លោក រ៉ុង ឈុន សម្រេច​ប្ដឹង​ទៅ​តុលាការ​កំពូល​ដើម្បី​រក​យុត្តិធម៌​ពាក់ព័ន្ធ​បទ​ញុះញង់​ក្រោយ​បរាជ័យ​នៅ​សាលាឧទ្ធរណ៍

0
40
ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន។ រូប៖ បណ្ដាញសង្គម
ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន។ រូប៖ បណ្ដាញសង្គម

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន សម្រេច​ប្ដឹង​ទៅ​តុលាការ​កំពូល ដើម្បី​រក​យុត្តិធម៌ ពាក់ព័ន្ធ​នឹង​បទ​ចោទ «​ញុះញង់​» ក្រោយ​បរាជ័យ​នៅ​សាលាឧទ្ធរណ៍ ដោយ​លោក​ចាត់ទុក​ការសម្រេច​របស់​សាលាឧទ្ធរណ៍ ជា​រឿង​អយុត្តិធ​ម៍​សម្រាប់​លោក និង​សង្គមជាតិ។ សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​ត្រកូល​ហ៊ុន​គួរ​ក្លាហាន បើក​សិទ្ធិ​ឲ្យ​គូប្រជែង ចូលរួម​ប្រកួត​ការបោះឆ្នោត​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌។

ក្រោយ​បរាជ័យ​នៅ​សាលាឧទ្ធរណ៍ កាលពី​ចុងខែ​មីនា ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន នៅ​ថ្ងៃទី​២២ ខែមេសា បានសម្រេច​ប្ដឹង​ជំទាស់​ទៅ​តុលាការ​កំពូល ដោយ​លោក​អះអាង​ថា ដើម្បី​រក​យុត្តិធម៌​ឲ្យ​ខ្លួន​លោក និង​សង្គមជាតិ ពីព្រោះ​ការ​កាត់ក្ដី និង​ការសម្រេច​របស់​តុលាការ​ថ្នាក់ទាប ពាក់ព័ន្ធ​បទ​ចោទ «​ញុះញង់​» ធ្វើ​ឲ្យ​សកម្មជន សិទ្ធិមនុស្ស បរិស្ថាន និង​សកម្មជន​សង្គម រង​នូវ​ភាព​អយុត្តិធម៌ ក្នុង​សង្គម​ប្រជាធិបតេយ្យ។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២២ ខែ​មេសា​ថា ការសម្រេច​ប្ដឹង​ជំទាស់​ទៅ​តុលាការ​កំពូល​នេះ គឺ​ដោយសារ​ការសម្រេច​របស់​សាលាឧទ្ធរណ៍ មិនបាន​បង្ហាញ​ពី​វិជ្ជាជីវៈ និង​ឆន្ទៈ​នៃ​ច្បាប់​កំពូល​របស់​កម្ពុជា។ លោក​ថា ប្រសិនបើ​តុលាការ​មាន​វិជ្ជាជីវៈ និង​អង្គហេតុ​នៃ​ច្បាប់​ត្រឹមត្រូវ នោះ​រូបលោក​នឹង​ទទួល​បាន​យុត្តិធម៌ ពីព្រោះ​សកម្មភាព​ជួយ​សង្គមជាតិ និង​ការ​បញ្ចេញមតិ​របស់​លោក មិនបាន​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គមជាតិ​នោះ​ឡើយ ផ្ទុយទៅវិញ ការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​រូបលោក នឹង​ធ្វើ​ឲ្យ​អន្តរជាតិ​ចាត់ទុក​កម្ពុជា ថា ជា​ប្រទេស​រំលោភបំពាន​សិទ្ធិមនុស្ស និង​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ពល​រដ្ឋ​ខ្លួនឯង ដែល​ផ្ទុយ​ពី​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ។

