

អ្នកឃ្លាំមើលរិះគន់រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ថាមិនសូវអើពើក្នុងការធ្វើទំនើបកម្មយោធា ឱ្យបានត្រឹមត្រូវ បែរជាត្រៀមបញ្ជូនក្មេងទំនើង ដែលកំពុងជាប់ពន្ធនាគារ ឱ្យទៅជួយការងារកងទ័ព តាមព្រំដែន។ ពួកគាត់ថា ការធ្វើបែបនេះ ពុំមែនជាវិធានការទប់ស្កាត់ក្មេងទំនើង ប្រកបដោយប្រសិទ្ធភាព និងភាពឆ្លាតវៃនោះទេ ផ្ទុយទៅវិញវានឹងបង្កបញ្ហាដល់សន្តិសុខជាតិ។
ចាប់តាំងពីកម្ពុជា ត្រូវបានយោធាថៃ ឈ្លានពានទឹកដី និងកំពុងតែរងការគំរាមកំហែងពីយោធាថៃស្ទើរតែរាល់ថ្ងៃនោះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅពុំទាន់មានផែនការច្បាស់លាស់ ក្នុងការធ្វើទំនើបកម្មយោធា និងលុបបំបាត់អំពើរលួយ ឱ្យបានត្រឹមត្រូវ ក្នុងវិស័យការពារជាតិនៅឡើយ ផ្ទុយទៅវិញ លោកបែរជាណែនាំឱ្យមន្ត្រីពាក់ព័ន្ធពិនិត្យធ្វើច្បាប់ដើម្បីបញ្ជូនក្មេងទំនើង ឱ្យទៅជួយការងារកងទ័ពតាមព្រំដែន ដើម្បីជាលុតដំផ្នែក រាងកាយ និងស្មារតី។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២៧ ខែ មេសាថា ការដែលរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត យកវិស័យយោធា ជាកន្លែងកែប្រែក្មេងទំនើង គឺជាការយល់ច្រឡំធ្ងន់ធ្ងរ ព្រោះ វិស័យនេះ គឺជាសសរស្ដម្ភ ដែលតម្រូវឱ្យមានការជ្រើសរើស មនុស្សមកធ្វើការ ប្រកបដោយសមត្ថភាព និងវិជ្ជាជីវៈខ្ពស់។ លោកថា ការយកក្មេងទំនើងមកពាក់ព័ន្ធនេះ នឹងធ្វើឱ្យតម្លៃយោធាធ្លាក់ចុះ ហើយបញ្ហាអសន្តិសុខតាមព្រំដែននឹងកើតឡើង ប្រសិនបើ អ្នកគ្រប់គ្រង់ក្មេងទំនើង ខ្វះវិន័យ និងការទទួលខុសត្រូវខ្ពស់។
លោកបន្តថា ភាពខ្លាំងនៃវិស័យយោធា មិនមែនចំនួនកម្លាំងមនុស្សច្រើន ដែលគ្មានគុណភាពនោះទេ ភាពខ្លាំងពិតប្រាកដ គឺកងទ័ពមានអាវុធទំនើបៗ ហើយកងទ័ពមានជំនាញបច្ចេកវិទ្យាច្បាស់លាស់ រួមនិង ការបណ្ដុះបណ្ដាលសមត្ថភាពជាញឹកញាប់។ លោកថា រដ្ឋាភិបាលត្រូវហ៊ានចំណាយថវិកា លើការធ្វើទំនើបកម្មយោធា តាមរយៈការ ហ្វឹកហ្វឺន ដល់កងទ័ពឱ្យមានជំនាញវិជ្ជាជីវៈ និងមានជីវភាពសមរម្យ ជាជាងចំណាយថវិកា លើក្មេងទំនើងឱ្យមកបម្រើការងារក្នុងជួរកងទ័ព។
