេក ដែលរបបក្រុង ភ្នំពេញ មិនបានយកសំណុំរឿងជម្លោះព្រំដែនកម្ពុជា-ថៃ ហើយនិង ការរងគ្រោះ របស់យុទ្ធជនខ្មែរ និង ប្រជាពលរដ្ឋខ្មែរ ពីការឈ្លានពានរបស់កងទ័ពថៃ ប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ និង តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC។
សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ថា កន្លងមកនេះ កងទ័ពថៃបានចូលទន្ទ្រាន កាន់កាប់ទឹកដីខ្មែរ ជាច្រើនកន្លែង យ៉ាងតិចចំនួន១១ទីតាំង និងរួមទាំង សម្លាប់ លោកព្រឹន្ទបាលឯក សួន រ៉ោន និង យុទ្ធជនខ្មែរនៅជួរមុខជាច្រើនរូប ក្នុងសមរភូមិប្រយុទ្ធ រហូតដល់បាញ់ប្រហារពលរដ្ឋខ្មែរជាច្រើននាក់ ក្នុងទឹកដីកម្ពុជា តាមបន្ទាត់ព្រំដែន។
សេចក្ដីថ្លែងការណ៍នេះ បានអះអាងថា ដោយស្មារតីការពារទឹកដីកម្ពុជា រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា សម្រេចប្ដឹងករណី ជម្លោះព្រំដែនជាមួយនឹង ថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ បន្ទាប់ពីបាន ពិភាក្សាជាមួយមេធាវីអន្តរជាតិ ក្នុងការរៀបចំពាក្យបណ្ដឹង និងការពារក្ដីនៅតុលាការយុត្តិធម៌អន្តរជាតិ ក្នុងពេលឆាប់ៗខាងមុននេះ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក គឹម សុខ ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១៩ ខែវិច្ឆិកាថា រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា សង្ឃឹមយ៉ាងមុតមាំថា ការដាក់បណ្ដឹងប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិICJនៅពេលខាងនេះ គឺពួកគាត់ បានត្រៀមភស្តុតាងគ្រប់គ្រាន់ មានទាំងមេធាវីអន្តរជាតិ និង អ្នកការទូតជាច្រើន ចាំគាំទ្រ។ ដូចនេះ លោករំពឹងថា តុលាការយុត្តិធម៌អន្តរជាតិ ICJ នឹងព្រមទទួលយកពាក្យបណ្ដឹង ទៅដោះស្រាយជាមួយភាគីថៃ។
បន្ថែមពីនោះ លោកបញ្ជាក់ថា ក្នុងករណីដែលតុលាការICJមិនទទួលយក ឬទទួលយកក្ដី ក៏រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា នៅតែប្រឹងប្រែង និងបន្តបេសកកម្មជាច្រើនទៀត ដើម្បីបង្ហាញដល់សាធារណជនអំពីឆន្ទៈស្នេហាជាតិពិតប្រាកដ និងតស៊ូប្រឆាំងនឹងអំពើឈ្លានពានទឹកដីរបស់ក្រុមទាហានថៃ នៅតាមបន្ទាត់ព្រំដែនកម្ពុជា។
លោក គឹម សុខ៖ «បើដំណើរការយ៉ាងណា តុលាការទទួល ឬមិនទទួលក្នុងក្របខ័ណ្ឌបែបណា ក៏ជាការប្រាប់ប្រជាពលរដ្ឋខ្មែរមួយផ្នែកអំពីការប្រឹងប្រែងរបស់យើង ដោយឆន្ទៈ ក្នុងការការពារទឹកដីនៅក្នុងប្រទេសកម្ពុជា បើទោះបីជាយើងមិនទាន់បានជាន់នៅលើទឹកដីប្រទេសកម្ពុជាដោយផ្ទាល់ ដឹកនាំបងប្អូន នៅប្រទេសកម្ពុជាដោយផ្ទាល់ ក៏ដោយ»។
ជុំវិញរឿងនេះ ទូរទស្សន៍អាស៊ីសេរី ពុំអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន ប៉ូណា ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេនៅថ្ងៃទី១៩ ខែវិច្ឆិកា។ រីឯ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ នៅថ្ងៃដដែលនេះ បានឆ្លើយតបយ៉ាងខ្លីថា លោកមិនឆ្លើយឆ្លងចំពោះ សកម្មភាពរបស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា ដោយលោកហៅថាជា ក្រុមក្រៅច្បាប់ នោះទេ។
ជម្លោះព្រំដែន កម្ពុជា-ថៃ នៅតែបន្តតានតឹងនៅឡើយចាប់តាំងពីថ្ងៃទី២៨ ខែឧសភា រហូតឈានទៅដល់ការផ្ទុះអាវុធ ដាក់គ្នាទ្រង់ទ្រាយធំ នៅថ្ងៃទី២៤ ខែកក្កដា អស់រយៈពេល៥ថ្ងៃ។ បើទោះ ជាពេលនេះ កម្ពុជា-ថៃបានចុះហត្ថលេខាលើបទឈប់បាញ់ និងសេចក្ដីថ្លែងការណ៍រួមសន្តិភាពនៅប្រទេសម៉ាឡេស៊ី ក្ដីសកម្មភាពឈ្លានពានទឹកដី របស់ទាហានថៃមកលើទឹកដី កម្ពុជា ពុំទាន់បិទបញ្ចប់នៅឡើយ។ ករណីនេះ អ្នកឃ្លាំមើល និងអ្នកនយោបាយបក្សប្រឆាំងមើលឃើញថា ប្រសិនបើ លោក ហ៊ុន ម៉ាណែត មិនយកសំណុំរឿងនេះប្ដឹងទៅតុលាការអន្តរជាតិទេនោះ ជម្លោះព្រំដែននៅតែបន្តអូសបន្លាយកាន់តែយូរ ហើយអ្នកដែលរងគ្រោះគឺពលរដ្ឋខ្មែរ។
អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ការរៀបចំបណ្ដឹងប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ របស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា ដែលដឹកនាំដោយ លោក សម រង្សី នេះ មិនអាចធ្វើទៅរួចនោះទេ ព្រោះរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា គឺជារដ្ឋាភិបាលមិនទាន់ស្របច្បាប់។ លោកបញ្ជាក់ថា អ្នកដែលអាចដាក់បណ្ដឹង ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ បាន គឺមានតែរដ្ឋាភិបាលក្នុងស្រុកប៉ុណ្ណោះ។
ទោះជាយ៉ាងណា លោកថា រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា គឺបានត្រឹមតែជាអ្នកតំណាងប្រជាពលរដ្ឋភាគតិច ដូចគ្នានឹងអង្គការក្រៅរដ្ឋាភិបាល ដូច្នេះអ្វីដែលក្រុមបក្សប្រឆាំងទាំងនេះ អាចធ្វើបាន គឺមានតែរួបរួមសាមគ្គីគ្នា ជាធ្លុងមួយ និងធ្វើសកម្មភាពឱ្យខ្លាំង ដើម្បីដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជាដែលគេមើលឃើញថា អសមត្ថភាព ឱ្យរៀបចំបណ្ដឹងទៅតុលាការយុត្តិធម៌អន្តជាតិ ICJ ពាក់ព័ន្ធជម្លោះព្រំដែន កម្ពុជា-ថៃនេះ នោះទើបជារឿងប្រសើរ។
លោក វ៉ន ចាន់ឡូត៖ «គួរតែធ្វើសកម្មភាពឱ្យខ្លាំងខ្លា ដើម្បីជំរុញឱ្យ រដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា បង្ហាញពីតម្លាភាព ពីដំណើរវឌ្ឍនភាព ពីការប្ដឹងទៅតុលាការ ICJ ។ តាមរយៈការជំរុញនេះ នឹងធ្វើឱ្យរដ្ឋាភិបាល ទំនងមិនមានហេតុផលអ្វី ដើម្បីលាក់បាំងព័ត៌មាននេះទេ។ ទី៣ គួរតែធ្វើការតស៊ូមតិជាលក្ខណៈអន្តរជាតិ ពីព្រោះ យោធាថៃ បានបើកការវាយប្រហារ ប្រើប្រាស់សកម្មភាពដ៏ឃោរឃៅ និងអមនុស្សធម៌។ ករណីទាំងអស់នេះហើយ តួនាទីរបស់រដ្ឋាភិបាលក្រៅប្រទេស អាចធ្វើទៅបាន រួមទាំងប្ដឹងផ្ដល់ទៅដល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅថា ICC»។
កម្ពុជាធ្លាប់បានដាក់បណ្ដឹងប្រឆាំងថៃជុំវិញជម្លោះប្រាសាទព្រះវិហារទៅកាន់តុលាការយុត្តិធម៌អន្តរជាតិកាលពីឆ្នាំ១៩៥៩ ដើម្បីស្នើសុំឲ្យតុលាការប្រគល់អធិបតេយ្យដែនដីលើប្រាសាទព្រះវិហារមកឲ្យកម្ពុជា និងទាមទារឲ្យថៃដកកងកម្លាំងប្រដាប់អាវុធទាំងអស់ចេញពីតំបន់ប្រាសាទខ្មែរ។
ក្រោយមក នៅឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេ បានសម្រេចឱ្យកម្ពុជាឈ្នះក្ដី ក្នុងសំណុំរឿងនេះ ដោយយោងទៅតាមផែនដីនៃកិច្ចព្រមព្រៀងបារាំង-សៀមរាប ឆ្នាំ១៩០៧ ហើយ បានប្រកាសថា ប្រាសាទព្រះវិហារស្ថិតនៅដែនអធិបតេយ្យរបស់កម្ពុជា ហើយតុលាការបានបញ្ជាឱ្យភាគីថៃ ត្រូវតែដកកងទ័ពទាំងអស់ និង ប្រគល់នូវរាល់វត្ថុបុរាណ ដែលថៃបានយកចេញពីប្រាសាទព្រះវិហារ អំឡុងពេលដែលថៃកាន់កាប់ប្រាសាទចាប់តាំងពីឆ្នាំ១៩៥៤ មកឲ្យកម្ពុជាវិញ។
អ្នកឃ្លាំមើលបញ្ហាសង្គមលើកឡើងថា តាមបទពិសោធន៍នេះ រដ្ឋាភិបាលកម្ពុជា គួរតែយកសំណុំរឿងជម្លោះព្រំដែនជាមួយថៃជាថ្មីនេះ ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិនោះទើបជារឿងដ៏ប្រសើរ ក៏ប៉ុន្តែ ប្រសិនបើរដ្ឋាភិបាលកម្ពុជា នៅតែ បន្តចរចា ជម្លោះព្រំដែនលក្ខណៈទ្វេភាគីជាមួយថៃដូចបច្ចុប្បន្ននេះទៀត កម្ពុជាមានតែខាតបង់ ហើយថៃជាអ្នកទទួលផលចំណេញ៕