លោក រ៉ុង ឈុន៖ «ចំពោះ​ខ្ញុំ​មិន​ដាក់​ក្តី​បារម្ភ​ទេ ពីព្រោះ​យើង​មើល​ឃើញ​ថា ជា​រឿង​អយុត្តិធម៌​សម្រាប់​ខ្ញុំ​ហើយ បង្ហាញថា​ច្បាប់​នៅ​កម្ពុជា​មិនអាច​ការពារ​យុត្តិធម៌​ឲ្យ​ពួក​យើង​ជា​អ្នកប្រឆាំង​បាន ប៉ុន្តែ​អ្វីៗ​យើង​គួរ​ដាក់​សំណួរ​ថា តើ​រាល់​ការសម្រេច​តម្កល់​របស់​សាលាដំបូង សាលាឧទ្ធរណ៍ បាន​ផល​ចំណេញ​អ្វី​ដល់​សង្គម​កម្ពុជា​យើង»។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​តុលាការ​កំពូល អ្នកស្រី ម៉ៅ ធីតា និង​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក សេង ឌីណា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃទី​២២ ខែ​មេសា​។ ទោះជា​យ៉ាងណា តាមរយៈ​ការ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក រ៉ុង ឈុន តុលាការ​កំពូល បាន​ទទួល​ពាក្យបណ្ដឹង​សាទុក្ខ ប្រឆាំង​នឹង​ការសម្រេច​របស់​សាលាឧទ្ធរណ៍​រួចហើយ នៅ​ថ្ងៃទី​២២ ខែ​មេសា​នេះ។

កាលពី​ថ្ងៃទី​៣១ ខែ​មីនា សាលាឧទ្ធរណ៍​ភ្នំពេញ​បានសម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ផ្ដន្ទាទោស​លោក រ៉ុង ឈុន ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៤​ឆ្នាំ ពិន័យ​ជា​ប្រាក់​៤​លាន​រៀល និង​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ ពាក់ព័ន្ធ​ការចោទប្រកាន់​ពី​បទ «​មិន​រាងចាល​» ក្នុង​សំណុំរឿង «​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» កាលពី​ខែ​ឧសភា ឆ្នាំ​២០២៥ ដោយសារ​លោក​បាន​ធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម​។ បន្ថែម​ពី​នោះ​សាលាឧទ្ធរណ៍​ភ្នំពេញ​ក៏បាន​ផ្ដន្ទាទោស​លោក រ៉ុង ឈុន ដោយ​ដកហូត​សិទ្ធិ​នយោបាយ​ជា​អចិន្ត្រៃយ៍ តាម​បញ្ញត្ត​មាត្រា​៤៩៨​នៃ​ក្រមព្រហ្មទណ្ឌ។

ទាក់ទិន​នឹង​រឿង​នេះ ប្រធាន​អង្គការ​សម្ធ័ន្ធ​ខ្មែរ​ដើម្បី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ដើម្បី​កម្ពុជា នៅ​ប្រទេស​អូស្ត្រាលី (Australia ) លោក អ៊ិន ណាត យល់​ឃើញ​ថា រដ្ឋាភិបាល​ត្រកូល​ហ៊ុន​គួរ​ក្លាហាន បើក​សិទ្ធិ​ឲ្យ​គូប្រជែង ចូលរួម​ប្រកួត​ការបោះឆ្នោត​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​ទៅ​តាម​សង្គម​ប្រជាធិបតេយ្យ មិន​គួរ​បិទ​សិទ្ធិ​គូប្រកួត​បែបនេះ​ឡើយ ពីព្រោះ​ការ​បិទ​សិទ្ធិ​គូប្រកួត​បែបនេះ នឹង​ធ្វើ​ឲ្យ​ខូច​ដល់​មុខមាត់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ។

លោក អ៊ិន ណាត៖ «បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មានឈ្មោះ​អាក្រក់​ផ្នែក​ការរំលោភ​សិទ្ធិមនុស្ស​ដូច្នេះ​ខ្ញុំ​គិតថា​ការ​កាត់ក្តី​លើ​លោក រ៉ុង ឈុន នេះ​គឺជា​អំពើ​មួយ​ដែរ​មាន​ភាព​អវិជ្ជមាន​ខ្លាំង ហើយ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​រង​ការ​រើសអើង និង​រង​ការ​ថ្កោលទោស​ពិសេស​លើ​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ»។

លោក រ៉ុង ឈុន ផ្ដាំ​ទៅ​អ្នកគាំទ្រ​គណបក្ស​កម្លាំង​ជាតិ កុំឱ្យ​បាក់​ទឹកចិត្ត ហើយ​ត្រូវ​រឹងមាំ​ឡើង ដើម្បី​ឆ្ពោះទៅ​គោលដៅ​គឺ​ការបោះឆ្នោត​នៅ​ឆ្នាំ​២០២៧ និង​ឆ្នាំ​២០២៨ ។ លោក​បញ្ជាក់​ថា បើ​ទោះបី​លោក​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​ក្ដី​យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​គឺជា​ម្ចាស់​ប្រទេស និង​ជា​អ្នក​សម្រេច​ជោគវាសនា​របស់​ជាតិ​ទៅ​ថ្ងៃ​ខាង​មុខ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