លោក សេង វណ្ណលី៖ «អ្វីដែលរដ្ឋាភិបាលត្រូវធ្វើទំនើបកម្មយោធានេះ គឺលើគុណភាពជាងបរិមាណ នេះមានន័យថាការវិនិយោគលើការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងជួរកងទ័ពឱ្យមានបច្ចេកវិទ្យា ឌីជីថល យុទ្ធសាស្ត្រការពារឧក្រិដ្ឋកម្មឆបោកអនឡាញ ការប្រើប្រាស់ឧបករណ៍អាវុធទំនើបៗប្រកបដោយប្រសិទ្ធភាព។ ការកសាងកងទ័ពដែលមានវិជ្ជាជីវៈខ្ពស់ និងស្អាតស្អំ ហើយមានវិន័យម៉ឺងម៉ាត់ គឺជាការការពារជាតិដ៏ពិតប្រាកដ មិនចាំបាច់ចំណាយលុយរាប់លានដុល្លារទិញសម្ភារៈចាស់ៗពីបរទេសយកមកស្ដុកទុកនោះទេ»។
ការលើកឡើងនេះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃទី២៦ ខែមេសា ដោយស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អគ្គស្នងការនគរបាលជាតិ និងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ សិក្សាផ្នែកច្បាប់បន្ថែម ពាក់ព័ន្ធករណីក្មេងទំនើង ដែលកំពុងជាប់ពន្ធនាគារ ដើម្បីបញ្ជូនឱ្យទៅជួយការងារកងទ័ពតាមព្រំដែន។ លោកថា ការចាប់ក្មេងទំនើងទាំងនោះ ដាក់គុកអស់តែបាយ ខណៈក្មេងខ្លះកែខ្លួន ហើយក្មេងខ្លះទៀតមិនកែខ្លួន។
លោក ហ៊ុន ម៉ាណែត៖ «ខ្ញុំចង់ឱ្យឯកឧត្ដម កើត រិទ្ធ ឯកឧត្ដម ស ថេត និងឯកឧត្ដម វង្ស ពិសេន សិក្សាផ្លូវច្បាប់ឱ្យខ្ញុំបន្តិចក្មេងៗទំនើង ឥឡូវយើងចាប់ដាក់គុកអស់តែបាយ ហើយចេញមកខ្លះកែ ហើយខ្លះទៀត មិនកែ មិនចាំបាច់រុញទៅដល់ជួរមុខទេ ឱ្យគូរពីការប្រើប្រាស់ការអប់រំកម្រិតណា ដើម្បីភ្ជាប់បម្រើដល់សមរភូមិមុខ មិនចាំបាច់យកទៅកាន់កាំភ្លើងបាញ់នោះទេ យកទៅចាក់ពុម្ពលេណដ្ឋាន ជួយដល់កងវិស្វកម្មទៅ»។
នៅក្នុងវេទិកានោះដែរ លោក ហ៊ុន ម៉ាណែត ពុំបាននិយាយពីអំពីការធ្វើទំនើបកម្មយោធានោះទេ ដោយគ្រាន់តែលើកឡើង បែបបញ្ឆិតបញ្ឆៀងថា នៅតាមព្រំដែនកំពុងខ្វះខាតកម្លាំង និងអាចប្រើប្រាស់ក្មេងទំនើងជួយការងារនៅលេណដ្ឋាន ប៉ុន្តែមិនរុញទៅកាន់ជួរមុខនោះទេ។ យ៉ាងណា កន្លងទៅ ពលរដ្ឋ សង្គមស៊ីវិល និងអ្នកវិភាគ តែង ជំរុញ ឱ្យរដ្ឋាភិបាល ធ្វើទំនើបកម្មយោធាឱ្យបានឆាប់បំផុត ព្រោះថា ចាប់តាំងពី យោធាថៃ បានបង្កសង្គ្រាមឈ្លានពានកម្ពុជាមក កងទ័ពជួរមុខភាគច្រើន ខ្វះខាតសម្ភារៈយោធា និងខ្វះស្បៀង សម្រាប់បរិភោគគ្រប់គ្រាន់។
លើសពីនោះអាវុធទំនើបៗ ដូចយន្តហោះចម្បាំងក៏គ្មាន ហើយរថពាសដែក កាំភ្លើងធំ និងចំនួនកងទ័ព ជួរមុខ នៅមានកម្រិត ទើបធ្វើឱ្យពួកគាត់ ពិបាកក្នុងការបាញ់តបតជាមួយសត្រូវ។ ក្នុងនោះបញ្ហាចម្បង គឺចំនួនកងទ័ពខ្មោចមានតែឈ្មោះ តែពុំសូវមានកងទ័ព នៅតាមអង្គភាពនីមួយៗ។ ករណីនេះ ពលរដ្ឋ និងអ្នកឃ្លាំមើលរិះគន់ថា មេបញ្ជាការខ្លះឆ្លៀតយកឈ្មោះ កងទ័ពខ្មោច ដើម្បីកិបកេង ប្រាក់ខែរដ្ឋ ដោយគ្មានយកថវិកាទាំងនោះទៅជ្រើសរើសកងទ័ពថ្មីនោះទេ។
ទូរទស្សន៍អាស៊ីសេរីពុំអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៧ ខែមេសា ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា ការធ្វើទំនើបកម្មយោធា ក្នុងស្ថានភាពបច្ចុប្បន្ន ជារឿងដ៏ចាំបាច់បំផុត ប៉ុន្តែគួរឱ្យសោកស្ដាយ ដែលរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត មិនបានយកកិច្ចការងារនេះ ជាអាទិភាព។ លោកថា កម្ពុជាឆ្លងកាត់សង្គ្រាមជាមួយថៃ ពីរលើកមក គួរតែដឹងច្បាស់ ពីភាពកម្សោយ នៃវិស័យការពារជាតិ ខណៈ ដែលយោធា ថៃ ឆ្លៀតឱកាសនេះ គំរាមកំហែង និង ឈ្លានពានទឹកដីខ្មែរ តាមតែអំពើចិត្ត ព្រោះពួកគេដឹងថា កម្ពុជាគ្មានសមត្ថភាព វាយដណ្ដើមទឹកដីដែលបាត់បង់ យកមកវិញ បាននោះទេ ដរាបណាកម្ពុជាមិនធ្វើទំនើបកម្មយោធា និងផ្ដោតលើការបង្រួបបង្រួមជាតិខ្មែរឡើងវិញ។
លោក ម៉ែន ណាត៖ «មជ្ឈដ្ឋានកម្ពុជាកន្លងមកយោបល់ច្រើនណាស់កន្លងមក អំពើទំនើបកម្មយោធា ធ្វើយ៉ាងណាឱ្យមានថវិកាគ្រប់គ្រាន់ដើម្បីពង្រឹងសមត្ថភាពកងទ័ពបណ្ដុះបណ្ដាលកងទ័ព និងទិញដូរសព្វាវុធថែម ដើម្បីពង្រឹងវិស័យការពារជាតិ ប៉ុន្តែកម្ពុជាស្ដាប់គេមិនយល់ទេ រួចបន្ថែម កងកម្លាំងកងទ័ពតាមរយៈអំពើពុករលួយសូកប៉ាន់ បក្សពួកមន្ត្រីធំៗនឹងដាក់មុខមាត់តែបងប្អូនឯង ឱ្យទទួលតួនាទីផ្កាយ៤ ផ្កាយ៥អស់ហើយម្នាក់»។
តាមរយៈការបង្ហោះរូបភាព និងវីដេអូ លើបណ្ដាញសង្គម របស់កងទ័ព ជួរមុខជាបន្តបន្ទាប់បានបង្ហាញថា កងទ័ពកម្ពុជាបានឈ្លោះប្រកែកគ្នាជាញឹកញាប់ ជាមួយកងទ័ពថៃ ដែលចេះតែឌឺដង និងប្រមាថមកលើកងទ័ពខ្មែរ រួមនឹងសកម្មភាពគឃ្លើនឈ្លានពានទឹកដីកម្ពុជា ដោយគ្មានខ្លាចរអា។ អ្នកឃ្លាំមើលថា ការដែលយោធាថៃ មិនខ្លាចនឹងការឈ្លានពានទឹកដីកម្ពុជា គឺបណ្ដាលមកពីកម្ពុជាគ្មានសមត្ថភាពយោធា ក្នុងការធ្វើសង្គ្រាមជាថ្មី ជាមួយថៃ ខណៈដែលកម្ពុជាក៏មិនប្ដឹងថៃទៅកាន់តុលាការអន្តរជាតិផងនោះ ទើបធ្វើឱ្យយោធាថៃចេះតែប្រមាថមើលងាយមកលើកងទ័ពខ្មែរ សព្វបែបយ៉ាង៕







